Thursday, December 16, 2010

រដ្ឋាភិបាល​នឹង​បិទ​គេហទំព័រ KI នៅ​ចុង​ខែ​ធ្នូ

2010-12-16
រដ្ឋាភិបាល​កម្ពុជា គ្រោង​បិទ​គេហទំព័រ ខេ.អៃ ឬ Website ឈ្មោះ KI (Khmer Intelligence) នៅ​ចុង​ខែ​ធ្នូ​នេះ នៅ​គ្រា​ដែល​គេហទំព័រ​នេះ​បាន​ចេញ​ផ្សាយ​រូបភាព​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ប្រធាន​សភា​ជាតិ លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា និង​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ច​ការងារ​ព្រំដែន​ដោយ​បាន​ចោទ​ថា អ្នក​ទាំង​នេះ​ជា​ជន​ក្បត់​ជាតិ លក់​ទឹក​ដី​ឲ្យ​វៀតណាម។
ប្រធាន​គណៈកម្មការ​កិច្ច​ការងារ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​នេះ​ដោយ​ខ្លី​ថា ៖ «លោក​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បិទ​គេហទំព័រ​នេះ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆាប់ៗ​នេះ» 
លោក​បាន​មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ឆ្លើយ​បញ្ជាក់​បាន​នៅ​ឡើយ​ទេ អំពី​ការ​ប្ដឹង​អ្នក​គ្រប់គ្រង​គេហទំព័រ​នេះ។
គេហទំព័រ​ឈ្មោះ​ខេ.អៃ ឬ​មាន​ឈ្មោះ​ពេញ​ថា ខ្មែរ អិថេលីហ្ជិន (Khmer Intelligence) ដែល​គេ​មិន​ដឹង​ថា មាន​ទីស្នាក់ការ​នៅ​ឯ​ណា​ពិត​ប្រាកដ​នោះ គឺ​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​ចេញ​ផ្សាយ និង​វាយ​ប្រហារ​មក​លើ​លោក ហ៊ុន សែន លោក ហេង សំរិន លោក ជា ស៊ីម និង​លោក វ៉ា គឹមហុង រយៈ​ពេល ២​ថ្ងៃ​ជាប់ៗ​គ្នា តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ និង​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១០​នេះ។
គេហទំព័រ​ខេ.អៃ​នេះ គេ​កត់​សម្គាល់​ឃើញ​ថា តែងតែ​ប្រមូល​ព័ត៌មាន រូបភាព​ត្លុក​កំប្លែង​នានា និង​កំណាព្យ​រិះគន់​រដ្ឋាភិបាល​កម្ពុជា ជា​រៀងរាល់​ថ្ងៃ ដោយ​ក្រុម​មនុស្ស​អនាមិក។
មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ដីទី​របស់​គណបក្ស​ប្រឆាំង សម រង្ស៊ី លោក គីម សួរភិរិទ្ធ និង​ជា​តំណាងរាស្ត្រ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នានា​មាន​សិទ្ធិ​ដឹង​ឮ និង​ទទួល​ព័ត៌មាន ៖ «ខ្ញុំ​គិត​ថា ព័ត៌មាន​គឺ​ត្រូវ​តែ​ផ្សព្វផ្សាយ។ បើ​សិន​ជា​រដ្ឋាភិបាល​យល់​ថា ព័ត៌មាន​នេះ​ប៉ះ​ពាល់​ដល់​កិត្តិយស​ខ្លួន។ ខ្លួន​អាច​ប្រើប្រាស់​ច្បាប់​សារ​ព័ត៌មាន ប្ដឹង​ប្រឆាំង​នឹង​អ្វី​ដែល​យើង​ចាត់​ទុក​ថា ជា​ព័ត៌មាន​មិន​ពិត ទល់​នឹង​សារព័ត៌មាន​ហ្នឹង​ទៅ»
លោក​បាន​ប្រសាសន៍​ថា អ្នក​សារព័ត៌មាន​មាន​សេរីភាព​ក្នុង​ការ​គាំទ្រ​គណបក្ស​ប្រឆាំង នៅ​ពេល​ដែល​វិទ្យុ​អាស៊ី​សេរី បាន​សួរ​ថា តើ​ក្រុម​របស់​ខេ.អៃ​នេះ ជា​របស់​គណបក្ស​ប្រឆាំង ឬ​យ៉ាងណា?
ការ​វាយ​ប្រហារ និង​ចោទ​ប្រកាន់​នេះ គឺ​មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​តំណាងរាស្ត្រ​មួយ​ក្រុម ដឹក​នាំ​ដោយ​លោក សុន ឆ័យ នៃ​គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​១០៩  លេខ​១០៨ និង​លេខ​១០៣ នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ថ្មីៗ​នេះ។
កង​កម្លាំង​នគរបាល​វៀតណាម បាន​រារាំង​មិន​ឲ្យ​ក្រុម​តំណាងរាស្ត្រ​ទាំង​នោះ ចូល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​១០៣ នៅ​ក្នុង​ភូមិ​ដូនរ័ត្ន ឃុំ​រូង ស្រុក​មេមត់ ខេត្ត​កំពង់ចាម។
លោក សុន ឆ័យ បាន​អះអាង​ថា បង្គោល​ព្រំដែន​នោះ​បាន​បោះ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ប៉ុន្តែ​មន្ត្រី​ជំនាញ​កិច្ច​ការងារ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​បញ្ជាក់​ថា ទឹក​ដី​នោះ​គឺ​នៅ​ខាង​ភាគី​វៀតណាម៕

No comments:

Post a Comment