Saturday, December 4, 2010

ស្ថានភាព​​ជម្លោះ​​ព្រំដែន​ខ្មែរ-​ថៃ

ដោយ យន់ សាមៀន
2010-12-04

ពីរ​ឆ្នាំ​បន្ទាប់​ពី​ប្រទេស​កម្ពុជា និង​ថៃ បាន​ជួប​ប្រទះ​វិបត្តិ​ព្រំដែន​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​មក ស្ថានភាព​ព្រំដែន​កម្ពុជា និង​ថៃ កំពុង​តែ​វិល​ទៅ​រក​ភាព​ធម្មតា​វិញ​ដូច​កាល​ពី​មុន​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ជា​ថ្ងៃ​ដែល​កងទ័ព​ថៃ បាន​លើក​ទ័ព​មក​ឈរ​ជើង​នៅ​តំបន់​ក្បែរ​ប្រាសាទ​វិហារ ដែល​គ្រា​នោះ រដ្ឋាភិបាល​កម្ពុជា បាន​ហៅ​សកម្មភាព​របស់​កងទ័ព​ថៃ​ថា ជា​ការ​ឈ្លាន​ពាន​បូរណភាព​ទឹក​ដី​កម្ពុជា។

ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​ថៃ និង​កម្ពុជា ជា​ច្រើន​លើក ដែល​បណ្ដាល​ឲ្យ​កងទ័ព​របស់​ប្រទេស​ទាំង​ពីរ​បាន​ស្លាប់ និង​របួស​ជា​ច្រើន​នាក់​រួច​មក កងទ័ព​ថៃ ដែល​បាន​ឈរ​ជើង​នៅ​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ តាំង​ពី​ថ្ងៃ​ចាប់​ផ្ដើម​ការ​ឈ្លាន​ពាន​មក បាន​ដក​ចេញ​ពី​វត្ត​កែវសិក្ខាគិរីស្វារៈ​ ហើយ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ វេលា​ម៉ោង ១០​ព្រឹក។


មន្ត្រី​សមត្ថកិច្ច​ប្រចាំ​នៅ​ប្រាសាទ​ព្រះវិហារ និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​ធ្នូ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី ឲ្យ​ដឹង​ថា កងទ័ព​ថៃ ចំនួន ១០​នាក់ ដែល​បាន​ឈរ​ជើង​នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ និង​កងទ័ព​ថៃ មួយ​ចំនួន​ទៀត​នៅ​តាម​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ បាន​ដក​ចេញ​ពី​តំបន់​ជម្លោះ​ហើយ។ កងទ័ព​ថៃ​ទាំង​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ឈរ​ជើង​នៅ​ក្បែរ​ច្រក​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​វិញ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នាយករដ្ឋមន្ត្រី​ថៃ បាន​បដិសេធ​ព័ត៌មាន​ដែល​ថា កងទ័ព​របស់​ខ្លួន​បាន​ដក​ចេញ​ពី​តំបន់​ជម្លោះ​ប្រាសាទ​ព្រះវិហារ។ នាយករដ្ឋមន្ត្រី​ថៃ បាន​បញ្ជាក់​ថា កងទ័ព​ថៃ នឹង​បន្ត​វត្តមាន​របស់​ខ្លួន​នៅ​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ រហូត​ទាល់​តែ​វិបត្តិ​ព្រំដែន​ត្រូវ​បាន​ដោះ​ស្រាយ។

មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា កងទ័ព​ថៃ ចំនួន ១០​នាក់​ដែល​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​វត្ត​ខ្មែរ​ឈ្មោះ​ថា វត្ត​កែវសិក្ខាគិរីស្វារៈ តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ បាន​ចាក​ចេញ​ទៅ​ប្រទេស​ថៃ​វិញ​ហើយ នៅ​ម៉ោង ១០​ព្រឹក។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់​ទៀត ដែល​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ថា កងទ័ព​ថៃ ពិត​ជា​បាន​ដក​ចេញ​ពី​តំបន់​ជម្លោះ​មែន។


ប្រទេស​កម្ពុជា បាន​គ្រោង​បើក​ច្រក​ព្រំដែន​កម្ពុជា និង​ថៃ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែ​ធ្នូ ប៉ុន្តែ​គម្រោង​នេះ ត្រូវ​បាន​លុប​ចោល​វិញ បន្ទាប់​ពី​មន្ត្រី​កម្ពុជា និង​ថៃ មិន​ទាន់​ចរចា​គ្នា​ត្រូវ ទាក់ទង​នឹង​ការ​បែង​ចែក​ផលប្រយោជន៍​ពី​ការ​បើក​ច្រក​ប្រាសាទ​ព្រះវិហារ។


លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្រ្តី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​ធ្នូ ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​នៃ​ការ​ដក​កង​ទ័ព​ថៃ ចេញ​ពី​តំបន់​ជម្លោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​ព័ត៌មាន​នៃ​ការ​កែ​សម្រួល​កងទ័ព​ថៃ​ជា​ការ​ពិត វា​ជា​ការ​ប្រសើរ​សម្រាប់​ទំនាក់ទំនង​កម្ពុជា និង​ថៃ។


កាសែត​បាងកក ប៉ុស្តិ៍ ផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ បាន​ដក​ស្រង់​សម្ដី​របស់​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កងទ័ព​ថៃ នឹង​រក្សា​វត្តមាន​របស់​ខ្លួន​ក្នុង​តំបន់​ជម្លោះ ៤,៦​គីឡូម៉ែត្រ​ការ៉េ ក្បែរ​ប្រាសាទ​ព្រះវិហារ រហូត​ដល់​ជម្លោះ​ព្រំដែន​ត្រូវ​បាន​ដោះស្រាយ។

ភាព​តានតឹង​រវាង​កម្ពុជា និង​ថៃ ទាក់ទង​នឹង​បញ្ហា​ជម្លោះ​ព្រំដែន ហាក់​បី​ដូច​ជា​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ នៅ​ពេល​ដែល​មន្ត្រី​កម្ពុជា បាន​ប្រកាស​លុប​ចោល​គម្រោង​របស់​ខ្លួន ដើម្បី​បើក​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដើម្បី​ឲ្យ​អ្នក​ទេសចរ​អាច​មក​ទស្សនា​ប្រាសាទ​ព្រះវិហារ​តាម​ច្រក​ទឹក​ដី​ថៃ។ គម្រោង​បើក​ច្រក​ព្រំដែន​នេះ ត្រូវ​បាន​លុប​ចោល​ដោយ​គ្មាន​ពេល​កំណត់​នោះ​ទេ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​លុប​ចោល​គម្រោង​បើក​ច្រក​ព្រំដែន ដោយសារ​តែ​ភាគី​ថៃ ចង់​ឲ្យ​អ្នក​លក់​ដូរ​ជន​ជាតិ​ថៃ អាច​មក​លក់​ដូរ​អីវ៉ាន់​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​ខ្មែរ ហើយ​ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​អាច​កំណត់​រក​ទីតាំង​លក់​សំបុត្រ​ចូល​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​បាន។


អាជ្ញាធរ​កម្ពុជា បាន​បិទ​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ មិន​ឲ្យ​អ្នក​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៨ ក្រោយ​ពី​មាន​បាតុករ​ថៃ​ចំនួន ១៥០​នាក់ បាន​តវ៉ា​ប្រឆាំង​ការ​គាំទ្រ​រដ្ឋាភិបាល​ថៃ ដោយ​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

ក្រោយ​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក សម្រេច​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨​មក កងទ័ព​ថៃ បាន​លើក​ទ័ព​ចូល​​ទឹក​ដី​កម្ពុជា ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ ក្បែរ​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ រដ្ឋាភិបាល​កម្ពុជា បាន​ហៅ​ថា ជា​ការ​ឈ្លានពាន​បូរណភាព​ដឹក​ដី​កម្ពុជា។

ទោះ​បី​ជា​ស្ថានភាព​កងទ័ព​នៅ​តំបន់​ជម្លោះ​បាន​វិល​ទៅ​រក​ភាព​ធូរ​ស្រាល ប៉ុន្តែ​រដ្ឋាភិបាល​ថៃ នៅ​តែ​បន្ត​ជំទាស់​គម្រោង​ផែនការ​រៀបចំ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ដដែល។

លោក អាភីស៊ិត វេតឆាឈីវ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២១ ខែ​វិច្ឆិកា បាន​ប្រកាស​ជា​សាធារណៈ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃ នឹង​ជំទាស់​ផែនការ​រៀបចំ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ដែល​កម្ពុជា គ្រោង​នឹង​ដាក់​ទៅ​ឲ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដើម្បី​ពិនិត្យ​សម្រេច​នៅ​ខែ​មិថុនា ឆ្នាំ​២០១១។

លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​ថៃ នឹង​គោរព​សេចក្តី​សម្រេច​ចិត្ត​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ឆ្នាំ​១៩៦២ ប៉ុន្តែ​ថៃ នឹង​ជំទាស់​ផែនការ​រៀបចំ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ពីព្រោះ​ផែនការ​រៀបចំ​ប្រាសាទ​ព្រះវិហារ​នេះ នឹង​អាច​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ពីរ​នេះ មាន​ជម្លោះ​ព្រំដែន។ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បន្ត​ទៀត​ថា ប្រទេស​ថៃ នឹង​យក​ខ្សែ​បែងចែក​ទឹក ដើម្បី​កំណត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ។


លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​សុក្រ ក៏​បាន​ស្វាគមន៍​ការ​ដក​កងទ័ព​ថៃ ចេញ​ពី​ទឹក​ដី​កម្ពុជា។ ប៉ុន្តែ​លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-​ថៃ ជា​លក្ខណៈ​អន្តរជាតិ។

ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មី​នេះៗ បាន​ប្រកាស​ថា ប្រសិន​បើ​សភា​ថៃ មិន​អនុម័ត​លទ្ធផល​នៃ​ការ​ចរចា​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា និង​ថៃ​នោះ​ទេ ប្រទេស​កម្ពុជា នឹង​មិន​បន្ត​ចរចា​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ជា​លក្ខណៈ​ទ្វេ​ភាគី​បាន​នោះ​ទេ៕

No comments:

Post a Comment