Wednesday, December 8, 2010

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ព្យួរ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​កំពង់ចាម

2010-12-08
បញ្ហា​បោះ​បង្គោល​ព្រំដែន​ខ្មែរ-វៀតណាម នៅ​តែ​មាន​បញ្ហា​ចោទ ដែល​ខាង​ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​ថា ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ គឺ​បាន​ប៉ះ​ពាល់​លើ​ដី​ស្រែ​របស់​ពួក​គាត់។
រូបថត​ផ្ដល់​ដោយ​ក្រុម​អ្នក​បច្ចេកទេស​ខណ្ឌ​សីមា​បង្គោល​ព្រំដែន​គោក​កម្ពុជា​ទី​៤
បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។
តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា គេ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជួន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៨ ធ្នូ ដើម្បី​សុំ​ឲ្យ​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន​ឡើង​វិញ និង​ព្យួរ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-វៀតណាម នៅ​ស្រុក​មេមត់ ខែត្រ​កំពង់ចាម។
លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​លើក​ហេតុ​ផល​ថា ការ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជា​បណ្ដោះ​អាសន្ន​នេះ ដោយ​សារ​តែ​បង្គោល​លេខ​១០៩ ដែល​ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​កណ្ដាល ឃុំ​ដា ស្រុក​មេមត់​នោះ បាន​ប៉ះ​ពាល់​លើ​ដី​ចម្ការ​របស់​ប្រជា​ពល​រដ្ឋ ៖ "ប្រសិន​ជា​រដ្ឋាភិបាល​គាត់​មិន​ទទួល​យក​សំណើ​នូវ​អ្វី​ដែល​យើង​បាន​លើក​ទៅ គាត់​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ហើយ​យើង​នឹង​បន្ត​ធ្វើ​ការ​ងារ​ទាក់​ទិន​នឹង​បញ្ហា​ព្រំដែន​បន្ត​ទៀត ហើយ​បើ​រក​ឃើញ​ចំណុច​ផ្សេងៗ យើង​នឹង​លើក​ដាក់​ទៅ​រដ្ឋាភិបាល​បន្ថែម​ទៀត"
លិខិត​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ផ្ញើ​ជួន​រដ្ឋាភិបាល​នោះ បាន​សរសេរ​ថា កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ ប្រតិភូ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ទៅ​ពិនិត្យ​មើល​ដល់​ភូមិសាស្ត្រ​ខាង​លើ ដែល​ជា​ទីតាំង​បង្គោល​លេខ​១០៩ គឺ​ស្ថិត​នៅ​ក្នុង​ចម្ការ​ចន្ទី​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​ទី​នោះ។ រី​ឯ​បង្គោល​ព្រំដែន​លេខ​១០៨ អាជ្ញាធរ​ខ្មែរ​អះអាង​ថា បាន​បោះ​ចូល​ក្នុង​ចម្ការ​អំពៅ​វៀតណាម ក្នុង​លិខិត​ដដែល​បាន​បញ្ជាក់​ថា ចំណុច​បង្គោល​លេខ​១០៨ ដែល​បច្ចុប្បន្ន​ជា​ចម្ការ​អំពៅ​វៀតណាម ដី​នេះ​ក៏​ជា​ដី​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឈ្មោះ តា យ៉ែម ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ វៀតណាម​បាន​រំលោភ​យក​ដី​នោះ។
ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹម​ហុង បាន​មាន​ប្រតិកម្ម​ថា ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​មិន​មាន​សិទ្ធិ​សុំ​ឲ្យ​រដ្ឋាភិបាល​ពន្យារ​ពេល​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នេះ​ទេ។ លោក​បញ្ជាក់​ថា គណៈកម្មាធិការ​ព្រំដែន​មាន​តែ​ពន្លឿន​នៅ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​បន្ថែម​នេះ​ទៀត ៖ "អា​ហ្នឹង​វា​ទ្វេ​ភាគី គេ​ទទួល​យក​ឯកភាព​គ្នា គេ​ឲ្យ​បញ្ជី​ឈ្មោះ​ទៅ​វិញ​ទៅ​មក គេ​ធ្វើ​ជា​មួយ​គ្នា​ស្មើភាព​គ្នា យើង​មាន​ឯកសារ​អី​មក​វិនិច្ឆ័យ​លើ​កិច្ច​ការ​របស់​រដ្ឋាភិបាល"
ការ​បោះ​បង្គោល​ព្រំដែន​ខ្មែរ-វៀតណាម បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​២០០៦ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១២ ខាង​មុខ ដែល​បច្ចុប្បន្ន​នេះ គេ​បោះ​បាន​ចំនួន ២​ភាគ​៣​ហើយ គឺ​២០៩​បង្គោល នៃ​បង្គោល​សរុប​ចំនួន​៣៧៥។
លិខិត​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​សរសេរ​ទៀត​ថា ដើម្បី​ចៀស​វាង​ការ​បាត់​បង់​ទឹក​ដី ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា សូម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ នូវ​ការ​បោះ​បង្គោល​នេះ និង​ព្យួរ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-វៀតណាម​ជា​អន្លើ​សិន រង់ចាំ​ការ​ពិនិត្យ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តម្លាភាព​ទាំង​សង​ខាង ហើយ​ការ​បោះ​បង្គោល​បន្ត​សុំ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អន្តរ​ជាតិ។
ព្រំដែន​ខ្មែរ-វៀតណាម មាន​ប្រវែង​ចំនួន ១.២៧០​គ.ម. ដោយ​ជាប់​ជា​មួយ​ខេត្ត​កំពត តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម រតនគិរី មណ្ឌលគីរី ក្រចេះ និង​ស្ទឹង​ត្រែង។ ប្រធាន​គណៈកម្មការ​ព្រំដែន​ខ្មែរ នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េង​សែ បាន​ឲ្យ​ដឹង​ថា ផែនទី​កំណត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ និង​ប្រទេស​វៀតណាម បាន​ធ្វើ​ឡើង​នៅ​អំឡុង​ឆ្នាំ​១៩៥៣ នៅ​លើ​ខ្នាត ១​ភាគ ១០០​ពាន់ ដោយ​ប្រទេស​បារាំង មាន​ន័យ​ថា ១​ស.ម. នៅ​លើ​ក្រដាស​ផែនទី ស្មើ​នឹង ១​គ.ម. នៅ​លើ​ដី​គោក៕

No comments:

Post a Comment