Wednesday, December 22, 2010

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​មុន​នឹង​បិទ​ជំរំ​ជន​ភៀស​ខ្លួន

2010-12-23
ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បិទ​ការិយាល័យ​ជន​ភៀស​ខ្លួន កាន់​តែ​បង្កើន​ការ​ភ័យ​ខ្លាច​ថែម​ទៀត​ដល់​ក្រុម​អ្នក​ស្វែង​រក​ទី​ជម្រក​សុខសាន្ត ដើម្បី​គេច​ផុត​ពី​ការ​តាម​យាយី ឬ​រួច​ផុត​ពី​ការ​កាប់​សម្លាប់។
ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​សម្ដែង​ក្ដី​បារម្ភ​ថា ការ​ដែល​រដ្ឋាភិបាល​ខ្មែរ​ប្រកាស​បិទ​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ ជា​សញ្ញា​មួយ​បង្ហាញ​ថា កម្ពុជា​កំពុង​ក្រសោប​យក​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដូច​ជា​ចិន និង​វៀតណាម ជា​ជាង​ការ​ពិចារណា​លើ​ការ​គោរព​សិទ្ធិ​មនុស្ស ឬ​ជ្រើស​រើស​យក​ការ​ផ្ដល់​តម្លៃ​មនុស្ស​ធម៌​ជា​ធំ។ 
ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​រដ្ឋ​ញូវជេស៊ី (New Jersey) សហរដ្ឋ​អាមេរិក លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា ក្នុង​នាម​ក្រុម​របស់​លោក​ជា​សមាជិក​របស់​អង្គការ​មិន​មាន​អ្នក​តំណាង​ក្នុង​អង្គការ​សហប្រជាជាតិ UNPO បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក្នុង​ការ​បិទ​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​ថា អាច​ធ្វើ​ឲ្យ​ជោគវាសនា​របស់​អ្នក​ទាំង​នោះ​មាន​ភាព​ប្រថុយប្រថាន និង​កាន់​តែ​ធ្វើ​ឲ្យ​មុខ​មាត់​របស់​កម្ពុជា អាប់ឱន​ក្នុង​ឆាក​អន្តរជាតិ។ 
កាល​ពី​ចុង​ឆ្នាំ​២០០៩ កម្ពុជា​បាន​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ (Uighur) ចំនួន ២០​នាក់​ទៅ​ប្រទេស​ចិន​វិញ បន្ទាប់​ពី​អ្នក​ទាំង​នោះ​បាន​មក​ដល់​កម្ពុជា ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន និង​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ទី​បី បន្ទាប់​ពី​បាន​រត់​គេច​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ចិន។
ក្រុម​អ្នក​តាម​ឃ្លាំមើល​ស្ថានការណ៍​ជន​ភៀស​ខ្លួន​នេះ បាន​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​មួយ​ចំនួន​ក្នុង​ចំណោម ២០​នាក់ ដែល​កម្ពុជា​ចាប់​បញ្ជូន​ទៅ​វិញ​នោះ ត្រូវ​បាន​គេ​សង្ស័យ​ថា អាជ្ញាធរ​ចិន បាន​ប្រហារ​ជីវិត និង​មួយ​ចំនួន​ទៀត​កំពុង​រង​ទារុណកម្ម។ 
ទាក់ទង​នឹង​ផែនការ​បិទ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​បិទ​នោះ​គឺ​ជា​បំណង​ល្អ​របស់​កម្ពុជា ក្នុង​ការ​ព្យាយាម​បញ្ចប់​រាល់​ទម្រង់​ទាំង​ឡាយ​ណា​ក្នុង​ពិភពលោក ដែល​បង្ក​ឲ្យ​មាន​ជន​ភៀស​ខ្លួន។
ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ដែល​កាន់​សាសនា​គ្រិស្ត​បាន​ភៀស​ខ្លួន​ជា​បន្ត​បន្ទាប់​ចូល​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០១ ដើម្បី​រត់​គេច​ពី​ការ​តាម​យាយី ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​សាសនា និង​ការ​បង្ក្រាប​លើ​សិទ្ធិ​ដីធ្លី​ដោយ​អាជ្ញាធរ​វៀតណាម។ 
កាល​ពី​ឆ្នាំ​២០០៥ រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​បង្កើត​មណ្ឌល​ទទួល​ជន​ភៀស​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ ជា​បណ្ដោះ​អាសន្ន មុន​ពេល​បញ្ជូន​ទៅ​ប្រទេស​ទី​បី ឬ​ស្ម័គ្រចិត្ត​ត្រលប់​ទៅ​ប្រទេស​កំណើត​ដោយ​ខ្លួន​ឯង។ 
មន្ត្រី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ក្នុង​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​គោរព​បទដ្ឋាន​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ភៀស​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទេ នោះ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នឹង​កាត់​តែ​មើល​ងាយ ហើយ​មិន​ទុក​ចិត្ត​ដល់​ប្រជាជាតិ​កម្ពុជា។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ពិចារណា​បញ្ហា​នេះ​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​សម្រេច​ចិត្ត​បិទ​ការិយាល័យ​ជន​ភៀស​ខ្លួន។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ពេល​ណា​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​បិទ​ទ្វារ​នោះ អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​ក៏​នឹង​បញ្ចប់​ផង​ដែរ។ 
ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ចំនួន ៦២​នាក់ ក្នុង​ចំណោម ៧៦​នាក់ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ទី​បី ហើយ ១៤​នាក់​ផ្សេង​ទៀត អាច​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​ក្រុម​មន្ត្រី​របស់​អង្គការ​សហប្រជាជាតិ​មាន​យន្តការ​បែប​ណា​ក្នុង​ការ​ការពារ​មនុស្ស​ទាំង ១៤​នាក់​នោះ ដែល​អាច​មាន​ភាព​ប្រថុយប្រថាន​ដល់​អាយុ​ជីវិត ប្រសិន​បើ​ពួកគេ​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​នោះ៕

No comments:

Post a Comment