Thursday, December 9, 2010

យុវជន​ខ្មែរ​រៀន​ជំនាញ​បច្ចេកទេស​នៅ​មាន​កម្រិត​ទាប

2010-12-09
នៅ​ប្រទេស​កម្ពុជា គេ​មិន​សូវ​ឃើញ​មាន​យុវជន​ខ្មែរ​ចូល​ចិត្ត​រៀន​មុខ​ជំនាញ​បច្ចេកទេស​នោះ​ទេ។ របាយការណ៍​របស់​ក្រសួង​ផែនការ​នៅ​ឆ្នាំ​២០១០ បាន​បង្ហាញ​ថា អ្នក​រៀន​ជំនាញ​បច្ចេកទេស​ថ្នាក់​ខ្ពស់​ជាង​កម្រិត​បរិញ្ញា​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​អ្នក​រៀន​ជំនាញ​បច្ចេកទេស​នៅ​កម្ពុជា មាន​ការ​កើន​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ កន្លង​មក។
RFA/Mom Sophon
យុវជន​កំពុង​រៀន​ជួស​ជុល​ម៉ូតូ​នៅ​វិទ្យាស្ថាន​បង្រៀន​ជួស​ជុល​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៤ ខែ​សីហា ២០០៩។
អ្នក​ជំនាញ​ផ្នែក​វិស័យ​អប់រំ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា នឹង​ជួប​បញ្ហា​នៅ​ពេល​ខាង​មុខ បើ​សិន​ជា​មិន​មាន​ការ​កែ​ទម្រង់​ទៅ​លើ​វិស័យ​អប់រំ ក្រោយ​ពី​ការ​ក្រឡេក​ឃើញ​ថា យុវជន​ខ្មែរ​នៅ​តែ​មាន​ចំនួន​តិចតួច​នៅ​ឡើយ ដែល​បាន​រៀន​សូត្រ​នូវ​មុខ​ជំនាញ​បច្ចេកទេស។ 
សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​ខេមរៈ លោក​បណ្ឌិត សុខ ទូច សម្ដែង​ការ​បារម្ភ​អំពី​ការ​ខ្វះខាត​នៃ​អ្នក​រៀន​មុខ​ជំនាញ​បច្ចេកទេស​ទៅ​ថ្ងៃ​មុខ​ដូច្នេះ ៖ «ដូច្នេះ ២០១៥ និង ២០២០ រយៈពេល​ដ៏​វែង​ទៅ​មុខ​ទៀត បើ​យើង​ហ្នឹង​មិន​ត្រៀម​ខ្លួន​ជា​មុន​នោះ​ទេ... យើង​ដឹង​ហើយ​ថា យើង​សមាហរណកម្ម​ចូល​ទៅ​តំបន់​អាស៊ាន ហើយ​យើង​ដឹង​ហើយ​ថា វិស័យ​អប់រំ​យើង​នៅ​កម្រិត​ណា? យើង​ត្រូវ​ធ្វើ​ទាំង​អស់​គ្នា ហើយ​យុវជន​យើង​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច បើ​សិន​ជា​យើង​មិន​ត្រៀម​ខ្លួន​ទេ យើង​នឹង​ជួប​បញ្ហា»
របាយការណ៍​របស់​ក្រសួង​ផែនការ ស្ដី​អំពី​និន្នាការ​ពលកម្ម និង​សង្គម​កម្ពុជា នៅ​ឆ្នាំ​២០១០ បាន​បង្ហាញ​ថា អ្នក​រៀន​ជំនាញ​បច្ចេកទេស​នៅ​កម្ពុជា សរុប​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ ដែល​មាន​ចំនួន​ជិត ៩​ម៉ឺន​នាក់ មាន​ការ​កើន​ឡើង​មក​ដល់ ១១​ម៉ឺន​នាក់ នៅ​ក្នុង​ឆ្នាំ​២០០៨ កន្លង​ទៅ។ ក្នុង​នោះ​ជាង​ពាក់​កណ្ដាល​បាន​រៀន​សូត្រ​ជំនាញ​បច្ចេកទេស​វគ្គ​បឋម​រយៈពេល​ខ្លី គឺ​ចំនួន​ជាង ៥៩,១% នៅ​តាម​វិទ្យាស្ថាន​សាធារណៈ និង ៣៥,៣% ទៀត ដែល​បាន​រៀន​ជំនាញ​បច្ចេកទេស​បឋម​នៅ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​នានា។ 
ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ទៀត​ថា អ្នក​រៀន​ជំនាញ​ផ្នែក​បច្ចេកទេស​ចាប់​ពី​កម្រិត​មធ្យម​រហូត​ដល់​កម្រិត​ថ្នាក់​បណ្ឌិត​មាន​ចំនួន​កាន់តែ​តិច​ទៅៗ គឺ​អ្នក​ដែល​បញ្ចប់​ការ​សិក្សា​ដែល​ទទួល​សញ្ញាបត្រ​ផ្នែក​បច្ចេកទេស​មាន​ត្រឹមតែ ២,៨% ប៉ុណ្ណោះ ហើយ​អ្នក​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ផ្នែក​បច្ចេកទេស​លើស​កម្រិត​បរិញ្ញា​មាន​ត្រឹមតែ ១,២% ប៉ុណ្ណោះ នៃ​ចំនួន​អ្នក​រៀន​ផ្នែក​បច្ចេកទេស​ជាង ១១​ម៉ឺន​នាក់។
យុវជន លី ពិជ័យ ប្រធាន​ក្រុម​ការងារ​នៃ​យុវជន​ឈាន​មុខ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ក្រុម​យុវជន​ជា​ច្រើន​នាក់​កំពុង​ពេញ​និយម​លើ​ការ​សិក្សា​សេដ្ឋកិច្ច ទីផ្សារ គ្រប់គ្រង គណនេយ្យ ព័ត៌មាន​វិទ្យា ធនាគារ ហិរញ្ញវត្ថុ ច្បាប់ និង​ផ្នែក​ភាសា​អង់គ្លេស។ យុវជន​ភាគ​តិច​បំផុត​ដែល​បាន​ចូល​រៀន​ផ្នែក​កសិកម្ម វិស្វកម្ម ផ្នែក​វិទ្យាសាស្ត្រ ផ្នែក​រ៉ែ និង​ផ្នែក​ដទៃ​ទៀត។ 
ពិជ័យ បាន​បញ្ជាក់​ថា ការ​រៀន​សូត្រ​នូវ​មុខ​ជំនាញ​មួយ​ចំនួន ដូចជា​គណនេយ្យ​ជាដើម​នោះ ដោយសារ​តែ​ការ​រំពឹង​ទុក​ក្នុង​ការ​រក​ការងារ​ធ្វើ​នៅ​ពេល​ដែល​គេ​បញ្ចប់​ពី​ការ​សិក្សា ៖ «ពីព្រោះ​គេ​គិត​ថា ទីផ្សារ​ការងារ​វា​ធំ វា​អាច​ស្រួល​រក​ការងារ​នៅ​ពេល​គេ​ចប់​ទៅ ប៉ុន្តែ​នៅ​ពេល​ដែល​រៀន​ចប់​បាន​ដឹង​ថា ទីផ្សារ​ចង្អៀត ហើយ​គេ​ក៏​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការងារ​ខុស​ជំនាញ​ក៏​មាន​ដែរ» 
លោក សុខ និមល ដែល​ធ្លាប់​រៀន​នូវ​មុខ​ជំនាញ​ផ្នែក​គីមីវិទ្យា ប៉ុន្តែ​នៅ​ពេល​ដែល​ចេញ​ធ្វើ​ការងារ លោក​បាន​ធ្វើ​ការងារ​ផ្នែក​អប់រំ​នៃ​អង្គការ​យូណេស្កូ។ លោក​បាន​ពិពណ៌នា​ថា យុវសិស្ស​មិន​សូវ​បាន​ទទួល​ព័ត៌មាន​អំពី​ទីផ្សារ​ការងារ និង​អំពី​ការ​សិក្សា​ប៉ុន្មាន​ទេ។
លោក សុខ និមល បន្ត​ថា ៖ «សម្រាប់​ប្រទេស​កម្ពុជា មាន​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះ មាន​ច្រើន ហើយ​សម្រាប់​ខាង​វិស័យ​សង្គម​មាន​អ្នក​ចូល​រួម​រៀន​ច្រើន ប៉ុន្តែ​ខាង​វិទ្យាសាស្ត្រ ដូចជា​ខាង​គីមី ខាង​ពេទ្យ​ខាង​អី​ហ្នឹង យើង​ត្រូវ​ការ​ច្រើន ប៉ុន្តែ​អត់​សូវ​មាន​អ្នក​ចូល​រៀន។ អា​ហ្នឹង​យើង​មិន​ត្រូវ​បន្ទោស​ខាង​ណា​ទេ សំខាន់​បំផុត​កូន​សិស្ស​ត្រូវ​ឲ្យ​គេ​ទទួល​បាន​ព័ត៌មាន​ច្រើន​អំពី​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចូល​រៀន​វិជ្ជា​នីមួយៗ» 
នៅ​គ្រា​ដែល​មាន​និស្សិត​តិចតួច​បំផុត ដែល​បាន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ផ្នែក​ជំនាញ​បច្ចេកទេស លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​បង្ហើប​ថា ក្រុម​អ្នក​វិនិយោគ​ជា​ច្រើន​ដែល​ចង់​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា ត្រូវ​ជួប​ប្រទះ​នូវ​បញ្ហា​ខ្វះ​កម្មករ​ជំនាញ។ 
លោក​បន្ទោស​ថា មិន​មែន​និស្សិត​មិន​ចង់​រៀន​ផ្នែក​ជំនាញ​បច្ចេកទេស​នោះ​ទេ ប៉ុន្តែ​ក្រុម​និស្សិត​ជា​ច្រើន​បាន​រៀន​ហើយ​មិន​មាន​ការងារ​ធ្វើ​ឡើយ​កាល​ពី​ពេល​កន្លង​មក នៅ​ពេល​ដែល​គេ​បញ្ចប់​ការ​សិក្សា ដែល​ជា​ហេតុ​នាំ​ឲ្យ​និស្សិត​ផ្ដោត​ការ​រៀន​សូត្រ​នូវ​មុខ​ជំនាញ​ដែល​គេ​គិត​ថា នឹង​អាច​រក​ការងារ​បាន​ធ្វើ​ប៉ុណ្ណោះ។
លោក​បណ្ឌិត សុខ ទូច សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ រិះគន់​ថា ការ​ខ្វះខាត​នូវ​ការ​រៀបចំ​ផែនការ​តម្រង់​ទិស​សម្រាប់​និស្សិត និង​ការ​ធានា​នូវ​សុវត្ថិភាព​ការងារ​ដល់​និស្សិត ដែល​ជា​ហេតុ​នាំ​ឲ្យ​កម្ពុជា ខ្វះ​អ្នក​រៀន​ផ្នែក​បច្ចេកទេស។
លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​បន្ត ៖ «អា​ហ្នឹង​ក្រសួង​ផែនការ​ជា​អ្នក​រៀបចំ ថា​តើ​មួយ​ឆ្នាំៗ​យើង​ត្រូវ​ការ​ខាង​អី ហើយ​ដឹង​ថា ផ្នែក​កសិកម្ម​យើង​ត្រូវការ​ប៉ុណ្ណេះ ខាង​ទេសចរណ៍​ត្រូវ​ការ​ប៉ុណ្ណេះ ខាង​គ្រូ​បង្រៀន​ត្រូវការ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​សិស្ស​ហ្នឹង​យល់​ថា ពេល​ដែល​គេ​ចប់​ទៅ គេ​ត្រូវ​ធ្វើ​អី» 
ស្ថិតិ​របស់​ក្រសួង​អប់រំ​ដដែល​បាន​និយាយ​ថា វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​ពេល​បច្ចុប្បន្ន​មាន​ចំនួន ៣៩​គ្រឹះស្ថាន ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​ក្រសួង​ការងារ ក្នុង​នោះ ១១​គ្រឹះស្ថាន​បាន​បណ្ដុះបណ្ដាល​កម្រិត​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​បច្ចេកទេស។ 
នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ កម្ពុជា​គ្រោង​ថា នឹង​ចូល​ខ្លួន​ទៅ​ក្នុង​សមាហរណកម្ម​អាស៊ាន​ហើយ។ ភាព​ទូលំទូលាយ ទាំង​ផ្នែក​ធនធាន​មនុស្ស និង​ការងារ នឹង​ត្រូវ​ជួប​នូវ​ការ​ប្រកួតប្រជែង​ខ្លាំង​មួយ​កម្រិត​ទៀត​ហើយ។
អ្នក​ជំនាញ​ផ្នែក​អប់រំ​ដដែល បាន​សម្ដែង​ការ​បារម្ភ​ថា យុវជន​កម្ពុជា នឹង​ជួប​នូវ​វិបត្តិ​អត់​ការងារ​កាន់​តែ​ច្រើន​នៅ​ពេល​នោះ បើ​សិន​ជា​គ្មាន​ការ​រៀបចំ​គិត​ទុក​ជា​មុន​ទេ ដោយសារ​តែ​ធនធាន​មនុស្ស​នៃ​បណ្ដា​ប្រទេស​ជិត​ខាង​នៅ​តំបន់​អាស៊ាន ខ្ពស់​ជាង​កម្ពុជា​ស្រាប់ នឹង​វាយ​សម្រុក​ចូល​មក​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​នេះ៕

No comments:

Post a Comment