Monday, December 6, 2010

ជំងឺ​ផ្លូវ​ដង្ហើម​កំពុង​រាតត្បាត​កុមារ​ខ្មែរ

2010-12-06
ក្រុម​គ្រូពេទ្យ​ផ្នែក​ព្យាបាល​ជំងឺ​កុមារ​របស់​អង្គការ​គ្រូពេទ្យ​មិត្ត​ គ្មាន​ព្រំដែន បាន​អំពាវនាវ​ដល់​ឪពុក​ម្ដាយ​របស់​កុមារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ឲ្យ​ឧស្សាហ៍​សំអាត​អនាម័យ​ដល់​កូន​ៗ និង​ផ្ដល់​អាហារ​មាន​ជីវជាតិ​សម្រាប់​សុខភាព​ជា​ប្រចាំ​ថ្ងៃ។
Photo courtesy of angkor-guides.com
មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧ នៅ​សៀមរាប
អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​រដ្ឋបាល​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ចំនួន​កុមារ​ខ្មែរ ដែល​មក​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​ជុំវិញ​ខេត្ត​សៀម​រាប ដែល​គេ​បាន​ទទួល​ព្យាបាល​ក្នុង​ឆ្នាំ​នេះ មាន​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ដោយ​តួ​លេខ​ខ្ពស់​ជាង​ជំងឺ​ដទៃ​ទៀត ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។
លោក កែ សុគន្ធា នាយក​រដ្ឋបាល​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ មិត្ត​គ្មាន​ព្រំដែន​នៅ​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​កាល​ពី​ពេល​ថ្មីៗ​ថា ក្នុង​១​ថ្ងៃ​ៗ មន្ទីរ​ពេទ្យ​បាន​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ​កុមារ ប្រមាណ​ពី ៤០០​ទៅ​៥០០​នាក់​នោះ គេ​បាន​រក​ឃើញ​ចំនួន​កុមារ​ដែល​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​មាន​ចំនួន​នាំ​មុខ​គេ ច្រើន​ជាង​ជំងឺ​ផ្សេងៗ​ទៀត ៖ "ជា​ទូទៅ​គឺ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម បើ​គិត​ទៅ​ចង់​ជាង ៥០-៦០%​ហើយ ក្នុង​ប្រភេទ​ជំងឺ​ដែល​ទៅ​ហ្នឹង។ បើ​តាម​ខ្ញុំ​ដឹង​ប្រហែល​ជា​មក​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ផង ជួន​កាល​តាម​ស្រុក​ឆ្ងាយ​ៗ​ដាច់​គាត់​មិន​សូវ​មាន​អនាម័យ​ផង​ទៅ។ ភាគ​ច្រើន​នៅ​ស្រុក​ខ្មែរ​យើង​ធូលី​វា​ហុយ វា​អី​អ៊ីចឹង​ណ៎ា ដល់​ពេល​អ៊ីចឹង​ទៅ​ក្មេង​វា​មាន​ជាតិ​ការ​ពារ​ហ្នឹង​វា​ខ្សោយ វា​ឆាប់​ទទួល​រង​គ្រោះ"
គ្រូ​ពេទ្យ​ផ្នែក​ព្យាបាល​ជំងឺ​កុមារ​នៃ​មន្ទីរ​ពេទ្យ​នេះ ក៏​បាន​ទទួល​ស្គាល់​ថា ចំនួន​កុមារ​ដែល​គំរាម​កំហែង ដោយ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម គឺ​ពិត​ជា​កំពុង​មាន​តួ​លេខ​ខ្ពស់។
លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភត្រ្តា ប្រធាន​គ្រូ​ពេទ្យ​ផ្នែក​ជំងឺ​កុមារ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ មិត្ត​គ្មាន​ព្រំដែន បាន​មាន​ប្រសាសន៍​ថា ជំងឺ​រលាក​ផ្លូវ​ដង្ហើម​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​កុមារ​បាន​ប្រសិន​បើ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ៖ "ជំងឺ​រលាក​ផ្លូវ​ដង្ហើម​អាច​មាន​ផល​លំបាក​ខ្លះ​ដែរ ខ្លះ​វិវត្តន៍​ទៅ​រលាក​សួត​ធ្ងន់ធ្ងរ វា​អាច​ធ្វើ​ឲ្យ​ក្មេង​ស្លាប់​ដោយ​សារ​ខ្ទេច​សួត ខូច​សួត​អស់ បើ​យើង​ព្យាបាល​អត់​ទាន់​ពេល​វេលា ផល​វិបាក​ទៀត​ហ្នឹង​វា​អាច​ខ្លះ​អាហារូបត្ថម្ភ​វា​អាច​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត។ កាល​ណា​វា​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ធ្វើ​ឲ្យ​មាន​បញ្ហា​ចុះ​ខ្សោយ ដូច្នេះ​វា​ងាយ​ស្រួល​ឆ្លង​ជំងឺ​ផ្សេងៗ ជា​ពិសេស​ជំងឺ​ផ្ដាសាយ​បក្សី"
លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភត្រ្តា បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ៗ មាន​កុមារ​ប្រហែល ១០០​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ជំងឺ​ផ្សេងៗ ដែល​ដើម​ហេតុ​ដំបូង​បណ្ដាល​មក​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ធ្វើ​ឲ្យ​រាង​កាយ​កុមារ​ទន់​ខ្សោយ នាំ​ឲ្យ​កើត​មាន​ជំងឺ​ដទៃ​ៗ​ទៀត។
គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​ព្យាបាល​កុមារ បាន​ផ្ដល់​ដំបូន្មាន​ថា ដើម្បី​ការពារ​ឲ្យ​កុមារ​ជៀស​ផុត​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​គឺ​ឪពុក​ម្ដាយ​ក្មេង ត្រូវ​សំអាត​អនាម័យ​នៅ​កន្លែង​រស់​នៅ និង​ខ្លួន​ប្រាណ​របស់​កុមារ​ឲ្យ​បាន​ស្អាត ត្រូវ​ផ្ដល់​អាហារ​ដែល​មាន​ជីវជាតិ​ទ្រង់​រាង​កាយ​រឹង​មាំ​ឲ្យ​កុមារ និង​កុំ​ឲ្យ​សូវ​នាំ​កុមារ​ចូល​ទៅ​ក្នុង​ចំណោម​មនុស្ស​អ៊ូអរ ដែល​ក្នុង​ចំណោម​នោះ អាច​មនុស្ស​ខ្លះ​ខ្វះ​អនាម័យ និង​មាន​ជំងឺ​ផ្ដាសាយ​ដែរ៕

No comments:

Post a Comment