Sunday, December 12, 2010

៨៤%​ពលរដ្ឋ​ខ្មែរ​សូក​ប៉ាន់​ដល់​មន្ត្រី

2010-12-11
អង្គការ​តម្លា​ភាព​អន្តរ​ជាតិ Transparency International ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ពេល​ថ្មីៗ បាន​បញ្ចេញ​របាយ​ការណ៍​របស់​ខ្លួន ដែល​មាន​ចំណង​ជើង​ថា ការ​ស្ទង់​អំពើ​ពុក​រលួយ​ពិភព​លោក ឆ្នាំ​២០១០ រក​ឃើញ​ថា ពល​រដ្ឋ​កម្ពុជា ៨៤% បាន​ចំណាយ​ញឹក​ញាប់​បំផុត​ដល់​ការ​សូក​ប៉ាន់​ផ្សេងៗ ទៅ​បុគ្គលិក​របស់​រដ្ឋ។
អំពើ​នេះ​គេ​សង្កេត​ឃើញ​កើត​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ ពី​ក្រុម​មន្ត្រី​ថ្នាក់​ខ្ពស់ រហូត​ដល់​ក្រុម​មន្ត្រី​ថ្នាក់​ទាប។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​លោក ឱម យិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ កាល​ពី​ថ្ងៃ​សៅរ៍។
ប៉ុន្តែ​កាសែត​ក្នុង​ស្រុក The Phnom Penh Post បាន​ដក​ស្រង់​សំដី​របស់​លោក ឱម យិន​ទៀង ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា កម្ពុជា​កំពុង​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​បំបាត់​អំពើ​ពុក​រលួយ​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក ឱម យិន​ទៀង ថ្លែង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក ចាប់​ផ្តើម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ពី​ថ្នាក់​ទាប​បំផុត ទៅ​ថ្នាក់​ខ្ពស់​បំផុត និង​ពី​ក្រុម​តូច ទៅ​ក្រុម​ធំ។
ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា រដ្ឋាភិបាល​នឹង​មិន​មាន​ជោគ​ជ័យ​ទេ ប្រសិន​បើ​ធ្វើ​ការ​បោស​សំអាត​អំពើ​ពុក​រលួយ​ពី​ថ្នាក់​ក្រោម​ជា​មុន​នោះ។
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ជាង​១​សែន​នាក់ ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​មករា​ខាង​មុខ​នេះ។ ក្រុម​អ្នក​វិភាគ​និយាយ​ថា ដំណើរ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា អាច​គ្មាន​ប្រសិទ្ធភាព ដោយ​សារ​ក្រុម​មន្ត្រី​នៃ​ស្ថាប័ន​នេះ ជា​មនុស្ស​របស់​រដ្ឋាភិបាល។
មន្ត្រី​ផ្នែក​កិច្ច​ការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​ពិភព​លោក Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស លោក George Boden មាន​ប្រសាសន៍​ថា អំពើ​ពុក​រលួយ​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់ ក្នុង​ទ្រង់ទ្រាយ​ធំ ដូច​ជា​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ធនធាន​រ៉ែ និង​សម្បទាន​ដី​សេដ្ឋកិច្ច​ជា​ដើម ៖ «យើង​នៅ​មិន​ជឿ​អំពី​ការ​ខិត​ខំ​របស់​រដ្ឋាភិបាល ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឡើយ​ទេ ល្គឹកណា​យើង​នៅ​មិន​ទាន់​ឃើញ​មាន​តម្លាភាព​ជា​មូលដ្ឋាន​នូវ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ អំពី​ការ​ផ្ដល់​សម្បទាន​រ៉ែ និង​ដី ហើយ​ថា​តើ​នរណា ឬ​ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ គេ​ផ្ដល់​សម្បទាន​ទៅ​ឲ្យ? តើ​លុយ​ពី​ធ្វើ​សម្បទាន​នោះ​ចូល​ទៅ​ក្នុង​ស្ថាប័ន​ណា ហើយ​នរណា​ជា​អ្នក​ទទួល​លុយ​នោះ? ដូច្នេះ​ទាល់​តែ​យើង​ដឹង​អំពី​បញ្ហា​តម្លាភាព​ទាំង​អស់​នេះ​សិន ទើប​យើង​អាច​ជឿ​ថា រដ្ឋាភិបាល​បាន​បំបាត់​អំពើ​ពុក​រលួយ​ដល់​កម្រិត​ណា​នោះ ហើយ​ពល​រដ្ឋ​ខ្មែរ​ទូទៅ​ក៏​អាច​ដឹង​ផង​ដែរ​ថា​តើ​លុយ​បាន​ពី​ការ​ធ្វើ​សម្បទាន​ចូល​គណនេយ្យ​ណា​មួយ បើ​មិន​ដូច្នោះ​ទេ​អំពើ​ពុក​រលួយ​វា​នៅ​តែ​មាន​ដដែល។»
លោក​បន្ត​ថា អំពើ​ពុក​រលួយ​គឺ​ជា​ការ​ជះ​ឥទ្ធិពល​ដល់​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា និង​បំផ្លាញ​ដល់​ភាព​រីក​លូត​លាស់​របស់​ប្រទេស ប្រសិន​បើ​កម្ពុជា​មិន​បំបាត់​អំពើ​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព។ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បាន​ចោទ​ប្រកាន់​ដល់​ការ​រិះគន់​របស់​អន្តរ​ជាតិ​ថា គ្រាន់​ជា​ការ​វាយ​ប្រហារ​ប៉ុណ្ណោះ៕

No comments:

Post a Comment