Wednesday, December 15, 2010

ខ្មែរ-ថៃ បើក​ច្រក​ព្រំដែន​ថ្មី​១ នៅ​ដើម​ឆ្នាំ​២០១១

2010-12-15
អាជ្ញាធរ ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ថៃ បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ច្រក​អន្តរ​ជាតិ​ថ្មី​មួយ​ ទៀត នៅ​ដើម​ឆ្នាំ​២០១១។

ដោយ សួន សុផល មុន្នី
ច្រក​ព្រំដែន​កម្ពុជា-ថៃ នៅ​ក្រុង​ប៉ោយប៉ែត
រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បើក​ច្រក​ទ្វារ​អន្តរ​ជាតិ​ថ្មី​មួយ​ទៀត ក្បែរ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ជាប់​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ ដើម្បី​បញ្ចៀស​ការ​ដឹក​ជញ្ជូន​ទំនិញ​ធំៗ ឆ្លង​កាត់ និង​ជួយ​កែ​សម្រួល​សោភណភាព​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ឲ្យ​ល្អ​ ប្រសើរ។
អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុង អឿន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​១៥ ខែ​ធ្នូ​ថា ភាគី​កម្ពុជា និង​ភាគី​ថៃ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី​១៤ ខែ​ធ្នូ បាន​ជួប​គ្នា​នៅ​ស្រុក​អារ៉ាញ់ ខេត្ត​ស្រះ​កែវ ប្រ​ទេស​ថៃ ដើម្បី​ពិភាក្សា​លើ​បញ្ហា​បើក​ច្រក​ទ្វារ​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា ច្រក​ទ្វារ​ស្ទឹង​បទ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ៖ «យើង​ បាន​ប្រជុំ​គ្នា​ជា​មួយ​សមាសភាព​ដែល​ពាក់ព័ន្ធ​ច្រើន​ចូល​រួម ដើម្បី​អនុវត្ត​នូវ​ការ​ព្រមព្រៀង​របស់​នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​ឯក​ឧត្ដម​នាយក​រដ្ឋ​មន្ត្រី​ថៃ ដែល​បាន​ជួប​គ្នា​តាំង​ពី​នៅ​សហ​រដ្ឋ​អាមេរិក ហើយ​ខិតខំ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បើក​ច្រក​ស្ទឹង​បទ»
លោក​អភិបាល​ខេត្ត​បាន​បន្ត​ថា ការ​ជុំ​គ្នា​នេះ រវាង​ភាគី​កម្ពុជា-ថៃ គឺ​បាន​ធ្វើ​ឡើង​ជា​លើក​ទី​៣​ហើយ នៅ​ក្រោយ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០ ភាគី​ទាំង​ពីរ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង ដែល​មាន​គម្រោង​បើក​ច្រក ទាំង​នៅ​ក្នុង​ទឹក​ដី​ថៃ និង​ទឹក​ដី​កម្ពុជា ៖ «ក្រោយ​ពី​បាន​ពិនិត្យ​ មើល យើង​បាន​ឯក​ភាព​គ្នា​ប្រគល់​ការ​ងារ​ហ្នឹង​ឲ្យ​គណៈកម្មការ​ទាំង​សងខាង រវាង​ភាគី​ថៃ-កម្ពុជា លោក ចុះ​ពិនិត្យ​ផ្នែក​បច្ចេកទេស គេ​ចាប់​ផ្តើម​ដំណើរ​ការ​ពី​ពេល​ឥឡូវ​ទៅ សិក្សា​រហូត​ដល់​ខែ​៤ ខែ​៥ ឆ្នាំ​២០១១»
ការ​បើក​ច្រក​ទ្វារ​អន្តរ​ជាតិ​ថ្មី គឺ​ត្រូវ​ធ្វើ​ឡើង​ចំ​ភូមិ​ស្ទឹង​បទ សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ភ្ជាប់​ទៅ​ស្រុក​អារ៉ាញ់ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ប្រយោជន៍​ដើម្បី​បញ្ចៀស​រថយន្ត​ដឹក​ទំនិញ​ធំៗ និង របរ​ស៊ី​ឈ្នួល​អូស​រទេះ​របស់​ពលករ​ខ្មែរ ចេញ​ពី​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ដែល​កំពុង​ដំណើរ​ការ​សព្វ​ថ្ងៃ។
លោក ហេង ចាយ ក្រុមហ៊ុន​នាគ​ក្រហម​ដឹក​ជញ្ជូន​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត បាន​ថ្លែង​ថា​ការ​បើក​ច្រក​ទ្វារ​ស្ទឹង​បទ​ថ្មី សម្រាប់​ដឹក​ទំនិញ​ឆ្លង​កាត់ និង​ការ​រក្សា​ច្រក​ទ្វារ​ទេសចរណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​ជា​រឿង​ល្អ ៖ «ការណ៍ ​ដែល​យើង​ទៅ​ទទួល​ភ្ញៀវ ភ្ញៀវ​ទេសចរណ៍​ចូល​មក មើល​ទៅ​ឃើញ​ស្រឡះ​ល្អ ដ៏​អ៊ីចឹង​មាន​ភាព​រញ៉េរញ៉ៃ​ដូច​មុន ឡាន​ទំនិញ​ទៅ​មួយ​ចំហៀង​ទៅ ភ្ញៀវ​ទេសចរណ៍​ចូល​មួយ​ចំហៀង អ៊ីចឹង​ល្អ​ហ្មង»
ក្រុម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​កត់​សម្គាល់​ថា ស្ថានភាព​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត បច្ចុប្បន្ន​មិន​មាន​សោភណភាព​ល្អ​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ទេ ដោយ​សារ​មាន​រថយន្ត​ធំៗ​ដឹក​ទំនិញ​ឆ្លង​កាត់។
លោក ដួង វិបុល មន្ត្រី​ព័ត៌មាន​ទេសចរណ៍​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ព្រមព្រៀង​គ្នា​បើក​ច្រក​ទ្វារ​អន្តរ​ជាតិ​ថ្មី​នេះ គឺ​អាច​ជួយ​លើក​មុខ​មាត់​ប្រទេស​ទាំង​ពីរ​ថែម​ទៀត ៖ «អ៊ីចឹង​វា​បង្ក​ ភាព​ងាយស្រួល​ណាស់​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ចេញ​ចូល ដោយ​អត់​មាន​ភាព​កក​ស្ទះ ឥឡូវ​នេះ​ឃើញ​មាន​ឡាន​កុងតឺន័រ​ធំៗ ស៊ីម៉ង់​ក៏​ដោយ ទំនិញ​អី​ផ្សេងៗ ក៏​ដោយ​រត់​អូស​អីវ៉ាន់​អី​តូច​តាច​ក៏​ដោយ ច្រក​ហ្នឹង​វា​តូច​អញ្ចឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​សោភណភាព​ទេសចរណ៍»
តំណាង​ក្រុមហ៊ុន​ឯក​ជន​មួយ ដែល​មាន​រថយន្ត​ដឹក​ទំនិញ​ឆ្លង​កាត់​ឆ្លង​កាត់​អន្តរ​ជាតិ​ប៉ោយប៉ែត ជា​រៀង​រាល់​ថ្ងៃ ពី​ទឹក​ដី​ថៃ​មក​កម្ពុជា និង​ដឹក​ទំនិញ​ពី​កម្ពុជា ឆ្លង​ចូល​ថៃ​បាន​ថ្លែង​ថា ផែនការ​បើក​ច្រក​ទ្វារ​ស្ទឹង​បទ​ថ្មី ជិត​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត​នេះ អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ផ្សេងៗ របស់​រថយន្ត​ក្រុមហ៊ុន​ថែម​ទៀត ៖ «ទៅ​ខាង​ណា​ក៏​បាន​ដែរ ឆ្លង​កាត់​ដូច​តែ​គ្នា អត់​មាន​បញ្ហា​អី​ផង ទៅ​ផ្លូវ​ខាង​ហ្នឹង​វា​ជិត​ដូច​តែ​គ្នា»
លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គម្រោង​ការ​បើក​ច្រក​ទ្វារ​អន្តរ​ជាតិ​ស្ទឹង​បទ​ថ្មី​នេះ ក្រុម​ការ​ងារ​បច្ចេកទេស​របស់​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ បាន​ចាប់​ផ្ដើម​ធ្វើ​ការ​សិក្សា ហើយ​និង​ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​ជា​ផ្លូវ​ការ​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១១ ខាង​មុខ​នេះ៕

No comments:

Post a Comment