Tuesday, December 21, 2010

អង្គការ​សិទ្ធិ​មនុស្ស៖ កម្ពុជា​ជា​ប្រទេស​គ្មាន​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន

2010-12-21
មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ចាត់​ទុក​កម្ពុជា ជា​ប្រទេស​គ្មាន​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន ដែល​បាន​ភៀស​ខ្លួន​មក​ពី​ប្រទេស​មាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយ​ប្រទេស​កម្ពុជា។

Sent by a witness
៥-កក្កដា-០៩: ទិដ្ឋភាព​ក្រុម​បាតុករ​អ៊ុយហ្គរ៍ នៅ​អ៊ុយរ៉ាំហ្គី (ទី​ប្រជុំ​ជន​មួយ​នៅ​ក្នុង​ខេត្ត​ស៊ិនជាំង ប្រទេស​ចិន)
បទ​វិភាគ​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ប្រទេស​កម្ពុជា បាន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ (Uighur) ចំនួន ២០​នាក់​ទៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ និង​ការ​គំរាម​បិទ​ជំរំ​ជន​ភៀស​ខ្លួន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​រួច​មក ប្រទេស​កម្ពុជា​លែង​ជា​ប្រទេស​ដែល​អាច​ផ្ដល់​កិច្ច​ការពារ​ជន​ភៀស​ខ្លួន​ទៀត​ហើយ។ 
មន្ត្រី​ស្រាវជ្រាវ​ជាន់​ខ្ពស់​របស់ Human Rights Watch លោកស្រី សារ៉ា ខម (Sara Colm) បាន​សរសេរ​បទ​វិភាគ​ប្រវត្តិ​នៃ​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ចំនួន ២០​នាក់​ទៅ​ប្រទេស​ចិន ឲ្យ​ប្រឈម​នឹង​ការ​កាត់​ទោស និង​ការ​ធ្វើ​ទារុណកម្ម សម្រាប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​នេះ បាន​ឲ្យ​ដឹង​ថា កម្ពុជា​មិន​បាន​គោរព​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៥១ និង​ពិធីសារ​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩៦៧។ សន្ធិសញ្ញា​នេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មិន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​ប្រទេស​ដែល​ជន​ភៀស​ខ្លួន​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នោះ​ទេ។
លោកស្រី សារ៉ា ខម បាន​ឲ្យ​ដឹង​ថា ការ​ចាប់​បញ្ជូន​ជន​ជាតិ​អ៊ុយហ្គរ៍ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៩ បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​អនុញ្ញាត​ឲ្យ​ក្រសួង​មហាផ្ទៃ អាច​បដិសេធ ឬ​ក៏​បញ្ចប់​ឋានៈ​ជន​ភៀស​ខ្លួន​ដែល​ផ្ដល់​ដោយ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR)។ មួយ​ថ្ងៃ​បន្ទាប់​មក ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ចំនួន ២០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ដាក់​យន្តហោះ​ពិសេស​ចិន​មួយ​ទៅ​ប្រទេស​ចិន​វិញ។
លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ស្ថានភាព​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​ធ្នូ បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​កម្ពុជា មិន​បាន​គោរព​ការ​សន្យា​របស់​ខ្លួន ដើម្បី​ការពារ​ជន​ភៀស​ខ្លួន។ លោក​បន្ត​ទៀត​ថា អ្នក​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន កំពុង​គិត​​ពី​ប្រយោជន៍ និង​អំណាច​ផ្ទាល់​ខ្លួន ដោយ​មិន​បាន​គិតគូរ​ពី​អំពើ​មនុស្ស​ធម៌​នោះ​ទេ។
លោក ឡៅ ម៉ុងហៃ កម្ពុជា​មិន​គួរ​ភ្លេច​ខ្លួន​នោះ​ទេ ដែល​កាល​ពី​ប្រមាណ ៣០​ឆ្នាំ​មុន ប្រជាជន​នៃ​ប្រទេស​នេះ ធ្លាប់​បាន​រត់​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក។ 
អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ខែ​មករា ឆ្នាំ​២០១០ មាន​ព័ត៌មាន​មិន​ផ្លូវការ​មួយ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ ២០​នាក់​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ចេញ​ពី​កម្ពុជា ទៅ​ប្រទេស​ចិន​នោះ មាន ៤​នាក់​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត និង​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ពី ៥​ឆ្នាំ​ទៅ​មួយ​ជីវិត។
កម្ពុជា​ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត កាល​ពី​សប្ដាហ៍​មុន​នៅ​ពេល​ដែល​រដ្ឋាភិបាល​នេះ​បាន​កំណត់​ឱសានវាទ​ឲ្យ UNHCR បិទ​ជំរំ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ ខាង​មុខ​នេះ។ 
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​កន្លង​មក​ទាក់ទង​នឹង​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ទៅ​ប្រទេស​ចិន ដើម្បី​ជា​ថ្នូរ​នឹង​ជំនួយ​របស់​ចិន។ រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​បញ្ជូន​នេះ គឺ​អាជ្ញាធរ​កម្ពុជា អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា ហើយ​ចំពោះ​ការ​បិទ​ជំរំ​ម៉ុងតាញ៉ា គឺ​ដោយសារ​ប្រទេស​វៀតណាម គ្មាន​សង្គ្រាម​ស៊ីវិល ដូច្នោះ​ជន​ភៀស​ខ្លួន​មិន​គួរ​មាន​នៅ​កម្ពុជា​នោះ​ទេ។
ប៉ុន្តែ​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ដែល​ជា​ជន​ជាតិ​ភាគ​តិច​របស់​វៀតណាម បាន​រត់​មក​សុំ​ជ្រកកោន​នៅ​កម្ពុជា ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣​នោះ មិន​បាន​រត់​គេច​ពី​សង្គ្រាម​ទេ ប៉ុន្តែ​ពួកគេ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ការ​គាប​សង្កត់ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​ជំនឿ​សាសនា និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​រឿង​ទំនាស់​ដីធ្លី​ពី​សំណាក់​អាជ្ញាធរ​វៀតណាម៕

No comments:

Post a Comment