Saturday, December 11, 2010

អ្នក​ឃ្លាំមើល​អន្តរជាតិ​រិះគន់​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា


2010-12-11
ក្នុង​ឱកាស​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ក្រុម​សង្គម​ស៊ីវិល​នៅ​ឯ​នាយ​សមុទ្រ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា កំពុង​ដើរ​ថយ​ក្រោយ​ក្នុង​រយៈ​ពេល ១៧​ឆ្នាំ​មក​នេះ។ ក្រុម​នេះ​និយាយ​ថា ដោយសារ​កម្ពុជា កំពុង​កែ​ប្រែ​រូបភាព​ពី​ការ​បំភិតបំភ័យ​ដល់​អាយុ​ជីវិត​នៃ​សកម្មជន​សិទ្ធិ​មនុស្ស ឬ​សកម្មជន​គណបក្ស​នយោបាយ ទៅ​ជា​ការ​ប្រើ​យន្តការ​តុលាការ ដាក់​ទោស​ពី​បទ​បរិហារ​កេរ្តិ៍ ឬ​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។
នាយក​ផ្នែក​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch លោក ប្រែដ អាដាម (Brad Adam) បាន​ថ្លែង​ថា រយៈ​ពេល​ជិត ២០​ឆ្នាំ​ហើយ​ដែល​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ទទួល​យក​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​ការ​បោះ​ឆ្នោត​ជាតិ​ក្រោម​ការ​រៀបចំ​របស់​អង្គការ​សហប្រជាជាតិ តែ​ផ្ទុយ​ទៅ​វិញ ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តែ​កើត​មាន​ស្ទើរ​គ្រប់​រូបភាព។
លោក ប្រែដ អាដាម មាន​ប្រសាសន៍​បន្ថែម ៖ "រដ្ឋាភិបាល​កំពុង​ធ្វើ​ឲ្យ​កម្ពុជា ជា​រដ្ឋ​ដែល​មាន​ការ​ដឹក​នាំ​ដោយ​គណបក្ស​តែមួយ ហើយ​ការ​គំរាមកំហែង ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​អ្នក​រិះគន់ ការ​កាត់​ទោស​មេដឹកនាំ​គណបក្ស​ប្រឆាំង ឬ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល ឲ្យ​ជាប់​ពន្ធនាគារ​នៅ​តែ​បន្ត រួម​នឹង​ការ​អនុម័ត​ច្បាប់​ព្រហ្មទណ្ឌ​ដែល​ធ្វើ​ឲ្យ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទៅ​ជា​ទោស​ឧក្រិដ្ឋ​ជាដើម។ បញ្ហា​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​ការ​អាក់អន់ចិត្ត​យ៉ាង​ខ្លាំង"
ប៉ុន្តែ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​មោទនភាព​ថា កម្ពុជា​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ហើយ​ជា​ពិសេស​ទៅ​ទៀត កម្ពុជា​បាន​អនុម័ត​ច្បាប់​ជា​ច្រើន ដូចជា​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ជាដើម។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​រិះគន់​របស់​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​នោះ គឺ​ជា​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត​ដល់​ពលរដ្ឋ​កម្ពុជា។ លោក​បន្ត​ថា កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​អំពើ​ពុករលួយ ខណៈ​កម្ពុជា បាន​ចាត់​វិធានការ​លើ​ព្រះរាជ​អាជ្ញា​ខេត្ត​ពោធិ៍សាត់ ពី​បទ​ពុករលួយ​ជាដើម។
លោក ផៃ ស៊ីផាន បន្ត​ថា ទស្សនវិស័យ​របស់​កម្ពុជា ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស គឺ​ធ្វើ​យ៉ាង​ណា​ពង្រឹង​ស្ថាប័ន​យុត្តិធម៌ និង​ពង្រឹង​វិស័យ​សិទ្ធិ​មនុស្ស តាម​រយៈ​ការ​ចូល​រួម ដែល​មិន​មែន​ជា​ការ​ទាមទារ ឬ​ការ​រិះគន់​ដល់​រដ្ឋាភិបាល​នោះ​ឡើយ។
នាយក​ផ្នែក​គោលនយោបាយ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អាស៊ី ប្រចាំ​ក្នុង​ទីក្រុង​ហុងកុង លោក បាស៊ីល ហ្វឺណានដូ (Basil Fernando) មាន​ប្រសាសន៍​ថា ពាក្យ​ថា ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​ជា​ការ​បញ្ចេញ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​មនុស្ស។ ដូច្នេះ​សិទ្ធិ​ក្នុង​ការ​ទាមទារ​ជា​និយមន័យ​នៃ​ការ​ចូលរួម។
លោក បាស៊ីល ហ្វឺណាន់ដូ មាន​ប្រសាសន៍​បន្ថែម ៖ "ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ ទាល់តែ​ប្រជាពលរដ្ឋ​អាច​ទាមទារ ឬ​អាច​រិះគន់​សម្រាប់​ការ​ស្ថាបនា​ផ្សេងៗ។ ឧទាហរណ៍​ពួកគេ​អាច​រិះគន់​ថា ផ្លូវ​ថ្នល់ មន្ទីរពេទ្យ ចៅក្រម ឬ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ គួរ​ធ្វើ​ឲ្យ​ប្រសើរ​តាម​របៀប​នេះ ឬ​របៀប​នោះ ហើយ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​និយាយ​ដល់​បញ្ហា​ទាំង​អស់​នេះ​បាន ពួកគេ​មិន​អាច​ចូលរួម​បាន​ទេ មាន​ន័យ​ថា ពួកគេ​ដូច​ជា​ទាសករ​អ៊ីចឹង។ ទាសករ​ក៏​ជា​មនុស្ស​ដែល​ចូល​រួម​ធ្វើ​កិច្ចការ​លំបាក​ទាំង​អស់​នោះ​ដែរ ប៉ុន្តែ​មិន​មែន​ជា​អ្វី​សង្គម​សេរី ឬ​ពលរដ្ឋ​ទូទៅ​ចង់​បាន​នោះ​ឡើយ"
ក្រុម​អ្នក​ឃ្លាំមើល​នយោបាយ​របស់​ប្រទេស​កម្ពុជា ថ្លែង​ថា ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ កើត​មាន​តាម​រយៈ​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុម​មន្ត្រី​មាន​អំណាច និង​ពី​គោលនយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច ឬ​សម្បទាន​រ៉ែ ការ​ឃុំ​ខ្លួន​បុគ្គលិក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ការ​ផ្ដន្ទាទោស​អ្នក​សារ​ព័ត៌មាន មេដឹកនាំ​គណបក្ស​ជំទាស់ ឬ​ការ​គំរាម​ដល់​សិទ្ធិ​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ជាដើម។ 
នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សកលវិទ្យាល័យ​បាត់ដំបង ក្នុង​ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា លោក​នឹង​ទូល​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ ដើម្បី​ស្នើ​សុំ​បញ្ចប់​តំណែង​ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រសិន​បើ​សម្ដេច​ក្រុមព្រះ​យាង​ព្រះ​កាយ​​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ។
នាយក​ផ្នែក​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch លោក ប្រែដ អាដាម បាន​ថ្លែង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការងារ​អត្តនោម័តិ ៖ "តាម​ពិត​ទៅ​លោក ហ៊ុន សែន ប្រហែល​ជា​គាត់​គិត​ថា គាត់​ម្ចាស់​របស់​ប្រទេស​កម្ពុជា នេះ​ហើយ​ដែល​វា​ជា​បញ្ហា។ គាត់​គិត​ថា គាត់​ម្ចាស់​របស់​កម្ពុជា ដែល​អាច​ធ្វើ​អ្វី ឬ​សម្រេច​អ្វីៗ តាម​តែ​ចិត្ត​របស់​គាត់ ហើយ​នេះ​មិន​មែន​ជា​ឆន្ទៈ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស ឬ​ការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នោះ​ឡើយ"
ជុំវិញ​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ដែល​ត្រូវ​បាន​ប្រកាស​ជា​សកល​ដោយ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​១៩៤៨ គឺ​តម្រូវ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ទាំង​ឡាយ​មាន​កាតព្វកិច្ច​គោរព និង​អនុវត្ត​សិទ្ធិ​សេរីភាព​ទាំង​ឡាយ ដូចជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ សិទ្ធិ​ក្នុង​ការ​ចូល​រួម​ឆាក​នយោបាយ សិទ្ធិ​ទទួល​បាន​លំនៅឋាន​សមរម្យ សិទ្ធិ​សង្គមកិច្ច និង​សេដ្ឋកិច្ច រួម​នឹង​សិទ្ធិ​សំខាន់ៗ​ជា​ច្រើន​ទៀត។
ចំណែក​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​ឃ្លាំ​មើល​ដំណើរការ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ថ្លែង​តាម​ទូរស័ព្ទ​ពី​ប្រទេស​អង់គ្លេស​មក​ថា ការ​គោរព​សិទ្ធិ​មនុស្ស​ធ្វើ​ទៅ​កើត​ទេ ប្រសិន​បើ​គ្មាន​នីតិរដ្ឋ​ពិត​បា្រដក។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​តុលាការ​កម្ពុជា ឯករាជ្យ ចាំបាច់​ត្រូវ​បង្កើត​ឲ្យ​មាន​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​ចែង​ពី​លក្ខណៈ​សម្បត្តិ ឬ​ឯករាជភាព​នៃ​តួនាទី​របស់​ចៅក្រម រួម​នឹង​ការ​ធានា​ថា ព្រះរាជអាជ្ញា និង​ចៅក្រម​ទាំង​នោះ មិន​មែន​ជា​សមាជិក​របស់​គណបក្ស​កាន់​អំណាច​នោះ។ 
ចំណែក​លោក ចច បូឌិន (George Borden) មន្ត្រី​ផ្នែក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​ពិភពលោក Global Witness ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស មាន​ប្រសាសន៍​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា រហូត​មក​ទល់​បច្ចុប្បន្ន​នេះ គឺ​ពាក់ព័ន្ធ​ច្រើន​នឹង​អំពើ​ពុករលួយ។ 
លោក​បន្ត​ថា អង្គការ Global Witness បាន​រក​ឃើញ​ថា កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិ​ខ្លាំង​ទាក់ទិន​នឹង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​យ៉ាង​បង្ខំ ដោយសារ​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច និង​សម្បទាន​រ៉ែ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន៕

No comments:

Post a Comment