Friday, December 3, 2010

អាមេរិក​ថ្កោល​ទោស​​អ្នក​​ទម្លាយ​ឯកសារ​សម្ងាត់

ដោយ តាំង សារ៉ាដា
2010-12-03

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) កាល​ពី​ថ្ងៃ​ពុធ បាន​ថ្លែង​ថា រដ្ឋាភិបាល​អាមេរិក សូម​ធ្វើការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង ចំពោះ​បទ​ឧក្រិដ្ឋកម្ម​ក្នុង​ការ​បញ្ចេញ​ឯកសារ​សម្ងាត់ ដែល​អាច​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស គំរាម​ដល់​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​កិច្ច​ប្រឹងប្រែង​របស់​អាមេរិក ដែល​សហការ​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក។

លោកស្រី​មាន​ប្រសាសន៍​បន្ត​ថា ការ​លួច​បញ្ចេញ​ឯកសារ​សម្ងាត់​នេះ មិន​គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​ផល​ប្រយោជន៍ គោលនយោបាយ​បរទេស​របស់​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​វាយ​ប្រហារ​ផង​ដែរ​ទៅ​លើ​សហគមន៍​អន្តរជាតិ សម្ព័ន្ធ​មិត្ត​ភាព​ជា​ដៃគូ​ការ​សន្ទនា ការ​ចរចា​អំពី​ការពារ​សុវត្ថិភាព​សកល និង​ការ​ធ្វើ​ឲ្យ​វិវឌ្ឍ​ជឿនលឿន​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ។

លោកស្រី ហ៊ីលឡារី គ្លិនតុន ថ្លែង​បន្ថែម​ថា ៖ "សហរដ្ឋ​អាមេរិក​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​ទម្លាយ​ព័ត៌មាន​ទាំង​ឡាយ​ណា ដែល​យើង​មាន​បំណង​រក្សា​ភាព​សម្ងាត់ ក្នុង​នោះ​រួម​មាន​ទាំង​ការ​ពិភាក្សា​ជា​ឯកជន​រវាង​សមភាគី​របស់​អាមេរិក​ទាំង​ឡាយ និង​របាយការណ៍​របស់​ក្រុម​មន្ត្រី​ការទូត​របស់​យើង​ក្នុង​ការ​អង្កេត និង​ពិនិត្យ។ ខ្ញុំ​ចង់​ជម្រាប​ឲ្យ​បាន​ច្បាស់​ថា គោលនយោបាយ​ការបរទេស​ជា​ផ្លូវការ​របស់​យើង មិន​មែន​ស្ថិត​នៅ​លើ​អ្វី​ដែល​បាន​ទម្លាយ​ចេញ​នោះ​ទេ គោលនយោបាយ​របស់​យើង គឺ​ផ្អែក​លើ​ឯកសារ​សាធារណៈ និង​សកម្មភាព​របស់​យើង​នៅ​ជុំវិញ​ពិភពលោក"

ទីភ្នាក់ងារ​ព័ត៌មាន Associated Press បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​សំខាន់ៗ​មាន​ចំនួន ២​សែន​៥​ម៉ឺន​ទំព័រ ស្ដីពី​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ត្រូវ​បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​បាន​ចេញ​ផ្សាយ​ក្នុង​គេហទំព័រ Wikileaks មាន​ដូច​ជា​ឯកសារ​ទាក់ទិន​ទៅ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង ក្នុង​ការ​លក់​កាំជ្រួច​ដែល​បាញ់​បាន​ឆ្ងាយ​ឲ្យ​ទៅ​ប្រទេស​អ៊ីរ៉ង់ ឬ​ទៅ​ឲ្យ​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា​ជាដើម។

កាសែត​ក្នុង​ស្រុក​នៃ​ប្រទេស​កម្ពុជា ឈ្មោះ ឌឹ ឃេមបូឌា ដេលី (The Cambodia Daily) បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា គេហទំព័រ Wikileaks នឹង​ផ្សាយ​ឯកសារ​របស់​ស្ថានទូត​អាមេរិក​​នៅ​កម្ពុជា មាន​ចំនួន ៧៧៧​ទំព័រ ដែល​បាន​ចាប់​ផ្តើម​កត់ត្រា​តាំង​ពី​ទសវត្សរ៍​១៩៩០​មក ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។

ឯកសារ​ទាំង​នោះ​បាន​បង្ហាញ​​ពី​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​បោះ​ឆ្នោត​ឆ្នាំ​២០០៨ ការ​ធ្វើ​ឃាត​អ្នក​សារ​ព័ត៌មាន​​​​​គណបក្ស​ប្រឆាំង​លោក ឃឹម សំបូរ និង​ការ​កាត់​ទោស​ខ្មែរ​ក្រហម​ជាដើម។

លោកស្រី ហ៊ីលឡារី គ្លិនតុន បាន​បន្ត​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នឹង​ធ្វើ​ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ក្នុង​ការ​ស្វែង​រក​ជន​ដៃ​ដល់​ដែល​បាន​ទម្លាយ​ឯកសារ​ទាំង​នេះ ៖ "ខ្ញុំ​ចង់​ឲ្យ​អស់​លោក​អ្នក​ដឹង​ថា យើង​កំពុង​ចាត់​វិធានការ​ជា​បន្ទាន់ ហើយ​មិន​ញញើត ដើម្បី​ឲ្យ​អ្នក​ដែល​លួច​ព័ត៌មាន​ទាំង​នោះ​ទទួល​ខុស​ត្រូវ។ ខ្ញុំ​បាន​បញ្ជា​ឲ្យ​ក្រសួង​ការបរទេស​ចាត់​វិធានការ​ជាក់លាក់​មួយ​បន្ថែម​ទៅ​នឹង​ការ​ចាត់​វិធានការ​ការពារ​សន្តិសុខ​ផ្នែក​ព័ត៌មាន​នៅ​ក្រសួង​ការពារ​ជាតិ ហើយ​និង​នៅ​ទី​ដទៃ​ទៀត"

សហរដ្ឋ​អាមេរិក​ក៏​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ទាំង​ឡាយ មាន​ទំនាក់ទំនង​ការ​ទូត​ជាមួយ​អាមេរិក ឲ្យ​ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត និង​សហការ​បន្ថែម​ទៀត​លើ​បញ្ហា​ធ្លាយ​ព័ត៌មាន​សម្ងាត់​ទាំង​នោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គេ​នៅ​មិន​ទាន់​ឃើញ​យន្តការ ឬ​ផែនការ​ច្បាស់លាស់​ណា​មួយ​ពី​ខាង​រដ្ឋាភិបាល​កម្ពុជា នៅ​ឡើយ​ទេ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​នោះ។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​មិន​លូក​ដៃ​ចូល​ក្នុង​បញ្ហា​ផ្ទៃ​ក្នុង​របស់​សហរដ្ឋ​អាមេរិក​ឡើយ។ ប៉ុន្តែ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ហាក់​មាន​ប្រសាសន៍​ផ្ទុយ​ទៅ​វិញ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​បើក​ចំហ​ព័ត៌មាន​ទាំង​ឡាយ​ណា ដែល​និយាយ​អំពី​ផលប្រយោជន៍​សាធារណៈ ឬ​ទំនាក់ទំនង​ការទូត​ផេ្សងៗ។

កាសែត The Wall Street Journal របស់​អាមេរិក បាន​ដក​ស្រង់​សម្ដី​របស់ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក លោក អ៊ីរ៉ិច ហូល (Eric Hold) ថា ក្រសួង​យុត្តិធម៌​នឹង​តាមដាន ហើយ​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ ដើម្បី​វែក​មុខ​ជន​ប្រព្រឹត្ត​បទល្មើស​ទាំង​ឡាយ​ណា​ដែល​ទម្លាយ​ឯកសារ​ការ​ទូត​ទាំង​នេះ៕

No comments:

Post a Comment