Sunday, June 26, 2011

ខ្សែ​ភាព​យន្ត​រំលឹក​ឧក្រិដ្ឋកម្ម​ដ៏​រន្ធត់

Finding Face ឬ «ស្វែង​រក​មុខ​ពិត» ជា​ខ្សែ​ភាព​យន្ត​ឯកសារ​មួយ​ដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​អាមេរិកាំង និង​ខ្មែរ​ជា​ច្រើន ក្នុង​សហ​រដ្ឋ​អាមេរិក រួម​ទាំង​ក្រុមហ៊ុន​ផលិត​ខ្សែ​ភាពយន្ត​ដ៏​ល្បី​នៃ Hollywood មួយ​ចំនួន​ផង​ដែរ បន្ទាប់​ពី​ពួក​គេ​បាន​ទស្សនា​នូវ​ភាព​រន្ធត់​ដ៏​រំជួល​ចិត្ត និង​បាន​យល់​ដឹង​អំពី​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​របស់​លោក​ស្រី ឃួន សុផល ភរិយា​របស់​លោក ស្វាយ ស៊ីថា មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជះ​ទឹក​អាស៊ី​ស្រោច​ស្រព​លើ​រាង​កាយ​របស់​អ្នក​ស្រី តាត ម៉ារីណា កាល​ពី​ឆ្នាំ​១៩៩៩។

អ្នក​និពន្ធ និង​អ្នក​ដឹក​នាំ​ខ្សែ​ភាព​យន្ត Finding Face លោក Skye Fitzgerald មាន​ប្រសាសន៍​ថា លោក​គ្រោង​ច្នៃ​ខ្សែ​ភាព​យន្ត​ឯកសារ​មួយ​នេះ​ឲ្យ​ទៅ​ជា​រឿង​វិញ ដែល​មាន​ការ​ដើរ​តួ​សម្ដែង​ដោយ​តារា​ភាព​យន្ត​ខ្មែរ។ លោក​បន្ត​ថា ក្រុមហ៊ុន​របស់ Hollywood មួយ​ឈ្មោះ Participant Media និង​ឧបត្ថម្ភ​ថវិកា​ប្រមាណ ១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ក្នុង​ការ​ផលិត​រឿង​រ៉ាវ​ដែល​ទាក់​ទង​នឹង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ ពី​សំណាក់​ប្រព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ខ្មែរ​រូប​នេះ ៖ «យើង​អាច​ចំណាយ​ប្រមាណ​មួយ​លាន​ដុល្លារ ដើម្បី​ថត​រឿង​នេះ​ឲ្យ​បាន​ចប់​សប់​គ្រប់។ ប៉ុន្តែ​ប្រាក់​ទាំង​នេះ​វា​អាស្រ័យ​ទៅ​តាម​ទីតាំង​ដែរ។ ដូច​អ្នក​បាន​ជ្រាប​ស្រាប់​ហើយ​ថា ប្រាក់​ទាំង​នេះ​មិន​ច្រើន​នោះ​ឡើយ បើ​តាម​ស្តង់ដារ​របស់​ក្រុមហ៊ុន Hollywood។ យើង​អាច​ផលិត​រឿង​មួយ​បាន​ក្នុង​ទឹក​ប្រាក់​ប៉ុណ្ណឹង ទាល់​តែ​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ទឹក​ប្រាក់​ប្រមាណ​ពី ១​លាន ទៅ​២​លាន​ដុល្លារ យើង​អាច​ផលិត​រឿង​នេះ​បាន​យ៉ាង​ល្អ ហើយ​វា​ក៏​មិន​មែន​ជា​ភាព​ប្រថុយ​ប្រថាន​របស់​ក្រុមហ៊ុន Hollywood សម្រាប់​គម្រោង​ដ៏​តូច​នេះ​ដែរ។»

លោក Skye Fitzgerald មាន​ប្រសាសន៍​បន្ត​ថា លោក​គ្រោង​ចាប់​ផ្ដើម​ថត​រឿង​នេះ​នៅ​ឆ្នាំ​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ការ​ថត​អំពី​រឿង​នេះ​ជា​ចំណុច​រសើប​របស់​រដ្ឋាភិបាល​កម្ពុជា​ដែរ ឬ​យ៉ាង​ណា។ លោក​ថ្លែង​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ថត​នោះ លោក​អាច​ធ្វើ​ការ​ថត​រឿង​នេះ​នៅ​ប្រទេស​ផ្សេង​ដែល​មាន​ទិដ្ឋភាព​ស្រដៀង​កម្ពុជា ៖ «រឿង​នោះ​យើង​ថត​នៅ​លើ​ផ្លូវ​សាធារណៈ វា​ជា​ទីតាំង​មួយ​ដែល​លំបាក​ថត​មែន​ទែន ហើយ​ខ្ញុំ​នៅ​មិន​ទាន់​មាន​ជំនឿ​ទេ​ថា រដ្ឋាភិបាល​អាច​អនុញ្ញាត​ឲ្យ​យើង​ចុះ​ថត​រឿង​នេះ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​យើង​ថត​ប្រធាន​បទ​នៃ​រឿង​នេះ​ទេ​នោះ យើង​ប្រហែល​ជា​អាច​ដូរ​ទៅ​ថត​នៅ​ប្រទេស​ថៃ ប្រទេស​សិង្ហបុរី ឬ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នោះ​ជំនួស​វិញ។»

លោក Skye មាន​ប្រសាសន៍​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពុះ​ពារ​ផ្សព្វ​ផ្សាយ និង​ថត​រឿង​របស់​អ្នក​ស្រី តាត ម៉ារីណា នេះ គឺ​ដោយ​សារ​លោក​ចង់​ឃើញ​ជន​ដៃ​ដល់​ដែល​បាន​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជះ​ទឹក​អាស៊ីដ​នេះ ត្រូវ​នាំ​ខ្លួន​យក​ទៅ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​កាត់​បន្ថយ​អំពើ​និទ្ទណ្ឌភាព​ដែល​កំពុង​រីក​រាល​ដាល​នៅ​កម្ពុជា ៖ «ក្ដី​សង្ឃឹម​របស់​ខ្ញុំ​នោះ គឺ​ថា​ជន​ដៃ​ដល់​ដែល​បាន​ធ្វើ​បាប ម៉ារីណា នឹង​មិន​អាច​រស់​នៅ​ដោយ​មាន​សេរីភាព ហើយ​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ។ ជន​ទាំង​នោះ​ត្រូវ​តែ​សង​ការ​ឈឺ​ចាប់​នូវ​ទង្វើ​យ៉ាង​អាក្រក់​ជា​ទី​បំផុត ដែល​ពួក​គេ​បាន​ធ្វើ។ ក្ដី​សង្ឃឹម​របស់​ខ្ញុំ​គឺ​ថា ជន​ល្មើស​ទាំង​នោះ​នឹង​ត្រូវ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន។ ខ្ញុំ​សង្ឃឹម​ថា យុត្តិធម៌​នឹង​អាច​មាន​ក្នុង​ជាតិ​នេះ ឬ​មិន​អាច​មាន​ទៅ​បាន​នោះ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នឹង​ធ្វើ​អ្វីៗ​ទៅ​តាម​លទ្ធភាព​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ច្បាស់​ថា យុត្តិធម៌​នឹង​មាន​សម្រាប់ តាត ម៉ារីណា។ មាន​ន័យ​ថា ខ្ញុំ​នឹង​បន្ត​ការ​ផលិត​ខ្សែ​ភាព​យន្ត​ពី​មួយ​ទៅ​មួយ រហូត​ដល់​ខ្ញុំ​ចាស់​សក់​ស្កូវ ដើម្បី​រក​យុត្តិធម៌​ឲ្យ​នាង។»

កាល​ពី​មាន​វ័យ​អាយុ​១៦​ឆ្នាំ ជា​តារា​សម្ដែង​ខារ៉ាអូខេ កញ្ញា តាត ម៉ារីណា នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ បាន​រង​ការ​បំផ្លាញ​រូប​សម្ផស្ស​ទាំង​ស្រុង​ដោយ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីដ ពី​សំណាក់​ឧក្រិដ្ឋជន​មួយ​ក្រុម ដឹក​នាំ​ដោយ​លោក​ស្រី ឃួន សុផល ភរិយា​របស់​លោក ស្វាយ ស៊ីថា រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការ​គណ​រដ្ឋ​មន្ត្រី។ នៅ​ដើម​ឆ្នាំ​២០០០ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​បញ្ជា​ចាប់​ខ្លួន​លោក​ស្រី ឃួន សុផល ប៉ុន្តែ​ដោយ​សារ​លោក​ស្រី​ជា​ភរិយា​របស់​មន្ត្រី​រដ្ឋាភិបាល​ដ៏​មាន​អំណាច ទើប​រហូត​មក​ទល់​ពេល​នេះ​គេ​ឃើញ​លោក​ស្រី ឃួន សុផល កំពុង​រស់​នៅ​យ៉ាង​មាន​សេរីភាព។

បច្ចុប្បន្ន​ជន​រង​គ្រោះ តាត ម៉ារីណា ដែល​កំពុង​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក ហើយ​បាន​រៀប​ការ និង​មាន​កូន ២​នាក់​ហើយ​នោះ នៅ​មាន​ការ​ភ័យ​ខ្លាច​នៅ​ឡើយ អំពី​សុវត្ថិភាព​របស់​អ្នក​ស្រី។ អ្នក​ស្រី​ថ្លែង​ថា អ្នក​ស្រី​មាន​ក្តី​រំភើប​ក្រៃ​លែង​ដែល​ក្រុម​ហ៊ុន Hollywood ចាប់​អារម្មណ៍ និង​ជួយ​ថត​រឿង​អំពី​ជីវិត​ពិត​របស់​ស្រី។ អ្នក​ស្រី​មាន​ក្តី​ត្រេកអរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​អារម្មណ៍​របស់​សហគមន៍​អន្តរ​ជាតិ​ទៅ​លើ​ករណី​របស់​អ្នក​ស្រី ហើយ​សង្ឃឹម​ថា លទ្ធផល​ចេញ​ពី​ខ្សែ​ភាព​យន្ត​នេះ នឹង​អាច​ជា​ពន្លឺ​មួយ ដើម្បី​រក​យុត្តិធម៌​ពិត​ប្រាកដ​ដល់​អ្នក​ស្រី និង​ជន​រង​គ្រោះ​ដទៃ​ទៀត ដែល​រង​ការ​ឈឺ​ចាប់​ពី​សំណាក់​អ្នក​មាន​អំណាច ៖ «ខ្ញុំ​នឹង​សង្ឃឹម​ថា ថ្ងៃ​ក្រោយ​តុលាការ​អាច​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាន ហើយ​សំខាន់​បំផុត យ៉ាង​ហោច​ណាស់​ក៏​យើង​អាច​បាន​ទទួល​យុត្តិធម៌ ហើយ​យ៉ាង​ហោច​ណាស់​ក៏​ជា​ការ​ព្រមាន​ដល់​អ្នក​ចង់​ប្រព្រឹត្ត​អំពើ​ហិង្សា​នៃ​ការ​ប្រើ​ទឹក​អាស៊ីដ​ទៅ​លើ​អ្នក​ដទៃ​ៗ​ទៀត។ ហើយ​យ៉ាង​ហោច​ណាស់​ក៏​គេ​គិត​អំពី​ច្បាប់​នោះ​ដែរ។ ស្រុក​ខ្មែរ​ឥឡូវ​ឮសូរ​ថា​គេ​មាន​ច្បាប់ មាន​ទម្លាប់​ល្អ​ដែរ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា រឿង​នេះ​អាច​រក​យុត្តិធម៌​ដល់​រូប​ខ្ញុំ ព្រម​ទាំង​ជន​រង​គ្រោះ​ដទៃ​ៗ​ទៀត។»

ជុំវិញ​ការ​លើក​ឡើង​របស់​ជន​រងគ្រោះ​ពី​ការ​ជះ​ទឹក​អាស៊ីដ និង​អ្នក​ដឹក​នាំ​ខ្សែ​ភាពយន្ត Finding Face ឬ ស្វែង​រក​មុខ​ពិត ថា​ជន​ដៃ​ដល់​ក្នុង​ករណី​ឧក្រិដ្ឋកម្ម​នេះ មិន​ទាន់​ត្រូវ​បាន​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​នោះ មន្ត្រី​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​រដ្ឋាភិបាល លោក ទិត្យ សុធា បាន​បញ្ជាក់​ថា តុលាការ​កម្ពុជា​បាន​បិទ​បញ្ចប់​ករណី​នេះ​ហើយ ៖ «ការ​ផលិត​ខ្សែ​ភាព​យន្ត​ណា​មួយ​ទាក់​ទង​ទៅ​នឹង​រឿង តាត ម៉ារីណា នេះ គួរ​គប្បី​អ្នក​និពន្ធ​យល់​ច្បាស់​អំពី​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ច្បាប់ ជា​ពិសេស​អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង គឺ​ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​រួច​ទៅ​ហើយ។ ហើយ​តុលាការ​គេ​បាន​ចាត់​ការ​ទៅ​តាម​នីតិ​វិធី និង​ដំណើរ​ការ​ត្រឹម​ត្រូវ​ហើយ អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ក៏​បាន​ទទួល​នូវ​ទោស​ទណ្ឌ​នេះ​ផង​ដែរ។ ហើយ​រហូត​មក​ទល់​ពេល​នេះ គឺ​រឿង​នេះ​បាន​បញ្ចប់​សព្វ​គ្រប់​រួច​បាត់​ទៅ​ហើយ។ នេះ​គឺ​ជា​ការ​លើក​ឡើង​នៃ​រឿង​ដែល​រលត់​ផុត​ទៅ​ហើយ​បាទ។»

ទោះ​បី​ជា​មាន​ការ​អះអាង​របស់​លោក ទិត្យ សុធា យ៉ាង​ដូច្នេះ​ក្ដី ក្រុម​សង្គម​ស៊ីវិល​បដិសេធ​ថា គេ​មិន​ដែល​ឃើញ​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​ឲ្យ​បាន​ហ្មត់ចត់​លើ​សំណុំ​រឿង​នេះ ដើម្បី​នាំ​ខ្លួន​ឧក្រិដ្ឋជន​ទាំង​នោះ​មក​ផ្ដន្ទា​ទោស​នៅ​ឡើយ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស Licadho លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​នេះ​នៅ​មិន​ទាន់​អាច​បញ្ចប់​បាន​នៅ​ឡើយ​ទេ លុះ​ត្រា​តុលាការ​ពិត​ជា​បាន​ជំនុំ​ជម្រះ​ទោស​ជន​ដៃ​ដល់​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​សាធារណៈ ៖ «ករណី​នេះ​យើង​គិត​ទៅ​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ ដែល​ជន​ល្មើស​មិន​ទាន់​ត្រូវ​បាន​យក​ទៅ​ផ្ដន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ។ អ៊ីចឹង​ករណី​នេះ​មិន​អាច​ធ្វើ​ការ​បិទ​បាន​ទេ បើ​សិន​ជា​បិទ​បាន​លុះ​ត្រា​តែ​តុលាការ​ធ្វើ​ការ​ផ្ដន្ទា​ទោស​ជន​ល្មើស ហើយ​ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ដាក់​ពន្ធនាគារ​ទៅ​តាម​អំណាច​សាល​ក្រម​របស់​តុលាការ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​យើង​មិន​ទាន់​ឃើញ​ភាព​ជឿន​លឿន​ណា​មួយ​ដើម្បី​ស្វែង​រក​ជន​ល្មើស​នៅ​ក្នុង​រឿង​ហ្នឹង​យក​ទៅ​ផ្ដន្ទា​ទោស​នៅ​ឡើយ​ទេ ទោះ​បី​ជា​ពី​មុន​មក​យើង​ដឹង​ថា​មាន​ដីកា​ចាប់​ខ្លួន ប៉ុន្តែ​គ្មាន​ការ​ចាប់​ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ហ្នឹង​យក​ទៅ​ដាក់​ពន្ធនាគារ​ទេ បាទ។»

ចំណែក​លោក ចាន់ សូវេត មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស Adhoc មាន​ប្រសាសន៍​ថា ក្រៅ​ពី​ករណី​ជះ​ទឹក​អាស៊ីដ​លើ​អ្នក​ស្រី តាត ម៉ារីណា ក៏​មាន​ជន​សង្ស័យ​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ជា​ច្រើន​នាក់​ផ្សេង​ទៀត នៅ​មិន​ទាន់​បាន​ផ្ដន្ទា​ទោស​ទៅ​តាម​ច្បាប់​នៅ​ឡើយ ៖ «ករណី​ដែល​មិន​បាន​ផ្ដន្ទា​ទោស​ជន​ល្មើស​ហ្នឹង មាន​ច្រើន​ណាស់។ កាល​ពី​ករណី​របស់​កញ្ញា តាត ម៉ារីណា នេះ ហើយ​ជាក់​ស្ដែង​ខ្ញុំ​ឃើញ​ថា​រាជ​រដ្ឋាភិបាល និង​ប្រព័ន្ធ​តុលាការ​យើង​នេះ លោក​បាន​ចាត់​វិធានការ​គ្រប់​គ្រាន់​អស់​ហើយ តែ​ការ​អនុវត្ត​វា​អត់​ចេញ។ ធ្វើ​ទៅ​វា​អត់​ទាន់​រួច ឃើញ​ចេញ​តែ​លិខិត​ហ្នឹង​ក៏​ពិត​មែន​យើង​ទទួល​ស្គាល់ អា​លិខិត​ដីកា​ស្អី​ៗ យើង​ឃើញ​មាន​មែន ប៉ុន្តែ​ជន​ល្មើស​ដៃ​ដល់​នោះ​វា​ចាប់​អត់​ទាន់​បាន។»

ក្រៅ​ពី​បទ​ឧក្រិដ្ឋ​ជះ​ទឹក​អាស៊ីដ​ចំណុះ​ប្រាំ​លីត្រ​មក​លើ​អ្នក​ស្រី តាត ម៉ារីណា តារា​ខារ៉ាអូខេ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ ក៏​មាន​ករណី​ឃាតកម្ម​ផ្សេង​ទៀត​ដែរ ទៅ​លើ​តារា​ចម្រៀង និង​តារា​ភាព​យន្ត​ខ្មែរ​មួយ​ចំនួន ដូច​ជា​ករណី​ឃាតកម្ម​បាញ់​ប្រហារ​តារា​ភាព​យន្ត អ្នក​ស្រី ពិសិទ្ធិ ពីលិការ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៩។ ការ​បាញ់​ប្រហារ​ទៅ​លើ​តារា​ចម្រៀង កញ្ញា ទូច ស្រីនិច កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០០៣ និង​ការ​បាញ់​ប្រហារ​ទៅ​លើ​តារា​ចម្រៀង​ម្នាក់​ទៀត​ឈ្មោះ​កញ្ញា ពៅ បញ្ញា​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៧។ ហើយ​រហូត​មក​ទល់​ពេល​នេះ ជន​ល្មើស​ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​ទាំង​នោះ គេ​នៅ​មិន​ទាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​អាច​ចាប់​ជន​ដៃ​ដល់ និង​បក្ស​ពួក​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ឡើយ។

អ្នក​ដឹក​នាំ​ខ្សែ​ភាព​យន្ត​ឯកសារ Finding Face លោក Skye Fitzgerald ថ្លែង​បញ្ជាក់​ថា លោក​ចង់​ឃើញ​និទ្ទណ្ឌភាព ឬ​ការ​មិន​ផ្ដន្ទា​ទោស​ជន​ល្មើស​នៅ​កម្ពុជា​មាន​ការ​លប់​បំបាត់ ហើយ​ជន​រងគ្រោះ​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ៕

Tuesday, May 3, 2011

ខ្មែរ​ជិត​ដាច់​ពូជ

ដោយ ហាស់ សាន
2011-04-20

បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន​រស់​នៅ​បស្ចិម​ប្រទេស​បាន​ស្រាវជ្រាវ​ឃើញ និង​សរសេរ​ថា ខ្មែរ​ជា​ប្រជា​ជាតិ​មួយ​ជិត​ដាច់​ពូជ ឬ​ផុត​ពូជ​ទៅ​ហើយ។

ពួក​គេ​សំអាង​លើ​កត្តា​ជាក់​ស្ដែង​មួយ​ចំនួន ប៉ុន្តែ​ពុំ​មាន​នរណា​ហ៊ាន​និយាយ​ចំៗ ដោយ​សារ​មូល​ហេតុ​ផ្សេងៗ សម្រាប់​ខ្លួន​គេ​ផ្ទាល់។

តើ​បញ្ញវន្ត​ខ្មែរ សញ្ជាតិ និង​ជា​ពល​រដ្ឋ​អាមេរិកាំង​សំអាង​លើ​កត្តា​អ្វី​ខ្លះ? ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន លោក ហាស់ សាន មាន​សេចក្ដី​រាយ​ការណ៍​សង្ខេប​មួយ ទាក់​ទិន​អត្ថបទ​របស់​បណ្ឌិត អតីត​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​មួយ​នៅ ស.រ.អា. ដែល​នឹង​បង្ហាញ​ជូន​កិច្ច​ប្រជុំ​នៅ​ប្រទេស​បារាំង​ក្នុង​ខែ​ក្រោយ​នេះ។

អ្វី​ដែល​អតីត​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច បណ្ឌិត ទិត ណារញ្ញគិរី សរសេរ​សម្រាប់​ធ្វើ​បាឋកថា​នៅ​ប្រទេស​បារាំង នា​ខែ​ឧសភា ឆ្នាំ​២០១១ នេះ ប្រហែល​ជា​មាន​ពល​រដ្ឋ​ខ្មែរ​ខ្លះ​គិត​ថា លោក​សរសេរ​នោះ ហាក់​ដូច​ជា​មិន​ស្គាល់​ស្រុក​ខ្មែរ​ច្បាស់​នោះ​ឡើយ ឬ​មួយ​ជា​ការ​សរសេរ​ប្រមាថ​មើល​ងាយ​ដល់​ជាតិ​សាសន៍​របស់​ខ្លួន។ ការ​សរសេរ​ឆ្លុះ​បញ្ចាំង​ក្នុង​នាម​លោក​ជា​ខ្មែរ សិក្សា និង​រស់​នៅ​បរទេស បង្ហាញ​នូវ​ការ​បារម្ភ​របស់​លោក​ចំពោះ​អនាគត​ប្រជា​ជាតិ​ខ្មែរ ក្នុង​នាម​ជា​ជាតិ​សាសន៍​មួយ ដែល​ចាញ់​ប្រៀប​បរទេស​ជិត​ខាង​គ្រប់​សម័យ​កាល។ បណ្ឌិត ទិត ណារញ្ញគិរី ធ្លាប់​បង្រៀន​នៅ​សកល​វិទ្យាល័យ Johns Hopkins និង​ធ្លាប់​បម្រើ​ការ​ងារ​នៅ​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ IMF ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ស.រ.អា.។

មិន​ស្គាល់​យុទ្ធសាស្ត្រ​វៀតណាម និង​សម្បូរ​បញ្ហា​ផ្ទៃ​ក្នុង

បណ្ឌិត ទិត ណារញ្ញគិរី (Naranhkiri Tith) បាន​លើក​ហេតុ​ផល​មួយ​ចំនួន ដែល​ធ្វើ​កម្ពុជា​រស់​នៅ​ក្រោម​ឥទ្ធិពល​ប្រទេស​វៀតណាម​ដោយ​ចៀស​មិន​រួច មាន​ដូច​ជា ខ្មែរ​មើល​យុទ្ធសាស្ត្រ​វៀតណាម​មិន​យល់​ជម្រៅ, វៀតណាម​មាន​របៀប​របប មាន​វិន័យ ចេះ​រៀបចំ​អង្គការ​គ្រប់គ្រង ហើយ​មើល​ឆ្ងាយ​ទៅ​មុខ យូរ​អង្វែង ជា​ដើម។ រី​ឯ​ខ្មែរ​វិញ សំបូរ​បច្ចាមិត្ត​ផ្ទៃ​ក្នុង, សង្គម​ទន់​ខ្សោយ ហើយ​មិន​ចេះ​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ទាន់​ពេល​វេលា។

ក្រៅ​ពី​នេះ លោក​ថា មាន​កត្តា​ព្រះ​មហា​ក្សត្រ ដែល​មាន​តួ​នាទី​ធ្ងន់ធ្ងរ និង​គ្រោះ​ថ្នាក់​ឲ្យ​សង្គម​មួយ​ផ្ដាច់​ការ, គ្មាន​ការ​ទទួល​ខុស​ត្រូវ, អសីលធម៌, មិន​ខ្វល់​នឹង​អ្នក​ដទៃ ហើយ​មាន​លក្ខណៈ​ដឹក​នាំ ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង។ របៀប​គ្រប់គ្រង​រដ្ឋបាល​ខ្មែរ សម្បូរ​ដោយ​អ្នក​ធំ​នៅ​ខាង​លើ តែ​ខ្សត់​អ្នក​តូច​នៅ​ខាង​ក្រោម។ ច្បាប់​រក​យុត្តិធម៌​ចែង​មិន​ច្បាស់ អ្នក​ធំ​ថា​យ៉ាង​ណា​ក៏​បាន ដរាប​ណា​មិន​ប្រមាថ​ស្ដេច។ ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង ខ្មែរ​មិន​ដែល​ចែង​ច្បាស់​ទេ។ ការ​ដំឡើង​បុណ្យ​សក្ដិ​មិន​យោង​ទៅ​តាម​សមត្ថភាព ចំណេះ​ដឹង​របស់​មនុស្ស​ទេ តែ​ធ្វើ​តាម​វង្ស​ត្រកូល សែស្រឡាយ បក្ស​ពួក និង​ការ​បញ្ចើចបញ្ចើ បញ្ជោរ សរសើរ​គ្នា ឲ្យ​អ្នក​ធំ​ចាប់​អារម្មណ៍។ លក្ខណៈ​ទាំង​អស់​នេះ វៀតណាម​អនុវត្ត​ខុស​ពី​ខ្មែរ​ទាំង​ស្រុង។

កាច​សហាវ មិន​ជឿនលឿន

បណ្ឌិត ទិត ណារញ្ញគិរី បាន​ស្រង់​សំដី​អ្នក​និពន្ធ​វៀតណាម ដូច​ជា ង្វៀង ធេ អាន់ (Nguyen The Anh) ដែល​គេ​ចាត់​ទុក​ខ្មែរ ជា​ជាតិ​សាសន៍​មិន​ជឿន​លឿន កាច​សហាវ (barbarians) បញ្ញវន្ត​ចិន​ឈ្មោះ យ៉ាង បាវ​យុន (Yang Bao Yun) និង អ្នក​និពន្ធ​បារាំង Jean de la Croix ចិន​ហៅ​ថា ជោអាវ ដាគ្រុស (Joao da Cruz) ដែល​គេ​សរសេរ​អំពី​ដំណើរ​ពង្រីក​ទឹក​ដី​នៃ​អធិរាជ​អាណាម ឈ្មោះ ង្វៀង (Nguyen) តាំង​ពី​ឆ្នាំ​១៦៧០ មក​ម្ល៉េះ ដែល​គេ​ឃើញ​អាណា​ចក្រ​ចម្ប៉ា​រង​គ្រោះ​មុន​គេ។ ការ​បាត់​បង់​អធិបតេយ្យ​ភាព​ជាតិ ក្នុង​សតវត្ស​ក្រោយៗ​មក បណ្ឌិត ទិត ណារញ្ញគិរី បាន​លើក​ឧទាហរណ៍​មួយ​ចំនួន ដែល​លោក​មើល​ឃើញ​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​ញាក់​ខ្សែ​មិន​ចេញ​មុខ​ពី​ចក្រពត្តិ​និយម និង​កុម្មុយនិស្ត​និយម​វៀតណាម ដោយ​សារ​ការ​គាំទ្រ​ពី​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទី​១ សម្ពន្ធភាព​ដ៏​ជិត​ស្និទ្ធ​រវាង​អតីត​ព្រះ​រាជា និង​វៀតណាម​ខាង​ជើង, ទី​២ សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​ខ្មែរ​ក្រហម ហើយ​និង​សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​លោក ហ៊ុន សែន។

បណ្ឌិត ទិត ណារញ្ញគិរី សន្និដ្ឋាន​ថា ចាប់​តាំង​ពី​ថ្ងៃ​វៀតណាម​វាយ​លុក​ចូល​កាន់​កាប់​កម្ពុជា ដើម្បី​រំលំ​របប​ខ្មែរ​ក្រហម រដ្ឋការ​ក្រុង​ហាណូយ​បាន​ព្យាយាម​គ្រប់​រូប​ភាព ដើម្បី​អនុវត្ត​គោលការណ៍​នយោបាយ ដែល​អង់គ្លេស​ហៅ​ថា ethnicide ឬ ethnocide ដែល​មាន​ន័យ​ថា ការ​សម្លាប់​ជាតិ​សាសន៍​មួយ​ដោយ​រំលាយ​វប្បធម៌៕

Friday, January 14, 2011

រយៈពេល​២៦​ឆ្នាំ​នៃ​ការ​កាន់​អំណាច​ដោយ​លោក ហ៊ុន សែន

ដោយ យន់ សាមៀន
2011-01-14

លោក ហ៊ុន សែន មាន​កំណើត​ពី​ខេត្ត​កំពង់ចាម។ ដំណើរ​ជីវិត​របស់​គាត់​វិវឌ្ឍន៍​តាំង​ពី​ជា​​ក្មេង​វត្ត ជា​ទាហាន​ខ្មែរ​ក្រហម ជា​អ្នក​ការទូត និង​ចុង​ក្រោយ​បំផុត​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។ លោក​ក៏​ត្រូវ​បាន​គេ​ហៅ​ថា ជា​បុរស​ខ្លាំង​នៅ​កម្ពុជា។ ថ្ងៃ​សុក្រ ទី​១៤ ខែ​មករា ឆ្នាំ​២០១១ គឺ​ជា​ខួប​ទី ២៦ ឆ្នាំ​នៃ​ការ​ឡើង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក។

លោក ហ៊ុន សែន បច្ចុប្បន្ន​មាន​វ័យ ៥៩​ឆ្នាំ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ចាត់​ទុក​ជា​មេដឹកនាំ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍន៍​កំណើន​សេដ្ឋកិច្ច ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ស្ថិរភាព​នយោបាយ និង​សន្តិភាព។

លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ជាតិ ក្នុង​ឱកាស​ខួប​លើក​ទី​៣២ នៃ​ទិវា​ជ័យជម្នះ ៧ មករា បាន​ប្រកាស​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​នាំ​កម្ពុជា ទៅ​រក​សន្តិភាព លទិ្ធប្រជាធិបតេយ្យ និង​ជា​នីតិ​រដ្ឋ។

លោក ជា ស៊ីម បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ជ្រើស​រើស​លោក ហ៊ុន សែន ធ្វើ​ការ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​ ២០១៣ ខាង​មុខ​នេះ​ជា​បន្ត​ទៅ​ទៀត។

លោក ជា ស៊ីម បន្ត​ទៀត​ថា ក្នុង​វិស័យ​សេដ្ឋកិច្ច​កម្ពុជា អាច​រក្សា​កំណើន​សេដ្ឋកិច្ច​បាន​ប្រមាណ ៥%​ប្រចាំ​ឆ្នាំ ហើយ​កំណើន​នេះ​នឹង​កើន​ឡើង​បន្ថែម​មួយ​ភាគរយ​ទៀត​នៅ​ឆ្នាំ​២០១១​នេះ។ ចំណែក​ឯ​អត្រា​នៃ​ភាព​ក្រីក្រ​ដែល​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៤៧% នៅ​ឆ្នាំ​១៩៩៣ បាន​ធ្លាក់​មក​ត្រឹម ២៦% នៅ​ឆ្នាំ​២០១០។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​គណបក្ស​ប្រឆាំង និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​ លោក ហ៊ុន សែន បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​យូរ​ពេក ដែល​បណ្ដាល​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស អំពី​ពុក​រលួយ ហើយ​ការ​ដឹក​នាំ​ប្រទេស​របស់​លោក កំពុង​នាំ​កម្ពុជា ឲ្យ​ក្លាយ​ទៅជា​ប្រទេស​ផ្ដាច់ការ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ការពារ​សិទ្ធិ​ មនុស្ស (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) រិះគន់​ថា លោក ហ៊ុន សែន កំពុង​ដឹក​នាំ​កម្ពុជា ដូច​ការ​ដឹកនាំ​របស់​ប្រទេស​សិង្ហបុរី ប៉ុន្តែ​ការ​ដឹក​នាំ​នៅ​កម្ពុជា ផ្ទុយ​នឹង​សិង្ហបុរី​ត្រង់​ថា មេដឹកនាំ​សិង្ហបុរី ប្រមូល​ធនធាន​ដែល​ទទួល​បាន​មក​ទៅ​ធ្វើការ​អភិវឌ្ឍ​ប្រទេស ប៉ុន្តែ​មេដឹកនាំ​កម្ពុជា បាន​ប្រមូល​ធនធាន​នៃ​ប្រទេស​នេះ​រួច​ដាក់​ចូល​ហោប៉ៅ​របស់​ខ្លួន​ផ្ទាល់​ទៅ​ វិញ។

លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​ថា លោក​នឹង​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​ទៅ​ថ្ងៃ​អនាគត​ដោយ​គ្មាន​ ពេល​កំណត់។ ក្នុង​ឱកាស​សម្ពោធ​អគារ​សិក្សា​មួយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩ លោក​បាន​ប្រកាស​ថា លោក​នឹង​បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​ឆ្នាំ​២០២៣។

លោក ហ៊ុន សែន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បង្ហាញ​មហិច្ឆិតា​ជា​ច្រើន​ដើម្បី​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច និង​គម្រោង​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ លោក​បាន​ប្រកាន់​យក​យុទ្ធសាស្ត្រ​ថ្មី​មួយ​ទៀត ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​កម្ពុជា ក្រោយ​ពេល​ដែល​ប្រាក់​ចំណូល​ពី​វិស័យ​កាត់ដេរ​នៅ​កម្ពុជា មិន​មាន​ស្ថិរភាព​មក គឺ​គម្រោង​ផលិត​ស្រូវ​ឲ្យ​សល់​លើស​ពី​សេចក្ដី​ត្រូវការ​ចំនួន ៤​លាន​តោន ដើម្បី​ជំរុញ​​ការ​នាំ​អង្ករ​ចេញ​យ៉ាង​ហោច​ណាស់​​ចំនួន ១​លាន​តោន។

អតីត​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោកស្រី ម៉ាហ្គោ ភិកខេន (Margo Picken) បាន​ពិពណ៌នា​កម្ពុជា​ថា ជា​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន និង​មន្ត្រី​គណបក្ស​របស់​លោក​បាន​គ្រប់គ្រង​កម្ពុជា ដោយ​អំណាច​ផ្តាច់​មុខ ដោយ​បាន​ត្រួតត្រា​ស្ថាប័ន​ទាំង​ឡាយ​ដែល​អាច​ប្រកួត​ប្រជែង​អំណាច​របស់​ គាត់។

លោកស្រី ម៉ាហ្គោ ភិកខេន បន្ត​ទៀត​ថា លោក ហ៊ុន សែន កំពុង​យក​គុណសម្បត្តិ ដោយសារ​តែ​អតីត​នៃ​របប​ខ្មែរ​ក្រហម ហើយ​លោក​បាន​បង្ហាញ​ពី​ការ​អភិវឌ្ឍន៍ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ខណៈ​ពេល​ដែល​រូប​លោក​ផ្ទាល់ និង​ក្រុម​មន្ត្រី​របស់​លោក កំពុង​កេង​ប្រវ័ញ្ច​ធនធាន​នៃ​ប្រទេស​នេះ ដោយ​ប្រមែប្រមូល​ប្រាក់​ចំណូល​បាន​មក​ពី​ធនធាន​ទាំង​នោះ​ដាក់​ចូល​ហោប៉ៅ​ ខ្លួន​ឯង ហើយ​ចំណែក​ឯ​វិស័យ​សិទ្ធិ​មនុស្ស គឺ​ត្រូវ​បាន​ចាត់​ទុក​ថា មិន​បាន​ការ។

តាម​ពិត​លោក ហ៊ុន សែន មិន​ត្រូវ​បាន​គេ​ជ្រើសរើស​ធ្វើ​នាយករដ្ឋមន្ត្រី​ជាប់​រហូត​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៨៥ នោះ​ទេ។ នៅ​ក្នុង​រយៈ​ពេល​នៃ​ការ​បោះ​ឆ្នោត​ជា​សកល ជួយ​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៩៣ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាញ់ ប៉ុន្តែ​លោក ហ៊ុន សែន បដិសេធ​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ។

ជា​ការ​សម្រប​សម្រួល លោក ហ៊ុន សែន ត្រូវ​បាន​គេ​ផ្ដល់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​២ ក្នុង​រដ្ឋាភិបាល​ចម្រុះ​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​រដ្ឋាភិបាល​ចម្រុះ​ត្រូវ​បាន​បាក់​បែក​ក្នុង​រដ្ឋ​ប្រហារ​បង្ហូរ​ ឈាម​មួយ កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដោយ​លោក​ហ៊ុន សែន បាន​ទម្លាក់​អំណាច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​កាល​នោះ​លោក​ជា​នាយករដ្ឋមន្ត្រី​ទី​១។ លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​សម្ដេច​ក្រុមព្រះ​ជា​អ្នក​បង្ក​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧។

រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បោក​ គ្រាប់​បែក​ទៅ​លើ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រឆាំង កាល​ពី​ខែ​មីនា ឆ្នាំ​១៩៩៧ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៦​នាក់​ស្លាប់ និង​រង​របួស​ចំនួន ១៤០​នាក់​ផ្សេង​ទៀត។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ការពារ​សិទ្ធិ​ មនុស្ស (Human Rights Watch) លោក ប្រែដ អាដាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១១ បាន​ចាត់​ទុក​លោក ហ៊ុន សែន ជា​មេដឹកនាំ​វៃ​ឆ្លាត​ម្នាក់ ប៉ុន្តែ​លោក ហ៊ុន សែន បាន​កាន់កាប់​អំណាច​យូរ​ពេក ដែល​អាច​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា ជួប​ប្រទះ​គ្រោះថ្នាក់​ទៅ​ថ្ងៃ​អនាគត។ លោក​បន្ត​ទៀត​ថា លោក ហ៊ុន សែន គួរ​តែ​បោះបង់​តួនាទី​របស់​លោក ហើយ​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​មួយ​នៅ​កម្ពុជា ដើម្បី​​ឲ្យ​មាន​មេដឹកនាំ​កម្ពុជា ផ្សេង​ទៀត។

លោក ប្រែដ អាដាម បន្ថែម​ថា ៖ “គាត់​បាន​រៀន​សូត្រ​ច្រើន​ណាស់។គាត់​ ត្រូវ​បាន​តែងតាំង​ដោយ​ប្រទេស​វៀតណាម ជា​រដ្ឋមន្ត្រី​ការបរទេស​វ័យ​ក្មេង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក កាល​ពី​ឆ្នាំ​១៩៧៩ ដោយសារ​តែ​គាត់​មាន​ភាព​ឈ្លាសវៃ ហើយ​និង​ចេះ​សម្រប​ខ្លួន​បាន​ល្អ។ គាត់​ក៏​ចេះ​បម្រើ​ចៅហ្វាយ​របស់​គាត់​ផង​ដែរ។ គាត់​បាន​រៀន​ធ្វើការ​ជា​មេដឹកនាំ ហើយ​​គាត់​អាច​ប្រើប្រាស់​អំណាច​របស់​គាត់​ដើម្បី​ប្រឆាំង​នឹង​អ្នក​ជំទាស់​ នឹង​គាត់។ ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​ប្រើប្រាស់​សមត្ថភាព​របស់​គាត់ ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​មេ​ដឹក​នាំ​ល្អ​មួយ​រូប ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មាន​ភាព​រុងរឿង ការ​គោរព​សិទ្ធិ​​មនុស្ស និង​លទិ្ធប្រជាធិបតេយ្យ។ បច្ចុប្បន្ន​នេះ​គាត់​បាន​បង្ហាញ​ខ្លួន​ជា​មនុស្ស​ឆ្លាតវៃ ប៉ុន្តែ​ជា​បុគ្គល​ដែល​ប្រកប​ដោយ​លក្ខណៈ​អវិជ្ជមាន"។

លោក ប្រែត អាដាម បាន​បន្ត​ទៀត​ថា លោក ហ៊ុន សែន មិន​មែន​ជា​មនុស្ស​ដែល​មាន​ប្រជាប្រិយភាព​ទេ ប៉ុន្តែ​លោក ហ៊ុន សែន អាច​នៅ​រក្សា​តំណែង​របស់​លោក​បាន​ដោយសារ​តែ​ការ​គំរាមកំហែង និង​អំពើ​ពុករលួយ ដែល​បាន​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ប្រើ​ប្រាស់​ទឹក​ប្រាក់​របស់​លោក​ទិញ​មន្រ្តី​ដែល​ប្រឆាំង​នឹង​រូប​លោក។

លោក​បន្ត​ទៀត​ថា លោក ហ៊ុន សែន បាន​ប្រើប្រាស់​វិធីសាស្ត្រ​បំបែក និង​ត្រួតត្រា​បាន​យ៉ាង​ល្អ ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ខ្សោយ ៖ "ខ្ញុំ ​គិត​ថា លោក ហ៊ុន សែន ចង់​ក្ដោបក្ដាប់ និង​ពង្រឹង​អំណាច​របស់​ខ្លួន និង​បញ្ចប់​ការ​រិះគន់​រដ្ឋាភិបាល​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ចង់​ឲ្យ​មាន​គណបក្ស​តែ​មួយ បើ​ទោះ​បី​ជា​លោក​ធ្វើពុត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សម្រាប់​រយៈ​ពេល ៥​ឆ្នាំ​ម្ដង​ក៏​ដោយ ពីព្រោះ​ការ​បោះ​ឆ្នោត​ទាំង​នោះ គាត់​អាច​រៀបចំ​បាន​ដើម្បី​ឲ្យ​ខ្លួន​គាត់​ឈ្នះ​ឆ្នោត​ជា​ស្វ័យប្រវត្តិ។ គាត់​ក៏​ចង់​គ្រប់គ្រង​ធនធាន​របស់​ប្រទេស​កម្ពុជា​ទាំង​អស់ ហើយ​គាត់​ចង់​កែប្រែ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រព័ន្ធ​មូលធន​និយម​ប្រកប​ដោយ​របប​ផ្ដាច់ការ"។

លោក ហ៊ុន សែន បាន​ប្រែក្លាយ​ជា​នាយករដ្ឋមន្ត្រី ក្រោយ​ពេល​ដែល​អតីត​នាយករដ្ឋមន្ត្រី លោក ចាន់ ស៊ី បាន​ទទួល​មរណភាព។

លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី ដោយសារ​តែ​លោក ហ៊ុន សែន មិន​បាន​ជំទាស់​នឹង​គំនិត​នៃ​ការ​ត្រួតត្រា​របស់​វៀតណាម កាល​ពី​ពេល​នោះ។

បច្ចុប្បន្ន​នេះ​គូ​ប្រជែង​របស់​លោក ហ៊ុន សែន ហាក់​បី​ដូច​ជា​គ្មាន​សមត្ថភាព​ក្នុង​ការ​ដណ្ដើម​យក​ជ័យជម្នះ​លើ​គណបក្ស​ ប្រជាជន​កម្ពុជា ដោយសារ​ពួក​គេ​កំពុង​ដណ្ដើម​គ្នា​ដើរ​តួ​ជា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

លោក សម រង្ស៊ី បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ក្រោយ​ពេល​តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​គុក​ចំនួន ១២​ឆ្នាំ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្លែង​បន្លំ​ឯកសារ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។

ចំណែក​ឯ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ វិញ ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ប៉ុន្តែ​គណបក្ស​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​នោះ​ទេ។ គណបក្ស​នេះ​បាន​ជាប់​ឆ្នោត​តែ​ចំនួន​ពីរ​កៅអី​ប៉ុណ្ណោះ​ក្នុង​ការ​បោះ​ឆ្នោត ​ឆ្នាំ​២០០៨។ អ្នក​វិភាគ​បាន​រិះគន់​គណបក្ស​ប្រឆាំង​ជា​ខ្លាំង​នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ ឆ្នាំ​២០០៨ ដោយសារ​តែ​មេដឹកនាំ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មិន​ព្រម​សហការ​បង្កើត​ជា​គណបក្ស​ប្រឆាំង​តែ​មួយ ដើម្បី​ប្រកួត​ប្រជែង​នឹង​គណបក្ស​កាន់​អំណាច។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ដើម​ខែ​មករា ឆ្នាំ​២០១១​ថា ទោះ​បី​កម្ពុជា មាន​ការ​អភិវឌ្ឍ​បន្តិចបន្តួច​មែន ប៉ុន្តែ​កម្ពុជា នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ។

ទោះ​បី​ជា​មាន​ការ​អះអាង​ថា មាន​ការ​កើន​ឡើង​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ណា​ក៏ដោយ ប្រទេស​កម្ពុជា រស់​បាន​ដោយ​ការ​ដាក់​ទាន​ពី​បរទេស​ជា​មធ្យម ៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​ជា​ប្រទេស​ជំពាក់​បំណុល​គេ​ដ៏​ធំ​មួយ​ផង​ដែរ។ ក្រៅ​ពី​នោះ​កម្ពុជា ក៏​ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​ប្រទេស​កំពុង​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ប្រទេស​ចិន ផង​ដែរ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន (Hillary Clinton) បាន​ស្នើ​កុំ​ឲ្យ​ប្រទេស​កម្ពុជា ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន តែ​មួយ​ជា​ដៃគូ​របស់​ខ្លួន។ លោកស្រី​បន្ត​ទៀត​ថា ទោះ​បី​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ប៉ុន្តែ​កម្ពុជា ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​ប្រទេស​ចិន ប្រសិន​បើ​កម្ពុជា មាន​ក្ដី​កង្វល់​ពី​បញ្ហា​បរិស្ថាន​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​វារីអគ្គិសនី​ ក្នុង​ទន្លេ​មេគង្គ។

ថ្មីៗ​នេះ​លោក ហ៊ុន សែន ត្រូវ​បាន​គេ​រិះគន់​ថា លោក​កំពុង​បង្កើត​ជា​ក្រុម​បណ្ដាញ​សម្រាប់​បន្ត​ការ​ដឹក​នាំ​ប្រទេស​កម្ពុជា ដោយ​ការ​តែងតាំង​សាច់​ញាតិ​លោក​ធ្វើ​ជា​មេដឹកនាំ​នៅ​កម្ពុជា។

លោក ហ៊ុន សែន កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១១ បាន​តែងតាំង និង​ដំឡើង​ឋានន្តរសក្ដិ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​ឧត្ដមសេនីយ៍​ទោ​ផ្កាយ​ពីរ ដែល​មាន​មុខងារ​បន្ថែម​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ។ ការ​តែងតាំង​នេះ​ត្រូវ​បាន​អ្នក​រិះគន់​បាន​លើក​ឡើង​ថា ជា​ការ​តែងតាំង​ដើម្បី​បង្កើត​ជា​បណ្ដាញ​គ្រួសារ​លោក ហ៊ុន សែន ដើម្បី​រក្សា​តំណែង​របស់​លោក ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា។

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នក​រិះគន់ លោក ហ៊ុន សែន លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១១ ថា លោក ហ៊ុន សែន បាន​បន្សល់​ទុក​នូវ​សមិទ្ធផល​ជា​ច្រើន​សម្រាប់​កម្ពុជា។ លោក​បន្ត​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​កងទ័ព​កម្ពុជា មិនមែន​ដើម្បី​ស្នង​តំណែង​ពី​ឪពុក​លោក​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​វិវឌ្ឍន៍​នយោបាយ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ដឹកនាំ​ប្រទេស​កម្ពុជា របស់​លោក ហ៊ុន សែន កំពុង​ឈាន​ទៅ​រក​អំណាច​ផ្ដាច់ការ ហើយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា នឹង​កាន់​តែ​ទន់​ខ្សោយ​បន្តិច​ម្ដងៗ។

អ្នក​វិភាគ​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា គ្រួសារ​សាច់​ញាតិ​របស់​លោក ហ៊ុន សែន កំពុង​តែ​គ្រប់គ្រង​កម្ពុជា។ ការ​គ្រប់គ្រង​មាន​ដូចជា កូន​ប្រុស​ច្បង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​ឧត្ដមសេនីយ៍​ទោ​ផ្កាយ​ពីរ ដែល​មាន​មុខងារ​បន្ថែម​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ។ កូន​ស្រី គឺ​លោកស្រី ហ៊ុន ម៉ាណា ជា​នាយក​គ្រប់គ្រង​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ភរិយា​របស់​លោក ហ៊ុន សែន គឺ​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា។ លោក ហ៊ុន សែន ត្រូវជា​ដន្លង​ជាមួយ​នឹង​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា ចំនួន​ពីរ​នាក់ និង​អតីត​ស្នងការ​ប៉ូលិស​ជាតិ​ម្នាក់៕

អ្នក​កាសែត​ម្នាក់​រង​របួស​ក្នុង​ពេល​ក្រុមហ៊ុន​រុះ​រើ​ផ្ទះ​អ្នក​ភូមិ​នៅ​បឹងកក់

ដោយ អ៊ុក សាវបូរី
2011-01-14

សមត្ថកិច្ច​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូកាគូ អភិវឌ្ឍន៍​បឹងកក បាន​ប្រើ​កម្មករ​ប្រមាណ ៥០​នាក់ និង​អូប័រ ២​គ្រឿង បាន​នាំ​គ្នា​សម្រុក​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​២៤ ជា​ភូមិ​ស្ថិត​នៅ​លើ​ផ្ទៃ​ទឹក​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ មករា ឆ្នាំ​២០១១។

ក្នុង​ពេល​រុះរើ​នោះ អាជ្ញាធរ​ខណ្ឌ​ដូនពេញ និង​ក្រុមហ៊ុន​ស៊ូកាគូ បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ ១០០​នាក់ ដើម្បី​បង្ក្រាប​រាល់​ការ​តវ៉ា​ណា​មួយ​ពី​ប្រជាពលរដ្ឋ​នៅ​ទី​នោះ ព្រម​ទាំង​ក្រុម​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ ដែល​បាន​ថត​រូប​សកម្មភាព​រុះរើ​ផ្ទះ​ទាំង​នោះ។

អ្នក​កាសែត​វ័យ​ក្មេង​មួយ​រូប​រង​របួស​ស្រាល នៅ​ពេល​នគរបាល​ច្រើន​នាក់​របស់​អាជ្ញាធរ​ខណ្ឌ​ដូនពេញ និង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ក្រុមហ៊ុន​ស៊ូកាគូ ឆក់​យក​ម៉ាស៊ីន​ថត​ចំនួន ២​គ្រឿង នាំ​ឲ្យ​មាន​ការ​ប្រទាញប្រទង់​គ្នា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែ​មករា ឆ្នាំ​២០១១។

លោក សុវណ្ណ ភីឡុង អ្នក​ថត​រូប​ឲ្យ​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍ (Phnom Penh Post) ដែល​មាន​របួស​នៅ​ផ្ទៃ​មុខ បាន​អះអាង​ថា គាត់​បាន​ថត​យក​សកម្មភាព​នគរបាល​ដែល​ធ្វើការ​ហ៊ុម​ព័ទ្ធ​ផ្ទះ​ប្រជាពលរដ្ឋ​ភូមិ​២៤ បឹងកក់ ក្រោយ​មក​មាន​សកម្មភាព​ប្រទាញប្រទង់​គ្នា​រវាង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដែល​មិន​ចង់​ឲ្យ​កម្មករ​រុះ​ផ្ទះ​គាត់ ហើយ​អ្នក​កាសែត​រូប​នេះ​បាន​បន្ត​ថត​សកម្មភាព​នោះ​ទុក​ទៀត។ ពេល​នោះ​ស្រាប់​តែ​គាត់​ត្រូវ​ជន​ស្លៀកពាក់​ជា​មន្ត្រី​នគរបាល​ច្រើន​នាក់ បាន​ប្រតាយ​ឆក់​យក​ម៉ាស៊ីន​ថត​រូប​ពី​គាត់​ចំនួន ២​គ្រឿង​យក​ទៅ​បាត់។ នៅ​ក្នុង​ការ​ប្រតាយ​ប្រតប់​គ្នា​ភ្លាមៗ​នោះ បណ្ដាល​ឲ្យ​គាត់​រង​របួស​មាន​ឈាម​ប្រឡាក់​ផ្ទៃ​មុខ។

លោក សុវណ្ណ ភីឡុង បន្ត​ថា ៖ «គេ​ទាញ​ម៉ូតូ ដោយសារ​ប្រជាជន​គាត់​យក​ឈើ និង​ម៉ូតូ​រាំង​អា​ផ្លូវ​ចូល​ទៅ អ៊ីចឹង​គាត់​បាន​ទាញ​បំបែក​ក្រុម​ចេញ ដល់​ពេល​អ៊ីចឹង​ខ្ញុំ​បាន​ដើរ​ចេញ​មក​វិញ គេ​បាន​ដេញ ឃាត់​ខ្ញុំ​ចាប់​យក​កាមេរ៉ា។ ប្រហែល​ជា​បួន​ប្រាំ​នាក់​មក​ដល់​ទាញ​ក្របួច​ក​អាវ ហើយ​ទាញ​កាមេរ៉ា​ចេញ​ទៅ»។

សាក្សី​ឃើញ​ហេតុការណ៍​សមត្ថកិច្ច​វាយ​ដំ​អ្នក​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ បាន​អះអាង​ថា ៖ «ឃើញ​គាត់​នៅ​ថត​នៅ​ខាង​លើ​ហ្នឹង ដល់​ហើយ​គេ​ឲ្យ​ទៅ​ចាប់ៗ​គាត់​មក​វិញ ស្រាប់​តែ​គាត់​ចុះ​មក​ហ្នឹង គាត់​ភ័យ​រត់​មក​ហ្នឹង​ភ័យ​ដល់​ហើយ ស្រាប់​តែ​គេ​ចាប់​ក្រៀក​គាត់​ជាប់​យក​ក្របួច​ក​អាវ»។

ប្រធាន​ក្រុម​និពន្ធ​នាយក​កាសែត​ភ្នំពេញ ប៉ុស្តិ៍ លោក បឺរនី លីអូ (Bernie Leo) បាន​ថ្លែង​ថា បុគ្គលិក​របស់​លោក​ធ្វើការ​តាម​វិជ្ជាជីវៈ។ ទង្វើ​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ដក​យក​ម៉ាស៊ីន​ថត និង​បង្ខំ​ឲ្យ​លុប​រូប​ដែល​ថត​បាន​នោះ ស្ថាប័ន​កាសែត​ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទទួល​យក​បាន​ឡើយ។

ក្រោយ​ពី​មាន​មន្រ្តី​អង្គការ​សហប្រជាជាតិ ប្រធាន​ស្ថាប័ន​កាសែត​ភ្នំពេញ ប៉ុស្តិ៍ និង​មាន​អន្តរាគមន៍​ពី​ក្លឹប​អ្នក​កាសែត​ផង បាន​ជួប​ចរចា​ជាមួយ​មេដឹកនាំ​កម្លាំង​មក​បង្ក្រាប​ពលរដ្ឋ​នៅ​បឹងកក់ ដើម្បី​យក​ម៉ាស៊ីន​ថត​រូប​មក​វិញ។ នៅ​ម៉ោង​ជាង ១១​ថ្ងៃ​ត្រង់ លោក សុវណ្ណ ភីឡុង អ្នក​ថត​រូប​ឲ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ត្រូវ​ក្រុមហ៊ុន​ស៊ូកាគូ ឲ្យ​ទៅ​យក​ម៉ាស៊ីន​ថត​រូប​នៅ​ក្រុមហ៊ុន​នោះ។

លោក សុវណ្ណ ភីឡុង បាន​ឲ្យ​ដឹង​ថា មុន​ឲ្យ​ម៉ាស៊ីន​ថត​ទាំង ២​គ្រឿង​មក​វិញ ក្រុមហ៊ុន​នោះ​បាន​ឲ្យ​គាត់​លុប​រូប​ថត​បាន​ទាំង​ប៉ុន្មាន​ពី​ម៉ាស៊ីន ទើប​ឲ្យ​គាត់​ផ្ដិត​មេដៃ​ទទួល​យក​ម៉ាស៊ីន​ថត​មក​វិញ។

សមត្ថកិច្ច​ខណ្ឌ​ដូនពេញ និង​តំណាង​ក្រុមហ៊ុន​ស៊ូកាគូ ដែល​អភិវឌ្ឍន៍​បឹងកក់ មិន​ធ្វើការ​ឆ្លើយ​តប​ជាមួយ​នឹង​សំណួរ​អ្នក​កាសែត​ឡើយ។

លិខិត​ពី​សាលា​ខណ្ឌ​ដូនពេញ លេខ ០៤៣ មាន​ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ​១៣ មករា ឆ្នាំ​២០១១ បាន​ជូន​ដំណឹង​ទៅ​លោក ឆេង ស្រ៊ាង ម្ចាស់​ផ្ទះ ២០៥ លេខ​កូដ ៣៥៩ ស្ថិត​ក្នុង​ក្រុម​ទី​៣០៣ ភូមិ​២៤ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ប្រាប់​ពី​ការ​ចុះ​រុះ​ផ្ទះ​នេះ​ដែល​មាន ១៩​បន្ទប់ នៅ​ថ្ងៃ​១៤ ខែ​មករា ឆ្នាំ​២០១១ ម៉ោង ៨ និង ៣០​នាទី​ព្រឹក។

សកម្មភាព​រុះរើ​ផ្ទះ​ប្រជាជន​ក្នុង​ទឹក​នៅ​ភូមិ​២៤ តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បាន​រុះរើ​ផ្ទះ​ច្រើន​ខ្នង។ សរុប​ជន​រង​គ្រោះ​ពេល​រុះ​ផ្ទះ​នៅ​ថ្ងៃ​សុក្រ មាន​ជិត ៣០​គ្រួសារ ដែល​រង​គ្រោះ​ខ្វះ​ទី​ជម្រក​នៅ​តំបន់​បឹងកក់ ភូមិ​២៤​នោះ។

ស្រ្តីវ័យ ៦៥​ឆ្នាំ ឈ្មោះ ឈៀង ច្រាយ ជា​ម្ចាស់​ផ្ទះ​ដែល​ត្រូវ​កម្មករ​កំពុង​រុះរើ បាន​អះអាង​ថា គេ​រុះ​យក​ផ្ទះ គេ​មិន​បាន​ផ្តល់​សំណង​អ្វី​ទាំង​អស់ ៖ «ជា​ការ​រំលោភ​ប្លន់​ផ្ទះ​អ្នក​ស្រុក​តែម្តង ខ្ញុំ​អត់​មាន​ថា​អី​ទេ ខ្ញុំ​ថា មក​ប្លន់​ផ្ទះ​អ្នក​ប្រជាជន​តែម្តង»។

អ្នកស្រី លៀង ឃីម អាយុ ៤១​ឆ្នាំ ផ្ទះ​គាត់​គេ​រុះ​បាត់​ដែរ កំពុង​អង្គុយ​ចាំ​ទ្រព្យ​សម្បត្តិ​បាន​ថ្លែង​ថា ៖ «ខែ​មុន​ខ្ញុំ​រត់​ម៉ូតូ​ឌុប ចោរ​ប្លន់​យក​ម៉ូតូ។ ខែ​១​នេះ ក្រុមហ៊ុន​ស៊ូកាគូ ប្លន់​យក​ផ្ទះ​ខ្ញុំ»។

យុវសិស្ស​ថ្នាក់​ទី​១១ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្ត​ភ្នំ បាន​ថ្លែង​ថា គេ​ទំនង​ជា​មិន​បាន​ទៅ​រៀន​ទៀត​ទេ ព្រោះ​តែ​ផ្ទះ​ត្រូវ​គេ​រុះ​យក​អស់ មិន​ដឹង​ទៅ​ជួល​កន្លែង​ស្នាក់​នៅ​ឯ​ណា​ទេ៕

Wednesday, January 12, 2011

ក្រសួង​មហាផ្ទៃ​ឃាត់​ខ្លួន​ឧត្ដមសេនីយ៍​ឯក ម៉ឹក ដារ៉ា

ដោយ ដែន អយុធ្យា
2011-01-12

លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា​ថា សមត្ថកិច្ច​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ បាន​សហការ​ជាមួយ​អាជ្ញាធរ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​កោះ​ហៅ​លោក​ឧត្ដមសេនីយ៍​ឯក ម៉ឹក ដារ៉ា អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿន​ញៀន និង​​​​ជា​​​​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ និង​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ម្នាក់​ទៅ​ធ្វើ​ការ​សាកសួរ។

ទោះ​យ៉ាង​នេះ​ក្ដី លោក ខៀវ សុភ័គ មិន​បាន​បញ្ជាក់​ច្បាស់​ថា ការ​ឃាត់​ខ្លួន​មន្ត្រី​ទទួល​បន្ទុក​គ្រឿង​ញៀន​ទាំង​ពីរ​នាក់​ខាង​លើ យក​​ទៅ​​សាកសួរ​ទាក់ទង​ទៅ​នឹង​បទ​សង្ស័យ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។

លោក ខៀវ សុភ័គ បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ ៖ «រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​អាច​ជម្រាប​ជូន​បាន​ថា សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​កោះ​អញ្ជើញ​ឧត្ដមសេនីយ៍​ឯក ម៉ឹក ដារ៉ា ដើម្បី​ធ្វើ​ការ​សាកសួរ​ព័ត៌មាន ហើយ​រហូត​​មក​ដល់​ពេល​នេះ លោក​ឧត្ដមសេនីយ៍​ឯក ម៉ឹក ដារ៉ា ស្ថិត​នៅ​ក្រោម​ការ​ឃុំ​គ្រប់​គ្រង់​របស់​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ»។

ដែន អយុធ្យា ៖ ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បញ្ហា​អី​ដែរ? ខៀវ សុភ័គ ៖ ខ្ញុំ​ទុក​ពេល​ឲ្យ​ជំនាញ​សមត្ថកិច្ច​​គេ​ធ្វើការ​ចុះ ខ្ញុំ​មាន​ព័ត៌មាន​ប៉ុណ្ណឹង​ជម្រាប​ជូន។

ទាក់ទង​បញ្ហា​នេះ លោក ស៊ាន បូរ៉ាត់ អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​ជុំវិញ​ការ​ឃាត់​ខ្លួន​នាយ​ឧត្ដមសេនីយ៍​ឯក​ខាង​លើ​នេះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​​​ខ្លី​ថា ការ​ចាប់​ខ្លួន​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ។
លោក ស៊ាន បូរ៉ាត់ មាន​ប្រសាសន៍​​បន្ថែម​ដូច្នេះ ៖ «ឥឡូវ​នេះ​គឺ​ខ្ញុំ​អត់​ទាន់​ជម្រាប​ជូន​មុន​ទេ ប៉ុន្តែ​ឥឡូវ​នេះ​គឺ​យើង​បាន​ចាប់​ជា​បន្តបន្ទាប់​ហើយ។ ឥឡូវ​នេះ​យើង​កំពុង​តែ​ស្រាវជ្រាវ​បណ្តាញ​របស់​ពួកគេ»។

វិធានការ​នៃ​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ប្រព្រឹត្ត​អំពើ​ពុករលួយ​រដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជា​បន្ត​បន្ទាប់ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ឥស្សរជន​នយោបាយ​មួយ​ចំនួន។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​វិធានការ​ក្តៅ​ទៅ​លើ​ជន​សង្ស័យ​នៃ​បទ​ល្មើស​ពុករលួយ​​ខាង​លើ ប៉ុន្តែ​លោក​ចង់​ឲ្យ​ការ​ចាត់​វិធានការ​ក្តៅ​នេះ ត្រូវ​មាន​សកម្មភាព​ជា​រៀង​រហូត។

លោក កឹម សុខា មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ខ្ញុំ​ស្វាគមន៍​នូវ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល ហើយ​​យើង​គិត​ថា ការ​អនុវត្ត​នេះ​គឺ​មាន​ច្រើន​ត​ទៅ​ទៀត មិន​មែន​មាន​តែ​ប៉ុណ្ណឹង​នាក់​នោះ​ទេ គឺ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​ហ្នឹង​អនុវត្ត​ឲ្យ​មាន​សមធម៌​ឲ្យ​មាន​​តម្លាភាព»។

ទាក់ទង​បញ្ហា​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ថ្លែង​ដោយ​ចង់​ឃើញ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​របស់​សមត្ថកិច្ច​រដ្ឋាភិបាល ក៏​ដូច​ជា​សមត្ថកិច្ច​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​ហ៊ាន​ចាត់​ការ​ទៅ​លើ​មន្ត្រី​មាន​តួនាទី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ត្រូវ​បន្ត​សកម្មភាព​របស់​ខ្លួន​ជា​រហូត ដោយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ឲ្យ​តែ​ល្អ​មើល​នោះ​ទេ ៖ «យើង​គិត​ថា អ្នក​ដែល​ជួញដូរ​គ្រឿង​ញៀន​នឹង​នៅ​មាន​ច្រើន​ទៀត»។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​ពុករលួយ គឺ​មាន​មន្ត្រី​ពុករលួយ​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​មក​សាកសួរ និង​​បាន​រៀបចំ​ឯកសារ​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទា​ទោស។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ដូច​យើង​ឃើញ​ហើយ គ្រាន់​តែ​ការ​ដក​រឿង​ពោធិ៍សាត់​មួយ ប្រជាជនៗ​គេ​អរ​សម្បើម​ណាស់! ឥឡូវ​ខេត្ត​បន្ទាយមានជ័យ មួយ​ទៀត ត​ទៅ​ទៀត​អ្នក​​រត់​ពន្ធ​ឈើ​ឧទាហរណ៍ អ្នក​រត់​ពន្ធ​សត្វ​ព្រៃ សុទ្ធ​តែ​រឿង​ធំៗ​ដែល​យើង​ត្រូវ​ការ បើ​យើង​មិន​​ដក​ចេញ​​​មិន​បាន​ទេ»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​អះអាង​ថា អង្គភាព​នេះ​កំពុង​ពិនិត្យ​មើល​បណ្តឹង​ជុំវិញ​ករណី​បទល្មើស​ពុករលួយ​ទៅ​លើ​មន្ទីរ​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​ច្រើន​ទៀត ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់​ថា សំណុំ​រឿង​ពុករលួយ​មាន​ប៉ុន្មាន​ករណី​នោះ​ទេ៕

Tuesday, January 11, 2011

ហ៊ុន សែន គំរាម​ចាប់​ខ្លួន​អ្នក​ប្រមាថ​មន្ត្រី​រដ្ឋាភិបាល​ថា​ក្បត់​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ទៅ​ដល់​អ្នក​រិះគន់ និង​ជេរ​ប្រមាថ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ថា ឲ្យ​ឈប់​រិះគន់​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ អ្នក​ទាំង​នោះ​ត្រូវ​ឈម​នឹង​ការ​ចាប់​ខ្លួន ទោះ​បី​ជា​អ្នក​នោះ​ជា​តំណាងរាស្ត្រ​មាន​អភ័យ​ឯក​សិទ្ធិ​ក៏ដោយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ដូច្នេះ នៅ​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មករា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ថ្វី​ត្បិត​តែ​កម្ពុជា មាន​គណបក្ស​ច្រើន​ចូល​រួម​ប្រកួត​ប្រជែង​ធ្វើការ​បោះ​ឆ្នោត​ក្ដី ប៉ុន្តែ​ការ​លាប​ពណ៌​ណា​មួយ​ទៅ​លើ​ឥស្សរជន​ជាន់​ខ្ពស់​រដ្ឋាភិបាល​នោះ មិន​អនុញ្ញាត​បាន​នោះ​ឡើយ ៖ «កុំ​ថា​ឡើយ​មាន​អភ័យ​ឯក​សិទ្ធិ ឪ​អភ័យ​ឯក​សិទ្ធិ​ក៏​ត្រូវ​ដាក់​សិន​ដែរ ផ្ដាំ​ឲ្យ​ហើយ! ជេរ​អី​ជេរ​ចុះ ជេរ ៧ មករា ជេរ​ចុះ ប៉ុន្តែ​កុំ​ជេរ​ថា អា​ក្បត់​ជាតិ ក្នុង​ឋានៈ​ជា​អ្នក​ជាប់​ឆ្នោត​មាន​សំឡេង​បោះ​ឆ្នោត​ជួន​ពី​ប្រជាពលរដ្ឋ អ៊ីចឹង​គេ​ត្រូវ​តែ​ធ្វើ អ្នក​ដទៃ​កុំ​លូកលាន់ បរទេស​កុំ​លូកលាន់។ តើ​នាយករដ្ឋមន្ត្រី​ប្រទេស​ក្រៅ អនុញ្ញាត​ឲ្យ​គេ​ជេរ​ថា ក្បត់​ជាតិ​ទេ? ប្រធានាធិបតី​នៅ​លើ​ពិភពលោក អនុញ្ញាត​ឲ្យ​គេ​ជេរ​ថា អា​ក្បត់​ជាតិ​ទេ? សុំ​ផ្ដាំ​ទុក​ឲ្យ​ហើយ ក្រែង​លោ​វា​មាន​រឿង​ហ្នឹង​កើត​ឡើង»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស សម រង្ស៊ី និង​ជា​អ្នក​តំណាងរាស្ត្រ លោកស្រី មូរ សុខហួរ បាន​មាន​ប្រតិកម្ម​ថា លោក ហ៊ុន សែន កំពុង​តែ​ធ្វើការ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ជា​ថ្មី​ម្ដង​ទៀត។ ប៉ុន្តែ​លោកស្រី​អះអាង​ថា គណបក្ស សម រង្ស៊ី មិន​ភ្ញាក់​ផ្អើល និង​ភ័យ​ខ្លាច​ចំពោះ​ការ​ព្រមាន​នេះ​ឡើយ។

លោកស្រី មូរ សុខហួរ បន្ថែម​ថា ៖ «អ្នក​ដែល​គេ​និយាយ គេ​ហ៊ាន​ទទួល​ខុស​ត្រូវ គេ​មាន​ហេតុ​គេ​មាន​ផល​ក្នុង​ការ​និយាយ ហើយ​អ្នក​ទាំង​នោះ​ខ្ញុំ​ជឿ​ថា គេ​ហ៊ាន​ប្រឈម​មុខ​នឹង​ប្រវត្តិសាស្ត្រ ដូច្នេះ​ខ្ញុំ​មិន​យល់​ឃើញ​ថា ការ​បញ្ឈប់​របៀប​នេះ ថា​អាច​មាន​យុត្តិធម៌​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ដែល​គេ​ហ៊ាន​បញ្ចេញ​មតិ​ទេ។ បើ​សិន​ជា​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ជា​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ពិត​ប្រាកដ ខ្ញុំ​យល់​ឃើញ​ថា មិន​មាន​ការ​ព្រមាន​ទេ»

កាល​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ លោក សេង គុណការ ជា​ប្រធាន​សន្តិសុខ​ឃ្លាំង​អង្ករ​នៃ​អង្គការ​ស្បៀង​អាហារ​ពិភពលោក ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ឫស្សីកែវ ចាប់​ខ្លួន ហើយ​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជា​បន្ទាន់ នៅ​រសៀល​ថ្ងៃ​ដដែល ដើម្បី​បើក​សវនាការ​បឋម​មួយ​ភ្លាមៗ ទាក់ទង​នឹង​ការ​ចែកចាយ​អត្ថបទ​រិះគន់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​លោក​ចម្លង​ចេញ​ពី​គេហទំព័រ​មួយ​ឈ្មោះ ខេ.អៃ មេឌា (KI-Media) ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០ លោក សេង គុណការ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក ៦​ខែ និង​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​មួយ​លាន​រៀល ដោយ​យោង​ទៅ​លើ​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី មាត្រា​៤៩៤ និង ៤៩៥ ពី​បទ​បាន​ញុះញង់​បង្ក​ឲ្យ​មាន​បទឧក្រិដ្ឋ។

ក្រោយ​ពី​តុលាការ​បាន​ផ្ដន្ទា​ទោស​លោក សេង គុណការ និង​សារ​ព្រមាន​របស់​រដ្ឋាភិបាល​នេះ ត្រូវ​បាន​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង បាន​ចាត់​ទុក​ថា រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី និង​ប្រព័ន្ធ​តុលាការ​ជា​បង្អែក ក្នុង​ការ​ដាក់​ទោស​ទៅ​លើ​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​ក្នុង​ន័យ​ស្ថាបនា​ប្រទេស​ជាតិ៕

Friday, January 7, 2011

ប៉ូលិស​វៀតណាម​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ការ​ទូត​អាមេរិក

វិទ្យុ​អាស៊ី​សេរី​បាន​ទទួល​ព័ត៌មាន​ពី​ទីក្រុង​ហាណូយ (Ha Noi) ប្រទេស​វៀតណាម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ មករា ថា​អ្នក​ការ​ទូត​អាមេរិកាំង​ម្នាក់ បម្រើ​ការ​នៅ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក នៅ​វៀតណាម ទទួល​រង​ការ​ប្រតាយ​ប្រតប់ អូស​ទាញ ផ្ដួល​ទៅ​ដី ហើយ​ចាប់​ដាក់​ក្នុង​ឡាន ពី​សំណាក់​នគរបាល​វៀតណាម។

ហេតុ​ការណ៍​នេះ​កើត​ឡើង​ក្នុង​ពេល​ដែល​អ្នក​ការ​ទូត​អាមេរិកាំង​ព្យាយាម​ចង់​ជួប​ជា​មួយ​នឹង​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​វៀតណាម គឺ​អាចារ្យ​គ្រិស្ត​សាសនា​ខាង​និកាយ​កាតូលិក លោក ង្វៀន វ៉ាន់ លី (Nguyen Van Ly) ខាង​ក្រៅ​ផ្ទះ​របស់​គាត់ នា​ទីក្រុង​វ៉េ (Hue)។

អ្នក​រង​គ្រោះ​គឺ​លោក Christian Marchant ជា​នាយ​ផ្នែក​ខាង​កិច្ច​ការ​នយោបាយ​ប្រចាំ​ស្ថានទូត ស.រ.អា នៅ​ប្រទេស​វៀតណាម នា​ទីក្រុង​ហាណូយ។ ក្រសួង​ការ​បរទេស ស.រ.អា បាន​ធ្វើ​ការ​តវ៉ា​ជា​ផ្លូវ​ការ តាម​ផ្លូវ​ទូត ដោយ​លើក​យក​លក្ខខណ្ឌ​នៃ​អនុសញ្ញា​ក្រុង​វីយ៉ែនណា (Vienna) ស្ដី​អំពី​ពិធី​ការ​ការ​ទូត ដែល​ថា​គ្រប់​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ និង​ប្រតិបត្តិ​តាម​ជា​ដាច់​ខាត ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​បុគ្គលិក​ការ​ទូត។

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម អ្នក​ស្រី ង្វៀន ភឿង ង៉ា (Nguyen Phuong Nga) សន្យា​ថា​នឹង​ពិនិត្យ​មើល​ករណី​នេះ តែ​ថា មន្ត្រី​ការ​ទូត​នានា ក៏​មាន​ភារកិច្ច​គោរព​ច្បាប់​ប្រទេស​ដែល​គេ​ស្នាក់​នៅ និង​បំពេញ​ការ​ងារ​ផង​ដែរ៕