Saturday, December 18, 2010

រដ្ឋាភិបាល​ពន្យារ​ពេល​បិទ​ជំរំ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា


2010-12-17
ក្រសួង​ការបរទេស​កម្ពុជា បាន​ពន្យារ​ពេល​ការ​បិទ​ជំរំ​ជន​ភៀស​ខ្លួន​ជន​ជាតិ​ភាគ​តិច​វៀតណាម ឈ្មោះ​ម៉ុងតាញ៉ា (Montagnards) នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១  ខាង​មុខ ក្រោយ​ពី​មាន​សំណើ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) កន្លង​ទៅ​ថ្មីៗ​នេះ។
គម្រោង​ដើម​របស់​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​ការបរទេស​កម្ពុជា គ្រោង​នឹង​បិទ​ជំរំ​នេះ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១១ ដោយសារ​ដល់​ពេល​វេលា​ត្រូវ​បិទ។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថៃ្ង​ទី​១៧ ខែ​ធ្នូ​ថា កម្ពុជា​នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ ចំពោះ​ជន​ណា​ដែល​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ UNHCR។ 
លោក​បន្ត​ថា ៖ «យើង​ក៏​អនុគ្រោះ សម្ដេច​តេជោ​លោក​បាន​សម្រេច​ឲ្យ​ដល់​ពាក់​កណ្ដាល​ខែ​២ ពាក់​កណ្ដាល​ខែ​កុម្ភៈ ដូច្នេះ​ឯកឧត្ដម ទ្បុង វិសាលោ នឹង​ជួប​ជាមួយ​តំណាង UNHCR នៅ​ភ្នំពេញ​នេះ ដើម្បី​ប្រាប់​គេ​ថា  យើង​ឲ្យ​ត្រឹម​តែ​ថ្ងៃ​ទី​១៥ ខែ​២ នឹង​បិទ​ទៀត វា​មិន​ត្រូវ​មាន»។ 
មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​អង្គការ UNHCR ប្រចាំ​នៅ​ក្នុង​តំបន់​អាស៊ី លោកស្រី ឃីតធី ម៉ាកឃីនហ្ស៊ី (Kitty McKinsey) បាន​មាន​ប្រសាសន៍​ថា លោកស្រី​នៅ​មិន​ទាន់​បាន​ព័ត៌មាន​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ អំពី​ការ​ពន្យារ​ពេល​បិទ​ជំរំ​នេះ។ បើ​សិន​ណា​នេះ​ជា​ព័ត៌មាន​ពិត លោកស្រី​យល់​ថា ជា​ដំណឹង​ល្អ ហើយ​លោកស្រី​នឹង​ស្វែង​រក​ការ​បញ្ជាក់​ជា​ផ្លូវការ​លើ​ព័ត៌មាន​នេះ។
លោកស្រី​បាន​បញ្ជាក់​ថា ក្រុម​ជនជាតិ​ភាគ​តិច​វៀតណាម ម៉ុងតាញ៉ា ចំនួន ៦២​នាក់ នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ក្នុង​ចំណោម​ចំនួន​សរុប ៧៥​នាក់ ត្រូវ​បាន​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា បាន​ទទួល​ស្គាល់ ដើម្បី​ទៅ​កាន់​ប្រទេស​ទី​៣ ដែល​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ប្រទេស​ទី​៣​នោះ គឺ​ប្រទេស​កាណាដា។
អ្នក​ទាំង​នេះ​បាន​រត់​គេច​ខ្លួន​មក​សុំ​សិទ្ធិ​ជ្រកកោន​ពី​អង្គការ UNHCR នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​២០០១ កន្លង​មក ដើម្បី​ទៅ​កាន់​ប្រទេស​ទី​បី ដោយ​សំអាង​ថា អាជ្ញាធរ​វៀតណាម ស្វែង​រក​ចាប់​ខ្លួន ក្រោយ​ពី​បាន​ងើប​តវ៉ា​ទាមទារ​ដី​ស្រែ​ចម្ការ និង​តវ៉ា​ទាមទារ​ជំនឿ​សាសនា​គ្រឹះ​នៅ​ក្នុង​ប្រទេស​វៀតណាម៕

No comments:

Post a Comment