Monday, November 29, 2010

ហ៊ុន សែន៖ ហេតុការណ៍​ផ្អើល​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​គឺ​ជា​កំហុស​រួម


2010-11-30
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា សោកនាដកម្ម​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ស្ពាន​កោះ​​ពេជ្រ​ នៅ​ថ្ងៃ​បុណ្យ​អុំ​ទូក​កន្លង​មក​នេះ គឺ​ជា​កំហុស​រួម ពោល​គឺ​កំហុស​ទាំង​អ្នក​ចូល​រួម និង​កំហុស​របស់​រដ្ឋាភិបាល​ផង​ដែរ។
ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​មួយ​ក្នុង​ក្រសួង​សង្គមកិច្ច យុទ្ធជន និង​យុវនីតិសម្បទា នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ៖ «ក្នុង​ក្របខ័ណ្ឌ​នយោបាយ ខ្ញុំ​ត្រូវ​តែ​ហ៊ាន​និយាយ​អំពី​ចំណុច​ខ្វះ​ខាត​ទៅ​លើ​វិស័យ​នយោបាយ ដែល​ទាក់ទង​ក្របខ័ណ្ឌ​រួម ជា​ក្របខ័ណ្ឌ​ម៉ាក្រូ​តែម្ដង។ កំហុស​ធំ​បំផុត​របស់​យើង​ នោះ​គឺ​ការ​វាយ​តម្លៃ​សភាពការណ៍​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ មើល​ស្រាល​សភាពការណ៍ នឹក​ស្មាន​មិន​ដល់​ ព្រម​ទាំង​មាន​ការ​ធ្វេសប្រហែស នេះ​ជា​ចំណុច​រួម​ដែល​នាំ​ទៅ​ដល់​សភាពការណ៍​បែប​នេះ។ យើង​មើល​ស្រាល​សភាពការណ៍​ថា វា​នឹង​មិន​កើត​ឡើង​រឿង​នេះ​ទេ»
សេចក្តី​ថ្លែងការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ជា​ការ​ដោះសា​យក​រួច​ខ្លួន ហើយ​បាន​បញ្ជាក់​ថា មន្ត្រី​បក្ស​ប្រឆាំង​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​មុន​ដដែល។
លោក យឹម សុវណ្ណ មន្ត្រី​បក្ស សម រង្ស៊ី បញ្ជាក់ ៖ «មិន​អាច​បញ្ចប់​ទៅ​ដោយ​គ្មាន​ន័យ​បាន​ទេ។ យើង​ត្រូវ​តែ​បន្ត​ការ​តស៊ូ​មតិ ដើម្បី​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ សុំ​ឲ្យ​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ពិត​ប្រាកដ ហើយ​គឺ​មន្ត្រី​ទទួល​ខុស​ត្រូវ ត្រូវ​តែ​លា​ចេញ​ពី​តំណែង។ យើង​នឹង​អញ្ជើញ​រដ្ឋាភិបាល​មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋ​សភា»
មនុស្ស​ចំនួន ៣៥១​នាក់ និង​របួស ៣៩៥​នាក់ ក្នុង​ឧបទ្ទវហេតុ​មនុស្ស​ផ្អើល​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដែល​គេ​មិន​នឹក​ស្មាន​ដល់។ ចំនួន​នេះ​ខុស​ពី​ចំនួន​ដែល​រដ្ឋាភិបាល​​បាន​ប្រកាស​លើក​មុន ដែល​មាន​អ្នក​របួស និង​អ្នក​ស្លាប់​ជិត ១.០០០​នាក់។ ប្រឆាំង​ទាមទារ​ឲ្យ​រក​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​យ៉ាង​រន្ធត់​នោះ។
ខណៈ​ដែល​គណៈកម្មាធិការ​ស៊ើប​អង្កេត​កំពុង​បន្ត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​​​ថា មិន​មាន​ការ​ដក​តំណែង​មន្ត្រី​ណា​ម្នាក់​ក្នុង​រឿង​នេះ​ទេ ៖ «គេ​ថា យើង​អសមត្ថភាព គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​សុំ​សួរ​ទៀត​ថា ចុះ​បើ​អសមត្ថភាព​ហើយ​ម៉េច​មិន​លាលែង? ខ្ញុំ​សួរ​បញ្ជាក់​ទៅ​វិញ​ថា តើ​ប្រធានាធិបតី ប៊ូស បាន​លាលែង​ពី​តំណែង​ទេ? ព្រោះ​អ្នក​ដែល​បាន​លើក​ឡើង​ហ្នឹង​ច្រើន​តែ​ប៉្រូ​អាមេរិកាំង។ ព្រឹត្តិការណ៍​នៅ​អាមេរិក​អាច​ទប់​ស្កាត់​បាន ព្រោះ​គេ​បាន​ព្រមាន​រួច​ហើយ​ថា នឹង​មាន​ភេរវកម្ម។ នៅ​ពេល​ដែល​យន្តហោះ​បុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក តើ​ចៅហ្វាយ​ក្រុង​ញូវយ៉ក (New York) លា​លែង​ទេ? តើ​ប្រធានាធិបតី ប៊ូស (George W. Bush) លាលែង? តើ​ដូណាលដ៍ រ៉ាំស្វែលដ៍ (Donald Rumsfeld) រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​អាមេរិក​លាលែង​ទេ?»។ 
លោក​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ​នោះ គ្រួសារ​សព​នីមួយ​ៗ នឹង​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១២.០០០​ដុល្លារ៕

Sunday, November 28, 2010

អាកាសចរណ៍​តំបន់​អឺរ៉ុប​ហោះ​ហើរ​ផ្ទាល់​មក​កម្ពុជា​នៅ​ឆ្នាំ​២០១១


2010-11-28
លោក សុខ អាន ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ការដ្ឋាន​ជួសជុល​ប្រាសាទ​តាកែវ នៅ​ខេត្ត​សៀមរាប កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​វិច្ឆិកា​ថា ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទេសចរណ៍​វប្បធម៌​របស់​កម្ពុជា​នឹង​ទទួល​ស្វាគមន៍​ជើង​ហោះ​ហើរ​ផ្ទាល់​នៃ​អាកាស​ចរណ៍​ប្រទេស​បារាំង និង​អាល្លឺម៉ង់​ជា​លើក​ដំបូង នៅ​ឆ្នាំ​២០១១​ខាង​មុខ​នេះ។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ប្រទេស​បារាំង និង​អាល្លឺម៉ង់ បាន​មក​ជួប​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​រួច​ហើយ ដើម្បី​បំពេញ​ឯកសារ​ផ្លូវ​ច្បាប់ សម្រាប់​ធ្វើ​អាជីវកម្ម​ហោះ​ហើរ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​តំបន់​អឺរ៉ុប មក​ចុះ​ចត​ផ្ទាល់​នៅ​ខេត្ត​សៀមរាប កម្ពុជា ៖ «ចាប់​ពី​ឆ្នាំ​២០១១ ទៅ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នឹង​ទទួល​បាន​នូវ​ជើង​ហោះ​ហើរ​ផ្ទាល់​ពី​ប្រទេស​បារាំង តាម​រយៈ​អាកាស​ចរណ៍​អ៊ែរ័ហ្វ្រង់ (Air France) ហើយ​ក៏​ដូច​ជា​អាកាស​ចរណ៍​របស់​អាល្លឺម៉ង់»
លោក សយ សុខាន់ អនុ​រដ្ឋ​លេខាធិការ​អាកាសចរណ៍​ស៊ីវិល បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​បារាំង គឺ​បាន​បំពេញ​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​បាន​រួច​រាល់​អស់​ហើយ គឺ​បាន​ទាំង​កិច្ច​ព្រមព្រៀង​ផ្លូវ​អាកាស និង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា។ ដូច្នេះ​បើ​និយាយ​ផ្លូវ​ច្បាប់ គឺ​គ្រប់គ្រាន់ នៅ​រង់ចាំ​តែ​ការ​ហោះ​ហើរ​ប៉ុណ្ណោះ។ ចំណែក​អាកាសចរណ៍​អាល្លឺម៉ង់​វិញ ទើប​តែ​មាន​អនុស្សរណៈ​នៃ​កិច្ច​សហការ​រវាង​ប្រទេស​ទាំង​ពីរ រីឯ​កិច្ច​ព្រមព្រៀង​ស្ដីពី​សេវាកម្ម​កំពុង​តែ​ពិភាក្សា​លើ​ការ​ងារ​បច្ចេកទេស ប៉ុន្តែ​ជា​គោល​ការណ៍​អាច​ហោះ​ហើរ ប្រតិបត្តិការ​ធ្វើ​អាជីវកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​ហើយ ដោយ​បញ្ហា​សេសសល់ គឺ​អាច​បន្ត​ចរចា​នៅ​ពេល​ក្រោយ​ទៀត​ក៏​បាន ៖ «ពី​អាល្លឺម៉ង់​មក មិន​ទាន់​កំណត់​ថា​មក​ពី​ទីក្រុង​ណា​ទេ ដោយ​គ្រាន់​ថា​ចេញ​អាល្លឺម៉ង់ មក​កម្ពុជា ហើយ​បារាំង​ចេញ​ពី​ទីក្រុង​ប៉ារីស មក​កម្ពុជា។ សម្រាប់​បារាំង​នៅ​ខែ​មិនា ឆ្នាំ​២០១១ ចំ​ពោះ​អាល្លឺម៉ង់ គ្រោង​នៅ​ឆ្នាំ​ក្រោយ​ហ្នឹង​ដែរ»
មន្ត្រី​ក្រសួង​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នោះ​គឺ​ជា​ការ​ហោះ​ហើរ​ផ្ទាល់​ជា​លើក​ដំបូង​ចេញ​ពី​តំបន់​អឺរ៉ុប មក​កាន់​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ។
លោក សូ ម៉ារ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​បាន​រំពឹង​ថា ចំនួន​អ្នក​ទេសចរណ៍​មក​ពី​តំបន់​អឺរ៉ុប​នឹង​កើន​ឡើង​នៅ​ពេល​ដែល​ការ​ហោះ​ហើរ​ផ្ទាល់​ពី​ប្រទេស​បារាំង និង​អាល្លឺម៉ង់ ចាប់​ផ្ដើម​នៅ​ឆ្នាំ​ក្រោយ​នេះ។
មន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន​តួលេខ​ភ្ញៀវ​ទេសចរណ៍​តំបន់​អឺរ៉ុប មាន​ប្រមាណ​១៣% នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​សរុប​ជាង ២​លាន​នាក់ ដែល​បាន​មក​ទស្សនា​កម្ពុជា៕

Saturday, November 27, 2010

ខិត្តប័ណ្ណ​ចោទ​លោក ហ៊ុន សែន ថា​រៀបចំ​ផែន​ការ​សម្លាប់​រាស្ត្រ

ដោយ សួន សុផល មុន្នី
2010-11-27

អាជ្ញាធរ​ខ្មែរ​កំពុង​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ក្រុម​ជន​មិន​ស្គាល់​មុខ ដែល​បាន​លួច​ធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ជា​ច្រើន​សន្លឹក នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​មាន​ខ្លឹម​សារ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ខ្មែរ ជា​អ្នក​រៀបចំ​ផែន​ការ​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ឱ បូរិន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​វិច្ឆិកា​ថា ខិត្តប័ណ្ណ​ដែល​មាន​ខ្លឹម​សារ​ចោទ​ប្រកាន់ និង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្មែរ​នោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាច​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​វេលា​ទាប​ភ្លឺ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ៖ «ក្រោម​បញ្ជា​លោក​មេ​បញ្ជា​ការ ឧត្ដមសេនីយ៍​ត្រី រ័ត្ន ស្រ៊ាង គាត់​ដាក់​ឲ្យ​ស្រាវជ្រាវ​ឲ្យ​បាន​អ្នក​ដែល​ចែក​ខិត្តប័ណ្ណ ហើយ​មុខ​សញ្ញា​មក​ពី​ភ្នំពេញ​យើង​កំពុង​ធ្វើ​ការ​តាម​ដាន»
មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុក កែវ​រតនៈ បាន​មាន​ប្រសាសន៍​ថា ខិត្តប័ណ្ណ​នោះ​ត្រូវ​បាន​គេ​នាំ​យក​មក​ពី​ទីក្រុង​ភ្នំពេញ ៖ «តាម​រយៈ​អ្នក​ម៉ូតូ​ឌុប​មួយ​ដែល​ឲ្យ​ព័ត៌មាន ស្លៀក​ជា​សង្ឃ យើង​មិន​ដឹង​ថា​ជា​សង្ឈ​ពិត​ប្រាកដ ឬ​មិន​ពិត​ប្រាកដ​ទេ មក​ដល់​គាត់​ចុះ ហើយ​បន្ត​ដំណើរ​ទៅ​ស្វាយ​ចេក​ទៀត តែ​ឥឡូវ​អ្នក​ម៉ូតូ​ឌុប​គាត់​បាន​មក​រាយ​ការណ៍​ប្រាប់​ហើយ ប្រាប់​ថា​លោក​សង្ឃ​ឥឡូវ​យើង​កំពុង​តាម​រក ឥឡូវ​សមត្ថកិច្ច​កំពុង​រាយ​កម្លាំង​តាម​រក លោក​ហ្នឹង​ហើយ​ជា​លោក​ពិត ឬ​ក៏​លោក​ក្លែង​ក្លាយ»
នៅ​ក្នុង​ខិត្តប័ណ្ណ​នោះ នៅ​ដើម​ទំព័រ​ខាង​លើ មាន​ដាក់​រូប​សញ្ញា​ប្រាសាទ​កំពូល​បី ហើយ​សរសេរ​ដាក់​ចំណង​ជើង​ធំៗ នៅ​ផ្នែក​ខាង​ក្រោម​ថា «យើង​ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​គ្រួសារ​ជន​រង​គ្រោះ​ខ្មែរ ក្នុង​សោកនាដកម្ម​គួរ​ឲ្យ​រន្ធត់ ដែល​បាន​កើត​ឡើង​ចំពោះ​ប្រជា​ពល​រដ្ឋ​ខ្មែរ នា​ថ្ងៃ​ទី​២២-២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ស្លាប់​ប្រមាណ​ជិត​៥០០​នាក់ និង​របួស​ជា​ច្រើន​រយ​នាក់ ក្នុង​ពិធី​បុណ្យ​អុំទូក​នោះ យើង​ខ្ញុំ​ទាំង​អស់​គ្នា ជា​អ្នក​ស្នេហា​ជាតិ ជា​អ្នក​ប្រជាធិបតេយ្យ មាន​ការ​សោក​សង្រេង និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​អាយុ​ជីវិត​ខ្មែរ​ដ៏​ច្រើន​នេះ»
ខិត្តប័ណ្ណ​នោះ​បាន​បន្ត​ថា «យើង​ខ្ញុំ​សូម​ថ្កោលទោស​ចំពោះ​របប​ឃាតក​អាយ៉ង​យួន ហ៊ុន សែន និង​ពួក​តិរច្ឆាន​យួន​កុម្មុយនិស្ត ដែល​បាន​រៀបចំ​ផែនការ​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ។ នេះ​មិន​មែន​ជា​ឧបទ្ទវហេតុ​ទេ តែ​ជា​គម្រោង​ផែនការ​សម្លាប់​ខ្មែរ​របស់​ពួក​យួន​កុម្មុយនិស្ត»
ខ្លឹម​សារ​ក្នុង​ខិត្តប័ណ្ណ​បាន​ចោទ​ប្រកាន់​ថា «បើ​សិន​ជា​គ្មាន​ការ​បាញ់​ថ្នាំ​ពុល និង​បង្កប់​ខ្សែ​ភ្លើង​ដែល​ធ្វើ​ឡើង​ដោយ​ពួក​ប៉ូលិស និង​ប៉េអិម​ទេ (ពួក​បម្រើ​យួន នឹង​យួន​ក្លែង​ភេទ​ជា​ខ្មែរ) វា​ក៏​មិន​អាច​បណ្ដាល​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយ​សារ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ​ដែរ»
មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុក កែវ​រតនៈ បាន​ចាត់​ទុក​ខិត្តប័ណ្ណ​នោះ​ថា​បង្ក​ឡើង​ដោយ​ក្រុម​សកម្ម​ជន​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ៖ «ពួក​ឆ្លៀត​ឱកាស​និយម យើង​ដឹង​ហើយ ក្នុង​រដ្ឋាភិបាល​ក៏​ធ្លាប់​និយាយ​ករណី​ហ្នឹង ពួក​សកម្ម​ជន​ដែល​ទាក់​ទិន​ប្រឆាំង​នឹង​រដ្ឋាភិបាល ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​គេ​អត់​ពេញ​ចិត្ត​ទេ ទាំង​មន្ត្រី​រាជ​ការ​គេ​ក្ដៅ​ក្រហាយ​ណាស់ ពេល​គេ​ឃើញ​ត្រាក់​ហ្នឹង​ឡើង ព្រោះ​ឥឡូវ​គេ​កំពុង​គគ្រឹក​គគ្រេង​ដើម្បី​ចូល​រួម​ជា​ថវិកា ជា​អំណោយ ជា​មូលនិធិ​បាយ័ន មូលនិធិ​ស៊ីធីអ៊ិន គេ​ទៅ​ព្រោង​ព្រាត​គ្មាន​សល់​ចន្លោះ ចូល​រួម​កាន់​មរណទុក្ខ មក​ប្រើ​ភាសា​ហ្នឹង​គេ​អត់​សប្បាយ​ចិត្ត»
អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រមូល​ខិត្តប័ណ្ណ​អាណា​មឹក​ប្រឆាំង​នឹង​រដ្ឋាភិបាល​នេះ​បាន​ចំនួន ២៤​សន្លឹក ហើយ​បាន​រាយ​ការណ៍​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​រដ្ឋាភិបាល ដើម្បី​ចាត់​វិធាន​ការ​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា​ក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណ៕

Friday, November 26, 2010

មូលនិធិ​សម្រាប់​ជួយ​ដល់​អ្នក​រង​គ្រោះ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ


2010-11-26
អគ្គនាយក​ទូរទស្សន៍​នៃ​មូលនិធិ​ធំៗ​ចំនួន​ពីរ​នៅ​កម្ពុជា ដែល​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា បាន​ប្រកាស​ឲ្យ​ដឹង​ថា គេ​នឹង​យក​ថវិកា ឬ​បច្ច័យ​ដែល​ទទួល​បាន​ពី​សប្បុរសជន​នោះ ទៅ​ជួយ​ឲ្យ​ដល់​ដៃ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដោយ​ផ្ទាល់​នៅ​ក្នុង​ឧបទ្ទវហេតុ​កោះ​ពេជ្រ នៅ​ពេល​ខាង​មុខ​នេះ។ 
ការ​ប្រកាស​ឲ្យ​ដឹង​ដូច្នេះ នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា បាន​ធ្វើ​ពិធី​កាន់​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​ឧបទ្ទវហេតុ​កោះ​ពេជ្រ ក្រោយ​ពេល​កើត​ហេតុ ៣​ថ្ងៃ គឺ​កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដែល​ជា​យប់​ចុង​ក្រោយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក។ 
អគ្គនាយក​រង​នៃ​ទូរទស្សន៍ CTN លោក ប៉ុល វិបូរ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​ថា គណៈកម្មការ CTN នឹង​យក​ថវិកា​ដែល​ទទួល​បាន​ពី​ការ​ឧបត្ថម្ភ​របស់​សប្បុរសជន​ទៅ​ចែក​ជូន​ដល់​ដៃ​ជន​រងគ្រោះ​ដោយ​ផ្ទាល់ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ពិស្ដារ​បាន​ទេ​ថា តើ​ថវិកា​ទាំង​នោះ​នឹង​ចែក​ជូន​យ៉ាង​ដូច​ម្តេច ព្រោះ​ថា គណៈកម្មការ​នឹង​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ក្រោយ​ពេល​បូក​សរុប​ថវិកា​រួច។ 
លោក ប៉ុល វិបូរ បាន​ពន្យល់​ថា រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​បាន​បូក​សរុប​ថវិកា​នៅ​ឡើយ​ទេ ព្រោះ​ការ​ទទួល​ថវិកា គឺ​សប្បុរសជន​យក​ថវិកា​ទៅ​ឲ្យ​ដោយ​ផ្ទាល់​នៅ​ស្ថានីយ​ទូរទស្សន៍ CTN តាម​រយៈ​ធនាគារ ANZ Royal និង​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ Mobitel ដូច្នេះ​បាន​ជា​មិន​អាច​បូក​លទ្ធផល​ថវិកា​បាន​ភ្លាមៗ។
លោក ប៉ុល វិបូរ បាន​បញ្ជាក់​ថា ថវិកា​ដែល​ទទួល​បាន​ប្រហែល​ជា​នឹង​ត្រូវ​ចែក​ឲ្យ​ជន​រង​គ្រោះ​ស្មើៗ​គ្នា ចំពោះ​អ្នក​ដែល​ស្លាប់​នោះ រី​ឯ​អ្នក​របួស លោក​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា តើ​គេ​នឹង​យក​ថវិកា​ទាំង​នោះ​ផ្ដល់​ជូន​ពួកគេ ឬ​ក៏​អត់​នោះ?
លោក ទិត ថាវរិទ្ធិ អគ្គនាយក​រង​ទូរទស្សន៍​បាយ័ន បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា មូលនិធិ​ទូរទស្សន៍​បាយ័ន បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មាន​ចំនួន ១​ពាន់​លាន​រៀល និង​លុយ​ដុល្លារ​ប្រមាណ ៦៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។
លោក ទិត ថាវរិទ្ធិ បាន​ប្រកាស​ថា ថវិកា​ដែល​ទូរទស្សន៍​បាយ័ន ទទួល​បាន​ពី​សប្បុរសជន​ទាំង​អស់ នឹង​យក​ទៅ​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​កោះ​ពេជ្រ​ស្មើៗ​គ្នា គិត​តាម​តួលេខ​ពី​ក្រសួង​សង្គមកិច្ច។ ប៉ុន្តែ​ចំពោះ​អ្នក​របួស​វិញ លោក ទិត ថាវរិទ្ធ បាន​បញ្ជាក់​ថា គេ​នឹង​មិន​ផ្ដល់​ជូន​ទេ។
សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ដោះ​ស្រាយ​ការងារ​បន្ទាន់​លើ​ករណី​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ចំនួន​មនុស្ស​ស្លាប់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា មាន​ចំនួន ៣៤៧​នាក់ និង​របួស ៣៩៥​នាក់។ សេចក្ដី​ជូន​ដំណឹង​នេះ ក៏​បាន​កែ​តម្រូវ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ដែល​ថា មាន​មនុស្ស​ស្លាប់​រហូត​ដល់ ៤៥៦​នាក់​នោះ។ 
ក្រោយ​ពេល​ឧបទ្ទវហេតុ​កើត​មាន​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់​រយ​នាក់ ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​បែប​នេះ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន និង​អង្គទូត​នានា បាន​សម្ដែង​ការ​សោកស្ដាយ និង​ចូល​រួម​រំលែក​ទុក្ខ ព្រម​ទាំង​ពួក​គេ​មួយ​ចំនួន​ក៏​បាន​ចូល​រួម​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​ជន​រង​គ្រោះ​ផង​ដែរ។
ធនាគារ ANZ បាន​ជួយ​ប្រហែល​ជាង ១​ម៉ឺន​៤​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក អគ្គ​នាយក​ក្រុមហ៊ុន Oversea Cambodian Investment Cooperation ឬ​ហៅ​​កាត់​ថា (OCIC) ដែល​ជា​ម្ចាស់​វិនិយោគ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ជួយ​ដល់​សាកសព​ម្នាក់ ១​ពាន់​ដុល្លារ និង​អ្នក​របួស ២០០​ដុល្លារ​ក្នុង​ម្នាក់។
រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ជូន ៥​លាន​រៀល​ចំពោះ​សព​ម្នាក់ ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​បរមនាថ នរោត្តម សហមុនី បាន​ប្រទាន​ដល់​គ្រួសារ​សព​ម្នាក់ ២០០​ដុល្លារ និង​អ្នក​របួស​ចំនួន ១០០​ដុល្លារ ហើយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ក៏​បាន​ជួយ​ដល់​សាកសព​ម្នាក់ ២០០​ដុល្លារ និង​អ្នក​របួស​ចំនួន ១០០​ដុល្លារ​ដែរ​ក្នុង​ម្នាក់ និង​ស្ថាប័ន​ផ្សេងៗ​មួយ​ចំនួន​ទៀត។
កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​សម្រេច​ស្ដីពី​ការ​ចាត់​តាំង​សាងសង់​ស្តង់​រំឭក​វិញ្ញាណក្ខន្ធ​ប្រជាជន​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​ស្ពាន​កោះ​ពេជ្រ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដើម្បី​រឭក និង​ចងចាំ​ជា​និច្ច​នូវ​សោកនាដកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ចំណាយ​ថវិកា​របស់​មូលនិធិ​ទូរទស្សន៍​បាយ័ន និង CTN ក្នុង​ការ​សាង​សង់​ស្តូប​នេះ។
ទាក់ទង​នឹង​គម្រោង​ប្រើ​មូលនិធិ​ទូរទស្សន៍​ទាំង​ពីរ​ខាង​លើ​ក្នុង​ការ​សង់​ស្តូប​នៅ​កន្លែង​កើត​ហេតុ​ក្បែរ​ស្ពាន​កោះ​ពេជ្រ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ជា​សប្បុរសជន​ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​ជន​រងគ្រោះ​តាម​រយៈ​ទូរទស្សន៍​បាយ័ន និង CTN បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​បញ្ហា​នេះ។ 
លោក ប៊ូ សារឿន ជា​បុគ្គលិក​អង្គការ​អន្តរជាតិ​មួយ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក និង​អ្នក​រួម​ការងារ​ជាមួយ បាន​រៃ​លុយ​គ្នា​បាន​ជាង ១.៤០០​ដុល្លារ ដើម្បី​យក​ទៅ​ជួយ​អ្នក​រង​គ្រោះ​លើ​ស្ពាន​កោះ​ពេជ្រ តាម​រយៈ​ទូរទស្សន៍ CTN ប៉ុន្តែ​បើ​សិន​អ្នក​គ្រប់គ្រង​មូលនិធិ​នេះ​យក​ថវិកា​ទៅ​សាងសង់​ស្តូប លោក​មិន​ឯកភាព​នោះ​ទេ។
យុវសិស្ស​នៃ​សាលា​អន្តរជាតិ Western ឈ្មោះ ខាន់ ណា ដែល​នាង​បាន​រៃ​លុយ​មិត្ត​រួម​ថ្នាក់​របស់​នាង​ជួយ​អ្នក​រង​គ្រោះ​តាម​រយៈ​ទូរទស្សន៍​បាយ័ន​ដែរ​នោះ បាន​លើក​ឡើង​ថា ការ​សាងសង់​ស្តូប​គឺ​ជា​បន្ទុក​របស់​រដ្ឋាភិបាល មិន​គួរ​យក​ថវិកា​សប្បុរសជន​ទៅ​សាងសង់​នោះ​ទេ។
ទាក់ទង​ទៅ​នឹង​ការ​លើក​ឡើង​នេះ លោក ទិត ថាវរិទ្ធិ បាន​ពន្យល់​ថា លោក​មិន​យក​ថវិកា​ដែល​សប្បុរសជន​បាន​ផ្ដល់​ជូន​នេះ​ទៅ​សង់​ស្តូប​នោះ​ទេ គឺ​គេ​គ្រោង​នឹង​យក​ថវិកា​នៃ​មូលនិធិ​បាយ័ន​ចាស់ ដែល​សល់​មួយ​ចំនួន និង​ថវិកា​ផ្ទាល់​របស់​អគ្គ​នាយិកា​ទូរទស្សន៍​បាយ័ន គឺ​លោកស្រី ហ៊ុន ម៉ាណា ទេ ដើម្បី​ធ្វើ​ស្តូប​ដែល​ដឹក​នាំ​ដោយ​សាលា​រាជធានី​ភ្នំពេញ។ 
ចំពោះ​អគ្គ​នាយក​រង​ទូរទស្សន៍ CTN  វិញ លោក ប៉ុល វិបូរ បាន​ឲ្យ​ដឹង​ថា លោក​មិន​ប្រាកដ​ថា តើ​គេ​យក​ថវិកា​ពី​មូលនិធិ​នេះ​ទៅ​សាងសង់​ស្តូប ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​គេ​នឹង​ព្យាយាម​រក​ថវិកា​ណា​មួយ​ផ្សេង​ក្នុង​ការ​សង់​ស្តូប​នេះ។ 
ទាំង​ទូរទស្សន៍ CTN និង​ទូរទស្សន៍​បាយ័ន គេ​មិន​ទាន់​ដឹង​ទេ​ថា តើ​គេ​នឹង​ឈប់​ទទួល​យក​ថវិកា​ពី​សប្បុរសជន​ដែល​គេ​បាន​ផ្សាយ​ផ្ទាល់​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ទទួល​ថវិកា​ពី​សប្បុរសជន​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។
មក​ទល់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា គេ​សង្កេត​ឃើញ​មាន​មូលនិធិ​មួយ​ចំនួន​ផ្សេង​ទៀត បាន​ប្រកាស​ទទួល​ប្រាក់​ពី​សប្បុរសជន ដើម្បី​យក​ថវិកា​ទាំង​នោះ​ទៅ​ជួយ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​ក្រុម​មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន​បាន​អំពាវនាវ​ដល់​ម្ចាស់​មូលនិធិ​ទាំង​នោះ ធ្វើ​យ៉ាង​ណា​យក​ថវិកា​ទៅ​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឲ្យ​មាន​តម្លាភាព និង​មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ។ 
កម្មការិនី​មួយ​រួប​ដែល​រួច​ផុត​ពី​សេចក្ដី​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​កោះ​ពេជ្រ ក៏​បាន​អំពាវនាវ​ដល់​សប្បុរសជន​នានា ធ្វើ​យ៉ាង​ណា​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​រង​គ្រោះ​នៅ​​កោះ​ពេជ្រ​ឲ្យ​បាន​គ្រប់​គ្នា​ផង មិន​ថា គ្រួសារ​អ្នក​ស្លាប់ ឬ​អ្នក​របួស​នោះ​ឡើយ៕

Thursday, November 25, 2010

ក្រសួង​ការបរទេស​ធ្វើ​ពិធី​បុណ្យ​បង្សុកូល​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព


2010-11-25
តំណាង​ទូត​បរទេស​ចំនួន ៣០​ប្រទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មក​ចូល​រួម​នៅ​ក្នុង​ពិធី​នេះ នៅ​ក្នុង​នោះ​មាន​តំណាង​ទូត​នៃ​សហរដ្ឋ​អាមេរិក ប្រទេស​រុស្ស៊ី ប្រទេស​ថៃ ប្រទេស​ចិន ប្រទេស​វៀតណាម ប្រទេស​អង់គ្លេស និង​ប្រទេស​សិង្ហបុរី​ជាដើម។
តំណាង​អង្គការ​អន្តរជាតិ​ចំនួន​៨ ដែល​មក​ចូល​រួម​ផង​ដែរ​នោះ មាន​ដូចជា​អង្គការ UNDP អង្គការ UNESCO អង្គការ UNICEF អង្គការ UNHCR និង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាដើម។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជា​ឧបនាយករដ្ឋមន្ត្រី តំណាង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​តាង​នាម​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដឹកនាំ​ពិធី​បង្សុកូល​នេះ បាន​មាន​ប្រសាសន៍​ថា មាន​មេដឹកនាំ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​ផ្ញើ​សារ​ចូល​រួម​មរណទុក្ខ​នេះ។
លោក ហោ ណាំហុង មាន​ប្រសាសន៍​បន្ថែម​ថា ៖ «នេះ​ជា​មហា​សោកនាដកម្ម​របស់​ជាតិ​យើង ធ្វើ​ឲ្យ​មាន​ការ​រន្ធត់​យ៉ាង​សម្បើម ចំពោះ​ប្រជាជន ប្រជាពលរដ្ឋ​យើង​នៅ​ទូទាំង​ប្រទេស​ទាំង​អស់។ ហេតុ​ដូច្នេះ​ហើយ ក្នុង​នាម​រាជ​រដ្ឋាភិបាល ជា​ថៃ្ង​ដែល​យើង​កាន់​ទុក្ខ មរណទុក្ខ ចំពោះ​អ្នក​រង​គ្រោះ​នៃ​ឧបទ្ទវហេតុ​នេះ ក្នុង​នាម​រាជ​រដ្ឋាភិបាល បាន​អញ្ជើញ​អង្គទូត ជាមួយ​ថ្នាក់​ដឹកនាំ​យើង​ខ្លះ​ដើម្បី​រៀបចំ​គោរព​វិញ្ញាណក្ខន្ធ»
ព្រះសង្ឃ​ចំនួន ៤៩​អង្គ ដឹកនាំ​ដោយ​សម្ដេច​សង្ឃ ទេព វង្ស បាន​សូត្រ​ធម៌​បង្សុកូល និង​នមស្សការ​ជូន​ពរជ័យ​ដល់​ព្រលឹង​អ្នក​ស្លាប់​នៅ​ក្នុង​សោកនាដកម្ម​កន្លង​មក​នេះ។
អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ជា កៀន បាន​អាន​វិយោគកថា​នៅ​ក្នុង​ពិធី​បង្សុកូល​នោះ​ថា ទុក្ខ​សោក​នេះ​គឺ​ធ្ងន់ធ្ងរ​លើស​ការ​ស្មាន ៖ «ការ​បាត់បង់​ជីវិត​របស់​បង​ប្អូន​ជន​រួម​ជាតិ​យើង​ជា​ច្រើន​នាក់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នៅ​កន្លែង​តែមួយ​ដែល​មិន​ធ្លាប់​មាន​ទាល់តែ​សោះ​ក្នុង​ប្រវត្តិ​នៃ​ការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​នៅ​កម្ពុជា តាំង​ពី​អំទ្បុង​កាល​ដ៏​យូរ​លង់​កន្លង​មក គឺ​ជា​ការ​មរណៈ​មួយ​ដ៏​គួរ​ឲ្យ​សោកសង្រេង និង​ស្តាយ​ស្រណោះ​បំផុត»
នៅ​ព្រឹក​ថៃ្ង​ទី​២៥ ខែ​វិច្ឆិកា​នេះ​ដែរ ទង់ជាតិ​កម្ពុជា នៅ​វិមាន​ឯករាជ្យ និង​ទង់ជាតិ​នានា​នៅ​តាម​ដង​ផ្លូវ និង​នៅ​ក្នុង​សាលារៀន ត្រូវ​បាន​គេ​បង្ហូត​មក​ពាក់​កណ្តាល​ដង ដើម្បី​កាន់​ទុក្ខ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ចេញ​ដោយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ចុះ​ថៃ្ង​ទី​២៥ ខែ​វិច្ឆិកា បាន​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​កន្លង​មក​នេះ គឺ​ចំនួន ៣៤៧​នាក់ និង​អ្នក​រង​របួស​ចំនួន ៣៩៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នានា។
រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​សាងសង់​ស្តូប​មួយ​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ទាំង​នោះ​នៅ​ក្បែរ​ស្ពាន​កោះ​ពេជ្រ​នោះ៕

Wednesday, November 24, 2010

ខ្មែរ​នៅ​អាមេរិក​នឹង​ធ្វើ​ពិធី​រៃអង្គាស​ប្រាក់​ជួយ​ជន​រង​គ្រោះ​​​នៅ​កោះ​ពេជ្រ

2010-11-25
សកម្មជន​ដ៏​សកម្ម​ម្នាក់​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) លោក នួន វាសនា មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​នឹង​រៀបចំ​ធ្វើ​ពិធី​រៃ​អង្គាស​ថវិកា​ជួយ​ដល់​ជន​រងគ្រោះ​លើ​ស្ពាន​កោះ​ពេជ្រ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ ឬ​នៅ​តាម​គេហដ្ឋាន។
លោក​មាន​ប្រសាសន៍​ថា ដោយសារ​ក្រុម​របស់​លោក រួម​នឹង​ពលរដ្ឋ​ក្នុង​សហគមន៍​ខ្មែរ នៅ​មិន​ទាន់​មាន​ពេល​សម្រាក​ពី​ការងារ ដូច្នេះ​ហើយ​បាន​ជា​ការ​រៀបចំ​ធ្វើ​ពិធី​ទាំង​អស់​នេះ ហាក់​នៅ​មាន​ភាព​យឺតយ៉ាវ​បន្តិច។ លោក​បន្ត​ថា ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ឡូវែល ក៏​ដូច​ព្រះសង្ឃ​ខ្មែរ​ជា​ច្រើន នឹង​ចាប់​ផ្តើម​ធ្វើ​ពិធី​នេះ​នៅ​វេលា​ថ្ងៃ​សៅរ៍ ខាង​មុខ នៅ​វត្ត​ចាស់ និង​វត្ត​ថ្មី។
លោក នួន វាសនា មាន​ប្រសាសន៍​ថា សាលា​ក្រុង​ឡូវែល បាន​សម្រូត​ទង់ជាតិ​របស់​ខ្មែរ​ពាក់​កណ្តាល​ដង ដើម្បី​ចូល​រួម​ការ​កាន់​ទុក្ខ​ដល់​ព្រលឹង​អ្នក​ដែល​បាន​បាត់បង់​ជីវិត​រាប់​រយ​អ្នក​នោះ។ លោក​ថ្លែង​ថា តំណាងរាស្រ្ត​របស់​រដ្ឋ​ម៉ាស្សាឈូសេត លោកស្រី នីគី ស្តូតហ្គាស (Niki Tsongas) ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ចូល​រួម​រំលែក​ទុក្ខ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ផង​ដែរ។
ចំណែក​ពី​រដ្ឋ​ម៉ារីឡែន (Maryland) ឯ​ណោះ​វិញ លោក ទួន សុវាន់ ដែល​ជា​ប្រធាន​គណៈកម្មការ​វត្ត​ពុទ្ធិការាម ឬ​វត្ត​ខ្មែរ​ម៉ារីឡែន បាន​មាន​ប្រសាសន៍​ថា លោក​គ្រោង​រៀបចំ​ធ្វើ​ពិធី​បង្សុកូល​នៅ​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ ដើម្បី​បញ្ជូន​កុសល​ដល់​អ្នក​ដែល​បាន​ចែក​ឋាន ហើយ​លោក​ក៏​នឹង​ធ្វើការ​ប្រកាស​រៃ​អង្គាស​បច្ច័យ​ទាំង​នោះ​ជួយ​ដល់​ជន​រង​គ្រោះ​ផង​ដែរ។ លោក​មាន​ប្រសាសន៍​ថា វត្ត​ពុទ្ធិការាម​មាន​ថវិកា​ចំនួន ១​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​គ្រោង​ជួយ​ជន​រងគ្រោះ​តាម​រយៈ​ស្ថានីយ​ទូរទស្សន៍ CTN។
អត្រា​មរណៈ​ពី​ឧបទ្ទវហេតុ​ជាន់​គ្នា​លើ​ស្ពាន​កោះពេជ្រ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​២២ ក្នុង​ទីក្រុង​ភ្នំពេញ​កន្លង​ទៅ​នេះ ជា​អត្រា​មួយ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​បង្អស់ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក ដែល​ធ្លាប់​មាន​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​នេះ។
លោក គុជ ចាន់លី ជា​ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋ​ម៉ារីឡែ ដែល​ជា​អ្នក​តាម​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា យ៉ាង​ស្អិត​ដែរ​នោះ មាន​ប្រសាសន៍​ថា នៅ​ពេល​បុណ្យ Thanksgiving របស់​អាមេរិក​បញ្ចប់​ទៅ លោក​នឹង​ចាប់​ផ្តើម​រក​ជំនួយ​បន្ថែម​សម្រាប់​ជន​រង​គ្រោះ​ខ្មែរ​ទាំង​នោះ។
បើ​ទោះ​បី​ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​កំពុង​រស់​ឆ្ងាយ​ចាក​ពី​ស្រុក​កំណើត​របស់​ខ្លួន​យ៉ាង​ណា​ក៏ដោយ ក៏​ខ្មែរ​មិន​ដែល​បំភ្លេច​អំពី​សុខ​ទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ឡើយ។ រាល់​វិបត្តិ​នានា​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កន្លង​មក អ្នក​ដែល​រស់​នៅ​ឯ​នាយ​សមុទ្រ​តែង​យក​ចិត្ត​ទុក្ខ​ដាក់​ខ្ពស់​បំផុត។
កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ សមាគម និង​អង្គការ​របស់​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​ច្រើន ក៏​បាន​ចូល​រួម​ជាមួយ​ស្ថានទូត​ខ្មែរ​ប្រចាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាត់​បង់​ជីវិត​ពី​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​ស្ពាន​កោះ​ពេជ្រ ព្រម​ទាំង​ចូល​រួម​បរិច្ចាគ​ជួយ​ដល់​ជន​រង​គ្រោះ​ដែល​នៅ​រស់​រាន​មាន​ជីវិត​ផង​ដែរ៕

ស្ថានភាព​អ្នក​ជំងឺ​ដែល​រង​គ្រោះ​នៅ​ក្នុង​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ

ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នាយឧត្តមសេនីយ៍​ផ្កាយ​មាស​៣ លោក ម៉ក់ ជីតូ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​វិច្ឆិកា​ថា ចាប់​ពី​មន្ទីរពេទ្យ​ទទួល​ជន​រងគ្រោះ​ថ្នាក់​នៅ​កោះ​ពេជ្រ​មក​សម្រាក ថ្នាំ​ពេទ្យ​មិន​ទាន់​ខ្វះ​ទេ ព្រោះ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​កាកបាទ​ក្រហម​ជាតិ និង​អន្តរជាតិ។ 
លោក​បន្ត​ថា កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា មាន​ជន​រងគ្រោះ​ជា​កុមារី​ម្នាក់​បាន​ស្លាប់ ដោយសារ​របួស​ធ្ងន់​ពេក ៖ «អ្នក​របួស​ដែល​យើង​ទទួល​មក​មាន ១៨១​នាក់ ហើយ​អ្នក​ស្លាប់ គឺ​សាកសព​ដែល​យើង​គ្រប់គ្រង និង​ប្រគល់​ជូន​ទៅ​ធ្វើ​បុណ្យ​ធ្វើ​ទាន​នៅ​ស្រុក សរុប​ទាំង​អស់​អ្នក​ស្លាប់​មាន ១៤២​នាក់។ សព​យក​អស់​នៅ​សល់​តែ​៣»
ស្ថានភាព​អ្នក​ជំងឺ​គ្រោះថ្នាក់​ពី​តំបន់​កោះ​ពេជ្រ​ក្នុង​មន្ទីរពេទ្យ​ព្រះកេតុមាលា និង​មន្ទីរពេទ្យ​ព្រះកុសុមៈ អ្នក​ជំងឺ​មាន​គ្រែ​សម្រាក បើ​ទោះ​បី​គ្រែ​ខ្លះ​អ្នក​ជំងឺ​សម្រាក ២​នាក់​ក៏ដោយ។ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មាន​អ្នក​ជំងឺ​មក​ពី​កោះ​ពេជ្រ​មិន​ទាន់​មាន​គ្រែ​សម្រាក​គ្រប់​ទេ។ គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ដោយសារ​មន្ទីរពេទ្យ​នោះ​មាន​អ្នក​ជំងឺ​ច្រើន​លើស​លុប​ពេក។
ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ត្រូវ​ដឹក​តាម​រថយន្ត​ពី​អគារ​មួយ​ទៅ​អគារ​មួយ​ដោយ​គ្រូពេទ្យ ដើម្បី​ថត​ឆ្លុះ​ជើង​ដែល​ជាំ និង​ហើម។
វេជ្ជបណ្ឌិត ព្រំ សង់ហួន នៃ​មន្ទីរពេទ្យ​ព្រះកេតុមាលា ហៅ​ពេទ្យ​ធំ មាន​ប្រសាសន៍​ថា អ្នក​របួស​កំពុង​សង្គ្រោះ​បន្ទាន់​មាន ៩​នាក់ ស្រី ៧​នាក់ ប្រុស ២​នាក់។ លោក​បន្ត​ថា អ្នក​ជំងឺ​ក្រំ​ខ្លាំង និង​សន្លប់ នៅ​ពេល​ព្យាបាល​បាន​ធូរ​បន្តិច ពួកគេ​នៅ​ពេល​ទទួល​ទាន​អាហារ​បាន​ក្អួត ព្រោះ​មុន​ពេល​កើត​ហេតុ​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ​នោះ មិន​ទាន់​ទទួល​ទាន​អាហារ និង​ក្រំ​ក្នុង ដែល​គ្រូពេទ្យ​ចាំបាច់​ត្រូវ​ថត​ឆ្លុះ។
វេជ្ជបណ្ឌិត ព្រំ សង់ហួន បាន​បន្ថែម​ថា ៖ «ចំពោះ​ឱសថ បើ​តាម​ខ្ញុំ​ក្តាប់​ទៅ​មិន​ទាន់​មក​ដល់​ទេ មាន​តែ​ក្រុមហ៊ុន។ រឿង​គ្រប់គ្រាន់​វា​មិន​គ្រប់គ្រាន់​ទេ គ្រាន់​ថា យើង​ចេះ​តែ​ដោះស្រាយ​ទៅ​តាម​លទ្ធភាព​ដែល​យើង​មាន សំខាន់​គឺ​សេរ៉ូម ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ថ្នាំ​ផ្សះ​អី​ហ្នឹង ហើយ​និង​ថ្នាំ​ដូច​ជា​លាង​របួស​អី​ហ្នឹង»
វេជ្ជបណ្ឌិត​ផ្នែក​របួស​គ្រាំគ្រា និង​ជំងឺ​ឆ្អឹង នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោក​សង្ឃ លោក ដួង ប៊ុណ្ណ មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​វិច្ឆិកា មាន​អ្នក​ជំងឺ​ប្រុស​ម្នាក់​បាន​ស្លាប់ ព្រោះ​ពេទ្យ​គ្មាន​កន្លែង​លាង​ឈាម​ប្ដូរ​ឲ្យ​អ្នក​ជំងឺ​ក្រំ​ក្នុង​ខ្លាំង​បាន​ឡើយ។
លោក​វេជ្ជបណ្ឌិត​បន្ត​ថា របួស​ដោយសារ​ការ​ជាន់​សង្កត់​ធ្វើ​ឲ្យ​ជើង​ហើម សង្កត់​ទៅ​លើ​សរសៃ​ឈាម និង​សរសៃ​ប្រសាទ ដូច្នេះ​គ្រូពេទ្យ​ចាំបាច់​ត្រូវ​ព្យាបាល​ដោយ​វះ​កន្លែង​ជាំ​បង្ហូរ​ឈាម​ចេញ។ លោក​ថា នៅ​ថ្ងៃ​ពុធ​ដដែល លោក​ទើប​បញ្ជូន​អ្នក​ជំងឺ​ក្រំ​ក្នុង​ខ្លាំង​ចំនួន ៥​នាក់ ដែល​មិន​អាច​បត់​ជើង​តូច ត្រូវ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ព្រោះ​អាការៈ​បែប​នេះ​បើ​មិន​អាច​បត់​ជើង​តូច អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត។
លោក​បន្ត​ថា ៖ «ការ​សង្កត់​ខ្លាំង​ធ្វើ​ឲ្យ​សាច់ដុំ​នៅ​កន្លែង​ជើង​ហ្នឹង​វា​បែក ពេល​ដែល​បែក​ទៅ​វា​បញ្ចេញ​នូវ​ជាតិ​ពុល​ម្យ៉ាង ដែល​ចេញ​ពី​សាច់ដុំ​ទៅ គេ​ហៅ​ម៉ីញ៉ូគ្លូប៊ីន ដែល​វា​ចូល​ទៅ​ក្នុង​ឈាម​ទៅ​ស្ទះ​នៅ​តម្រង​នោម ពេល​ហ្នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​អត់​នោម អ្នក​ជំងឺ​អាច​មាន​គ្រោះថ្នាក់​ដល់​ស្លាប់ បើ​សិន​ជា​យើង​មិន​ជួយ»
នាយក​មន្ទីរពេទ្យ​ព្រះកុសុមៈ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត តេង សឿន មាន​ប្រសាសន៍​ថា ថ្នាំពេទ្យ​ដែល​ប្រើ​ច្រើន​ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នក​ជំងឺ គឺ​សេរ៉ូម និង​ក្រោយ​ការ​វះកាត់ គឺ​ប្រើ​ថ្នាំ​ផ្សះ​ចាក់​តែម្ដង។
លោក​ថា ថ្នាំ​ព្យាបាល ពេល​ក្នុង​មន្ទីរពេទ្យ​ប្រើ​អស់ មាន​អង្គការ​ពេទ្យ​អន្តរជាតិ និង​ជាតិ ជួយ​ឧបត្ថម្ភ​ច្រើន ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​២៣ ខែ​វិច្ឆិកា ស្ថានីយ​ទូរទស្សន៍​ស៊ី.ធី.អិន បាន​ជួយ​ឧបត្ថម្ភ​ថ្នាំ​ច្រើន។ ប៉ុន្តែ​លោក​មិន​ទាន់​បាន​គិត​ពី​ចំនួន​ប្រើប្រាស់​ថ្នាំ​រួច​នោះ​នៅ​ឡើយ​ទេ។
លោក​បន្ត​ថា ៖ «កៀបកិន រួច​ដល់​អ្នក​ស្លាប់​ហើយ ស្ទាប​មើល​ផ្ទាល់ មិន​មែន​ចេះ​តែ​ស្លាប់​ហើយ​អត់​មើល​ទេ មុន​នឹង​ថា គាត់​ស្លាប់​មែន​ទែន​ហើយ។ យើង​មើល​នៅ​នេះ មើល​នៅ​ត្រង់​ហ្នឹង​តែម្តង គឺ​យើង​ស្ទាប​មើល​ព្រួក​អស់​ហើយ​ឆ្អឹង​ជំនីរ ពោះ​អី​ហ្នឹង រួច​អ្នក​រស់​នៅ​ច្រើន​តែ​បែក​បាក់។ ប៉ុន្តែ​ឥឡូវ​យើង​បារម្ភ​ដែរ វា​ខ្ទាំ​ពោះ​ខ្ទាំ​ទ្រូង ឬ​ក៏​ត្រូវ​វា​មិន​ចំ​កន្លែង​ក្នុង​ពោះ​ហ្នឹង យើង​ត្រូវ​តាម​ដាន​ខ្លាំង មិន​ដឹង​វះ​នៅ​ត្រង់​ណា ទុក​ត្រង់​ណា ព្រោះ​វា​ខ្ទាំ វា​ខុស​ពី​បែក»
ក្រុម​ជន​រងគ្រោះ​ដែល​នៅ​រស់​រាន​មាន​ជីវិត​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ទាំង​អស់​នោះ បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល និង​សាកសួរ​សុខភាព​ក្នុង​ប្រមាណ ២​ម៉ោង​ម្តង។ ចំណែក​អាហារ​ទទួល​ទាន​មាន​អង្គការ​ជា​ច្រើន ស្ថាប័ន​គ្រឹះ​សាសនា និង​អាហារដ្ឋាន​នានា បាន​យក​មក​ឲ្យ​ពួកគេ​ហូប ៣​ពេល​ក្នុង​១​ថ្ងៃ។
ក្រុម​អ្នក​ជំងឺ​បាន​ថ្លែង​អំណរគុណ​ចំពោះ​មន្រ្តី​សមត្ថកិច្ច​ និង​គ្រូពេទ្យ​ដែល​បាន​ជួយ​សង្រ្គោះ​ពួកគេ​ថា ៖ «ខ្ញុំ​សូម​អរគុណ​លោក​គ្រូពេទ្យ និង​កាកបាទ​ក្រហម ដែល​បាន​ជួយ​សង្រ្គោះ​យក​ខ្ញុំ និង​ទាំង​អស់​គ្នា​ឲ្យ​បាន​ជា​ផុត​ពី​គ្រោះថ្នាក់ ដែល​កើត​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ហ្នឹង»
កីឡាករ​ទូក​នាគ​ខៀវ​មានជ័យ មក​ពី​ខេត្ត​កណ្តាល ឈ្មោះ សៀង វុទ្ធិ បន្ថែម ៖ «ដល់​ពេល​ប៉ូលិស​គេ​បាញ់​ទឹក​រួច កាកបាទ​ក្រហម​គេ​បោះ​ទឹក​បោះ​អី​ឲ្យ​ហ្នឹង អាច​មាន​កម្លាំង​បាន​ធូរ​ដក​ដង្ហើម វា​អត់​សូវ​ក្តៅ បើ​អត់​ទឹក​វិញ មនុស្ស​ទាំង​អស់​ហ្នឹង យ៉ាង​ច្រើន​បាន​តែ ១​ម៉ោង​កន្លះ​ត្រូវ​ស្លាប់​អស់» 
យុវតី​មក​ពី​ឃុំ​ត្នោត ស្រុក​ពារាំង ខេត្ត​ព្រៃវែង ឈ្មោះ ស៊ូ សាវិត អាយុ ១៧​ឆ្នាំ ថ្លែង​ថា ៖ «ខ្ញុំ​សូម​អរគុណ​លោក​គ្រូពេទ្យ​ដែល​ជួយ​ខ្ញុំ​ស្ទុះស្ទារ ដើម្បី​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​សូម​អរគុណ​កាកបាទ​ក្រហម ដែល​ជួយ​ដល់​រូប​ខ្ញុំ ជួយ​ឧបត្ថម្ភ​ជា​លុយ និង​ជា​របស់​របរ​ទាំង​អស់​សម្រាប់​ពួក​ខ្ញុំ​ព្យាបាល។ ទាហាន​អូប័រ​គាត់​មក​ជួយ​ខ្ញុំ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​បើក​អូប័រ​ដែល​បាន​បើក​មក​ជួយ​ខ្ញុំ មក​ដល់​ត្រើយ​ខាង​ម្ខាង ខ្ញុំ​សូម​អរគុណ​ច្រើន សូម​ឲ្យ​គាត់​មាន​អាយុ​វែង» 
តំណាង​អង្គការ​សាយបាយសាយ របស់​ប្រទេស​ជប៉ុន លោក ឯក គុនហឿន បាន​ឲ្យ​ដឹង​ថា បាន​ជួយ​យក​អាហារ ២​ពេល ថ្ងៃ​ត្រង់ និង​ល្ងាច​ដល់​មន្ទីរពេទ្យ​រដ្ឋ ដែល​បាន​ទទួល​ជន​រង​គ្រោះថ្នាក់​កោះ​ពេជ្រ​ក្នុង ១​ពេល​ចំនួន ១​ពាន់​កញ្ចប់ មាន​បាយ សម្ល ទឹក​សុទ្ធ ហើយ​ការ​ផ្តល់​អាហារ​នោះ​មាន​តាំង​ពី​ថ្ងៃ​២៣ វិច្ឆិកា​មក។
រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន និង​យុវនីតិសម្បទា ជា​អនុ​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ការងារ​បន្ទាន់​ឧបទ្ទវហេតុ​នៅ​កោះ​ពេជ្រ មាន​ប្រសាសន៍​នៅ​រសៀល​ម៉ោង ៥ និង ៣០​នាទី ថ្ងៃ​ពុធ ទី​២៤ ខែ​វិច្ឆិកា​ថា ចំនួន​អ្នក​ស្លាប់​មាន ៤៥៦​នាក់ អ្នក​របួស​មាន ៣៩៥​នាក់​ទេ៕