Friday, December 31, 2010
បាតុករអាវលឿងថៃធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរនៅបាងកក
2010-12-31
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានថ្លែងឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ថា ក្រុមជ្រុលនិយមអាវលឿងប្រមាណ ៤០នាក់ បាននាំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជនជាតិថៃ ៧នាក់ ដែលអាជ្ញាធរកម្ពុជា បានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ កន្លងមកនេះ ពីបទចូលដីខ្មែរដោយខុសច្បាប់នោះ។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ឲ្យដឹងថា ការធ្វើបាតុកម្មនោះ គឺមិនបានធ្វើឲ្យប៉ះពាល់ដល់ស្ថានទូត ឬមន្ត្រីស្ថានទូតខ្មែរ នៅឯទីក្រុងបាងកក នោះទេ។
លោក កុយ គួង មានប្រសាសន៍បន្ថែមថា ៖ «ក្រុមនេះជាក្រុមគេហៅថា ក្រុមពួកអាវលឿង ជាក្រុមជ្រុលនិយម គេបានមកប្រមូលផ្ដុំនៅមុខស្ថានទូតតាំងពីម៉ោង ១០កន្លះ (ព្រឹក) រហូតដល់ម៉ោង ១១ និង ១៥នាទី គេបានចាកចេញទៅវិញទៅ។ គេសម្ដែងឆន្ទៈរបស់គេ។ ធម្មតាគេប្រមូលផ្ដុំជារបៀបបាតុកម្មហើយ គេសម្ដែងឆន្ទៈរបស់គេ គេទាមទារឲ្យយើងដោះលែងអ្នកទាំង ៧នាក់ដែលយើងបានឃាត់ខ្លួនហ្នឹង»។
ជនជាតិថៃ ៧នាក់ ដែលក្នុងនោះមានអ្នកតំណាងរាស្ត្រថៃម្នាក់ដែរនោះ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន ហើយបានបញ្ជូនទៅតុលាការក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នៅថ្ងៃបន្ទាប់ គឺថ្ងៃទី៣០ ខែធ្នូ ពីបទចូលមកប្រទេសកម្ពុជា ដោយគ្មានការអនុញ្ញាតតាមមាត្រា២៩ ច្បាប់អន្តោប្រវេសន៍កម្ពុជា និងចោទប្រកាន់មួយចំណុចទៀតពីបទចូលដោយទុច្ចរិត ក្នុងទីលានយោធា តាមមាត្រា៤៧៣ នៃក្រមព្រហ្មទណ្ឌ។
ភ្លាមនោះដែរ លោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានមកជួបលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាបន្ទាន់មួយ នៅថ្ងៃទី៣០ ខែធ្នូ ដើម្បីអន្តរាគមន៍លើករណីជនជាតិថៃ ទាំង ៧នាក់នោះ។ ប៉ុន្តែលោក ហោ ណាំហុង បានបដិសេធ ដោយលើកឡើងថា រដ្ឋាភិបាលខ្មែរហួសសមត្ថភាពក្នុងការដោះលែងហើយ គឺទុកឲ្យតុលាការខ្មែរសម្រេចទៅតាមនីតិវិធីរបស់តុលាការនៅក្នុងរឿងនេះ។
មន្ត្រីជាន់ខ្ពស់កម្ពុជា បានថ្លែងថា ជនជាតិថៃទាំង ៧រូប បានឆ្លងដែនខុសច្បាប់ចូលដីខ្មែរកាលពីថ្ងៃពុធ ទី២៩ ខែធ្នូ កន្លងទៅនេះ នៅចំណុចភូមិជោគជ័យ ក្នុងស្រុកអូជ្រៅ។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា ជនជាតិថៃទាំងនោះបានដើរតាមបង្គោលព្រំដែនលេខ១៤៦ ដែលគិតជាចម្ងាយមានប្រមាណ ១.២០០ម៉ែត្រ មកក្នុងដីខ្មែរ ហើយការចូលមកដីខ្មែរនេះ មិនមែនវង្វេងផ្លូវទេ គឺមានចេតនា៕
Monday, December 27, 2010
សិស្សខ្មែរសុរិន្ទបោះជំរំរៀនភាសាខ្មែរ
2010-12-27
ស្ដាប់ ៖
អក្សរ និងភាសាខ្មែរ ជាវិញ្ញាសាសិក្សាមួយ ដែលមានការចាប់អារម្មណ៍នៅក្នុងខេត្តបី ដូចជាខេត្តសុរិន្ទ បុរីរ៉័ម និងស៊ីសាកេត។ ក្រៅពីការអប់រំក្នុងសាលា ក៏មានការបង្រៀនតាមបែបថ្នាក់អក្ខរកម្មនៅក្រៅសាលាផងដែរ។
ចាងហ្វាងសាលារៀនឈ្មោះ ប្រាសាទវិទ្យ៉ាខាន ក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទ លោក ផៃចៈយ៉ុន ចាន់តៈខេត ថ្លែងឱ្យដឹងថា មានគ្រូបង្រៀន និងសិស្សថៃកម្រិតមធ្យមសិក្សាចំនួន ៤០០នាក់ បាននាំគ្នាបោះជំរំសិក្សាភាសាខ្មែរមួយ នៅព្រៃភ្នំសាលាជួរភ្នំដងរែក ក្បែរព្រំដែនកម្ពុជា-ថៃ កាលពីសប្ដាហ៍កន្លងទៅនេះ។
លោក ផៃចៈយ៉ុន ចាន់តៈខេត មានប្រសាសន៍ថា ការបោះជំរំពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០ គឺក្នុងគោលបំណងជំរុញការអប់រំអំពីភាសា និងអារ្យធម៌ខ្មែរ ដល់សិស្សសាលា ដើម្បីភាពសុខសាន្តរវាងប្រជាជាតិជិតខាងទាំងពីរ ៖ "យើង បាននាំសិស្សយើងមករៀនអារ្យធម៌ខ្មែរ អក្សរខ្មែរ បានយើងធ្វើការរកស៊ីខាងខ្មែរ និងថៃ ទាក់ទងគ្នាឱ្យល្អជុំគ្នា។ រួមទាំងអស់ ៤០០ជាង។ កូនសិស្ស ៣៥០នាក់ គ្រូ ៦០នាក់។ មកពី ២៤សាលា និង ៣ខេត្ត គឺខេត្តស៊ីសាកេត សុរិន្ទ និងប៊ុរីរ៉័ម ខេត្តដែលជាប់នឹងបងប្អូនយើងខាងណេះ។ ព្រំដែនជាប់គ្នា"។
ប្រធានមជ្ឈមណ្ឌលភាសា និងវប្បធម៌ខ្មែរ លោក ប្រៈដែង ប៊ុនរឿង គុជៈម៉ា បញ្ជាក់ថា ការបោះជំរំសិក្សានេះ គេឱ្យឈ្មោះថា "ជំរំអារ្យធម៌ខ្មែរ"។ លោក ប៊ុនរឿង ថ្លែងបន្តថា "ជំរំអារ្យធម៌ខ្មែរ" នោះ គេបែងចែកចំនួន ១៥ជំរំតូចៗ ដើម្បីបង្រៀនភាសាខ្មែរទៅតាមប្រធានបទផ្សេងៗ គ្នា ៖ "ការរៀន សូត្រដែលយើងរៀបចំនោះ គឺមាន ១៥កន្លែង ហើយទាក់ទងរឿងភាសាខ្មែរទាំងអស់ ដូចជាថា ជំរំទីមួយ ទាក់ទងរាងកាយ ដូចជាថាក្នុងរាងកាយមានអីខ្លះ? មានដៃ ជើង មានអីទាំងអស់នោះឱ្យសិស្សបានដឹង"។
លោក ប៊ុនរឿង គុជៈម៉ា មានប្រសាសន៍ទៀតថា នៅក្នុងការបង្រៀនភាសាខ្មែរនេះ គឺបានចាប់ផ្តើមបង្រៀនពីពាក្យសំខាន់ៗ ដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ទាំងនៅក្នុងរង្វង់គ្រួសារ និងសហគមន៍ ជាពិសេសពាក្យសំគាល់សមាជិកគ្រួសារ។ លោក ប៊ុនរឿន លើកពន្យល់បន្ថែម ៖ "ទី ២ ទាក់ទងនឹងគ្រួសារ ម៉ែឪ មីងមា បងប្អូន ចាស់ទុំ ដូនតាជាដើម។ កូនក្មួយ ម៉ែក្មេក ឪក្មេក ជាដើម ហើយយើងមានការអធិប្បាយពាក្យនិមួយៗ ឱ្យជ្រះស្រឡះ ឱ្យសិស្សបានដឹងផង។ ឯកសារនោះយើងសរសេរទាំងភាសាថៃ ទាំងភាសាខ្មែរ ហើយវិធីអានជាភាសាថៃផង"។
សិស្សសាលាថ្នាក់ទី១០ មួយរូប មកពីសាលារៀនគោកខ័ណ្ឌ ខេត្តស៊ីសាកេត ឈ្មោះ ភូណៃ វីឡា បញ្ចេញមតិរបស់ខ្លួនថា ការរៀនអក្សរខ្មែរនេះ ប្អូនបានចេះដឹងអំពីភាសា អក្សរ និងអារ្យធម៌ខ្មែរ ព្រមទាំងសិល្បៈ ដូចមាននៅប្រាសាទតាមាន់ជាដើម ៖ "ក្នុងអប់រំអារ្យធម៌ ភាសាខ្មែរ ខ្ញុំចេះសរសេរអក្សរខ្មែរបានដូចជា ភ្នែក មាត់ សក់ ហើយភាសា ដូចជា ម៉ែ ម្ដាយ ឪពុក បងប្រុស បងស្រី ប្តី ប្រពន្ធ។ មិនសូវយ៉ាប់ទេបាទ"។
លោក ប៊ុនរឿង គុជម៉ា ថ្លែងថា ការបង្រៀនអក្ខរកម្មនៅក្នុងការបោះជំរំឈ្មោះ "អារ្យធម៌ខ្មែរ" នេះ មានទាំងគ្រូទៅពីស្រុកខ្មែរផង និងគ្រូនៅក្នុងខេត្តសុរិន្ទផង។
នាយករងសាលាគរុកោសល្យ និងវិក្រិតការខេត្តសៀមរាបមួយរូប ដែលត្រូវបានអញ្ជើញឱ្យទៅចូលរួមបង្រៀនអក្សរខ្មែរ នៅក្នុងការបោះជំរំសិក្សានោះដែរ លោក អន ឈុត បានលើកឡើងថា ទាំងគ្រូ និងសិស្សមានឆន្ទៈចង់ចេះអក្សរខ្មែរ ៖ "ទាំងគ្រូ និងសិស្ស ដែលគាត់អញ្ជើញមកចូលរួមហ្នឹង គឺមានការឆាប់ទទួលបាននូវចំណេះដឹង ដែលយើងផ្ដល់ទៅឱ្យគាត់ ទាំងការនិយាយ ទាំងការសរសេរ។ ក៏ប៉ុន្តែ ការសរសេរនៅមិនទាន់បានស៊ីជម្រៅប៉ុន្មានទេ"។
យុវសិស្សមកពីស្រុកប្រាសាទ ខេត្តសុរិន្ទ ឈ្មោះ ចន ម៉ៃសំរ៉ាន ថ្លែងអំពីចំណាប់អារម្មណ៍របស់ខ្លួនថា ការបោះជំរំអប់រំភាសាខ្មែរ ធ្វើឱ្យប្អូនបានចេះសរសេរពាក្យពេចន៍មួយចំនួន ដូចជាគ្រឿងប្រើប្រាស់ផ្ទះបាយ បន្លែ និងផ្លែឈើ ៖ "គ្រឿងគ្រៅដូច ជាមានឆ្នាំង វែកឆា ជ្រុញ ស្លាបព្រា។ ខាងផ្លែឈើមានចេក ដូង ស្វាយ។ ខាងអន្លក់ គឺមានត្រសក់ ត្រប់ ប៉េងប៉ោះ ជាដើម"។
យុវសិស្សម្នាក់ទៀតមកពីខេត្តប៊ុរីរ៉័ម ឈ្មោះ វីឡៃផន រៀបរ៉យ រៀបរាប់អំពីឈ្មោះរាងកាយថា ៖ "ដៃ ជើង ច្រមុះ ភ្នែក មាត់"។
ចាងហ្វាងសាលារៀនប្រាសាទវិទ្យ៉ាខាន ខេត្តសុរិន្ទ លោក ផៃចៈយ៉ុន ចាន់តៈខេត ថ្លែងឱ្យដឹងថា ខាងមជ្ឈមណ្ឌលធ្លាប់បានចុះហត្ថលេខាលើអនុស្សរណៈជាមួយសាលារៀន សម្ដេចឪ នៅខេត្តសៀមរាប ទាក់ទងនឹងការសិក្សាភាសាខ្មែរនេះ។ លោកបន្តថា នៅពេលអនាគត លោកមានគម្រោងផ្លាស់ប្ដូរគ្រូ និងសិស្សរវាងប្រទេសទាំងពីរ ៖ "បើថាស្រុកស្រែយើងស្រួលបួល ទាក់ទងគ្នាបាន យើងចង់ឱ្យគ្រូខាងខ្មែរមកបង្រៀនខាងថៃ គ្រូខាងថៃចុះទៅបង្រៀនភាសាថៃនៅខាងខ្មែរ។ តទៅមុខយើងចង់ប្ដូរយ៉ាងអ៊ីចេះ ព្រោះអីយើងចង់ឱ្យកើតជាបងប្អូនគ្នា ស្គាល់គ្នាឱ្យបានជួបគ្នា បានសួរ បាននិយាយគ្នាឱ្យឃើញអារ្យធម៌ពីដើមជុំគ្នា"៕
Wednesday, December 22, 2010
សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលពិចារណាមុននឹងបិទជំរំជនភៀសខ្លួន
ដោយ តាំង សារ៉ាដា
2010-12-23
Tuesday, December 21, 2010
អង្គការសិទ្ធិមនុស្ស៖ កម្ពុជាជាប្រទេសគ្មានសុវត្ថិភាពសម្រាប់ជនភៀសខ្លួន
ដោយ យន់ សាមៀន
2010-12-21
Monday, December 20, 2010
វៀតណាមពិន័យខ្មែរក្រោមអំពីបទឆ្លងដែនខុសច្បាប់
ដោយ ទីន ហ្សាការីយ៉ា
2010-12-20
Sunday, December 19, 2010
ប្រវត្តិភ្លេងកន្ទ្រឹម
ភ្លេងកន្រ្ទឹម ជាឈ្មោះភ្លេងប្រពៃណីបុរាណមួយរបស់បងប្អូនខ្មែរមួយក្រុម ដែលរស់នៅក្នុងប្រទេសថៃបច្ចុប្បន្ន ជាពិសេស បងប្អូនខ្មែររស់ខេត្តសុរិន្ទ។
សព្វថ្ងៃបទភ្លេងកន្រ្ទឹម យើងឃើញមានការពេញនិយមខ្លាំងគ្រាន់បើនៅក្នុងប្រទេសកម្ពុជា។ តើបទភ្លេងកន្រ្ទឹមនេះ មានប្រវត្តិយ៉ាងណា ហើយគេប្រគំសម្រាប់ពិធីអ្វីខ្លះ?
លោក ឡេង ម៉ាលី មានសេចក្ដីរាយការណ៍ជូនដូចតទៅ៖
អាជ្ញាធរវៀតណាមចាប់ខ្លួនពលរដ្ឋខ្មែរក្រោមម្នាក់ទៅឃុំខ្លួន
ដោយ ដែន អយុធ្យា
2010-12-19
Saturday, December 18, 2010
រដ្ឋាភិបាលពន្យារពេលបិទជំរំជនភៀសខ្លួនម៉ុងតាញ៉ា
ដោយ សុខ សេរី
2010-12-17
Thursday, December 16, 2010
រដ្ឋាភិបាលនឹងបិទគេហទំព័រ KI នៅចុងខែធ្នូ
ដោយ សុខ សេរី
2010-12-16
Wednesday, December 15, 2010
ខ្មែរ-ថៃ បើកច្រកព្រំដែនថ្មី១ នៅដើមឆ្នាំ២០១១
ដោយ សួន សុផល មុន្នី
2010-12-15
អាជ្ញាធរ ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវថៃ បានជួបពិភាក្សាគ្នាដើម្បីឈានទៅរកការបើកច្រកអន្តរជាតិថ្មីមួយ ទៀត នៅដើមឆ្នាំ២០១១។ដោយ សួន សុផល មុន្នី |
ច្រកព្រំដែនកម្ពុជា-ថៃ នៅក្រុងប៉ោយប៉ែត |
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន បានមានប្រសាសន៍នៅថ្ងៃពុធ ទី១៥ ខែធ្នូថា ភាគីកម្ពុជា និងភាគីថៃ កាលពីល្ងាចថ្ងៃអង្គារ ទី១៤ ខែធ្នូ បានជួបគ្នានៅស្រុកអារ៉ាញ់ ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិភាក្សាលើបញ្ហាបើកច្រកទ្វារថ្មីមួយ ដែលមានឈ្មោះថា ច្រកទ្វារស្ទឹងបទ នៅក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត ៖ «យើង បានប្រជុំគ្នាជាមួយសមាសភាពដែលពាក់ព័ន្ធច្រើនចូលរួម ដើម្បីអនុវត្តនូវការព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីទាំងពីរ នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដមនាយករដ្ឋមន្ត្រីថៃ ដែលបានជួបគ្នាតាំងពីនៅសហរដ្ឋអាមេរិក ហើយខិតខំដើម្បីជំរុញឲ្យមានការបើកច្រកស្ទឹងបទ»។
លោកអភិបាលខេត្តបានបន្តថា ការជុំគ្នានេះ រវាងភាគីកម្ពុជា-ថៃ គឺបានធ្វើឡើងជាលើកទី៣ហើយ នៅក្រោយកិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០១០ ភាគីទាំងពីរបានចុះទៅពិនិត្យមើលទីតាំង ដែលមានគម្រោងបើកច្រក ទាំងនៅក្នុងទឹកដីថៃ និងទឹកដីកម្ពុជា ៖ «ក្រោយពីបានពិនិត្យ មើល យើងបានឯកភាពគ្នាប្រគល់ការងារហ្នឹងឲ្យគណៈកម្មការទាំងសងខាង រវាងភាគីថៃ-កម្ពុជា លោក ចុះពិនិត្យផ្នែកបច្ចេកទេស គេចាប់ផ្តើមដំណើរការពីពេលឥឡូវទៅ សិក្សារហូតដល់ខែ៤ ខែ៥ ឆ្នាំ២០១១»។
ការបើកច្រកទ្វារអន្តរជាតិថ្មី គឺត្រូវធ្វើឡើងចំភូមិស្ទឹងបទ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្ជាប់ទៅស្រុកអារ៉ាញ់ ខេត្តស្រះកែវ ប្រទេសថៃ ប្រយោជន៍ដើម្បីបញ្ចៀសរថយន្តដឹកទំនិញធំៗ និង របរស៊ីឈ្នួលអូសរទេះរបស់ពលករខ្មែរ ចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលកំពុងដំណើរការសព្វថ្ងៃ។
លោក ហេង ចាយ ក្រុមហ៊ុននាគក្រហមដឹកជញ្ជូននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានថ្លែងថាការបើកច្រកទ្វារស្ទឹងបទថ្មី សម្រាប់ដឹកទំនិញឆ្លងកាត់ និងការរក្សាច្រកទ្វារទេសចរណ៍ដាច់ដោយឡែកពីគ្នា គឺជារឿងល្អ ៖ «ការណ៍ ដែលយើងទៅទទួលភ្ញៀវ ភ្ញៀវទេសចរណ៍ចូលមក មើលទៅឃើញស្រឡះល្អ ដ៏អ៊ីចឹងមានភាពរញ៉េរញ៉ៃដូចមុន ឡានទំនិញទៅមួយចំហៀងទៅ ភ្ញៀវទេសចរណ៍ចូលមួយចំហៀង អ៊ីចឹងល្អហ្មង»។
ក្រុមមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានកត់សម្គាល់ថា ស្ថានភាពនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បច្ចុប្បន្នមិនមានសោភណភាពល្អសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ទេ ដោយសារមានរថយន្តធំៗដឹកទំនិញឆ្លងកាត់។
លោក ដួង វិបុល មន្ត្រីព័ត៌មានទេសចរណ៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានមានប្រសាសន៍ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ក្នុងការព្រមព្រៀងគ្នាបើកច្រកទ្វារអន្តរជាតិថ្មីនេះ គឺអាចជួយលើកមុខមាត់ប្រទេសទាំងពីរថែមទៀត ៖ «អ៊ីចឹងវាបង្ក ភាពងាយស្រួលណាស់សម្រាប់ភ្ញៀវទេសចរណ៍ ចេញចូល ដោយអត់មានភាពកកស្ទះ ឥឡូវនេះឃើញមានឡានកុងតឺន័រធំៗ ស៊ីម៉ង់ក៏ដោយ ទំនិញអីផ្សេងៗ ក៏ដោយរត់អូសអីវ៉ាន់អីតូចតាចក៏ដោយ ច្រកហ្នឹងវាតូចអញ្ចឹង វាធ្វើឲ្យប៉ះពាល់សោភណភាពទេសចរណ៍»។
តំណាងក្រុមហ៊ុនឯកជនមួយ ដែលមានរថយន្តដឹកទំនិញឆ្លងកាត់ឆ្លងកាត់អន្តរជាតិប៉ោយប៉ែត ជារៀងរាល់ថ្ងៃ ពីទឹកដីថៃមកកម្ពុជា និងដឹកទំនិញពីកម្ពុជា ឆ្លងចូលថៃបានថ្លែងថា ផែនការបើកច្រកទ្វារស្ទឹងបទថ្មី ជិតច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ អាចផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញផ្សេងៗ របស់រថយន្តក្រុមហ៊ុនថែមទៀត ៖ «ទៅខាងណាក៏បានដែរ ឆ្លងកាត់ដូចតែគ្នា អត់មានបញ្ហាអីផង ទៅផ្លូវខាងហ្នឹងវាជិតដូចតែគ្នា»។
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ឲ្យដឹងថា គម្រោងការបើកច្រកទ្វារអន្តរជាតិស្ទឹងបទថ្មីនេះ ក្រុមការងារបច្ចេកទេសរបស់ប្រទេសទាំងពីរកម្ពុជា-ថៃ បានចាប់ផ្ដើមធ្វើការសិក្សា ហើយនិងចាប់ផ្ដើមដំណើរការសាងសង់ជាផ្លូវការនៅអំឡុងខែឧសភា ឆ្នាំ២០១១ ខាងមុខនេះ៕
Tuesday, December 14, 2010
រាជបណ្ឌិតសភាស្រាវជ្រាវវប្បធម៌ខ្មែរសុរិន្ទ
ការបង្ហាញនេះ ត្រូវបានធ្វើឡើងដោយសមាគមភាសា និងវប្បធម៌ខ្មែរសុរិន្ទ តាមការអញ្ជើញរបស់មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិតសភាកម្ពុជា នៅក្នុងសិក្ខាសាលាមួយ ក្រោមប្រធានបទ "វប្បធម៌ខ្មែរសុរិន្ទ" ដែលឧបត្ថម្ភដោយមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់។
ក្នុងសិក្ខាសាលាស្ដីពី "វប្បធម៌ខ្មែរសុរិន្ទ" ប្រធានសមាគមភាសា និងវប្បធម៌ខ្មែរសុរិន្ទ គឺលោក ជ័យ មង្គល ដែលជាអ្នកដឹកនាំប្រតិភូខ្មែរសុរិន្ទមកចូលរួម បានបង្ហាញអំពីការងារខិតខំរបស់លោក ក្នុងការថែរក្សាវប្បធម៌ខ្មែរសុរិន្ទ ដែលមានដូចជា សិល្បៈ និងទំនៀមទម្លាប់ខ្មែរបុរាណមួយចំនួន ដែលមាននៅក្នុងខេត្តសុរិន្ទ ដោយការស្រាវជ្រាវសាស្ត្រាស្លឹករឹត និងការបង្រៀនអក្សរខ្មែរ ៖ "ឆ្នាំ ហ្នឹងខ្ញុំបានចាប់ផ្ដើមបង្ហាត់អក្សរខ្មែរឱ្យកូនក្មេង ប្រជាជននៅក្នុងខេត្តសុរិន្ទ ព្រោះខ្ញុំឃើញថា ពីមុនយើងមានភាសា ដោយសារយើងអត់មានការបង្ហាត់បង្រៀននៅក្នុងសាលារៀន ចាប់ពីថ្នាក់កុមារដ្ឋាន ដូចថាបឋមសិក្សា ដូច្នេះយូរៗទៅវាបាត់"។
ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី និងជាអគ្គលេខាធិការរបស់រាជបណ្ឌិតសភាកម្ពុជា លោក ស៊ុំ ឈុំប៊ុន មានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាការសម្រេចបំណងមួយនៃការសិក្សាស្រាវជ្រាវអំពីវប្បធម៌ខ្មែរ សុរិន្ទ ៖ "យើងសុំសរសើរបងប្អូនខ្មែរសុរិន្ទយើង ដែលរាប់រយរាប់ពាន់ឆ្នាំហើយៗ រហូតមកដល់ពេលនេះ នៅតែខិតខំរក្សាមត៌ក លើកស្ទួយមត៌កវប្បធម៌ទាំងខាងភាសា ទាំងខាងប្រពៃណីទំនៀមទម្លាប់ និងសិល្បៈជាដើម ឱ្យបាននៅគងវង់។ ការណ៍នេះបំណងរបស់យើង គឺយើងខិតខំធ្វើការស្រាវជ្រាវនូវអ្វីដែលជាមត៌កនេះ យកមកកត់ចម្លង ចងក្រងជាក្បួន ជាឯកសារតម្កល់ទុក ដើម្បីឱ្យមានអត្ថិភាពឋិតថេរគងវង់តទៅ"។
ក្រៅពីការបង្ហាញអំពីការខិតខំនៅក្នុងការងារអភិរក្សភាសា វប្បធម៌ និងការស្រាវជ្រាវសស្ត្រាស្លឹករឹត លោក ជ័យ មង្គល ក៏បានដឹកនាំក្រុមសិល្បករតន្ត្រីកន្រ្ទឹមខ្មែរសុរិន្ទ មកប្រគំបង្ហាញនៅក្នុងសិក្ខាសាលាផងដែរ ដោយលោកមានប្រសាសន៍ថា វប្បធម៌គឺចងភ្ជាប់ជាមួយសិល្បៈ។
លោក ជ័យ មង្គល ថ្លែងបញ្ជាក់ថា ខេត្តសុរិន្ទ គឺជាតំបន់ចុងក្រោយសម្រាប់អភិរក្សវប្បធម៌ និងអារ្យខ្មែរសុរិន្ទ ហើយការដែលលោកអញ្ជើញមកបង្ហាញអំពីវប្បធម៌ខ្មែរសុរិន្ទនេះ ក្រៅពីបំណងឱ្យរាជបណ្ឌិតសភាចងក្រងរក្សាទុក លោកក៏មានបំណងចង់ឱ្យខ្មែរនៅប្រទេសកម្ពុជា ជួយក្នុងការអភិរក្សវប្បធម៌ខ្មែរសុរិន្ទ៕
Sunday, December 12, 2010
យុវជនថៃ៖ កសាងសន្តិភាពដោយពុំចាំបាច់ឆ្លងកាត់សង្គ្រាម
ដោយ ឡេង ម៉ាលី
2010-12-12
សន្តិភាពត្រូវបានបញ្ញវន្តខ្លះនិយាយថា ជាផ្លូវវែងឆ្ងាយមួយសម្រាប់យើងទាំងអស់គ្នា។ ការកសាងឱ្យមានសន្តិភាព គឺជាការលំបាកមួយទៀត ហើយមានឧបសគ្គច្រើន ព្រោះតែកត្តានយោបាយ វប្បធម៌ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និងសង្គម។
ក្នុងរយៈពេល ២ថ្ងៃ គឺពីថ្ងៃទី១០ ដល់១១ ខែធ្នូ មានបញ្ញវន្ត យុវជន និងអ្នកធ្វើការពាក់ព័ន្ធនឹងយុវជនចំនួនជាង ៤០នាក់មកពីវៀតណាម ថៃ និងកម្ពុជា បានជួបគ្នានៅរាជធានីភ្នំពេញ ពិភាក្សាគ្នារកវិធីរៀនសូត្រមួយ ដើម្បីឱ្យយុវជនបានយល់ដឹងអំពីដំណើរការកសាងសន្តិភាព។
នាយកប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍធនធានយុវជន (YRDP) លោក ជាង សុខា ថ្លែងថា ការជួបជុំគ្នានេះ បានធ្វើឡើងដោយក្រុមការងារកម្ពុជា ដើម្បីសន្តិភាពមួយ ដែលមានចម្រុះអង្គការសមាគមក្នុងសង្គមស៊ីវិល និងបុគ្គលឯកជននិយមសន្តិភាព។ លោក ជាង សុខា មានប្រសាសន៍ថា ការជួបជុំគ្នានេះ គឺជាការជួបពិភាក្សាគ្នា និងរៀនសូត្រពីទស្សនៈយុទ្ធសាស្ត្ររបស់បញ្ញវន្តខ្មែរ-ថៃ និងវៀតណាម ចំនួន១៤រូប អំពីដំណើរការកសាងសន្តិភាពនៅក្នុងតំបន់តាមទន្លេមេគង្គ ដោយផ្អែកលើវិស័យចំនួនប្រាំ ៖ "ប្រធានបទដែលយើងជជែកសំខាន់នោះ ទាក់ទងអំពីវិស័យសេដ្ឋកិច្ច នយោបាយ ប្រវត្តិសាស្ត្រ វប្បធម៌ សង្គម ហើយនិងសិទ្ធិមនុស្ស ថាតើវិស័យទាំង៥ នេះ វាមានឥទ្ធិពលជាវិជ្ជមាន អវិជ្ជមានយ៉ាងដូចម្ដេច ទៅលើការខិតខំ និងប្រឹងប្រែង ដើម្បីឱ្យមានសន្តិភាពនៅក្នុងតំបន់ ហើយជាពិសេសថាតើវិស័យទាំង៥ ហ្នឹង វាមានផលប៉ះពាល់យ៉ាងម៉េច បើសិនជាតួអង្គយុវជនដើរតួនៅក្នុងដំណើរការកសាងសន្តិភាព"។
ក្នុងចំណោមបញ្ញវន្ត ១៤រូប គឺមានខ្មែរចំនួន ៥រូប ថៃ ៥រូប និងវៀតណាមចំនួន៤ បានមើលឃើញថា យុវជនជាតួអង្គប្រសើរបំផុត ក្នុងការបណ្ដុះបណ្ដាលអំពីការកសាងសន្តិភាពនៅក្នុងតំបន់។
ទាក់ទងនឹងដំណើរការកសាងសន្តិភាពក្នុងវិស័យប្រវត្តិសាស្ត្រ ដែលមានភាពខុសប្លែកគ្នារវាងប្រទេសមួយ ទៅប្រទេសមួយ ត្រូវបានអ្នកវិភាគនយោបាយឯករាជ្យកម្ពុជាមួយរូប គឺលោកស្រី ជា វណ្ណាត មានទស្សនៈថា ចំណុចទីមួយ គឺអ្នកកសាងសន្តិភាព ត្រូវតែហ៊ាននិយាយការពិត បើទោះជាប្រវត្តិសាស្ត្រមានលក្ខណៈយ៉ាងណាក៏ដោយ។ ចំពោះប្រវត្តិសាស្ត្រកន្លងមក ក្រុមបញ្ញវន្តរបស់លោកស្រីយល់ឃើញថា មាននិយាយតែពីរឿងសង្គ្រាមចាញ់ឈ្នះ ដណ្ដើមទឹកដីគ្នា គឺមិនសូវបាននិយាយពីទំនាក់ទំនងសហការគ្នាល្អរវាងពលរដ្ឋពី ប្រទេសមួយ ទៅប្រទេសមួយទៀតទេ។ ព្រោះតែហេតុនេះហើយ ទើបនៅក្នុងការរៀបចំការអប់រំបណ្ដុះបណ្ដាលយុវជនអំពីសន្តិភាពនឹង និយាយអំពីការទំនាក់ទំនងល្អ រវាងពលរដ្ឋពីប្រទេសមួយ ទៅប្រទេសមួយទៀត ដោយការប្រកាន់ខ្ជាប់សច្ចធម៌ គឺមិនកាឡៃការពិតទេ ៖ "យុវវ័យហ្នឹងធ្វើយ៉ាងណាឱ្យមានស្មារតីធំទូលំទូលាយ ចេះយល់គ្នាទៅវិញទៅមក ហើយទទួលយកអ្វីដែលជាការពិតហ្នឹង ដោយការយោគយល់គ្នា។ ប្រវត្តិសាស្ត្រកើតឡើងនៅក្នុងសម័យណាក៏ដោយ វាមានមូលហេតុផ្សេងៗ ដែលធ្វើឱ្យហេតុការហ្នឹងកើតឡើងអ៊ីចឹង។ ធ្វើយ៉ាងណាឱ្យអ្នកជំនាន់ក្រោយហ្នឹង ខិតខំថែរក្សាមិត្តភាពហ្នឹងឱ្យមានអាយុយូរលង់ ហើយបើមានទំនាស់អីសុំចៀសវៀងកុំប្រើកម្លាំងបាយ កុំប្រើកំហឹង កុំប្រើកម្លាំងទ័ព"។
បញ្ញវន្តកម្ពុជាមួយរូបទៀត គឺលោក ឱក សិរីសុភ័ក្រ ដែលជាអ្នកប្រឹក្សាឯករាជ្យ មានប្រសាសន៍អំពីការកសាងសន្តិភាព និងប្រវត្តិសាស្ត្រថា យើងមិនអាចផ្លាស់ប្ដូរប្រវត្តិសាស្ត្របានទេ ហើយយើងត្រូវរស់នៅជាមួយប្រវត្តិសាស្ត្រទាំងវិជ្ជមាន និងអវិជ្ជមាន។ ក៏ប៉ុន្តែលោកគិតថា យើងអាចរៀនសូត្រពីប្រវត្តិសាស្ត្រ ដើម្បីរស់នៅក្នុងសន្តិភាពឱ្យបានច្រើនបំផុត ដើម្បីកសាងអនាគតល្អប្រសើរ ៖ "តើនរណាអាចធ្វើកិច្ចការនេះបានប្រសើរជាងយុវជន? ខ្ញុំគិតថា មនុស្សជំនាន់ចាស់ត្រូវទទួលស្គាល់កំហុសរបស់ខ្លួនពីអតីតកាលដោយ សុទ្ធចិត្ត ហើយគាំទ្រយុវជនជំនាន់ក្រោយ ឱ្យធ្វើការរួមគ្នា ឆ្លងព្រំដែននៅក្នុងតំបន់ ដើម្បីកសាងសន្តិភាព។ ខ្ញុំគិតថា នៅក្នុងសម័យសកលភាវូបនីយកម្ម ខ្ញុំគិតថាមិនត្រូវមានព្រំដែនលើរាងកាយទេ។ យើងរស់នៅក្នុងភាពប្រឈមនឹងវប្បធម៌ចម្រុះ ដូច្នេះហើយ យុវជនត្រូវសម្លឹងទៅអនាគត មិនមែនសម្លឹងទៅប្រវត្តិសាស្ត្រខាងក្រោយទេ។ ខ្ញុំជឿជាក់ថា មនុស្សយើងមានភាពវៃឆ្លាតគ្រប់គ្រាន់ ដើម្បីសម្របខ្លួនរស់នៅជាមួយគ្នាបាន ទៅតាមការលូតលាស់សេដ្ឋកិច្ច តាមការអភិរក្សបរិស្ថាន ក៏ប៉ុន្តែក្នុងផ្លូវសន្តិភាព។
នៅក្នុងវិស័យសេដ្ឋកិច្ចវិញ ប្រទេសកម្ពុជាកំពុងទទួលការវិនិយោគទុនជាច្រើនមុខពីក្រុមហ៊ុន បរទេស។ ការវិនិយោគរបស់វៀតណាមខ្លះ ត្រូវបានគេមើលឃើញថា បានធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋកម្ពុជាមួយចំនួន និងនាំឱ្យគ្មានសន្តិភាពក្នុងចិត្ត។ ទាក់ទងនឹងបញ្ហានេះ បញ្ញវន្តមកពីវៀតណាម លោកស្រី តូ ធីបៃ (To Thi Bay) ថ្លែងថា នេះជាបញ្ហាសកលភាវូបនីយកម្ម។ វាមិនមែនមានតែនៅកម្ពុជាទេ វៀតណាមក៏មានបញ្ហាជាមួយក្រុមហ៊ុនបរទេសដែរ លោកស្រី តូ ធីបៃ ថ្លែងបញ្ជាក់ដូច្នេះ ៖ "តាមកម្រិតយល់ដឹងរបស់ខ្ញុំ សកលភាវូបនីយកម្ម បញ្ហាពាណិជ្ជកម្មមិនមែនរវាងវិស័យរដ្ឋ និងរដ្ឋប៉ុណ្ណោះទេ ក៏ប៉ុន្តែទាក់ទងនឹងវិស័យឯកជនដែរ។ តើនរណាអាចគ្រប់គ្រងរឿងនេះបាន? យើងនៅក្នុងកិច្ចពិភាក្សានេះ យើងអ្នកនៅថ្នាក់ក្រោម អ្វីដែលយើងអាចធ្វើបាន គឺយើងគ្រាន់តែអាចរៀនសូត្រឱ្យបានយល់ដឹង ក៏ប៉ុន្តែការសម្រេចចិត្តមិនមែននៅក្នុងដៃរបស់យើងទេ។ យើងអាចមើលឃើញថា ការវិនិយោគ គឺមានទាំងល្អ និងអាក្រក់។ ដូច្នេះ យើងត្រូវរៀនសូត្រពីចំណុចល្អ និងអាក្រក់នោះ ហើយរកដំណោះស្រាយកាត់បន្ថយផលអាក្រក់នោះ"។
ចំពោះបញ្ហានយោបាយ និងវប្បធម៌រវាងកម្ពុជា និងថៃវិញ ដែលមានជម្លោះនឹងគ្នាអំពីរឿងព្រំដែន ត្រូវបានសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅទីក្រុងបាងកក លោក ឆានវីត កាស៊ើតស៊ីរិ (Charnvit Kasertsiri) មានប្រសាសន៍ថា ដំណើរការកសាងសន្តិភាព គឺការយល់គ្នា។ ជារៀងរាល់ឆ្នាំ លោកតែងនាំសិស្សរបស់លោកទៅទស្សនាប្រាសាទបុរាណបី គឺទី១ ប្រាសាទភ្នំរូង ក្នុងប្រទេសថៃ, ប្រាសាទព្រះវិហារនៅកម្ពុជា និងវត្តភូ ប្រទេសឡាវ ព្រោះប្រាសាទទាំងបីនេះទាក់ទងគ្នា។ លោកថ្លែងថា ការបង្ហាញពីតំបន់ទាំងនេះ សិស្សរបស់លោកអាចយល់បានច្រើនពីប្រវត្តិសាស្ត្រលាវ និងកម្ពុជា ៖ "ដូច្នេះ ដើម្បីដោះស្រាយបញ្ហានៃប្រទេសទាំងពីរ យើងត្រូវការចេតនាល្អពីប្រទេសទាំងពីរ។ ជាធម្មតា បញ្ហាបែបនេះ មិនមែនចាប់ផ្ដើមឡើងដោយពលរដ្ឋធម្មតានៅខេត្តស៊ីសាកេត ឬខេត្តព្រះវិហារទេ គឺវាចាប់ផ្ដើមឡើងនៅទីក្រុង អាចនៅបាងកក ឬភ្នំពេញ។ ដូច្នេះ អ្វីដែលយើងត្រូវការ គឺការអប់រំអ្នកដឹកនាំយើងឱ្យមានការគិតគូរជាវិជ្ជមាន ហើយរស់នៅក្នុងសន្តិភាពទាំងអស់គ្នា។ ហេតុនេះហើយបានជាយើងមកជួបជុំគ្នានៅភ្នំពេញ ហើយពិភាក្សាគ្នាក្នុងចំណោមមិត្តបញ្ញវន្ត ធ្វើម៉េចឱ្យមានកម្មវិធីល្អសម្រាប់ការអប់រំអំពីដំណើរការរៀន សូត្រសម្រាប់យុវជន"។
នាយកប្រតិបត្តិកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោក ជាង សុខា ថ្លែងឱ្យដឹងថា ក្រោយជំនួបបញ្ញវន្តនេះ សេចក្ដីព្រាងកម្មវិធីបណ្ដុះបណ្ដាលយុវជនអំពីដំណើរការរៀនសូត្រមួយ ត្រូវបានធ្វើឡើងដើម្បីប្រើប្រាស់រួមគ្នាក្នុងចំណោមយុវជនកម្ពុជា ថៃ និងវៀតណាម ដើម្បីកសាងសន្តិភាពនៅក្នុងប្រទេសទាំងបីនេះ៕