Sunday, December 12, 2010

យុវជន​ថៃ៖ កសាង​សន្តិភាព​ដោយ​ពុំ​ចាំបាច់​ឆ្លង​កាត់​សង្គ្រាម

2010-12-12

សន្តិភាព​ត្រូវ​បាន​បញ្ញវន្ត​ខ្លះ​និយាយ​ថា ជា​ផ្លូវ​វែង​ឆ្ងាយ​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា។ ការ​កសាង​ឱ្យ​មាន​សន្តិភាព គឺ​ជា​ការ​លំបាក​មួយ​ទៀត ហើយ​មាន​ឧបសគ្គ​ច្រើន ព្រោះ​តែ​កត្តា​នយោបាយ វប្បធម៌ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និង​សង្គម។

ក្នុង​រយៈ​ពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១០ ដល់​១១ ខែ​ធ្នូ មាន​បញ្ញវន្ត យុវជន និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​យុវជន​ចំនួន​ជាង ៤០​នាក់​មក​ពី​វៀតណាម ថៃ និង​កម្ពុជា បាន​ជួប​គ្នា​នៅ​រាជធានី​ភ្នំពេញ ពិភាក្សា​គ្នា​រក​វិធី​រៀន​សូត្រ​មួយ ដើម្បី​ឱ្យ​យុវជន​បាន​យល់​ដឹង​អំពី​ដំណើរ​ការ​កសាង​សន្តិភាព។

នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អភិវឌ្ឍ​ធន​ធាន​យុវជន (YRDP) លោក ជាង សុខា ថ្លែង​ថា ការ​ជួប​ជុំ​គ្នា​នេះ បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ការ​ងារ​កម្ពុជា ដើម្បី​សន្តិភាព​មួយ ដែល​មាន​ចម្រុះ​អង្គការ​សមាគម​ក្នុង​សង្គម​ស៊ីវិល និង​បុគ្គល​ឯក​ជន​និយម​សន្តិភាព។ លោក ជាង សុខា មាន​ប្រសាសន៍​ថា ការ​ជួប​ជុំ​គ្នា​នេះ គឺ​ជា​ការ​ជួប​ពិភាក្សា​គ្នា និង​រៀន​សូត្រ​ពី​ទស្សនៈ​យុទ្ធ​សាស្ត្រ​របស់​បញ្ញវន្ត​ខ្មែរ-ថៃ និង​វៀតណាម ចំនួន​១៤​រូប អំពី​ដំណើរ​ការ​កសាង​សន្តិភាព​នៅ​ក្នុង​តំបន់​តាម​ទន្លេ​មេគង្គ ដោយ​ផ្អែក​លើ​វិស័យ​ចំនួន​ប្រាំ ៖ "ប្រធាន​បទ​ដែល​យើង​ជជែក​សំខាន់​នោះ ទាក់​ទង​អំពី​វិស័យ​សេដ្ឋកិច្ច នយោបាយ ប្រវត្តិសាស្ត្រ វប្បធម៌ សង្គម ហើយ​និង​សិទ្ធិ​មនុស្ស ថា​តើ​វិស័យ​ទាំង​៥ នេះ វា​មាន​ឥទ្ធិពល​ជា​វិជ្ជមាន អវិជ្ជមាន​យ៉ាង​ដូច​ម្ដេច ទៅ​លើ​ការ​ខិតខំ និង​ប្រឹង​ប្រែង ដើម្បី​ឱ្យ​មាន​សន្តិភាព​នៅ​ក្នុង​តំបន់ ហើយ​ជា​ពិសេស​ថា​តើ​វិស័យ​ទាំង​៥ ហ្នឹង វា​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ម៉េច បើ​សិន​ជា​តួ​អង្គ​យុវជន​ដើរ​តួ​នៅ​ក្នុង​ដំណើរ​ការ​កសាង​សន្តិភាព"

ក្នុង​ចំណោម​បញ្ញវន្ត ១៤​រូប គឺ​មាន​ខ្មែរ​ចំនួន ៥​រូប ថៃ ៥​រូប និង​វៀតណាម​ចំនួន​៤ បាន​មើល​ឃើញ​ថា យុវជន​ជា​តួ​អង្គ​ប្រសើរ​បំផុត ក្នុង​ការ​បណ្ដុះ​បណ្ដាល​អំពី​ការ​កសាង​សន្តិភាព​នៅ​ក្នុង​តំបន់។

ទាក់​ទង​នឹង​ដំណើរ​ការ​កសាង​សន្តិភាព​ក្នុង​វិស័យ​ប្រវត្តិសាស្ត្រ ដែល​មាន​ភាព​ខុស​ប្លែក​គ្នា​រវាង​ប្រទេស​មួយ ទៅ​ប្រទេស​មួយ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​កម្ពុជា​មួយ​រូប គឺ​លោក​ស្រី ជា វណ្ណាត មាន​ទស្សនៈ​ថា ចំណុច​ទី​មួយ គឺ​អ្នក​កសាង​សន្តិភាព ត្រូវ​តែ​ហ៊ាន​និយាយ​ការ​ពិត បើ​ទោះ​ជា​ប្រវត្តិសាស្ត្រ​មាន​លក្ខណៈ​យ៉ាង​ណា​ក៏​ដោយ។ ចំពោះ​ប្រវត្តិសាស្ត្រ​កន្លង​មក ក្រុម​បញ្ញវន្ត​របស់​លោក​ស្រី​យល់​ឃើញ​ថា មាន​និយាយ​តែ​ពី​រឿង​សង្គ្រាម​ចាញ់​ឈ្នះ ដណ្ដើម​ទឹក​ដី​គ្នា គឺ​មិន​សូវ​បាន​និយាយ​ពី​ទំនាក់​ទំនង​សហការ​គ្នា​ល្អ​រវាង​ពល​រដ្ឋ​ពី​ ប្រទេស​មួយ ទៅ​ប្រទេស​មួយ​ទៀត​ទេ។ ព្រោះ​តែ​ហេតុ​នេះ​ហើយ ទើប​នៅ​ក្នុង​ការ​រៀបចំ​ការ​អប់រំ​បណ្ដុះ​បណ្ដាល​យុវជន​អំពី​សន្តិភាព​នឹង​ និយាយ​អំពី​ការ​ទំនាក់​ទំនង​ល្អ រវាង​ពល​រដ្ឋ​ពី​ប្រទេស​មួយ ទៅ​ប្រទេស​មួយ​ទៀត ដោយ​ការ​ប្រកាន់​ខ្ជាប់​សច្ចធម៌ គឺ​មិន​កាឡៃ​ការ​ពិត​ទេ ៖ "យុវវ័យ​ហ្នឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ស្មារតី​ធំ​ទូលំ​ទូលាយ ចេះ​យល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទទួល​យក​អ្វី​ដែល​ជា​ការ​ពិត​ហ្នឹង ដោយ​ការ​យោគ​យល់​គ្នា។ ប្រវត្តិសាស្ត្រ​កើត​ឡើង​នៅ​ក្នុង​សម័យ​ណា​ក៏​ដោយ វា​មាន​មូលហេតុ​ផ្សេងៗ ដែល​ធ្វើ​ឱ្យ​ហេតុ​ការ​ហ្នឹង​កើត​ឡើង​អ៊ីចឹង។ ធ្វើ​យ៉ាង​ណា​ឱ្យ​អ្នក​ជំនាន់​ក្រោយ​ហ្នឹង ខិតខំ​ថែ​រក្សា​មិត្តភាព​ហ្នឹង​ឱ្យ​មាន​អាយុ​យូរ​លង់ ហើយ​បើ​មាន​ទំនាស់​អី​សុំ​ចៀស​វៀង​កុំ​ប្រើ​កម្លាំង​បាយ កុំ​ប្រើ​កំហឹង កុំ​ប្រើ​កម្លាំង​ទ័ព"

បញ្ញវន្ត​កម្ពុជា​មួយ​រូប​ទៀត គឺ​លោក ឱក សិរីសុភ័ក្រ ដែល​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ មាន​ប្រសាសន៍​អំពី​ការ​កសាង​សន្តិភាព និង​ប្រវត្តិសាស្ត្រ​ថា យើង​មិន​អាច​ផ្លាស់​ប្ដូរ​ប្រវត្តិសាស្ត្រ​បាន​ទេ ហើយ​យើង​ត្រូវ​រស់​នៅ​ជា​មួយ​ប្រវត្តិសាស្ត្រ​ទាំង​វិជ្ជមាន និង​អវិជ្ជមាន។ ក៏​ប៉ុន្តែ​លោក​គិត​ថា យើង​អាច​រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ ដើម្បី​រស់​នៅ​ក្នុង​សន្តិភាព​ឱ្យ​បាន​ច្រើន​បំផុត ដើម្បី​កសាង​អនាគត​ល្អ​ប្រសើរ ៖ "តើ​នរណា​អាច​ធ្វើ​កិច្ច​ការ​នេះ​បាន​ប្រសើរ​ជាង​យុវជន? ខ្ញុំ​គិត​ថា មនុស្ស​ជំនាន់​ចាស់​ត្រូវ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ពី​អតីត​កាល​ដោយ​ សុទ្ធ​ចិត្ត ហើយ​គាំទ្រ​យុវជន​ជំនាន់​ក្រោយ ឱ្យ​ធ្វើ​ការ​រួម​គ្នា ឆ្លង​ព្រំដែន​នៅ​ក្នុង​តំបន់ ដើម្បី​កសាង​សន្តិភាព។ ខ្ញុំ​គិត​ថា នៅ​ក្នុង​សម័យ​សកល​ភាវូបនីយកម្ម ខ្ញុំ​គិត​ថា​មិន​ត្រូវ​មាន​ព្រំដែន​លើ​រាង​កាយ​ទេ។ យើង​រស់​នៅ​ក្នុង​ភាព​ប្រឈម​នឹង​វប្បធម៌​ចម្រុះ ដូច្នេះ​ហើយ យុវជន​ត្រូវ​សម្លឹង​ទៅ​អនាគត មិន​មែន​​សម្លឹង​ទៅ​ប្រវត្តិសាស្ត្រ​ខាង​ក្រោយ​ទេ។ ខ្ញុំ​ជឿ​ជាក់​ថា មនុស្ស​យើង​មាន​ភាព​វៃ​ឆ្លាត​គ្រប់​គ្រាន់ ដើម្បី​សម្រប​ខ្លួន​រស់​នៅ​ជា​មួយ​គ្នា​បាន ទៅ​តាម​ការ​លូត​លាស់​សេដ្ឋកិច្ច តាម​ការ​អភិរក្ស​បរិស្ថាន ក៏​ប៉ុន្តែ​ក្នុង​ផ្លូវ​សន្តិភាព។

នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​វិញ ប្រទេស​កម្ពុជា​កំពុង​ទទួល​ការ​វិនិយោគ​ទុន​ជា​ច្រើន​មុខ​ពី​ក្រុមហ៊ុន​ បរទេស។ ការ​វិនិយោគ​របស់​វៀតណាម​ខ្លះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ជីវភាព​ពល​រដ្ឋ​កម្ពុជា​មួយ​ចំនួន និង​នាំ​ឱ្យ​គ្មាន​សន្តិ​ភាព​ក្នុង​ចិត្ត។ ទាក់ទង​នឹង​បញ្ហា​នេះ បញ្ញវន្ត​មក​ពី​វៀតណាម លោក​ស្រី តូ ធី​បៃ (To Thi Bay) ថ្លែង​ថា នេះ​ជា​បញ្ហា​សកលភាវូបនីយកម្ម។ វា​មិន​មែន​មាន​តែ​នៅ​កម្ពុជា​ទេ វៀតណាម​ក៏​មាន​បញ្ហា​ជា​មួយ​ក្រុមហ៊ុន​បរទេស​ដែរ លោក​ស្រី តូ ធី​បៃ ថ្លែង​បញ្ជាក់​ដូច្នេះ ៖ "តាម​កម្រិត​យល់​ដឹង​របស់​ខ្ញុំ សកលភាវូបនីយកម្ម បញ្ហា​ពាណិជ្ជកម្ម​មិន​មែន​រវាង​វិស័យ​រដ្ឋ និង​រដ្ឋ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ទាក់​ទង​នឹង​វិស័យ​ឯកជន​ដែរ។ តើ​នរណា​អាច​គ្រប់គ្រង​រឿង​នេះ​បាន? យើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ យើង​អ្នក​នៅ​ថ្នាក់​ក្រោម អ្វី​ដែល​យើង​អាច​ធ្វើ​បាន គឺ​យើង​គ្រាន់​តែ​អាច​រៀន​សូត្រ​ឱ្យ​បាន​យល់​ដឹង ក៏​ប៉ុន្តែ​ការ​សម្រេច​ចិត្ត​មិន​មែន​នៅ​ក្នុង​ដៃ​របស់​យើង​ទេ។ យើង​អាច​មើល​ឃើញ​ថា ការ​វិនិយោគ គឺ​មាន​ទាំង​ល្អ និង​អាក្រក់។ ដូច្នេះ យើង​ត្រូវ​រៀន​សូត្រ​ពី​ចំណុច​ល្អ និង​អាក្រក់​នោះ ហើយ​រក​ដំណោះ​ស្រាយ​កាត់​បន្ថយ​ផល​អាក្រក់​នោះ"

ចំពោះ​បញ្ហា​នយោបាយ និង​វប្បធម៌​រវាង​កម្ពុជា និង​ថៃ​វិញ ដែល​មាន​ជម្លោះ​នឹង​គ្នា​អំពី​រឿង​ព្រំដែន ត្រូវ​បាន​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​ទី​ក្រុង​បាងកក លោក ឆានវីត កា​ស៊ើត​ស៊ីរិ (Charnvit Kasertsiri) មាន​ប្រសាសន៍​ថា ដំណើរ​ការ​កសាង​សន្តិភាព គឺ​ការ​យល់​គ្នា។ ជា​រៀង​រាល់​ឆ្នាំ លោក​តែង​នាំ​សិស្ស​របស់​លោក​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​បី គឺ​ទី​១ ប្រាសាទ​ភ្នំ​រូង ក្នុង​ប្រទេស​ថៃ, ប្រាសាទ​ព្រះវិហារ​នៅ​កម្ពុជា និង​វត្ត​ភូ ប្រទេស​ឡាវ ព្រោះ​ប្រាសាទ​ទាំង​បី​នេះ​ទាក់​ទង​គ្នា។ លោក​ថ្លែង​ថា ការ​បង្ហាញ​ពី​តំបន់​ទាំង​នេះ សិស្ស​របស់​លោក​អាច​យល់​បាន​ច្រើន​ពី​​ប្រវត្តិសាស្ត្រ​លាវ និង​កម្ពុជា ៖ "ដូច្នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៃ​ប្រទេស​ទាំង​ពីរ យើង​ត្រូវ​ការ​ចេតនា​ល្អ​ពី​ប្រទេស​ទាំង​ពីរ។ ជា​ធម្មតា បញ្ហា​បែប​នេះ មិន​មែន​ចាប់​ផ្ដើម​ឡើង​ដោយ​ពល​រដ្ឋ​ធម្មតា​នៅ​ខេត្ត​ស៊ី​សា​កេត ឬ​ខេត្ត​ព្រះវិហារ​ទេ គឺ​វា​ចាប់​ផ្ដើម​ឡើង​នៅ​ទី​ក្រុង អាច​នៅ​បាងកក ឬ​ភ្នំពេញ។ ដូច្នេះ អ្វី​ដែល​យើង​ត្រូវ​ការ គឺ​ការ​អប់រំ​អ្នក​ដឹក​នាំ​យើង​ឱ្យ​មាន​ការ​គិត​គូរ​ជា​វិជ្ជមាន ហើយ​រស់​នៅ​ក្នុង​សន្តិភាព​ទាំង​អស់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មក​ជួប​ជុំ​គ្នា​នៅ​ភ្នំពេញ ហើយ​ពិភាក្សា​គ្នា​ក្នុង​ចំណោម​មិត្ត​បញ្ញវន្ត ធ្វើ​ម៉េច​ឱ្យ​មាន​កម្មវិធី​ល្អ​សម្រាប់​ការ​អប់រំ​អំពី​ដំណើរ​ការ​រៀន​ សូត្រ​សម្រាប់​យុវជន"

នាយក​ប្រតិបត្តិ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា ថ្លែង​ឱ្យ​ដឹង​ថា ក្រោយ​ជំនួប​បញ្ញវន្ត​នេះ សេចក្ដី​ព្រាង​កម្មវិធី​បណ្ដុះ​បណ្ដាល​យុវជន​អំពី​ដំណើរ​ការ​រៀន​សូត្រ​មួយ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ប្រើ​ប្រាស់​រួម​គ្នា​ក្នុង​ចំណោម​យុវជន​កម្ពុជា ថៃ និង​វៀតណាម ដើម្បី​កសាង​សន្តិភាព​នៅ​ក្នុង​ប្រទេស​ទាំង​បី​នេះ៕

No comments:

Post a Comment