Sunday, December 5, 2010

ខ្មែរ​ក្រោម​សុំ​សេរីភាព​ពី​វៀតណាម

2010-11-14
ខណៈ​ដែល​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​គ្រោង​នឹង​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ ​មួយ​នៅ​ថ្ងៃ​ទី​១៦-១៧ វិច្ឆិកា នៅ​រាជ​ធានី​ភ្នំពេញ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន គ្រោង​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បើក​សិទ្ធិ​សេរីភាព​ជួន​ពល​រដ្ឋ​ខ្មែរ​​កម្ពុជា​ក្រោម។
Photo courtesy of preynokornews.blogspot.com
ប៉ូលិស​ខ្មែរ​វាយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី១៧ ធ្នូ ២០០៧
តំណាង​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​៩ គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ នៅ​ថ្ងៃ​ច័ន្ទ​ទី​១៥ វិច្ឆិកា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ផ្ដល់​សិទ្ធិ​សេរីភាព​ជួន​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​អតីត​កម្ពុជា​ក្រោម ដូច​ប្រជា​ពល​រដ្ឋ​វៀតណាម​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ដែរ។
ការ​គ្រោង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នេះ នៅ​ខណៈ​ដែល​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​លោក ង្វៀន តិន​យុង នឹង​មក​ប្រជុំ​លើក​ទី​៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម នៅ​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ វិច្ឆិកា។
ប្រធាន​មជ្ឈ​មណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម​លោក យន្ត ថារូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា​ថា ប្រជា​ពល​រដ្ឋ​វៀតណាម​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ រដ្ឋាភិបាល​ខ្មែរ​បាន​ផ្ដល់​សិទ្ធិ​ពេញ​លេញ​ជួន​ពួក​គេ ផ្ទុយ​ទៅ​វិញ ពល​រដ្ឋ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​អតីត​កម្ពុជា​ក្រោម ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​យួន​នោះ ត្រូវ​បាន​គេ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព និង​ធ្វើ​បាប​ទៅ​វិញ។
ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា លោក តាំង សារៈ បាន​លើក​ឡើង​ថា លោក​មិន​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ឬ​ធ្វើ​ញត្តិ​ដាក់​ជួន​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ទេ ដោយ​លោក​ចាត់​ទុក​លោក ង្វៀន តិន​យុង ជា​មនុស្ស​គរ ព្រោះ​ថា​កន្លង​មក លោក​ធ្លាប់​បាន​ដាក់​លិខិត​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​សុំ​បញ្ឈប់​ការ​គាប​សង្កត់ និង​រំលោភ​បំពាន​មក​លើ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​គេ​មិន​ដោះ​ស្រាយ​ជួន​នោះ​ទេ។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ស្ថាន​ទួត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ករណី​ខាង​លើ​នេះ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​១៤ វិច្ឆិកា​នេះ។
កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា គណ​បក្ស​សម​រង្ស៊ី​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ចំហ​មួយ​ផង​ដែរ ដោយ​ខ្លឹម​សារ​ក្នុង​លិខិត​នោះ បាន​សុំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​វៀតណាម ប្រើ​ប្រាស់​កិច្ច​ប្រជុំ​កម្ពុជា វៀតណាម ឡាវ និង​មីយ៉ាន់ម៉ា​នេះ ធ្វើ​យ៉ាង​ណា​បង្ហាញ​ពី​ជំហរ​របស់​ប្រទេស​វៀតណាម ក្នុង​ការ​គោរព​បូរណភាព​ទឹក​ដី អធិបតេយ្យភាព និង​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា ឲ្យ​ស្រប​ទៅ​តាម​គោល​ការណ៍ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។
មន្ត្រី​នាំ​ពាក្យ​ស្ដីទី​នៃ​គណ​បក្ស​សម​រង្ស៊ី លោក គីម សួភីរិទ្ធ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា ពិនិត្យ​ឡើង​វិញ​នូវ​ការ​បោះ​តម្រុយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ថា​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កន្លង​មក បាន​បាត់​ដី​ស្រែ​ប្រជា​ពល​រដ្ឋ ដូច​ជា​ព្រំដែន​វៀតណាម-កម្ពុជា នៅ​ខែត្រ​កំពង់ចាម ខែត្រ​តាកែវ និង​ខែត្រ​ស្វាយ​រៀង​ជា​ដើម។
ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹម​ហុង បាន​បដិសេធ​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា​ថា ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម ពុំ​បាន​បាត់​ដី​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទេ។ លោក វ៉ា គឹម​ហុង បាន​បញ្ជាក់​ថា លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​រាល់​សកម្មភាព​ណា​មួយ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ពន្លឿន​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​នេះ។
ទោះ​ជា​យ៉ាង​ណា​លោក គីម សួភីរិទ្ធ បាន​លើក​ឡើង​ថា គណ​បក្ស​ប្រឆាំង​មិន​ទុក​ចិត្ត​ទៅ​លើ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ទេ ព្រោះ​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​នេះ ហាក់​បី​ដូច​ជា​មាន​រឿង​អាថ៌​កំបាំង​អ្វី​មួយ ដោយ​លោក​បញ្ជាក់​ថា បើ​សិន​គណៈ​គណៈកម្មាធិការ​នេះ​មាន​តម្លាភាព គេ​គួរ​តែ​បើក​ឲ្យ​សង្គម​ស៊ីវិល និង​តំណាង​រាស្ត្រ​ចូល​រួម​ត្រួត​ពិនិត្យ​ក្នុង​ការ​បោះ​តម្រុយ​ព្រំដែន​នោះ ព្រោះ​ថា​ជា​ទឹក​ដី​ខ្មែរ​ទាំ​អស់​គ្នា៕

No comments:

Post a Comment