Friday, January 14, 2011

អ្នក​កាសែត​ម្នាក់​រង​របួស​ក្នុង​ពេល​ក្រុមហ៊ុន​រុះ​រើ​ផ្ទះ​អ្នក​ភូមិ​នៅ​បឹងកក់

ដោយ អ៊ុក សាវបូរី
2011-01-14

សមត្ថកិច្ច​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូកាគូ អភិវឌ្ឍន៍​បឹងកក បាន​ប្រើ​កម្មករ​ប្រមាណ ៥០​នាក់ និង​អូប័រ ២​គ្រឿង បាន​នាំ​គ្នា​សម្រុក​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​២៤ ជា​ភូមិ​ស្ថិត​នៅ​លើ​ផ្ទៃ​ទឹក​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ មករា ឆ្នាំ​២០១១។

ក្នុង​ពេល​រុះរើ​នោះ អាជ្ញាធរ​ខណ្ឌ​ដូនពេញ និង​ក្រុមហ៊ុន​ស៊ូកាគូ បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ ១០០​នាក់ ដើម្បី​បង្ក្រាប​រាល់​ការ​តវ៉ា​ណា​មួយ​ពី​ប្រជាពលរដ្ឋ​នៅ​ទី​នោះ ព្រម​ទាំង​ក្រុម​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ ដែល​បាន​ថត​រូប​សកម្មភាព​រុះរើ​ផ្ទះ​ទាំង​នោះ។

អ្នក​កាសែត​វ័យ​ក្មេង​មួយ​រូប​រង​របួស​ស្រាល នៅ​ពេល​នគរបាល​ច្រើន​នាក់​របស់​អាជ្ញាធរ​ខណ្ឌ​ដូនពេញ និង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ក្រុមហ៊ុន​ស៊ូកាគូ ឆក់​យក​ម៉ាស៊ីន​ថត​ចំនួន ២​គ្រឿង នាំ​ឲ្យ​មាន​ការ​ប្រទាញប្រទង់​គ្នា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែ​មករា ឆ្នាំ​២០១១។

លោក សុវណ្ណ ភីឡុង អ្នក​ថត​រូប​ឲ្យ​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍ (Phnom Penh Post) ដែល​មាន​របួស​នៅ​ផ្ទៃ​មុខ បាន​អះអាង​ថា គាត់​បាន​ថត​យក​សកម្មភាព​នគរបាល​ដែល​ធ្វើការ​ហ៊ុម​ព័ទ្ធ​ផ្ទះ​ប្រជាពលរដ្ឋ​ភូមិ​២៤ បឹងកក់ ក្រោយ​មក​មាន​សកម្មភាព​ប្រទាញប្រទង់​គ្នា​រវាង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដែល​មិន​ចង់​ឲ្យ​កម្មករ​រុះ​ផ្ទះ​គាត់ ហើយ​អ្នក​កាសែត​រូប​នេះ​បាន​បន្ត​ថត​សកម្មភាព​នោះ​ទុក​ទៀត។ ពេល​នោះ​ស្រាប់​តែ​គាត់​ត្រូវ​ជន​ស្លៀកពាក់​ជា​មន្ត្រី​នគរបាល​ច្រើន​នាក់ បាន​ប្រតាយ​ឆក់​យក​ម៉ាស៊ីន​ថត​រូប​ពី​គាត់​ចំនួន ២​គ្រឿង​យក​ទៅ​បាត់។ នៅ​ក្នុង​ការ​ប្រតាយ​ប្រតប់​គ្នា​ភ្លាមៗ​នោះ បណ្ដាល​ឲ្យ​គាត់​រង​របួស​មាន​ឈាម​ប្រឡាក់​ផ្ទៃ​មុខ។

លោក សុវណ្ណ ភីឡុង បន្ត​ថា ៖ «គេ​ទាញ​ម៉ូតូ ដោយសារ​ប្រជាជន​គាត់​យក​ឈើ និង​ម៉ូតូ​រាំង​អា​ផ្លូវ​ចូល​ទៅ អ៊ីចឹង​គាត់​បាន​ទាញ​បំបែក​ក្រុម​ចេញ ដល់​ពេល​អ៊ីចឹង​ខ្ញុំ​បាន​ដើរ​ចេញ​មក​វិញ គេ​បាន​ដេញ ឃាត់​ខ្ញុំ​ចាប់​យក​កាមេរ៉ា។ ប្រហែល​ជា​បួន​ប្រាំ​នាក់​មក​ដល់​ទាញ​ក្របួច​ក​អាវ ហើយ​ទាញ​កាមេរ៉ា​ចេញ​ទៅ»។

សាក្សី​ឃើញ​ហេតុការណ៍​សមត្ថកិច្ច​វាយ​ដំ​អ្នក​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ បាន​អះអាង​ថា ៖ «ឃើញ​គាត់​នៅ​ថត​នៅ​ខាង​លើ​ហ្នឹង ដល់​ហើយ​គេ​ឲ្យ​ទៅ​ចាប់ៗ​គាត់​មក​វិញ ស្រាប់​តែ​គាត់​ចុះ​មក​ហ្នឹង គាត់​ភ័យ​រត់​មក​ហ្នឹង​ភ័យ​ដល់​ហើយ ស្រាប់​តែ​គេ​ចាប់​ក្រៀក​គាត់​ជាប់​យក​ក្របួច​ក​អាវ»។

ប្រធាន​ក្រុម​និពន្ធ​នាយក​កាសែត​ភ្នំពេញ ប៉ុស្តិ៍ លោក បឺរនី លីអូ (Bernie Leo) បាន​ថ្លែង​ថា បុគ្គលិក​របស់​លោក​ធ្វើការ​តាម​វិជ្ជាជីវៈ។ ទង្វើ​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ដក​យក​ម៉ាស៊ីន​ថត និង​បង្ខំ​ឲ្យ​លុប​រូប​ដែល​ថត​បាន​នោះ ស្ថាប័ន​កាសែត​ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទទួល​យក​បាន​ឡើយ។

ក្រោយ​ពី​មាន​មន្រ្តី​អង្គការ​សហប្រជាជាតិ ប្រធាន​ស្ថាប័ន​កាសែត​ភ្នំពេញ ប៉ុស្តិ៍ និង​មាន​អន្តរាគមន៍​ពី​ក្លឹប​អ្នក​កាសែត​ផង បាន​ជួប​ចរចា​ជាមួយ​មេដឹកនាំ​កម្លាំង​មក​បង្ក្រាប​ពលរដ្ឋ​នៅ​បឹងកក់ ដើម្បី​យក​ម៉ាស៊ីន​ថត​រូប​មក​វិញ។ នៅ​ម៉ោង​ជាង ១១​ថ្ងៃ​ត្រង់ លោក សុវណ្ណ ភីឡុង អ្នក​ថត​រូប​ឲ្យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ត្រូវ​ក្រុមហ៊ុន​ស៊ូកាគូ ឲ្យ​ទៅ​យក​ម៉ាស៊ីន​ថត​រូប​នៅ​ក្រុមហ៊ុន​នោះ។

លោក សុវណ្ណ ភីឡុង បាន​ឲ្យ​ដឹង​ថា មុន​ឲ្យ​ម៉ាស៊ីន​ថត​ទាំង ២​គ្រឿង​មក​វិញ ក្រុមហ៊ុន​នោះ​បាន​ឲ្យ​គាត់​លុប​រូប​ថត​បាន​ទាំង​ប៉ុន្មាន​ពី​ម៉ាស៊ីន ទើប​ឲ្យ​គាត់​ផ្ដិត​មេដៃ​ទទួល​យក​ម៉ាស៊ីន​ថត​មក​វិញ។

សមត្ថកិច្ច​ខណ្ឌ​ដូនពេញ និង​តំណាង​ក្រុមហ៊ុន​ស៊ូកាគូ ដែល​អភិវឌ្ឍន៍​បឹងកក់ មិន​ធ្វើការ​ឆ្លើយ​តប​ជាមួយ​នឹង​សំណួរ​អ្នក​កាសែត​ឡើយ។

លិខិត​ពី​សាលា​ខណ្ឌ​ដូនពេញ លេខ ០៤៣ មាន​ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ​១៣ មករា ឆ្នាំ​២០១១ បាន​ជូន​ដំណឹង​ទៅ​លោក ឆេង ស្រ៊ាង ម្ចាស់​ផ្ទះ ២០៥ លេខ​កូដ ៣៥៩ ស្ថិត​ក្នុង​ក្រុម​ទី​៣០៣ ភូមិ​២៤ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ប្រាប់​ពី​ការ​ចុះ​រុះ​ផ្ទះ​នេះ​ដែល​មាន ១៩​បន្ទប់ នៅ​ថ្ងៃ​១៤ ខែ​មករា ឆ្នាំ​២០១១ ម៉ោង ៨ និង ៣០​នាទី​ព្រឹក។

សកម្មភាព​រុះរើ​ផ្ទះ​ប្រជាជន​ក្នុង​ទឹក​នៅ​ភូមិ​២៤ តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បាន​រុះរើ​ផ្ទះ​ច្រើន​ខ្នង។ សរុប​ជន​រង​គ្រោះ​ពេល​រុះ​ផ្ទះ​នៅ​ថ្ងៃ​សុក្រ មាន​ជិត ៣០​គ្រួសារ ដែល​រង​គ្រោះ​ខ្វះ​ទី​ជម្រក​នៅ​តំបន់​បឹងកក់ ភូមិ​២៤​នោះ។

ស្រ្តីវ័យ ៦៥​ឆ្នាំ ឈ្មោះ ឈៀង ច្រាយ ជា​ម្ចាស់​ផ្ទះ​ដែល​ត្រូវ​កម្មករ​កំពុង​រុះរើ បាន​អះអាង​ថា គេ​រុះ​យក​ផ្ទះ គេ​មិន​បាន​ផ្តល់​សំណង​អ្វី​ទាំង​អស់ ៖ «ជា​ការ​រំលោភ​ប្លន់​ផ្ទះ​អ្នក​ស្រុក​តែម្តង ខ្ញុំ​អត់​មាន​ថា​អី​ទេ ខ្ញុំ​ថា មក​ប្លន់​ផ្ទះ​អ្នក​ប្រជាជន​តែម្តង»។

អ្នកស្រី លៀង ឃីម អាយុ ៤១​ឆ្នាំ ផ្ទះ​គាត់​គេ​រុះ​បាត់​ដែរ កំពុង​អង្គុយ​ចាំ​ទ្រព្យ​សម្បត្តិ​បាន​ថ្លែង​ថា ៖ «ខែ​មុន​ខ្ញុំ​រត់​ម៉ូតូ​ឌុប ចោរ​ប្លន់​យក​ម៉ូតូ។ ខែ​១​នេះ ក្រុមហ៊ុន​ស៊ូកាគូ ប្លន់​យក​ផ្ទះ​ខ្ញុំ»។

យុវសិស្ស​ថ្នាក់​ទី​១១ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្ត​ភ្នំ បាន​ថ្លែង​ថា គេ​ទំនង​ជា​មិន​បាន​ទៅ​រៀន​ទៀត​ទេ ព្រោះ​តែ​ផ្ទះ​ត្រូវ​គេ​រុះ​យក​អស់ មិន​ដឹង​ទៅ​ជួល​កន្លែង​ស្នាក់​នៅ​ឯ​ណា​ទេ៕

2 comments:

  1. ក្រុងតាខ្មៅ ខ្ញុំសូមជំរាបជូនសាធារណជនថាការបោះឆ្នោតឃុំសង្កាត់កន្លងទៅពុំប្រព្រឹត្តដោយ សេរី យុត្តិធម និងសំងាត់ឡើយ ដោយសារ តែបេក្ខជនក្រុមប្រឹក្សាខេត្តកណ្តាលនាម អ៊ុំ ធនគ្រូពេទ្យចិត្តចោរ(ក៏សីសំនូកក្នុងការបញ្ចូលកូន២ខុសជំនាញក្នុងស្ថាបន័) ជាអតីតប្រធានមន្ទីសុខាភីបាល ខេត្តកណ្តាល កូនប្រសារជនបញ្ចើរកែ្អក ដ៏ទំនើងថោកទាបមានផ្ទះលេខ 349 ផ្លូវ 205(ផ្លូវរោងកុនតាខ្មៅចាស់) ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល និង បុរសនាម ងួន យន់ ត្រូវជាអនុប្រធានមន្ទីរហិរិពា្ញវត្ទុ ខេត្តកណ្តាល និង កូនស្រីលោក នួន ផា (បុរសសីសំនូកក្នុងការជ្រើសរើសមន្រ្តីចូលក្នុងស្ថាបន្ថខ្លួនមនី្ទហិរញវត្ថុខេត្តកណ្តាល) បានតាមដានសើបអង្កេត ហើយដែលខ្ញុំពុំគាំទ្រនោះបានបំផ្លា្ញញ រំខាន ឯកជនរបស់ខ្ញុំផ្ទាល់ ដែលខ្ញុំបាទពុំអាចធើ្វអ្វីកើតឡើយ។ដូចនេះសូមសារធារណជននិងអង្គការដទែទៀតសូមជួយយកចិត្តទុកដាក់ផងនិងផ្លាស់ប្តូរលោកនោះចេញផង ជួយដេញពីបេក្ខភាពផងទៅ។
    ជនថោកទាបដែលរាយឈ្មោះខាងលើ សូមសារធារណជនដឹងលឺផង។
    ពីនិស្សិតមួយនាក់។

    ReplyDelete
  2. ក្រុងតាខ្មៅ ខ្ញុំសូមជំរាបជូនសាធារណជនថាការបោះឆ្នោតឃុំសង្កាត់កន្លងទៅពុំប្រព្រឹត្តដោយ សេរី យុត្តិធម និងសំងាត់ឡើយ ដោយសារ តែបេក្ខជនក្រុមប្រឹក្សាខេត្តកណ្តាលនាម អ៊ុំ ធនគ្រូពេទ្យចិត្តចោរ(ក៏សីសំនូកក្នុងការបញ្ចូលកូន២ខុសជំនាញក្នុងស្ថាបន័) ជាអតីតប្រធានមន្ទីសុខាភីបាល ខេត្តកណ្តាល កូនប្រសារជនបញ្ចើរកែ្អក ដ៏ទំនើងថោកទាបមានផ្ទះលេខ 349 ផ្លូវ 205(ផ្លូវរោងកុនតាខ្មៅចាស់) ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល និង បុរសនាម ងួន យន់ ត្រូវជាអនុប្រធានមន្ទីរហិរិពា្ញវត្ទុ ខេត្តកណ្តាល និង កូនស្រីលោក នួន ផា (បុរសសីសំនូកក្នុងការជ្រើសរើសមន្រ្តីចូលក្នុងស្ថាបន្ថខ្លួនមនី្ទហិរញវត្ថុខេត្តកណ្តាល) បានតាមដានសើបអង្កេត ហើយដែលខ្ញុំពុំគាំទ្រនោះបានបំផ្លា្ញញ រំខាន ឯកជនរបស់ខ្ញុំផ្ទាល់ ដែលខ្ញុំបាទពុំអាចធើ្វអ្វីកើតឡើយ។ដូចនេះសូមសារធារណជននិងអង្គការដទែទៀតសូមជួយយកចិត្តទុកដាក់ផងនិងផ្លាស់ប្តូរលោកនោះចេញផង ជួយដេញពីបេក្ខភាពផងទៅ។
    ជនថោកទាបដែលរាយឈ្មោះខាងលើ សូមសារធារណជនដឹងលឺផង។
    ពីនិស្សិតមួយនាក់។

    ReplyDelete