Friday, January 7, 2011

៧​មករា ជា​ថ្ងៃ​វៀតណាម​ឈ្លាន​ពាន

ដោយ តាំង សារ៉ាដា
2011-01-07

ក្រុម​អ្នក​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​មួយ​ចំនួន មាន​ទស្សនៈ​ថា រដ្ឋាភិបាល​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩៣ គឺ​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ហើយ​រាល់​សន្ធិសញ្ញា ឬ​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា ដែល​ធ្វើ​ឡើង​រវាង​កម្ពុជា និង​បរទេស​ក្នុង​រយៈ​ពេល​នោះ គឺ​ជា​ការ​ខុស​ច្បាប់​ទាំង​អស់។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​ឃ្លាំ​មើល​អំពី​ស្ថានការណ៍​របស់​កម្ពុជា មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា ក្នុង​កំឡុង​ទសវត្សរ៍​ទី​៨០ គ្រាន់​ជា​ភាគី​មួយ​ក្នុង​ចំណោម​ភាគី​ធំៗ ចំនួន​៤ នៅ​ក្រោយ​របប​ខ្មែរ​ក្រហម។ ភាគី​ទាំង​បួន​នោះ​រួម​មាន ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម ភាគី​រណសិរ្ស​រំដោះ​ប្រជា​ជាតិ​ខ្មែរ​របស់​សម្ដេច សឺន សាន ភាគី​ហ៊្វុនស៊ីនប៉ិច​របស់​ព្រះ​បាទ​នរោត្តម សីហនុ និង​ភាគី​រដ្ឋ​កម្ពុជា​របស់​លោក ហ៊ុន សែន។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា សន្ធិ​សញ្ញា​ដែល​កម្ពុជា​មាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​វៀតណាម ក្នុង​កំឡុង​ការ​គ្រប់គ្រង​របស់​វៀតណាម កាល​ពី​ទសវត្ស​ទី​៨០ នោះ រួម​មាន​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩ ១៩៨២ ១៩៨៣ និង​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥។

លោក អ៊ុំ សំអាន មាន​ប្រសាសន៍​បន្ត​ថា សន្ធិ​សញ្ញា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​កម្ពុជា​រាប់​ពាន់​គីឡូ​ម៉ែត្រ​ក្រឡា​ទៅ​ប្រទេស​វៀតណាម។

សន្ធិសញ្ញា​ឆ្នាំ​១៩៧៩ ស្ដីពី​សន្តិភាព​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​រយៈ​ពេល ២៥​ឆ្នាំ និង​បន្ត​ជា​ស្វ័យ​ប្រវត្តិ​រយៈ​ពេល ១០​ឆ្នាំ​ម្ដង ដែល​ចុះ​កិច្ច​ព្រមព្រៀង​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​១៩៧៩ រវាង​លោក ហេង សំរិន ប្រធាន​ក្រុម​ប្រឹក្សា​ប្រជា​មានិត​កម្ពុជា ជា​មួយ​លោក ផាំ វ៉ាន់ ដុង (Pham Van Dong) នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​វៀតណាម។

សន្ធិសញ្ញា​ឆ្នាំ​១៩៨២ ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៨២ រវាង​លោក ហ៊ុន សែន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ជា​មួយ​លោក ង្វៀង កឺ​ថាច់ (Nguyen Co Thach) រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម។ តាម​រយៈ​សន្ធិសញ្ញា​នេះ ភាគី​វៀតណាម​បាន​កាត់​យក​ដែន​សមុទ្រ​របស់​កម្ពុជា​ទំហំ ១​ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ ដើម្បី​គ្រប់គ្រង​រួម​គ្នា។

ចំណែក​សន្ធិសញ្ញា​ឆ្នាំ​១៩៨៣ វិញ ស្ដីពី​គោល​ការណ៍​ដើម្បី​ដោះ​ស្រាយ​ព្រំដែន និង​កិច្ច​ព្រមព្រៀង​ស្ដីពី​លក្ខន្តិកៈ​ព្រំដែន ដែល​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៨៣ រវាង​លោក ហ៊ុន សែន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ជា​មួយ​លោក ង្វៀង កឺ​ថាច់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម។ សន្ធិសញ្ញា​នេះ ធ្វើ​ឡើង​ដើម្បី​គូស​ព្រំដែន​ថ្មី​មួយ​ផ្សេង​ទៀត រវាង​ប្រទេស​ទាំង​ពីរ ដោយ​មិន​ផ្អែក​លើ​ផែនទី​ដែល​តម្កល់​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ ដោយ​សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ ជា​រដ្ឋាភិបាល​នៃ​របប​រាជា​និយម​ក្នុង​ឆ្នាំ​១៩៦៤ នោះ​ឡើយ។

ឯកសារ​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង បាន​បង្ហាញ​ថា ដើម្បី​អនុវត្តន៍​សន្ធិសញ្ញា​ឆ្នាំ​១៩៨៣ នេះ​ឲ្យ​មាន​ប្រសិទ្ធភាព លោក ចាន់ ស៊ី នាយក​រដ្ឋ​មន្ត្រី​កម្ពុជា នា​ដំណាក់​កាល​នោះ បាន​ចេញ​សារាចរ​មួយ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​១៩៨៣ តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​វៀតណាម ដើម្បី​បង្គាប់​ដល់​អាជ្ញាធរ​ខ្មែរ និង​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់ ត្រូវ​មាន​ករណីយកិច្ច​ជួយ​សម្រួល​ដល់​ប្រជា​ជន​ស៊ីវិល​វៀតណាម​ដែល​រស់​នៅ​កម្ពុជា។

ចំណែក​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ គឺ​ជា​សន្ធិសញ្ញា​ស្ដីពី​ការ​កំណត់​ព្រំដែន​គោក ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ជា​មួយ​លោក ង្វៀង កឺ​ថាច់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​១៩៨៥។

នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០០៥ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជា​មួយ​លោក ផាំ វ៉ាន់ ខៃ (Phan Van Khai) នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​វៀតណាម ក្នុង​ទីក្រុង​ហាណូយ (Ha Noi) ដែល​ជា​សន្ធិសញ្ញា​បន្ថែម​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ដើម្បី​ឲ្យ​មាន​ភាព​ស្រប​ច្បាប់។

នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៥ ដដែល រដ្ឋសភា ព្រឹទ្ធសភា របស់​កម្ពុជា​បាន​អនុម័ត​ឲ្យ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ​មាន​ភាព​ស្រប​ច្បាប់ ខណៈ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​តវ៉ា​ថា សន្ធិសញ្ញា​ទាំង​នោះ​ផ្ទុយ​ពី​មាត្រា​៥៥ នៃ​រដ្ឋ​ធម្មនុញ្ញ​ខ្មែរ និង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​កម្ពុជា។

តាម​រយៈ​ការ​តវ៉ា​ពី​ក្រុម​អ្នក​ឃ្លាំ​មើល​ទាំង​នេះ នៅ​ឆ្នាំ​២០០៥ ដដែល រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​លោក រ៉ុង ឈុន ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដាក់​ពន្ធនាគារ​ព្រៃ​ស​រយៈ​ពេល​បី​ខែ​ហើយ រី​ឯ​សមាជិក​ក្រុម​ប្រឹក្សា​នេះ ដែល​មាន​លោក អៀរ ចាន់​ណា លោក មែន​ណាត លោក ជា មុន្នី និង​លោក សាយ បូរី សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​រត់​គេច​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េង​សែ មាន​ប្រសាសន៍​ថា តាម​ច្បាប់​អន្តរ​ជាតិ រាល់​សន្ធិសញ្ញា​ទាំងឡាយ​ណា​ដែល​ធ្វើ​ឡើង​ក្រោម​ការ​ត្រួត​ត្រា​របស់​បរទេស ឬ​ក្រោម​ឥទ្ធិពល​នៃ​ប្រទេស​ណា​មួយ ជា​សន្ធិសញ្ញា​ខុស​ច្បាប់។

ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម មាន​ចម្ងាយ ១.២៧០ គីឡូ​ម៉ែត្រ លាត​សន្ធឹង​ពី​ខេត្ត​រតនគិរី ដល់​ខេត្ត​កំពត។ ចំណែក​ព្រំដែន​សមុទ្រ​របស់​កម្ពុជា មាន​ទំហំ ៩៥​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ ដែល​លាត​សន្ធឹង​ពី​ខេត្ត​កំពត ដល់​ខេត្ត​កោះកុង។ លោក ស៊ាន ប៉េង​សែ មាន​ប្រសាសន៍​ថា កម្ពុជា​បាន​បាត់​ផ្ទៃ​សមុទ្រ​របស់​ខ្លួន​ជាង ៣​ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ជា​ទំហំ​ដ៏​ធំ​នោះ សឹង​ស្មើ​ទំហំ​ផ្ទៃ​ប្រទេស​បែលហ្សិក (Belgium) ទាំង​មូល។

លោក​បន្ត​ថា កោះ​ធំៗ ក្នុង​ដែន​សមុទ្រ​កម្ពុជា​ដែល​វៀតណាម​លេប​យក​តាំង​ពី​កំឡុង​ឆ្នាំ​១៨០០ មាន​ដូច​ជា​កោះ​ត្រល់ ហើយ​ក្រោយ​មក​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​កោះ ហ្វូ​កុក និង​កោះ​អាចម៍​សេះ​ត្រូវ​បាន​វៀតណាម​លេប​យក​ក្នុង​ឆ្នាំ​១៩៥៧ ហើយ​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​កោះ ទូជូ ជា​ឈ្មោះ​វៀតណាម។

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​និយាយ​ថា រាល់​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ដែល​កម្ពុជា​តែង​ធ្វើ​ឡើង​ជា​មួយ​ប្រទេស​ជិត​ខាង​ជា​រឿយៗ គេ​សង្កេត​ឃើញ​ដែន​ដី និង​សម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​កាន់​តែ​ខាត​បង់។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា សន្ធិសញ្ញា​ទាំង​ឡាយ​រវាង​កម្ពុជា-វៀតណាម ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​សន្ធិសញ្ញា​ដែល​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ជាតិ​ជា​ច្រើន។ លោក​បន្ត​ថា ថ្ងៃ​៧ មករា ជា​ព្រឹត្តិការណ៍​មួយ​ដែល​ពួក​ខ្មែរ​ក្រហម​វាយ​ប្រហារ​ដណ្ដើម​អំណាច​គ្នា ហើយ​នៅ​ក្រោយ​ថ្ងៃ​៧ មករា គឺ​ជា​រឿង​ឈ្លាន​ពាន​របស់​ប្រទេស​វៀតណាម មក​លើ​ប្រទេស​កម្ពុជា ដែល​អន្តរ​ជាតិ​គេ​បាន​ដឹង​ឮ​គ្រប់​គ្នា។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ ទី​៥ ខែ​មករា បាន​ព្រមាន​ជា​ថ្មី​ទៀត​ថា ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​ណា​មួយ​លើ​គំនរ​ឆ្អឹង ឈាម និង​ទឹក​ភ្នែក​របស់​ប្រជា​ពល​រដ្ឋ​ដោយ​ធ្វើ​ការ​វាយ​ប្រហារ​ថ្ងៃ​៧ មករា គឺ​ជា​អំពើ​អសីលធម៌។

នៅ​ក្រោយ​របប​វាល​ពិឃាដ​ដែល​បាន​សម្លាប់​ពល​រដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជិត ២​លាន​នាក់ ហើយ​ក្រៅ​ពី​សន្ធិសញ្ញា​ខុស​ច្បាប់​ទាំង​ឡាយ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ​រាប់​ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ​ទៅ​វៀតណាម​នោះ ទុក្ខ​សោក​របស់​ពល​រដ្ឋ​ខ្មែរ​នៅ​តែ​មាន​មិន​ចេះ​ចប់។

នៅ​ដើម​ទសវត្ស​១៩៨០ ដដែល រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ត្រួត​ត្រា​របស់​វៀតណាម ប្រើ​គោល​នយោបាយ ក​៥ ដែល​កែន​ពល​រដ្ឋ​ខ្មែរ​ពី​ទូទាំង​ប្រទេស ចាប់​ពី​អាយុ​១៨​ឆ្នាំ រហូត​ដល់​៤៥​ឆ្នាំ ឲ្យ​ចូល​ទៅ​កាប់​ព្រៃ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-ថៃ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាង ២​សែន​នាក់ បាន​បង់​ជីវិត និង​មនុស្ស​រាប់​ម៉ឺន​នាក់​ទៀត របួស​ពិការ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។ ក្រុម​អ្នក​វិភាគ​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ថា​ជា​របប​វាល​ពិឃាដ​ទី​២ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម។

អតីត​នាយក​រដ្ឋ​មន្ត្រី​សម័យ​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា លោក ប៉ែន សុវណ្ណ ដែល​ធ្លាប់​ជាប់​គុក​នៅ​ប្រទេស​វៀតណាម​រយៈ​ពេល ១០​ឆ្នាំ មាន​ប្រសាសន៍​ថា ផែនការ ក​៥ ជា​ផែន​ការ​ពិឃាដ​បន្ថែម។

មន្ត្រី​ស្ថានទូត​វៀតណាម​ទាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហ​រដ្ឋ​អាមេរិក និង​ក្នុង​ប្រទេស​កម្ពុជា មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​ចំពោះ​បញ្ហា​សន្ធិសញ្ញា និង​ការ​ចោទ​ប្រកាន់​នានា​ថា វៀតណាម​បាន​វាតទី​យក​ទឹក​ដី​កម្ពុជា​រហូត​មក​ដល់​ឥឡូវ​នេះ។

ក្រុម​អ្នក​តវ៉ា​អំពី​បញ្ហា​បូរណភាព​ទឹក​ដី​និយាយ​ថា ផែនការ​របស់​វៀតណាម​ក្នុង​ការ​លេប​ត្របាក់​ទឹក​ដី​កម្ពុជា នៅ​តែ​បន្ត​ឥត​ឈប់​ឈរ​តាម​គ្រប់​រូប​ភាព។ នៅ​រយៈ​ពេល​ចុង​ក្រោយ មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​អំពី​ពល​រដ្ឋ​ខ្មែរ​ដែល​តែង​តែ​ត្អូញត្អែរ និង​បារម្ភ​អំពី​ការ​បាត់​បង់​ដីធ្លី ស្រែ​ចម្ការ​របស់​ខ្លួន ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​វៀតណាម៕

No comments:

Post a Comment