Friday, January 14, 2011

រយៈពេល​២៦​ឆ្នាំ​នៃ​ការ​កាន់​អំណាច​ដោយ​លោក ហ៊ុន សែន

ដោយ យន់ សាមៀន
2011-01-14

លោក ហ៊ុន សែន មាន​កំណើត​ពី​ខេត្ត​កំពង់ចាម។ ដំណើរ​ជីវិត​របស់​គាត់​វិវឌ្ឍន៍​តាំង​ពី​ជា​​ក្មេង​វត្ត ជា​ទាហាន​ខ្មែរ​ក្រហម ជា​អ្នក​ការទូត និង​ចុង​ក្រោយ​បំផុត​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។ លោក​ក៏​ត្រូវ​បាន​គេ​ហៅ​ថា ជា​បុរស​ខ្លាំង​នៅ​កម្ពុជា។ ថ្ងៃ​សុក្រ ទី​១៤ ខែ​មករា ឆ្នាំ​២០១១ គឺ​ជា​ខួប​ទី ២៦ ឆ្នាំ​នៃ​ការ​ឡើង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក។

លោក ហ៊ុន សែន បច្ចុប្បន្ន​មាន​វ័យ ៥៩​ឆ្នាំ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ចាត់​ទុក​ជា​មេដឹកនាំ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍន៍​កំណើន​សេដ្ឋកិច្ច ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ស្ថិរភាព​នយោបាយ និង​សន្តិភាព។

លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ជាតិ ក្នុង​ឱកាស​ខួប​លើក​ទី​៣២ នៃ​ទិវា​ជ័យជម្នះ ៧ មករា បាន​ប្រកាស​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​នាំ​កម្ពុជា ទៅ​រក​សន្តិភាព លទិ្ធប្រជាធិបតេយ្យ និង​ជា​នីតិ​រដ្ឋ។

លោក ជា ស៊ីម បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ជ្រើស​រើស​លោក ហ៊ុន សែន ធ្វើ​ការ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​ ២០១៣ ខាង​មុខ​នេះ​ជា​បន្ត​ទៅ​ទៀត។

លោក ជា ស៊ីម បន្ត​ទៀត​ថា ក្នុង​វិស័យ​សេដ្ឋកិច្ច​កម្ពុជា អាច​រក្សា​កំណើន​សេដ្ឋកិច្ច​បាន​ប្រមាណ ៥%​ប្រចាំ​ឆ្នាំ ហើយ​កំណើន​នេះ​នឹង​កើន​ឡើង​បន្ថែម​មួយ​ភាគរយ​ទៀត​នៅ​ឆ្នាំ​២០១១​នេះ។ ចំណែក​ឯ​អត្រា​នៃ​ភាព​ក្រីក្រ​ដែល​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៤៧% នៅ​ឆ្នាំ​១៩៩៣ បាន​ធ្លាក់​មក​ត្រឹម ២៦% នៅ​ឆ្នាំ​២០១០។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​គណបក្ស​ប្រឆាំង និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​ លោក ហ៊ុន សែន បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​យូរ​ពេក ដែល​បណ្ដាល​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស អំពី​ពុក​រលួយ ហើយ​ការ​ដឹក​នាំ​ប្រទេស​របស់​លោក កំពុង​នាំ​កម្ពុជា ឲ្យ​ក្លាយ​ទៅជា​ប្រទេស​ផ្ដាច់ការ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ការពារ​សិទ្ធិ​ មនុស្ស (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) រិះគន់​ថា លោក ហ៊ុន សែន កំពុង​ដឹក​នាំ​កម្ពុជា ដូច​ការ​ដឹកនាំ​របស់​ប្រទេស​សិង្ហបុរី ប៉ុន្តែ​ការ​ដឹក​នាំ​នៅ​កម្ពុជា ផ្ទុយ​នឹង​សិង្ហបុរី​ត្រង់​ថា មេដឹកនាំ​សិង្ហបុរី ប្រមូល​ធនធាន​ដែល​ទទួល​បាន​មក​ទៅ​ធ្វើការ​អភិវឌ្ឍ​ប្រទេស ប៉ុន្តែ​មេដឹកនាំ​កម្ពុជា បាន​ប្រមូល​ធនធាន​នៃ​ប្រទេស​នេះ​រួច​ដាក់​ចូល​ហោប៉ៅ​របស់​ខ្លួន​ផ្ទាល់​ទៅ​ វិញ។

លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​ថា លោក​នឹង​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​ទៅ​ថ្ងៃ​អនាគត​ដោយ​គ្មាន​ ពេល​កំណត់។ ក្នុង​ឱកាស​សម្ពោធ​អគារ​សិក្សា​មួយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩ លោក​បាន​ប្រកាស​ថា លោក​នឹង​បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​ឆ្នាំ​២០២៣។

លោក ហ៊ុន សែន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បង្ហាញ​មហិច្ឆិតា​ជា​ច្រើន​ដើម្បី​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច និង​គម្រោង​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ លោក​បាន​ប្រកាន់​យក​យុទ្ធសាស្ត្រ​ថ្មី​មួយ​ទៀត ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​កម្ពុជា ក្រោយ​ពេល​ដែល​ប្រាក់​ចំណូល​ពី​វិស័យ​កាត់ដេរ​នៅ​កម្ពុជា មិន​មាន​ស្ថិរភាព​មក គឺ​គម្រោង​ផលិត​ស្រូវ​ឲ្យ​សល់​លើស​ពី​សេចក្ដី​ត្រូវការ​ចំនួន ៤​លាន​តោន ដើម្បី​ជំរុញ​​ការ​នាំ​អង្ករ​ចេញ​យ៉ាង​ហោច​ណាស់​​ចំនួន ១​លាន​តោន។

អតីត​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោកស្រី ម៉ាហ្គោ ភិកខេន (Margo Picken) បាន​ពិពណ៌នា​កម្ពុជា​ថា ជា​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន និង​មន្ត្រី​គណបក្ស​របស់​លោក​បាន​គ្រប់គ្រង​កម្ពុជា ដោយ​អំណាច​ផ្តាច់​មុខ ដោយ​បាន​ត្រួតត្រា​ស្ថាប័ន​ទាំង​ឡាយ​ដែល​អាច​ប្រកួត​ប្រជែង​អំណាច​របស់​ គាត់។

លោកស្រី ម៉ាហ្គោ ភិកខេន បន្ត​ទៀត​ថា លោក ហ៊ុន សែន កំពុង​យក​គុណសម្បត្តិ ដោយសារ​តែ​អតីត​នៃ​របប​ខ្មែរ​ក្រហម ហើយ​លោក​បាន​បង្ហាញ​ពី​ការ​អភិវឌ្ឍន៍ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ខណៈ​ពេល​ដែល​រូប​លោក​ផ្ទាល់ និង​ក្រុម​មន្ត្រី​របស់​លោក កំពុង​កេង​ប្រវ័ញ្ច​ធនធាន​នៃ​ប្រទេស​នេះ ដោយ​ប្រមែប្រមូល​ប្រាក់​ចំណូល​បាន​មក​ពី​ធនធាន​ទាំង​នោះ​ដាក់​ចូល​ហោប៉ៅ​ ខ្លួន​ឯង ហើយ​ចំណែក​ឯ​វិស័យ​សិទ្ធិ​មនុស្ស គឺ​ត្រូវ​បាន​ចាត់​ទុក​ថា មិន​បាន​ការ។

តាម​ពិត​លោក ហ៊ុន សែន មិន​ត្រូវ​បាន​គេ​ជ្រើសរើស​ធ្វើ​នាយករដ្ឋមន្ត្រី​ជាប់​រហូត​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៨៥ នោះ​ទេ។ នៅ​ក្នុង​រយៈ​ពេល​នៃ​ការ​បោះ​ឆ្នោត​ជា​សកល ជួយ​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៩៣ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាញ់ ប៉ុន្តែ​លោក ហ៊ុន សែន បដិសេធ​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ។

ជា​ការ​សម្រប​សម្រួល លោក ហ៊ុន សែន ត្រូវ​បាន​គេ​ផ្ដល់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​២ ក្នុង​រដ្ឋាភិបាល​ចម្រុះ​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​រដ្ឋាភិបាល​ចម្រុះ​ត្រូវ​បាន​បាក់​បែក​ក្នុង​រដ្ឋ​ប្រហារ​បង្ហូរ​ ឈាម​មួយ កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដោយ​លោក​ហ៊ុន សែន បាន​ទម្លាក់​អំណាច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​កាល​នោះ​លោក​ជា​នាយករដ្ឋមន្ត្រី​ទី​១។ លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​សម្ដេច​ក្រុមព្រះ​ជា​អ្នក​បង្ក​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧។

រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បោក​ គ្រាប់​បែក​ទៅ​លើ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រឆាំង កាល​ពី​ខែ​មីនា ឆ្នាំ​១៩៩៧ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៦​នាក់​ស្លាប់ និង​រង​របួស​ចំនួន ១៤០​នាក់​ផ្សេង​ទៀត។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ការពារ​សិទ្ធិ​ មនុស្ស (Human Rights Watch) លោក ប្រែដ អាដាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១១ បាន​ចាត់​ទុក​លោក ហ៊ុន សែន ជា​មេដឹកនាំ​វៃ​ឆ្លាត​ម្នាក់ ប៉ុន្តែ​លោក ហ៊ុន សែន បាន​កាន់កាប់​អំណាច​យូរ​ពេក ដែល​អាច​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា ជួប​ប្រទះ​គ្រោះថ្នាក់​ទៅ​ថ្ងៃ​អនាគត។ លោក​បន្ត​ទៀត​ថា លោក ហ៊ុន សែន គួរ​តែ​បោះបង់​តួនាទី​របស់​លោក ហើយ​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​មួយ​នៅ​កម្ពុជា ដើម្បី​​ឲ្យ​មាន​មេដឹកនាំ​កម្ពុជា ផ្សេង​ទៀត។

លោក ប្រែដ អាដាម បន្ថែម​ថា ៖ “គាត់​បាន​រៀន​សូត្រ​ច្រើន​ណាស់។គាត់​ ត្រូវ​បាន​តែងតាំង​ដោយ​ប្រទេស​វៀតណាម ជា​រដ្ឋមន្ត្រី​ការបរទេស​វ័យ​ក្មេង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក កាល​ពី​ឆ្នាំ​១៩៧៩ ដោយសារ​តែ​គាត់​មាន​ភាព​ឈ្លាសវៃ ហើយ​និង​ចេះ​សម្រប​ខ្លួន​បាន​ល្អ។ គាត់​ក៏​ចេះ​បម្រើ​ចៅហ្វាយ​របស់​គាត់​ផង​ដែរ។ គាត់​បាន​រៀន​ធ្វើការ​ជា​មេដឹកនាំ ហើយ​​គាត់​អាច​ប្រើប្រាស់​អំណាច​របស់​គាត់​ដើម្បី​ប្រឆាំង​នឹង​អ្នក​ជំទាស់​ នឹង​គាត់។ ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​ប្រើប្រាស់​សមត្ថភាព​របស់​គាត់ ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​មេ​ដឹក​នាំ​ល្អ​មួយ​រូប ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មាន​ភាព​រុងរឿង ការ​គោរព​សិទ្ធិ​​មនុស្ស និង​លទិ្ធប្រជាធិបតេយ្យ។ បច្ចុប្បន្ន​នេះ​គាត់​បាន​បង្ហាញ​ខ្លួន​ជា​មនុស្ស​ឆ្លាតវៃ ប៉ុន្តែ​ជា​បុគ្គល​ដែល​ប្រកប​ដោយ​លក្ខណៈ​អវិជ្ជមាន"។

លោក ប្រែត អាដាម បាន​បន្ត​ទៀត​ថា លោក ហ៊ុន សែន មិន​មែន​ជា​មនុស្ស​ដែល​មាន​ប្រជាប្រិយភាព​ទេ ប៉ុន្តែ​លោក ហ៊ុន សែន អាច​នៅ​រក្សា​តំណែង​របស់​លោក​បាន​ដោយសារ​តែ​ការ​គំរាមកំហែង និង​អំពើ​ពុករលួយ ដែល​បាន​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ប្រើ​ប្រាស់​ទឹក​ប្រាក់​របស់​លោក​ទិញ​មន្រ្តី​ដែល​ប្រឆាំង​នឹង​រូប​លោក។

លោក​បន្ត​ទៀត​ថា លោក ហ៊ុន សែន បាន​ប្រើប្រាស់​វិធីសាស្ត្រ​បំបែក និង​ត្រួតត្រា​បាន​យ៉ាង​ល្អ ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ខ្សោយ ៖ "ខ្ញុំ ​គិត​ថា លោក ហ៊ុន សែន ចង់​ក្ដោបក្ដាប់ និង​ពង្រឹង​អំណាច​របស់​ខ្លួន និង​បញ្ចប់​ការ​រិះគន់​រដ្ឋាភិបាល​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ចង់​ឲ្យ​មាន​គណបក្ស​តែ​មួយ បើ​ទោះ​បី​ជា​លោក​ធ្វើពុត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សម្រាប់​រយៈ​ពេល ៥​ឆ្នាំ​ម្ដង​ក៏​ដោយ ពីព្រោះ​ការ​បោះ​ឆ្នោត​ទាំង​នោះ គាត់​អាច​រៀបចំ​បាន​ដើម្បី​ឲ្យ​ខ្លួន​គាត់​ឈ្នះ​ឆ្នោត​ជា​ស្វ័យប្រវត្តិ។ គាត់​ក៏​ចង់​គ្រប់គ្រង​ធនធាន​របស់​ប្រទេស​កម្ពុជា​ទាំង​អស់ ហើយ​គាត់​ចង់​កែប្រែ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រព័ន្ធ​មូលធន​និយម​ប្រកប​ដោយ​របប​ផ្ដាច់ការ"។

លោក ហ៊ុន សែន បាន​ប្រែក្លាយ​ជា​នាយករដ្ឋមន្ត្រី ក្រោយ​ពេល​ដែល​អតីត​នាយករដ្ឋមន្ត្រី លោក ចាន់ ស៊ី បាន​ទទួល​មរណភាព។

លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី ដោយសារ​តែ​លោក ហ៊ុន សែន មិន​បាន​ជំទាស់​នឹង​គំនិត​នៃ​ការ​ត្រួតត្រា​របស់​វៀតណាម កាល​ពី​ពេល​នោះ។

បច្ចុប្បន្ន​នេះ​គូ​ប្រជែង​របស់​លោក ហ៊ុន សែន ហាក់​បី​ដូច​ជា​គ្មាន​សមត្ថភាព​ក្នុង​ការ​ដណ្ដើម​យក​ជ័យជម្នះ​លើ​គណបក្ស​ ប្រជាជន​កម្ពុជា ដោយសារ​ពួក​គេ​កំពុង​ដណ្ដើម​គ្នា​ដើរ​តួ​ជា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

លោក សម រង្ស៊ី បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ក្រោយ​ពេល​តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​គុក​ចំនួន ១២​ឆ្នាំ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្លែង​បន្លំ​ឯកសារ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។

ចំណែក​ឯ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ វិញ ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ប៉ុន្តែ​គណបក្ស​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​នោះ​ទេ។ គណបក្ស​នេះ​បាន​ជាប់​ឆ្នោត​តែ​ចំនួន​ពីរ​កៅអី​ប៉ុណ្ណោះ​ក្នុង​ការ​បោះ​ឆ្នោត ​ឆ្នាំ​២០០៨។ អ្នក​វិភាគ​បាន​រិះគន់​គណបក្ស​ប្រឆាំង​ជា​ខ្លាំង​នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ ឆ្នាំ​២០០៨ ដោយសារ​តែ​មេដឹកនាំ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មិន​ព្រម​សហការ​បង្កើត​ជា​គណបក្ស​ប្រឆាំង​តែ​មួយ ដើម្បី​ប្រកួត​ប្រជែង​នឹង​គណបក្ស​កាន់​អំណាច។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ដើម​ខែ​មករា ឆ្នាំ​២០១១​ថា ទោះ​បី​កម្ពុជា មាន​ការ​អភិវឌ្ឍ​បន្តិចបន្តួច​មែន ប៉ុន្តែ​កម្ពុជា នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ។

ទោះ​បី​ជា​មាន​ការ​អះអាង​ថា មាន​ការ​កើន​ឡើង​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ណា​ក៏ដោយ ប្រទេស​កម្ពុជា រស់​បាន​ដោយ​ការ​ដាក់​ទាន​ពី​បរទេស​ជា​មធ្យម ៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​ជា​ប្រទេស​ជំពាក់​បំណុល​គេ​ដ៏​ធំ​មួយ​ផង​ដែរ។ ក្រៅ​ពី​នោះ​កម្ពុជា ក៏​ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​ប្រទេស​កំពុង​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ប្រទេស​ចិន ផង​ដែរ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន (Hillary Clinton) បាន​ស្នើ​កុំ​ឲ្យ​ប្រទេស​កម្ពុជា ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន តែ​មួយ​ជា​ដៃគូ​របស់​ខ្លួន។ លោកស្រី​បន្ត​ទៀត​ថា ទោះ​បី​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ប៉ុន្តែ​កម្ពុជា ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​ប្រទេស​ចិន ប្រសិន​បើ​កម្ពុជា មាន​ក្ដី​កង្វល់​ពី​បញ្ហា​បរិស្ថាន​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​វារីអគ្គិសនី​ ក្នុង​ទន្លេ​មេគង្គ។

ថ្មីៗ​នេះ​លោក ហ៊ុន សែន ត្រូវ​បាន​គេ​រិះគន់​ថា លោក​កំពុង​បង្កើត​ជា​ក្រុម​បណ្ដាញ​សម្រាប់​បន្ត​ការ​ដឹក​នាំ​ប្រទេស​កម្ពុជា ដោយ​ការ​តែងតាំង​សាច់​ញាតិ​លោក​ធ្វើ​ជា​មេដឹកនាំ​នៅ​កម្ពុជា។

លោក ហ៊ុន សែន កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១១ បាន​តែងតាំង និង​ដំឡើង​ឋានន្តរសក្ដិ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​ឧត្ដមសេនីយ៍​ទោ​ផ្កាយ​ពីរ ដែល​មាន​មុខងារ​បន្ថែម​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ។ ការ​តែងតាំង​នេះ​ត្រូវ​បាន​អ្នក​រិះគន់​បាន​លើក​ឡើង​ថា ជា​ការ​តែងតាំង​ដើម្បី​បង្កើត​ជា​បណ្ដាញ​គ្រួសារ​លោក ហ៊ុន សែន ដើម្បី​រក្សា​តំណែង​របស់​លោក ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា។

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នក​រិះគន់ លោក ហ៊ុន សែន លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១១ ថា លោក ហ៊ុន សែន បាន​បន្សល់​ទុក​នូវ​សមិទ្ធផល​ជា​ច្រើន​សម្រាប់​កម្ពុជា។ លោក​បន្ត​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​កងទ័ព​កម្ពុជា មិនមែន​ដើម្បី​ស្នង​តំណែង​ពី​ឪពុក​លោក​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​វិវឌ្ឍន៍​នយោបាយ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ដឹកនាំ​ប្រទេស​កម្ពុជា របស់​លោក ហ៊ុន សែន កំពុង​ឈាន​ទៅ​រក​អំណាច​ផ្ដាច់ការ ហើយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា នឹង​កាន់​តែ​ទន់​ខ្សោយ​បន្តិច​ម្ដងៗ។

អ្នក​វិភាគ​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា គ្រួសារ​សាច់​ញាតិ​របស់​លោក ហ៊ុន សែន កំពុង​តែ​គ្រប់គ្រង​កម្ពុជា។ ការ​គ្រប់គ្រង​មាន​ដូចជា កូន​ប្រុស​ច្បង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​ឧត្ដមសេនីយ៍​ទោ​ផ្កាយ​ពីរ ដែល​មាន​មុខងារ​បន្ថែម​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ។ កូន​ស្រី គឺ​លោកស្រី ហ៊ុន ម៉ាណា ជា​នាយក​គ្រប់គ្រង​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ភរិយា​របស់​លោក ហ៊ុន សែន គឺ​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា។ លោក ហ៊ុន សែន ត្រូវជា​ដន្លង​ជាមួយ​នឹង​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា ចំនួន​ពីរ​នាក់ និង​អតីត​ស្នងការ​ប៉ូលិស​ជាតិ​ម្នាក់៕

1 comment:

  1. ក្រុងតាខ្មៅ ខ្ញុំសូមជំរាបជូនសាធារណជនថាការបោះឆ្នោតឃុំសង្កាត់កន្លងទៅពុំប្រព្រឹត្តដោយ សេរី យុត្តិធម និងសំងាត់ឡើយ ដោយសារ តែបេក្ខជនក្រុមប្រឹក្សាខេត្តកណ្តាលនាម អ៊ុំ ធនគ្រូពេទ្យចិត្តចោរ(ក៏សីសំនូកក្នុងការបញ្ចូលកូន២ខុសជំនាញក្នុងស្ថាបន័) ជាអតីតប្រធានមន្ទីសុខាភីបាល ខេត្តកណ្តាល រើសកូនប្រសារយួន ហៅអាយួន(ធ្លាប់ នៅស្រុកយួនចេះភាសាយួន) ដ៏ទំនើងថោកទាបមានផ្ទះលេខ 349 ផ្លូវ 205(ផ្លូវរោងកុនតាខ្មៅចាស់) ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល និង បុរសនាម ងួន យន់ ត្រូវជាអនុប្រធានមន្ទីរហិរិពា្ញវត្ទុ ខេត្តកណ្តាល និង កូនស្រីលោក នួន ផា (បុរសសីសំនូកក្នុងការជ្រើសរើសមន្រ្តីចូលក្នុងស្ថាបន្ថខ្លួនមនី្ទហិរញវត្ថុខេត្តកណ្តាល) បានតាមដានសើបអង្កេត ហើយដែលខ្ញុំពុំគាំទ្រនោះបានបំផ្លា្ញញ រំខាន ឯកជនរបស់ខ្ញុំផ្ទាល់ ដែលខ្ញុំបាទពុំអាចធើ្វអ្វីកើតឡើយ។ដូចនេះសូមសារធារណជននិងអង្គការដទែទៀតសូមជួយយកចិត្តទុកដាក់ផងនិងផ្លាស់ប្តូរលោកនោះចេញផង ជួយដេញពីបេក្ខភាពផងទៅ។
    ជនថោកទាបដែលរាយឈ្មោះខាងលើ សូមសារធារណជនដឹងលឺផង។
    សូមជួយផ្សព្វផ្សាយបន្តផងអោយយល់ពីការពិត។

    ReplyDelete