Wednesday, January 12, 2011

ក្រសួង​មហាផ្ទៃ​ឃាត់​ខ្លួន​ឧត្ដមសេនីយ៍​ឯក ម៉ឹក ដារ៉ា

ដោយ ដែន អយុធ្យា
2011-01-12

លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា​ថា សមត្ថកិច្ច​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ បាន​សហការ​ជាមួយ​អាជ្ញាធរ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​កោះ​ហៅ​លោក​ឧត្ដមសេនីយ៍​ឯក ម៉ឹក ដារ៉ា អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿន​ញៀន និង​​​​ជា​​​​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ និង​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ម្នាក់​ទៅ​ធ្វើ​ការ​សាកសួរ។

ទោះ​យ៉ាង​នេះ​ក្ដី លោក ខៀវ សុភ័គ មិន​បាន​បញ្ជាក់​ច្បាស់​ថា ការ​ឃាត់​ខ្លួន​មន្ត្រី​ទទួល​បន្ទុក​គ្រឿង​ញៀន​ទាំង​ពីរ​នាក់​ខាង​លើ យក​​ទៅ​​សាកសួរ​ទាក់ទង​ទៅ​នឹង​បទ​សង្ស័យ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។

លោក ខៀវ សុភ័គ បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ ៖ «រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​អាច​ជម្រាប​ជូន​បាន​ថា សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​កោះ​អញ្ជើញ​ឧត្ដមសេនីយ៍​ឯក ម៉ឹក ដារ៉ា ដើម្បី​ធ្វើ​ការ​សាកសួរ​ព័ត៌មាន ហើយ​រហូត​​មក​ដល់​ពេល​នេះ លោក​ឧត្ដមសេនីយ៍​ឯក ម៉ឹក ដារ៉ា ស្ថិត​នៅ​ក្រោម​ការ​ឃុំ​គ្រប់​គ្រង់​របស់​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ»។

ដែន អយុធ្យា ៖ ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បញ្ហា​អី​ដែរ? ខៀវ សុភ័គ ៖ ខ្ញុំ​ទុក​ពេល​ឲ្យ​ជំនាញ​សមត្ថកិច្ច​​គេ​ធ្វើការ​ចុះ ខ្ញុំ​មាន​ព័ត៌មាន​ប៉ុណ្ណឹង​ជម្រាប​ជូន។

ទាក់ទង​បញ្ហា​នេះ លោក ស៊ាន បូរ៉ាត់ អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​ជុំវិញ​ការ​ឃាត់​ខ្លួន​នាយ​ឧត្ដមសេនីយ៍​ឯក​ខាង​លើ​នេះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​​​ខ្លី​ថា ការ​ចាប់​ខ្លួន​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ។
លោក ស៊ាន បូរ៉ាត់ មាន​ប្រសាសន៍​​បន្ថែម​ដូច្នេះ ៖ «ឥឡូវ​នេះ​គឺ​ខ្ញុំ​អត់​ទាន់​ជម្រាប​ជូន​មុន​ទេ ប៉ុន្តែ​ឥឡូវ​នេះ​គឺ​យើង​បាន​ចាប់​ជា​បន្តបន្ទាប់​ហើយ។ ឥឡូវ​នេះ​យើង​កំពុង​តែ​ស្រាវជ្រាវ​បណ្តាញ​របស់​ពួកគេ»។

វិធានការ​នៃ​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ប្រព្រឹត្ត​អំពើ​ពុករលួយ​រដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជា​បន្ត​បន្ទាប់ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ឥស្សរជន​នយោបាយ​មួយ​ចំនួន។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​វិធានការ​ក្តៅ​ទៅ​លើ​ជន​សង្ស័យ​នៃ​បទ​ល្មើស​ពុករលួយ​​ខាង​លើ ប៉ុន្តែ​លោក​ចង់​ឲ្យ​ការ​ចាត់​វិធានការ​ក្តៅ​នេះ ត្រូវ​មាន​សកម្មភាព​ជា​រៀង​រហូត។

លោក កឹម សុខា មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ខ្ញុំ​ស្វាគមន៍​នូវ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល ហើយ​​យើង​គិត​ថា ការ​អនុវត្ត​នេះ​គឺ​មាន​ច្រើន​ត​ទៅ​ទៀត មិន​មែន​មាន​តែ​ប៉ុណ្ណឹង​នាក់​នោះ​ទេ គឺ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​ហ្នឹង​អនុវត្ត​ឲ្យ​មាន​សមធម៌​ឲ្យ​មាន​​តម្លាភាព»។

ទាក់ទង​បញ្ហា​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ថ្លែង​ដោយ​ចង់​ឃើញ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​របស់​សមត្ថកិច្ច​រដ្ឋាភិបាល ក៏​ដូច​ជា​សមត្ថកិច្ច​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​ហ៊ាន​ចាត់​ការ​ទៅ​លើ​មន្ត្រី​មាន​តួនាទី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ត្រូវ​បន្ត​សកម្មភាព​របស់​ខ្លួន​ជា​រហូត ដោយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ឲ្យ​តែ​ល្អ​មើល​នោះ​ទេ ៖ «យើង​គិត​ថា អ្នក​ដែល​ជួញដូរ​គ្រឿង​ញៀន​នឹង​នៅ​មាន​ច្រើន​ទៀត»។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​ពុករលួយ គឺ​មាន​មន្ត្រី​ពុករលួយ​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​មក​សាកសួរ និង​​បាន​រៀបចំ​ឯកសារ​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទា​ទោស។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ដូច​យើង​ឃើញ​ហើយ គ្រាន់​តែ​ការ​ដក​រឿង​ពោធិ៍សាត់​មួយ ប្រជាជនៗ​គេ​អរ​សម្បើម​ណាស់! ឥឡូវ​ខេត្ត​បន្ទាយមានជ័យ មួយ​ទៀត ត​ទៅ​ទៀត​អ្នក​​រត់​ពន្ធ​ឈើ​ឧទាហរណ៍ អ្នក​រត់​ពន្ធ​សត្វ​ព្រៃ សុទ្ធ​តែ​រឿង​ធំៗ​ដែល​យើង​ត្រូវ​ការ បើ​យើង​មិន​​ដក​ចេញ​​​មិន​បាន​ទេ»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​អះអាង​ថា អង្គភាព​នេះ​កំពុង​ពិនិត្យ​មើល​បណ្តឹង​ជុំវិញ​ករណី​បទល្មើស​ពុករលួយ​ទៅ​លើ​មន្ទីរ​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​ច្រើន​ទៀត ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់​ថា សំណុំ​រឿង​ពុករលួយ​មាន​ប៉ុន្មាន​ករណី​នោះ​ទេ៕

1 comment:

  1. ក្រុងតាខ្មៅ ខ្ញុំសូមជំរាបជូនសាធារណជនថាការបោះឆ្នោតឃុំសង្កាត់កន្លងទៅពុំប្រព្រឹត្តដោយ សេរី យុត្តិធម និងសំងាត់ឡើយ ដោយសារ តែបេក្ខជនក្រុមប្រឹក្សាខេត្តកណ្តាលនាម អ៊ុំ ធនគ្រូពេទ្យចិត្តចោរ(ក៏សីសំនូកក្នុងការបញ្ចូលកូន២ខុសជំនាញក្នុងស្ថាបន័) ជាអតីតប្រធានមន្ទីសុខាភីបាល ខេត្តកណ្តាល រើសកូនប្រសារយួន ហៅអាយួន(ធ្លាប់ នៅស្រុកយួនចេះភាសាយួន) ដ៏ទំនើងថោកទាប(តាមយាយីដូចមន្រ្តីយួនកុំមុយនីសស្រុកយួន)មានផ្ទះលេខ 349 ផ្លូវ 205(ផ្លូវរោងកុនតាខ្មៅចាស់) ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល និង បុរសនាម ងួន យន់ ត្រូវជាអនុប្រធានមន្ទីរហិរិពា្ញវត្ថុ ខេត្តកណ្តាល និង កូនស្រីលោក នួន ផា (បុរសសីសំនូកក្នុងការជ្រើសរើសមន្រ្តីចូលក្នុងស្ថាបន្ថខ្លួនមនី្ទហិរញវត្ថុខេត្តកណ្តាល) បានតាមដានសើបអង្កេត ហើយដែលខ្ញុំពុំគាំទ្រនោះបានបំផ្លា្ញញ រំខាន ឯកជនរបស់ខ្ញុំផ្ទាល់ ដែលខ្ញុំបាទពុំអាចធើ្វអ្វីកើតឡើយ។ដូចនេះសូមសារធារណជននិងអង្គការដទែទៀតសូមជួយយកចិត្តទុកដាក់ផងនិងផ្លាស់ប្តូរលោកនោះចេញផង ជួយដេញពីបេក្ខភាពផងទៅ។
    ជនថោកទាបដែលរាយឈ្មោះខាងលើ សូមសារធារណជនដឹងលឺផង។
    សូមជួយផ្សព្វផ្សាយបន្តផងអោយយល់ពីការពិត។

    ReplyDelete