Wednesday, January 5, 2011

ក្រុមហ៊ុន​វៀតណាម​ហ៊ុមព័ទ្ធ​យក​ដី​ជន​ជាតិ​ភាគ​តិច​នៅ​រតនគិរី

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម​មួយ​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​អ្នក​ភូមិ​ជន​ជាតិ​ដើម​នៅ​ខេត្ត​រតនគិរី ថា​បាន​រំលោភ​ចូល​ទៅ​វាស់​វែង បាញ់​ថ្នាំ​ហ៊ុមព័ទ្ធ​យក​ដីធ្លី​តំបន់​ធ្វើ​ស្រែ​ចម្ការ​អ្នក​ភូមិ ហើយ​ធ្វើ​ការ​គំរាម​កំហែង​មិន​ឲ្យ​អ្នក​ភូមិ​តវ៉ា​អ្វី​ឡើយ ដោយ​សំអាង​ថា​ដី​នេះ​គឺ​ជា​របស់​ក្រុមហ៊ុន​វិនិយោគ។
តំណាង​អ្នក​ភូមិ​យ៉ាសោម ឃុំ​ស៊ឺង លោក ពួយ គឿន មាន​ប្រសាសន៍​ថា បុគ្គលិក​ក្រុមហ៊ុន​បាន​ចូល​មក​ក្នុង​ភូមិ​យ៉ាង​តិច​ប្រាំ​លើក​នៅ​ក្នុង​សប្ដាហ៍​កន្លង​ទៅ​នេះ ហើយ​ដើរ​បោះ​បង្គោល​ព្រំ​ដី បាញ់​ថ្នាំ​ពណ៌​ហ៊ុមព័ទ្ធ​តំបន់​ដីធ្លី​ស្រែ​ចម្ការ​អ្នក​ភូមិ ដោយ​មិន​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ណា​ទទួល​ស្គាល់ និង​ផ្សព្វ​ផ្សាយ​ឲ្យ​អ្នក​ភូមិ​ដឹង​ពី​គម្រោង​នោះ​ធ្វើ​ដើម្បី​អ្វី​ទេ។ លោក​បន្ត​ថា អ្នក​ភូមិ​មិន​បាន​ដឹង​ថា​ក្រុមហ៊ុន​នោះ​ឈ្មោះ​អ្វី​ទេ ក៏​ប៉ុន្តែ​មាន​បុគ្គលិក​ជន​ជាតិ​វៀតណាម រួម​នឹង​ខ្មែរ បាន​ធ្វើ​សកម្មភាព​នេះ ធ្វើ​ឲ្យ​អ្នក​ភូមិ​ភ័យ​ជ្រួលច្របល់ ៖ "ឃើញ​តែ​យួន​ទៅ​បាញ់​ថ្នាំ​ក្នុង​ចន្ទី ចង់​យក​ទាំង​ចម្ការ​ទាំង​អី​ហ្នឹង​ណា! ភូមិ​យើង​តវ៉ា​អត់​ឲ្យ​ទេ គេ​ថា បើ​ថា​គេ​យក​ហ្នឹង​សុខ​ចិត្ត​ឲ្យ​ស្លាប់​អស់​ទៅ។ វា​អស់​ម៉ា​ភូមិ​ហ្មង គេ​ចង់​យក​អស់​ម៉ា​ភូមិ​ហ្មង​ដី​ហ្នឹង"
ប្រធាន​ភូមិ​យ៉ាសោម លោក រចំ វិន មាន​ប្រសាសន៍​ដែរ​ថា ក្រុមហ៊ុន​នេះ​ចូល​មក​ក្នុង​ភូមិ​ដោយ​មិន​បាន​ផ្ដល់​ព័ត៌មាន ឬ​មាន​លិខិត​ស្នាម​ណា​មួយ​ទាក់​ទិន​ការ​ធ្វើ​សកម្មភាព​ក្នុង​ភូមិ​នោះ​ទេ។ លោក​បន្ត​ថា បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍​ជូន​អាជ្ញាធរ​ឃុំ​ស្រុក​ហើយ តែ​មិន​មាន​ដំណោះ​ស្រាយ​បញ្ឈប់​សកម្មភាព​នេះ​បាន ៖"មាន​អ្នក​ស្រុក​អ្នក​ភូមិ​ទៅ​ឃាត់ គេ​ថា​បើ​ហែង​ហ៊ាន​ឃាត់​មើល​ហែង​អា​យ៉ះ​ក្បាល​អា​ឡូវ​ហើយ។ យួន​ចូល​មក​ប្រាំ​សា​ហើយ​ខ្ទេច​ខ្ទី​ក្នុង​ភូមិ​ហ្នឹង​ណា ដី​ហ្នឹង​គេ​ថា​ត្រូវ​ដី​គេ​ទាំង​អស់ ហី​ទុក​ប្រជា​ពល​រដ្ឋ​នៅ​ណា"
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ស្វែង​រក​អត្តសញ្ញាណ​ក្រុមហ៊ុន​រង​ការ​ចោទ​ប្រកាន់​ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​មករា ឆ្នាំ​២០១១។ ក៏​ប៉ុន្តែ​អភិបាល​រង​ស្រុក​បរកែវ លោក សុក ពៅ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​បាន​បណ្ដេញ​បុគ្គលិក​ក្រុមហ៊ុន​មិន​ឲ្យ​ធ្វើ​សកម្មភាព​នៅ​តំបន់​អ្នក​ភូមិ​នោះ​ទៀត​ទេ ដោយ​សារ​ក្រុមហ៊ុន​នេះ​មិន​មាន​ឯកសារ​ទាក់​ទិន​ដី​សម្បទាន​នៅ​តំបន់​នោះ ៖ "ស្រុក​ដេញ​ឲ្យ​ទៅ​ជួប​ជា​មួយ​ខេត្ត​និយាយ​ឡើង​វិញ។ ឯកសារ​ធ្វើ​ពី​ថ្នាក់​ជាតិ​មក​ហ្នឹង​សុំ​ដី​លំផាត់ ដល់​មក​វាស់ៗ ចូល​ដី​បរកែវ ខ្ញុំ​អត់​ព្រម"
ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា មាន​ប្រសាសន៍​ដែរ​ថា ក្រុមហ៊ុន​ដែល​កំពុង​មាន​បញ្ហា​ជា​មួយ​អ្នក​ភូមិ គឺ​ជា​ក្រុមហ៊ុន​វៀតណាម ឈ្មោះ អេ លែវ យ៉ញ ស្តុក (ឯកសារ​មិន​មាន​សរសេរ​ជា​អក្សរ ឡាតាំង​ទេ) ដែល​ទទួល​បាន​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ផ្នែក​កសិកម្ម នៅ​ស្រុក​លំផាត់ ប្រមាណ ៨០០០​ហិកតារ ក៏​ប៉ុន្តែ​ឋិត​ក្នុង​ការ​សិក្សា​ពី​ផល​ប៉ះពាល់​នៅ​ឡើយ។
របាយ​ការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា គិត​ត្រឹម​ចុង​ឆ្នាំ​២០១០ រាជ​រដ្ឋាភិបាល​បាន​ចេញ​គោលការណ៍​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ផ្នែក​កសិកម្ម​នៅ​ខេត្ត​នេះ​ឲ្យ​ក្រុមហ៊ុន​ក្នុង និង​ក្រៅ​ប្រទេស​ចំនួន ៩​ក្រុមហ៊ុន ហើយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន​ប្រាំ​កំពុង​ដំណើរ​ការ។
អ្នក​សម្របសម្រួល​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៏ មាន​ប្រសាសន៍​ថា បុគ្គលិក​សមាគម​កំពុង​អង្កេត​សេចក្ដី​រាយ​ការណ៍​នេះ​ហើយ ដើម្បី​ធ្វើ​កិច្ច​អន្តរាគមន៍​ជួយ​ដល់​អ្នក​ភូមិ។
យ៉ាង​នេះ​ក្តី អ្នក​ភូមិ​ឲ្យ​ដឹង​ថា សហគមន៍​ភូមិ​យ៉ាសោម​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ពី​ក្រសួង​មហា​ផ្ទៃ​រួច​ហើយ ស្ដីពី​ការ​បង្កើត​សហគមន៍​ជន​ជាតិ​ដើម​នៅ​ខេត្ត​រតនគិរី។ ហេតុ​នេះ​ហើយ​អ្នក​ភូមិ​គ្រោង​នឹង​ធ្វើ​ញត្តិ​ស្ដីពី​ករណី​គំរាម​កំហែង​នេះ​ជូន​អាជ្ញាធរ​ខេត្ត និង​ថ្នាក់​រាជ​រដ្ឋាភិបាល ដើម្បី​ជួយ​ទប់​ស្កាត់​ករណី​ហ៊ុមព័ទ្ធ​យក​ដី​របស់​អ្នក​ភូមិ ដែល​គ្រោង​ធ្វើ​ការ​ចុះ​បញ្ជី​ដីធ្លី​សមូហភាព​សហគមន៍ នៅ​ពេល​ខាង​មុខ​នេះ៕

No comments:

Post a Comment