Friday, January 7, 2011

ប៉ូលិស​វៀតណាម​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ការ​ទូត​អាមេរិក

វិទ្យុ​អាស៊ី​សេរី​បាន​ទទួល​ព័ត៌មាន​ពី​ទីក្រុង​ហាណូយ (Ha Noi) ប្រទេស​វៀតណាម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ មករា ថា​អ្នក​ការ​ទូត​អាមេរិកាំង​ម្នាក់ បម្រើ​ការ​នៅ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក នៅ​វៀតណាម ទទួល​រង​ការ​ប្រតាយ​ប្រតប់ អូស​ទាញ ផ្ដួល​ទៅ​ដី ហើយ​ចាប់​ដាក់​ក្នុង​ឡាន ពី​សំណាក់​នគរបាល​វៀតណាម។

ហេតុ​ការណ៍​នេះ​កើត​ឡើង​ក្នុង​ពេល​ដែល​អ្នក​ការ​ទូត​អាមេរិកាំង​ព្យាយាម​ចង់​ជួប​ជា​មួយ​នឹង​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​វៀតណាម គឺ​អាចារ្យ​គ្រិស្ត​សាសនា​ខាង​និកាយ​កាតូលិក លោក ង្វៀន វ៉ាន់ លី (Nguyen Van Ly) ខាង​ក្រៅ​ផ្ទះ​របស់​គាត់ នា​ទីក្រុង​វ៉េ (Hue)។

អ្នក​រង​គ្រោះ​គឺ​លោក Christian Marchant ជា​នាយ​ផ្នែក​ខាង​កិច្ច​ការ​នយោបាយ​ប្រចាំ​ស្ថានទូត ស.រ.អា នៅ​ប្រទេស​វៀតណាម នា​ទីក្រុង​ហាណូយ។ ក្រសួង​ការ​បរទេស ស.រ.អា បាន​ធ្វើ​ការ​តវ៉ា​ជា​ផ្លូវ​ការ តាម​ផ្លូវ​ទូត ដោយ​លើក​យក​លក្ខខណ្ឌ​នៃ​អនុសញ្ញា​ក្រុង​វីយ៉ែនណា (Vienna) ស្ដី​អំពី​ពិធី​ការ​ការ​ទូត ដែល​ថា​គ្រប់​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ និង​ប្រតិបត្តិ​តាម​ជា​ដាច់​ខាត ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​បុគ្គលិក​ការ​ទូត។

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម អ្នក​ស្រី ង្វៀន ភឿង ង៉ា (Nguyen Phuong Nga) សន្យា​ថា​នឹង​ពិនិត្យ​មើល​ករណី​នេះ តែ​ថា មន្ត្រី​ការ​ទូត​នានា ក៏​មាន​ភារកិច្ច​គោរព​ច្បាប់​ប្រទេស​ដែល​គេ​ស្នាក់​នៅ និង​បំពេញ​ការ​ងារ​ផង​ដែរ៕

No comments:

Post a Comment