Tuesday, January 11, 2011

ហ៊ុន សែន គំរាម​ចាប់​ខ្លួន​អ្នក​ប្រមាថ​មន្ត្រី​រដ្ឋាភិបាល​ថា​ក្បត់​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ទៅ​ដល់​អ្នក​រិះគន់ និង​ជេរ​ប្រមាថ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ថា ឲ្យ​ឈប់​រិះគន់​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ អ្នក​ទាំង​នោះ​ត្រូវ​ឈម​នឹង​ការ​ចាប់​ខ្លួន ទោះ​បី​ជា​អ្នក​នោះ​ជា​តំណាងរាស្ត្រ​មាន​អភ័យ​ឯក​សិទ្ធិ​ក៏ដោយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ដូច្នេះ នៅ​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មករា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ថ្វី​ត្បិត​តែ​កម្ពុជា មាន​គណបក្ស​ច្រើន​ចូល​រួម​ប្រកួត​ប្រជែង​ធ្វើការ​បោះ​ឆ្នោត​ក្ដី ប៉ុន្តែ​ការ​លាប​ពណ៌​ណា​មួយ​ទៅ​លើ​ឥស្សរជន​ជាន់​ខ្ពស់​រដ្ឋាភិបាល​នោះ មិន​អនុញ្ញាត​បាន​នោះ​ឡើយ ៖ «កុំ​ថា​ឡើយ​មាន​អភ័យ​ឯក​សិទ្ធិ ឪ​អភ័យ​ឯក​សិទ្ធិ​ក៏​ត្រូវ​ដាក់​សិន​ដែរ ផ្ដាំ​ឲ្យ​ហើយ! ជេរ​អី​ជេរ​ចុះ ជេរ ៧ មករា ជេរ​ចុះ ប៉ុន្តែ​កុំ​ជេរ​ថា អា​ក្បត់​ជាតិ ក្នុង​ឋានៈ​ជា​អ្នក​ជាប់​ឆ្នោត​មាន​សំឡេង​បោះ​ឆ្នោត​ជួន​ពី​ប្រជាពលរដ្ឋ អ៊ីចឹង​គេ​ត្រូវ​តែ​ធ្វើ អ្នក​ដទៃ​កុំ​លូកលាន់ បរទេស​កុំ​លូកលាន់។ តើ​នាយករដ្ឋមន្ត្រី​ប្រទេស​ក្រៅ អនុញ្ញាត​ឲ្យ​គេ​ជេរ​ថា ក្បត់​ជាតិ​ទេ? ប្រធានាធិបតី​នៅ​លើ​ពិភពលោក អនុញ្ញាត​ឲ្យ​គេ​ជេរ​ថា អា​ក្បត់​ជាតិ​ទេ? សុំ​ផ្ដាំ​ទុក​ឲ្យ​ហើយ ក្រែង​លោ​វា​មាន​រឿង​ហ្នឹង​កើត​ឡើង»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស សម រង្ស៊ី និង​ជា​អ្នក​តំណាងរាស្ត្រ លោកស្រី មូរ សុខហួរ បាន​មាន​ប្រតិកម្ម​ថា លោក ហ៊ុន សែន កំពុង​តែ​ធ្វើការ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ជា​ថ្មី​ម្ដង​ទៀត។ ប៉ុន្តែ​លោកស្រី​អះអាង​ថា គណបក្ស សម រង្ស៊ី មិន​ភ្ញាក់​ផ្អើល និង​ភ័យ​ខ្លាច​ចំពោះ​ការ​ព្រមាន​នេះ​ឡើយ។

លោកស្រី មូរ សុខហួរ បន្ថែម​ថា ៖ «អ្នក​ដែល​គេ​និយាយ គេ​ហ៊ាន​ទទួល​ខុស​ត្រូវ គេ​មាន​ហេតុ​គេ​មាន​ផល​ក្នុង​ការ​និយាយ ហើយ​អ្នក​ទាំង​នោះ​ខ្ញុំ​ជឿ​ថា គេ​ហ៊ាន​ប្រឈម​មុខ​នឹង​ប្រវត្តិសាស្ត្រ ដូច្នេះ​ខ្ញុំ​មិន​យល់​ឃើញ​ថា ការ​បញ្ឈប់​របៀប​នេះ ថា​អាច​មាន​យុត្តិធម៌​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ដែល​គេ​ហ៊ាន​បញ្ចេញ​មតិ​ទេ។ បើ​សិន​ជា​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ជា​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ពិត​ប្រាកដ ខ្ញុំ​យល់​ឃើញ​ថា មិន​មាន​ការ​ព្រមាន​ទេ»

កាល​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ លោក សេង គុណការ ជា​ប្រធាន​សន្តិសុខ​ឃ្លាំង​អង្ករ​នៃ​អង្គការ​ស្បៀង​អាហារ​ពិភពលោក ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ឫស្សីកែវ ចាប់​ខ្លួន ហើយ​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជា​បន្ទាន់ នៅ​រសៀល​ថ្ងៃ​ដដែល ដើម្បី​បើក​សវនាការ​បឋម​មួយ​ភ្លាមៗ ទាក់ទង​នឹង​ការ​ចែកចាយ​អត្ថបទ​រិះគន់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​លោក​ចម្លង​ចេញ​ពី​គេហទំព័រ​មួយ​ឈ្មោះ ខេ.អៃ មេឌា (KI-Media) ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០ លោក សេង គុណការ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក ៦​ខែ និង​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​មួយ​លាន​រៀល ដោយ​យោង​ទៅ​លើ​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី មាត្រា​៤៩៤ និង ៤៩៥ ពី​បទ​បាន​ញុះញង់​បង្ក​ឲ្យ​មាន​បទឧក្រិដ្ឋ។

ក្រោយ​ពី​តុលាការ​បាន​ផ្ដន្ទា​ទោស​លោក សេង គុណការ និង​សារ​ព្រមាន​របស់​រដ្ឋាភិបាល​នេះ ត្រូវ​បាន​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង បាន​ចាត់​ទុក​ថា រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី និង​ប្រព័ន្ធ​តុលាការ​ជា​បង្អែក ក្នុង​ការ​ដាក់​ទោស​ទៅ​លើ​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​ក្នុង​ន័យ​ស្ថាបនា​ប្រទេស​ជាតិ៕

No comments:

Post a Comment