Friday, November 26, 2010

មូលនិធិ​សម្រាប់​ជួយ​ដល់​អ្នក​រង​គ្រោះ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ


2010-11-26
អគ្គនាយក​ទូរទស្សន៍​នៃ​មូលនិធិ​ធំៗ​ចំនួន​ពីរ​នៅ​កម្ពុជា ដែល​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា បាន​ប្រកាស​ឲ្យ​ដឹង​ថា គេ​នឹង​យក​ថវិកា ឬ​បច្ច័យ​ដែល​ទទួល​បាន​ពី​សប្បុរសជន​នោះ ទៅ​ជួយ​ឲ្យ​ដល់​ដៃ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដោយ​ផ្ទាល់​នៅ​ក្នុង​ឧបទ្ទវហេតុ​កោះ​ពេជ្រ នៅ​ពេល​ខាង​មុខ​នេះ។ 
ការ​ប្រកាស​ឲ្យ​ដឹង​ដូច្នេះ នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា បាន​ធ្វើ​ពិធី​កាន់​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​ឧបទ្ទវហេតុ​កោះ​ពេជ្រ ក្រោយ​ពេល​កើត​ហេតុ ៣​ថ្ងៃ គឺ​កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដែល​ជា​យប់​ចុង​ក្រោយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក។ 
អគ្គនាយក​រង​នៃ​ទូរទស្សន៍ CTN លោក ប៉ុល វិបូរ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​ថា គណៈកម្មការ CTN នឹង​យក​ថវិកា​ដែល​ទទួល​បាន​ពី​ការ​ឧបត្ថម្ភ​របស់​សប្បុរសជន​ទៅ​ចែក​ជូន​ដល់​ដៃ​ជន​រងគ្រោះ​ដោយ​ផ្ទាល់ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ពិស្ដារ​បាន​ទេ​ថា តើ​ថវិកា​ទាំង​នោះ​នឹង​ចែក​ជូន​យ៉ាង​ដូច​ម្តេច ព្រោះ​ថា គណៈកម្មការ​នឹង​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ក្រោយ​ពេល​បូក​សរុប​ថវិកា​រួច។ 
លោក ប៉ុល វិបូរ បាន​ពន្យល់​ថា រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​បាន​បូក​សរុប​ថវិកា​នៅ​ឡើយ​ទេ ព្រោះ​ការ​ទទួល​ថវិកា គឺ​សប្បុរសជន​យក​ថវិកា​ទៅ​ឲ្យ​ដោយ​ផ្ទាល់​នៅ​ស្ថានីយ​ទូរទស្សន៍ CTN តាម​រយៈ​ធនាគារ ANZ Royal និង​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ Mobitel ដូច្នេះ​បាន​ជា​មិន​អាច​បូក​លទ្ធផល​ថវិកា​បាន​ភ្លាមៗ។
លោក ប៉ុល វិបូរ បាន​បញ្ជាក់​ថា ថវិកា​ដែល​ទទួល​បាន​ប្រហែល​ជា​នឹង​ត្រូវ​ចែក​ឲ្យ​ជន​រង​គ្រោះ​ស្មើៗ​គ្នា ចំពោះ​អ្នក​ដែល​ស្លាប់​នោះ រី​ឯ​អ្នក​របួស លោក​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា តើ​គេ​នឹង​យក​ថវិកា​ទាំង​នោះ​ផ្ដល់​ជូន​ពួកគេ ឬ​ក៏​អត់​នោះ?
លោក ទិត ថាវរិទ្ធិ អគ្គនាយក​រង​ទូរទស្សន៍​បាយ័ន បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា មូលនិធិ​ទូរទស្សន៍​បាយ័ន បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មាន​ចំនួន ១​ពាន់​លាន​រៀល និង​លុយ​ដុល្លារ​ប្រមាណ ៦៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។
លោក ទិត ថាវរិទ្ធិ បាន​ប្រកាស​ថា ថវិកា​ដែល​ទូរទស្សន៍​បាយ័ន ទទួល​បាន​ពី​សប្បុរសជន​ទាំង​អស់ នឹង​យក​ទៅ​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​កោះ​ពេជ្រ​ស្មើៗ​គ្នា គិត​តាម​តួលេខ​ពី​ក្រសួង​សង្គមកិច្ច។ ប៉ុន្តែ​ចំពោះ​អ្នក​របួស​វិញ លោក ទិត ថាវរិទ្ធ បាន​បញ្ជាក់​ថា គេ​នឹង​មិន​ផ្ដល់​ជូន​ទេ។
សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ដោះ​ស្រាយ​ការងារ​បន្ទាន់​លើ​ករណី​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ចំនួន​មនុស្ស​ស្លាប់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា មាន​ចំនួន ៣៤៧​នាក់ និង​របួស ៣៩៥​នាក់។ សេចក្ដី​ជូន​ដំណឹង​នេះ ក៏​បាន​កែ​តម្រូវ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ដែល​ថា មាន​មនុស្ស​ស្លាប់​រហូត​ដល់ ៤៥៦​នាក់​នោះ។ 
ក្រោយ​ពេល​ឧបទ្ទវហេតុ​កើត​មាន​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់​រយ​នាក់ ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​បែប​នេះ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន និង​អង្គទូត​នានា បាន​សម្ដែង​ការ​សោកស្ដាយ និង​ចូល​រួម​រំលែក​ទុក្ខ ព្រម​ទាំង​ពួក​គេ​មួយ​ចំនួន​ក៏​បាន​ចូល​រួម​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​ជន​រង​គ្រោះ​ផង​ដែរ។
ធនាគារ ANZ បាន​ជួយ​ប្រហែល​ជាង ១​ម៉ឺន​៤​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក អគ្គ​នាយក​ក្រុមហ៊ុន Oversea Cambodian Investment Cooperation ឬ​ហៅ​​កាត់​ថា (OCIC) ដែល​ជា​ម្ចាស់​វិនិយោគ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ជួយ​ដល់​សាកសព​ម្នាក់ ១​ពាន់​ដុល្លារ និង​អ្នក​របួស ២០០​ដុល្លារ​ក្នុង​ម្នាក់។
រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ជូន ៥​លាន​រៀល​ចំពោះ​សព​ម្នាក់ ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​បរមនាថ នរោត្តម សហមុនី បាន​ប្រទាន​ដល់​គ្រួសារ​សព​ម្នាក់ ២០០​ដុល្លារ និង​អ្នក​របួស​ចំនួន ១០០​ដុល្លារ ហើយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ក៏​បាន​ជួយ​ដល់​សាកសព​ម្នាក់ ២០០​ដុល្លារ និង​អ្នក​របួស​ចំនួន ១០០​ដុល្លារ​ដែរ​ក្នុង​ម្នាក់ និង​ស្ថាប័ន​ផ្សេងៗ​មួយ​ចំនួន​ទៀត។
កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​សម្រេច​ស្ដីពី​ការ​ចាត់​តាំង​សាងសង់​ស្តង់​រំឭក​វិញ្ញាណក្ខន្ធ​ប្រជាជន​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​ស្ពាន​កោះ​ពេជ្រ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដើម្បី​រឭក និង​ចងចាំ​ជា​និច្ច​នូវ​សោកនាដកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ចំណាយ​ថវិកា​របស់​មូលនិធិ​ទូរទស្សន៍​បាយ័ន និង CTN ក្នុង​ការ​សាង​សង់​ស្តូប​នេះ។
ទាក់ទង​នឹង​គម្រោង​ប្រើ​មូលនិធិ​ទូរទស្សន៍​ទាំង​ពីរ​ខាង​លើ​ក្នុង​ការ​សង់​ស្តូប​នៅ​កន្លែង​កើត​ហេតុ​ក្បែរ​ស្ពាន​កោះ​ពេជ្រ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ជា​សប្បុរសជន​ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​ជន​រងគ្រោះ​តាម​រយៈ​ទូរទស្សន៍​បាយ័ន និង CTN បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​បញ្ហា​នេះ។ 
លោក ប៊ូ សារឿន ជា​បុគ្គលិក​អង្គការ​អន្តរជាតិ​មួយ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក និង​អ្នក​រួម​ការងារ​ជាមួយ បាន​រៃ​លុយ​គ្នា​បាន​ជាង ១.៤០០​ដុល្លារ ដើម្បី​យក​ទៅ​ជួយ​អ្នក​រង​គ្រោះ​លើ​ស្ពាន​កោះ​ពេជ្រ តាម​រយៈ​ទូរទស្សន៍ CTN ប៉ុន្តែ​បើ​សិន​អ្នក​គ្រប់គ្រង​មូលនិធិ​នេះ​យក​ថវិកា​ទៅ​សាងសង់​ស្តូប លោក​មិន​ឯកភាព​នោះ​ទេ។
យុវសិស្ស​នៃ​សាលា​អន្តរជាតិ Western ឈ្មោះ ខាន់ ណា ដែល​នាង​បាន​រៃ​លុយ​មិត្ត​រួម​ថ្នាក់​របស់​នាង​ជួយ​អ្នក​រង​គ្រោះ​តាម​រយៈ​ទូរទស្សន៍​បាយ័ន​ដែរ​នោះ បាន​លើក​ឡើង​ថា ការ​សាងសង់​ស្តូប​គឺ​ជា​បន្ទុក​របស់​រដ្ឋាភិបាល មិន​គួរ​យក​ថវិកា​សប្បុរសជន​ទៅ​សាងសង់​នោះ​ទេ។
ទាក់ទង​ទៅ​នឹង​ការ​លើក​ឡើង​នេះ លោក ទិត ថាវរិទ្ធិ បាន​ពន្យល់​ថា លោក​មិន​យក​ថវិកា​ដែល​សប្បុរសជន​បាន​ផ្ដល់​ជូន​នេះ​ទៅ​សង់​ស្តូប​នោះ​ទេ គឺ​គេ​គ្រោង​នឹង​យក​ថវិកា​នៃ​មូលនិធិ​បាយ័ន​ចាស់ ដែល​សល់​មួយ​ចំនួន និង​ថវិកា​ផ្ទាល់​របស់​អគ្គ​នាយិកា​ទូរទស្សន៍​បាយ័ន គឺ​លោកស្រី ហ៊ុន ម៉ាណា ទេ ដើម្បី​ធ្វើ​ស្តូប​ដែល​ដឹក​នាំ​ដោយ​សាលា​រាជធានី​ភ្នំពេញ។ 
ចំពោះ​អគ្គ​នាយក​រង​ទូរទស្សន៍ CTN  វិញ លោក ប៉ុល វិបូរ បាន​ឲ្យ​ដឹង​ថា លោក​មិន​ប្រាកដ​ថា តើ​គេ​យក​ថវិកា​ពី​មូលនិធិ​នេះ​ទៅ​សាងសង់​ស្តូប ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​គេ​នឹង​ព្យាយាម​រក​ថវិកា​ណា​មួយ​ផ្សេង​ក្នុង​ការ​សង់​ស្តូប​នេះ។ 
ទាំង​ទូរទស្សន៍ CTN និង​ទូរទស្សន៍​បាយ័ន គេ​មិន​ទាន់​ដឹង​ទេ​ថា តើ​គេ​នឹង​ឈប់​ទទួល​យក​ថវិកា​ពី​សប្បុរសជន​ដែល​គេ​បាន​ផ្សាយ​ផ្ទាល់​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ទទួល​ថវិកា​ពី​សប្បុរសជន​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។
មក​ទល់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា គេ​សង្កេត​ឃើញ​មាន​មូលនិធិ​មួយ​ចំនួន​ផ្សេង​ទៀត បាន​ប្រកាស​ទទួល​ប្រាក់​ពី​សប្បុរសជន ដើម្បី​យក​ថវិកា​ទាំង​នោះ​ទៅ​ជួយ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​ក្រុម​មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន​បាន​អំពាវនាវ​ដល់​ម្ចាស់​មូលនិធិ​ទាំង​នោះ ធ្វើ​យ៉ាង​ណា​យក​ថវិកា​ទៅ​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឲ្យ​មាន​តម្លាភាព និង​មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ។ 
កម្មការិនី​មួយ​រួប​ដែល​រួច​ផុត​ពី​សេចក្ដី​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​កោះ​ពេជ្រ ក៏​បាន​អំពាវនាវ​ដល់​សប្បុរសជន​នានា ធ្វើ​យ៉ាង​ណា​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​រង​គ្រោះ​នៅ​​កោះ​ពេជ្រ​ឲ្យ​បាន​គ្រប់​គ្នា​ផង មិន​ថា គ្រួសារ​អ្នក​ស្លាប់ ឬ​អ្នក​របួស​នោះ​ឡើយ៕

No comments:

Post a Comment