Thursday, November 25, 2010

ក្រសួង​ការបរទេស​ធ្វើ​ពិធី​បុណ្យ​បង្សុកូល​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព


2010-11-25
តំណាង​ទូត​បរទេស​ចំនួន ៣០​ប្រទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មក​ចូល​រួម​នៅ​ក្នុង​ពិធី​នេះ នៅ​ក្នុង​នោះ​មាន​តំណាង​ទូត​នៃ​សហរដ្ឋ​អាមេរិក ប្រទេស​រុស្ស៊ី ប្រទេស​ថៃ ប្រទេស​ចិន ប្រទេស​វៀតណាម ប្រទេស​អង់គ្លេស និង​ប្រទេស​សិង្ហបុរី​ជាដើម។
តំណាង​អង្គការ​អន្តរជាតិ​ចំនួន​៨ ដែល​មក​ចូល​រួម​ផង​ដែរ​នោះ មាន​ដូចជា​អង្គការ UNDP អង្គការ UNESCO អង្គការ UNICEF អង្គការ UNHCR និង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាដើម។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជា​ឧបនាយករដ្ឋមន្ត្រី តំណាង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​តាង​នាម​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដឹកនាំ​ពិធី​បង្សុកូល​នេះ បាន​មាន​ប្រសាសន៍​ថា មាន​មេដឹកនាំ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​ផ្ញើ​សារ​ចូល​រួម​មរណទុក្ខ​នេះ។
លោក ហោ ណាំហុង មាន​ប្រសាសន៍​បន្ថែម​ថា ៖ «នេះ​ជា​មហា​សោកនាដកម្ម​របស់​ជាតិ​យើង ធ្វើ​ឲ្យ​មាន​ការ​រន្ធត់​យ៉ាង​សម្បើម ចំពោះ​ប្រជាជន ប្រជាពលរដ្ឋ​យើង​នៅ​ទូទាំង​ប្រទេស​ទាំង​អស់។ ហេតុ​ដូច្នេះ​ហើយ ក្នុង​នាម​រាជ​រដ្ឋាភិបាល ជា​ថៃ្ង​ដែល​យើង​កាន់​ទុក្ខ មរណទុក្ខ ចំពោះ​អ្នក​រង​គ្រោះ​នៃ​ឧបទ្ទវហេតុ​នេះ ក្នុង​នាម​រាជ​រដ្ឋាភិបាល បាន​អញ្ជើញ​អង្គទូត ជាមួយ​ថ្នាក់​ដឹកនាំ​យើង​ខ្លះ​ដើម្បី​រៀបចំ​គោរព​វិញ្ញាណក្ខន្ធ»
ព្រះសង្ឃ​ចំនួន ៤៩​អង្គ ដឹកនាំ​ដោយ​សម្ដេច​សង្ឃ ទេព វង្ស បាន​សូត្រ​ធម៌​បង្សុកូល និង​នមស្សការ​ជូន​ពរជ័យ​ដល់​ព្រលឹង​អ្នក​ស្លាប់​នៅ​ក្នុង​សោកនាដកម្ម​កន្លង​មក​នេះ។
អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ជា កៀន បាន​អាន​វិយោគកថា​នៅ​ក្នុង​ពិធី​បង្សុកូល​នោះ​ថា ទុក្ខ​សោក​នេះ​គឺ​ធ្ងន់ធ្ងរ​លើស​ការ​ស្មាន ៖ «ការ​បាត់បង់​ជីវិត​របស់​បង​ប្អូន​ជន​រួម​ជាតិ​យើង​ជា​ច្រើន​នាក់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នៅ​កន្លែង​តែមួយ​ដែល​មិន​ធ្លាប់​មាន​ទាល់តែ​សោះ​ក្នុង​ប្រវត្តិ​នៃ​ការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​នៅ​កម្ពុជា តាំង​ពី​អំទ្បុង​កាល​ដ៏​យូរ​លង់​កន្លង​មក គឺ​ជា​ការ​មរណៈ​មួយ​ដ៏​គួរ​ឲ្យ​សោកសង្រេង និង​ស្តាយ​ស្រណោះ​បំផុត»
នៅ​ព្រឹក​ថៃ្ង​ទី​២៥ ខែ​វិច្ឆិកា​នេះ​ដែរ ទង់ជាតិ​កម្ពុជា នៅ​វិមាន​ឯករាជ្យ និង​ទង់ជាតិ​នានា​នៅ​តាម​ដង​ផ្លូវ និង​នៅ​ក្នុង​សាលារៀន ត្រូវ​បាន​គេ​បង្ហូត​មក​ពាក់​កណ្តាល​ដង ដើម្បី​កាន់​ទុក្ខ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ចេញ​ដោយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ចុះ​ថៃ្ង​ទី​២៥ ខែ​វិច្ឆិកា បាន​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​កន្លង​មក​នេះ គឺ​ចំនួន ៣៤៧​នាក់ និង​អ្នក​រង​របួស​ចំនួន ៣៩៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នានា។
រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​សាងសង់​ស្តូប​មួយ​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ទាំង​នោះ​នៅ​ក្បែរ​ស្ពាន​កោះ​ពេជ្រ​នោះ៕

No comments:

Post a Comment