Wednesday, November 24, 2010

ស្ថានភាព​អ្នក​ជំងឺ​ដែល​រង​គ្រោះ​នៅ​ក្នុង​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ

ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នាយឧត្តមសេនីយ៍​ផ្កាយ​មាស​៣ លោក ម៉ក់ ជីតូ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​វិច្ឆិកា​ថា ចាប់​ពី​មន្ទីរពេទ្យ​ទទួល​ជន​រងគ្រោះ​ថ្នាក់​នៅ​កោះ​ពេជ្រ​មក​សម្រាក ថ្នាំ​ពេទ្យ​មិន​ទាន់​ខ្វះ​ទេ ព្រោះ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​កាកបាទ​ក្រហម​ជាតិ និង​អន្តរជាតិ។ 
លោក​បន្ត​ថា កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា មាន​ជន​រងគ្រោះ​ជា​កុមារី​ម្នាក់​បាន​ស្លាប់ ដោយសារ​របួស​ធ្ងន់​ពេក ៖ «អ្នក​របួស​ដែល​យើង​ទទួល​មក​មាន ១៨១​នាក់ ហើយ​អ្នក​ស្លាប់ គឺ​សាកសព​ដែល​យើង​គ្រប់គ្រង និង​ប្រគល់​ជូន​ទៅ​ធ្វើ​បុណ្យ​ធ្វើ​ទាន​នៅ​ស្រុក សរុប​ទាំង​អស់​អ្នក​ស្លាប់​មាន ១៤២​នាក់។ សព​យក​អស់​នៅ​សល់​តែ​៣»
ស្ថានភាព​អ្នក​ជំងឺ​គ្រោះថ្នាក់​ពី​តំបន់​កោះ​ពេជ្រ​ក្នុង​មន្ទីរពេទ្យ​ព្រះកេតុមាលា និង​មន្ទីរពេទ្យ​ព្រះកុសុមៈ អ្នក​ជំងឺ​មាន​គ្រែ​សម្រាក បើ​ទោះ​បី​គ្រែ​ខ្លះ​អ្នក​ជំងឺ​សម្រាក ២​នាក់​ក៏ដោយ។ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មាន​អ្នក​ជំងឺ​មក​ពី​កោះ​ពេជ្រ​មិន​ទាន់​មាន​គ្រែ​សម្រាក​គ្រប់​ទេ។ គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ដោយសារ​មន្ទីរពេទ្យ​នោះ​មាន​អ្នក​ជំងឺ​ច្រើន​លើស​លុប​ពេក។
ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ត្រូវ​ដឹក​តាម​រថយន្ត​ពី​អគារ​មួយ​ទៅ​អគារ​មួយ​ដោយ​គ្រូពេទ្យ ដើម្បី​ថត​ឆ្លុះ​ជើង​ដែល​ជាំ និង​ហើម។
វេជ្ជបណ្ឌិត ព្រំ សង់ហួន នៃ​មន្ទីរពេទ្យ​ព្រះកេតុមាលា ហៅ​ពេទ្យ​ធំ មាន​ប្រសាសន៍​ថា អ្នក​របួស​កំពុង​សង្គ្រោះ​បន្ទាន់​មាន ៩​នាក់ ស្រី ៧​នាក់ ប្រុស ២​នាក់។ លោក​បន្ត​ថា អ្នក​ជំងឺ​ក្រំ​ខ្លាំង និង​សន្លប់ នៅ​ពេល​ព្យាបាល​បាន​ធូរ​បន្តិច ពួកគេ​នៅ​ពេល​ទទួល​ទាន​អាហារ​បាន​ក្អួត ព្រោះ​មុន​ពេល​កើត​ហេតុ​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ​នោះ មិន​ទាន់​ទទួល​ទាន​អាហារ និង​ក្រំ​ក្នុង ដែល​គ្រូពេទ្យ​ចាំបាច់​ត្រូវ​ថត​ឆ្លុះ។
វេជ្ជបណ្ឌិត ព្រំ សង់ហួន បាន​បន្ថែម​ថា ៖ «ចំពោះ​ឱសថ បើ​តាម​ខ្ញុំ​ក្តាប់​ទៅ​មិន​ទាន់​មក​ដល់​ទេ មាន​តែ​ក្រុមហ៊ុន។ រឿង​គ្រប់គ្រាន់​វា​មិន​គ្រប់គ្រាន់​ទេ គ្រាន់​ថា យើង​ចេះ​តែ​ដោះស្រាយ​ទៅ​តាម​លទ្ធភាព​ដែល​យើង​មាន សំខាន់​គឺ​សេរ៉ូម ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ថ្នាំ​ផ្សះ​អី​ហ្នឹង ហើយ​និង​ថ្នាំ​ដូច​ជា​លាង​របួស​អី​ហ្នឹង»
វេជ្ជបណ្ឌិត​ផ្នែក​របួស​គ្រាំគ្រា និង​ជំងឺ​ឆ្អឹង នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោក​សង្ឃ លោក ដួង ប៊ុណ្ណ មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​វិច្ឆិកា មាន​អ្នក​ជំងឺ​ប្រុស​ម្នាក់​បាន​ស្លាប់ ព្រោះ​ពេទ្យ​គ្មាន​កន្លែង​លាង​ឈាម​ប្ដូរ​ឲ្យ​អ្នក​ជំងឺ​ក្រំ​ក្នុង​ខ្លាំង​បាន​ឡើយ។
លោក​វេជ្ជបណ្ឌិត​បន្ត​ថា របួស​ដោយសារ​ការ​ជាន់​សង្កត់​ធ្វើ​ឲ្យ​ជើង​ហើម សង្កត់​ទៅ​លើ​សរសៃ​ឈាម និង​សរសៃ​ប្រសាទ ដូច្នេះ​គ្រូពេទ្យ​ចាំបាច់​ត្រូវ​ព្យាបាល​ដោយ​វះ​កន្លែង​ជាំ​បង្ហូរ​ឈាម​ចេញ។ លោក​ថា នៅ​ថ្ងៃ​ពុធ​ដដែល លោក​ទើប​បញ្ជូន​អ្នក​ជំងឺ​ក្រំ​ក្នុង​ខ្លាំង​ចំនួន ៥​នាក់ ដែល​មិន​អាច​បត់​ជើង​តូច ត្រូវ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ព្រោះ​អាការៈ​បែប​នេះ​បើ​មិន​អាច​បត់​ជើង​តូច អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត។
លោក​បន្ត​ថា ៖ «ការ​សង្កត់​ខ្លាំង​ធ្វើ​ឲ្យ​សាច់ដុំ​នៅ​កន្លែង​ជើង​ហ្នឹង​វា​បែក ពេល​ដែល​បែក​ទៅ​វា​បញ្ចេញ​នូវ​ជាតិ​ពុល​ម្យ៉ាង ដែល​ចេញ​ពី​សាច់ដុំ​ទៅ គេ​ហៅ​ម៉ីញ៉ូគ្លូប៊ីន ដែល​វា​ចូល​ទៅ​ក្នុង​ឈាម​ទៅ​ស្ទះ​នៅ​តម្រង​នោម ពេល​ហ្នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​អត់​នោម អ្នក​ជំងឺ​អាច​មាន​គ្រោះថ្នាក់​ដល់​ស្លាប់ បើ​សិន​ជា​យើង​មិន​ជួយ»
នាយក​មន្ទីរពេទ្យ​ព្រះកុសុមៈ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត តេង សឿន មាន​ប្រសាសន៍​ថា ថ្នាំពេទ្យ​ដែល​ប្រើ​ច្រើន​ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នក​ជំងឺ គឺ​សេរ៉ូម និង​ក្រោយ​ការ​វះកាត់ គឺ​ប្រើ​ថ្នាំ​ផ្សះ​ចាក់​តែម្ដង។
លោក​ថា ថ្នាំ​ព្យាបាល ពេល​ក្នុង​មន្ទីរពេទ្យ​ប្រើ​អស់ មាន​អង្គការ​ពេទ្យ​អន្តរជាតិ និង​ជាតិ ជួយ​ឧបត្ថម្ភ​ច្រើន ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​២៣ ខែ​វិច្ឆិកា ស្ថានីយ​ទូរទស្សន៍​ស៊ី.ធី.អិន បាន​ជួយ​ឧបត្ថម្ភ​ថ្នាំ​ច្រើន។ ប៉ុន្តែ​លោក​មិន​ទាន់​បាន​គិត​ពី​ចំនួន​ប្រើប្រាស់​ថ្នាំ​រួច​នោះ​នៅ​ឡើយ​ទេ។
លោក​បន្ត​ថា ៖ «កៀបកិន រួច​ដល់​អ្នក​ស្លាប់​ហើយ ស្ទាប​មើល​ផ្ទាល់ មិន​មែន​ចេះ​តែ​ស្លាប់​ហើយ​អត់​មើល​ទេ មុន​នឹង​ថា គាត់​ស្លាប់​មែន​ទែន​ហើយ។ យើង​មើល​នៅ​នេះ មើល​នៅ​ត្រង់​ហ្នឹង​តែម្តង គឺ​យើង​ស្ទាប​មើល​ព្រួក​អស់​ហើយ​ឆ្អឹង​ជំនីរ ពោះ​អី​ហ្នឹង រួច​អ្នក​រស់​នៅ​ច្រើន​តែ​បែក​បាក់។ ប៉ុន្តែ​ឥឡូវ​យើង​បារម្ភ​ដែរ វា​ខ្ទាំ​ពោះ​ខ្ទាំ​ទ្រូង ឬ​ក៏​ត្រូវ​វា​មិន​ចំ​កន្លែង​ក្នុង​ពោះ​ហ្នឹង យើង​ត្រូវ​តាម​ដាន​ខ្លាំង មិន​ដឹង​វះ​នៅ​ត្រង់​ណា ទុក​ត្រង់​ណា ព្រោះ​វា​ខ្ទាំ វា​ខុស​ពី​បែក»
ក្រុម​ជន​រងគ្រោះ​ដែល​នៅ​រស់​រាន​មាន​ជីវិត​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ទាំង​អស់​នោះ បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល និង​សាកសួរ​សុខភាព​ក្នុង​ប្រមាណ ២​ម៉ោង​ម្តង។ ចំណែក​អាហារ​ទទួល​ទាន​មាន​អង្គការ​ជា​ច្រើន ស្ថាប័ន​គ្រឹះ​សាសនា និង​អាហារដ្ឋាន​នានា បាន​យក​មក​ឲ្យ​ពួកគេ​ហូប ៣​ពេល​ក្នុង​១​ថ្ងៃ។
ក្រុម​អ្នក​ជំងឺ​បាន​ថ្លែង​អំណរគុណ​ចំពោះ​មន្រ្តី​សមត្ថកិច្ច​ និង​គ្រូពេទ្យ​ដែល​បាន​ជួយ​សង្រ្គោះ​ពួកគេ​ថា ៖ «ខ្ញុំ​សូម​អរគុណ​លោក​គ្រូពេទ្យ និង​កាកបាទ​ក្រហម ដែល​បាន​ជួយ​សង្រ្គោះ​យក​ខ្ញុំ និង​ទាំង​អស់​គ្នា​ឲ្យ​បាន​ជា​ផុត​ពី​គ្រោះថ្នាក់ ដែល​កើត​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ហ្នឹង»
កីឡាករ​ទូក​នាគ​ខៀវ​មានជ័យ មក​ពី​ខេត្ត​កណ្តាល ឈ្មោះ សៀង វុទ្ធិ បន្ថែម ៖ «ដល់​ពេល​ប៉ូលិស​គេ​បាញ់​ទឹក​រួច កាកបាទ​ក្រហម​គេ​បោះ​ទឹក​បោះ​អី​ឲ្យ​ហ្នឹង អាច​មាន​កម្លាំង​បាន​ធូរ​ដក​ដង្ហើម វា​អត់​សូវ​ក្តៅ បើ​អត់​ទឹក​វិញ មនុស្ស​ទាំង​អស់​ហ្នឹង យ៉ាង​ច្រើន​បាន​តែ ១​ម៉ោង​កន្លះ​ត្រូវ​ស្លាប់​អស់» 
យុវតី​មក​ពី​ឃុំ​ត្នោត ស្រុក​ពារាំង ខេត្ត​ព្រៃវែង ឈ្មោះ ស៊ូ សាវិត អាយុ ១៧​ឆ្នាំ ថ្លែង​ថា ៖ «ខ្ញុំ​សូម​អរគុណ​លោក​គ្រូពេទ្យ​ដែល​ជួយ​ខ្ញុំ​ស្ទុះស្ទារ ដើម្បី​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​សូម​អរគុណ​កាកបាទ​ក្រហម ដែល​ជួយ​ដល់​រូប​ខ្ញុំ ជួយ​ឧបត្ថម្ភ​ជា​លុយ និង​ជា​របស់​របរ​ទាំង​អស់​សម្រាប់​ពួក​ខ្ញុំ​ព្យាបាល។ ទាហាន​អូប័រ​គាត់​មក​ជួយ​ខ្ញុំ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​បើក​អូប័រ​ដែល​បាន​បើក​មក​ជួយ​ខ្ញុំ មក​ដល់​ត្រើយ​ខាង​ម្ខាង ខ្ញុំ​សូម​អរគុណ​ច្រើន សូម​ឲ្យ​គាត់​មាន​អាយុ​វែង» 
តំណាង​អង្គការ​សាយបាយសាយ របស់​ប្រទេស​ជប៉ុន លោក ឯក គុនហឿន បាន​ឲ្យ​ដឹង​ថា បាន​ជួយ​យក​អាហារ ២​ពេល ថ្ងៃ​ត្រង់ និង​ល្ងាច​ដល់​មន្ទីរពេទ្យ​រដ្ឋ ដែល​បាន​ទទួល​ជន​រង​គ្រោះថ្នាក់​កោះ​ពេជ្រ​ក្នុង ១​ពេល​ចំនួន ១​ពាន់​កញ្ចប់ មាន​បាយ សម្ល ទឹក​សុទ្ធ ហើយ​ការ​ផ្តល់​អាហារ​នោះ​មាន​តាំង​ពី​ថ្ងៃ​២៣ វិច្ឆិកា​មក។
រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន និង​យុវនីតិសម្បទា ជា​អនុ​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ការងារ​បន្ទាន់​ឧបទ្ទវហេតុ​នៅ​កោះ​ពេជ្រ មាន​ប្រសាសន៍​នៅ​រសៀល​ម៉ោង ៥ និង ៣០​នាទី ថ្ងៃ​ពុធ ទី​២៤ ខែ​វិច្ឆិកា​ថា ចំនួន​អ្នក​ស្លាប់​មាន ៤៥៦​នាក់ អ្នក​របួស​មាន ៣៩៥​នាក់​ទេ៕

No comments:

Post a Comment