Friday, January 7, 2011

៧​មករា ជា​ថ្ងៃ​វៀតណាម​ឈ្លាន​ពាន

ដោយ តាំង សារ៉ាដា
2011-01-07

ក្រុម​អ្នក​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​មួយ​ចំនួន មាន​ទស្សនៈ​ថា រដ្ឋាភិបាល​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩៣ គឺ​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ហើយ​រាល់​សន្ធិសញ្ញា ឬ​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា ដែល​ធ្វើ​ឡើង​រវាង​កម្ពុជា និង​បរទេស​ក្នុង​រយៈ​ពេល​នោះ គឺ​ជា​ការ​ខុស​ច្បាប់​ទាំង​អស់។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​ឃ្លាំ​មើល​អំពី​ស្ថានការណ៍​របស់​កម្ពុជា មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា ក្នុង​កំឡុង​ទសវត្សរ៍​ទី​៨០ គ្រាន់​ជា​ភាគី​មួយ​ក្នុង​ចំណោម​ភាគី​ធំៗ ចំនួន​៤ នៅ​ក្រោយ​របប​ខ្មែរ​ក្រហម។ ភាគី​ទាំង​បួន​នោះ​រួម​មាន ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម ភាគី​រណសិរ្ស​រំដោះ​ប្រជា​ជាតិ​ខ្មែរ​របស់​សម្ដេច សឺន សាន ភាគី​ហ៊្វុនស៊ីនប៉ិច​របស់​ព្រះ​បាទ​នរោត្តម សីហនុ និង​ភាគី​រដ្ឋ​កម្ពុជា​របស់​លោក ហ៊ុន សែន។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា សន្ធិ​សញ្ញា​ដែល​កម្ពុជា​មាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​វៀតណាម ក្នុង​កំឡុង​ការ​គ្រប់គ្រង​របស់​វៀតណាម កាល​ពី​ទសវត្ស​ទី​៨០ នោះ រួម​មាន​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩ ១៩៨២ ១៩៨៣ និង​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥។

លោក អ៊ុំ សំអាន មាន​ប្រសាសន៍​បន្ត​ថា សន្ធិ​សញ្ញា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​កម្ពុជា​រាប់​ពាន់​គីឡូ​ម៉ែត្រ​ក្រឡា​ទៅ​ប្រទេស​វៀតណាម។

សន្ធិសញ្ញា​ឆ្នាំ​១៩៧៩ ស្ដីពី​សន្តិភាព​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​រយៈ​ពេល ២៥​ឆ្នាំ និង​បន្ត​ជា​ស្វ័យ​ប្រវត្តិ​រយៈ​ពេល ១០​ឆ្នាំ​ម្ដង ដែល​ចុះ​កិច្ច​ព្រមព្រៀង​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​១៩៧៩ រវាង​លោក ហេង សំរិន ប្រធាន​ក្រុម​ប្រឹក្សា​ប្រជា​មានិត​កម្ពុជា ជា​មួយ​លោក ផាំ វ៉ាន់ ដុង (Pham Van Dong) នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​វៀតណាម។

សន្ធិសញ្ញា​ឆ្នាំ​១៩៨២ ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៨២ រវាង​លោក ហ៊ុន សែន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ជា​មួយ​លោក ង្វៀង កឺ​ថាច់ (Nguyen Co Thach) រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម។ តាម​រយៈ​សន្ធិសញ្ញា​នេះ ភាគី​វៀតណាម​បាន​កាត់​យក​ដែន​សមុទ្រ​របស់​កម្ពុជា​ទំហំ ១​ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ ដើម្បី​គ្រប់គ្រង​រួម​គ្នា។

ចំណែក​សន្ធិសញ្ញា​ឆ្នាំ​១៩៨៣ វិញ ស្ដីពី​គោល​ការណ៍​ដើម្បី​ដោះ​ស្រាយ​ព្រំដែន និង​កិច្ច​ព្រមព្រៀង​ស្ដីពី​លក្ខន្តិកៈ​ព្រំដែន ដែល​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៨៣ រវាង​លោក ហ៊ុន សែន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ជា​មួយ​លោក ង្វៀង កឺ​ថាច់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម។ សន្ធិសញ្ញា​នេះ ធ្វើ​ឡើង​ដើម្បី​គូស​ព្រំដែន​ថ្មី​មួយ​ផ្សេង​ទៀត រវាង​ប្រទេស​ទាំង​ពីរ ដោយ​មិន​ផ្អែក​លើ​ផែនទី​ដែល​តម្កល់​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ ដោយ​សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ ជា​រដ្ឋាភិបាល​នៃ​របប​រាជា​និយម​ក្នុង​ឆ្នាំ​១៩៦៤ នោះ​ឡើយ។

ឯកសារ​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង បាន​បង្ហាញ​ថា ដើម្បី​អនុវត្តន៍​សន្ធិសញ្ញា​ឆ្នាំ​១៩៨៣ នេះ​ឲ្យ​មាន​ប្រសិទ្ធភាព លោក ចាន់ ស៊ី នាយក​រដ្ឋ​មន្ត្រី​កម្ពុជា នា​ដំណាក់​កាល​នោះ បាន​ចេញ​សារាចរ​មួយ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​១៩៨៣ តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​វៀតណាម ដើម្បី​បង្គាប់​ដល់​អាជ្ញាធរ​ខ្មែរ និង​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់ ត្រូវ​មាន​ករណីយកិច្ច​ជួយ​សម្រួល​ដល់​ប្រជា​ជន​ស៊ីវិល​វៀតណាម​ដែល​រស់​នៅ​កម្ពុជា។

ចំណែក​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ គឺ​ជា​សន្ធិសញ្ញា​ស្ដីពី​ការ​កំណត់​ព្រំដែន​គោក ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ជា​មួយ​លោក ង្វៀង កឺ​ថាច់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​១៩៨៥។

នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០០៥ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជា​មួយ​លោក ផាំ វ៉ាន់ ខៃ (Phan Van Khai) នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​វៀតណាម ក្នុង​ទីក្រុង​ហាណូយ (Ha Noi) ដែល​ជា​សន្ធិសញ្ញា​បន្ថែម​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ដើម្បី​ឲ្យ​មាន​ភាព​ស្រប​ច្បាប់។

នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៥ ដដែល រដ្ឋសភា ព្រឹទ្ធសភា របស់​កម្ពុជា​បាន​អនុម័ត​ឲ្យ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ​មាន​ភាព​ស្រប​ច្បាប់ ខណៈ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​តវ៉ា​ថា សន្ធិសញ្ញា​ទាំង​នោះ​ផ្ទុយ​ពី​មាត្រា​៥៥ នៃ​រដ្ឋ​ធម្មនុញ្ញ​ខ្មែរ និង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​កម្ពុជា។

តាម​រយៈ​ការ​តវ៉ា​ពី​ក្រុម​អ្នក​ឃ្លាំ​មើល​ទាំង​នេះ នៅ​ឆ្នាំ​២០០៥ ដដែល រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​លោក រ៉ុង ឈុន ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដាក់​ពន្ធនាគារ​ព្រៃ​ស​រយៈ​ពេល​បី​ខែ​ហើយ រី​ឯ​សមាជិក​ក្រុម​ប្រឹក្សា​នេះ ដែល​មាន​លោក អៀរ ចាន់​ណា លោក មែន​ណាត លោក ជា មុន្នី និង​លោក សាយ បូរី សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​រត់​គេច​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េង​សែ មាន​ប្រសាសន៍​ថា តាម​ច្បាប់​អន្តរ​ជាតិ រាល់​សន្ធិសញ្ញា​ទាំងឡាយ​ណា​ដែល​ធ្វើ​ឡើង​ក្រោម​ការ​ត្រួត​ត្រា​របស់​បរទេស ឬ​ក្រោម​ឥទ្ធិពល​នៃ​ប្រទេស​ណា​មួយ ជា​សន្ធិសញ្ញា​ខុស​ច្បាប់។

ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម មាន​ចម្ងាយ ១.២៧០ គីឡូ​ម៉ែត្រ លាត​សន្ធឹង​ពី​ខេត្ត​រតនគិរី ដល់​ខេត្ត​កំពត។ ចំណែក​ព្រំដែន​សមុទ្រ​របស់​កម្ពុជា មាន​ទំហំ ៩៥​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ ដែល​លាត​សន្ធឹង​ពី​ខេត្ត​កំពត ដល់​ខេត្ត​កោះកុង។ លោក ស៊ាន ប៉េង​សែ មាន​ប្រសាសន៍​ថា កម្ពុជា​បាន​បាត់​ផ្ទៃ​សមុទ្រ​របស់​ខ្លួន​ជាង ៣​ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ជា​ទំហំ​ដ៏​ធំ​នោះ សឹង​ស្មើ​ទំហំ​ផ្ទៃ​ប្រទេស​បែលហ្សិក (Belgium) ទាំង​មូល។

លោក​បន្ត​ថា កោះ​ធំៗ ក្នុង​ដែន​សមុទ្រ​កម្ពុជា​ដែល​វៀតណាម​លេប​យក​តាំង​ពី​កំឡុង​ឆ្នាំ​១៨០០ មាន​ដូច​ជា​កោះ​ត្រល់ ហើយ​ក្រោយ​មក​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​កោះ ហ្វូ​កុក និង​កោះ​អាចម៍​សេះ​ត្រូវ​បាន​វៀតណាម​លេប​យក​ក្នុង​ឆ្នាំ​១៩៥៧ ហើយ​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​កោះ ទូជូ ជា​ឈ្មោះ​វៀតណាម។

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​និយាយ​ថា រាល់​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ដែល​កម្ពុជា​តែង​ធ្វើ​ឡើង​ជា​មួយ​ប្រទេស​ជិត​ខាង​ជា​រឿយៗ គេ​សង្កេត​ឃើញ​ដែន​ដី និង​សម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​កាន់​តែ​ខាត​បង់។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា សន្ធិសញ្ញា​ទាំង​ឡាយ​រវាង​កម្ពុជា-វៀតណាម ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​សន្ធិសញ្ញា​ដែល​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ជាតិ​ជា​ច្រើន។ លោក​បន្ត​ថា ថ្ងៃ​៧ មករា ជា​ព្រឹត្តិការណ៍​មួយ​ដែល​ពួក​ខ្មែរ​ក្រហម​វាយ​ប្រហារ​ដណ្ដើម​អំណាច​គ្នា ហើយ​នៅ​ក្រោយ​ថ្ងៃ​៧ មករា គឺ​ជា​រឿង​ឈ្លាន​ពាន​របស់​ប្រទេស​វៀតណាម មក​លើ​ប្រទេស​កម្ពុជា ដែល​អន្តរ​ជាតិ​គេ​បាន​ដឹង​ឮ​គ្រប់​គ្នា។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ ទី​៥ ខែ​មករា បាន​ព្រមាន​ជា​ថ្មី​ទៀត​ថា ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​ណា​មួយ​លើ​គំនរ​ឆ្អឹង ឈាម និង​ទឹក​ភ្នែក​របស់​ប្រជា​ពល​រដ្ឋ​ដោយ​ធ្វើ​ការ​វាយ​ប្រហារ​ថ្ងៃ​៧ មករា គឺ​ជា​អំពើ​អសីលធម៌។

នៅ​ក្រោយ​របប​វាល​ពិឃាដ​ដែល​បាន​សម្លាប់​ពល​រដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជិត ២​លាន​នាក់ ហើយ​ក្រៅ​ពី​សន្ធិសញ្ញា​ខុស​ច្បាប់​ទាំង​ឡាយ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ​រាប់​ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ​ទៅ​វៀតណាម​នោះ ទុក្ខ​សោក​របស់​ពល​រដ្ឋ​ខ្មែរ​នៅ​តែ​មាន​មិន​ចេះ​ចប់។

នៅ​ដើម​ទសវត្ស​១៩៨០ ដដែល រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ត្រួត​ត្រា​របស់​វៀតណាម ប្រើ​គោល​នយោបាយ ក​៥ ដែល​កែន​ពល​រដ្ឋ​ខ្មែរ​ពី​ទូទាំង​ប្រទេស ចាប់​ពី​អាយុ​១៨​ឆ្នាំ រហូត​ដល់​៤៥​ឆ្នាំ ឲ្យ​ចូល​ទៅ​កាប់​ព្រៃ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-ថៃ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាង ២​សែន​នាក់ បាន​បង់​ជីវិត និង​មនុស្ស​រាប់​ម៉ឺន​នាក់​ទៀត របួស​ពិការ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។ ក្រុម​អ្នក​វិភាគ​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ថា​ជា​របប​វាល​ពិឃាដ​ទី​២ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម។

អតីត​នាយក​រដ្ឋ​មន្ត្រី​សម័យ​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា លោក ប៉ែន សុវណ្ណ ដែល​ធ្លាប់​ជាប់​គុក​នៅ​ប្រទេស​វៀតណាម​រយៈ​ពេល ១០​ឆ្នាំ មាន​ប្រសាសន៍​ថា ផែនការ ក​៥ ជា​ផែន​ការ​ពិឃាដ​បន្ថែម។

មន្ត្រី​ស្ថានទូត​វៀតណាម​ទាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហ​រដ្ឋ​អាមេរិក និង​ក្នុង​ប្រទេស​កម្ពុជា មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​ចំពោះ​បញ្ហា​សន្ធិសញ្ញា និង​ការ​ចោទ​ប្រកាន់​នានា​ថា វៀតណាម​បាន​វាតទី​យក​ទឹក​ដី​កម្ពុជា​រហូត​មក​ដល់​ឥឡូវ​នេះ។

ក្រុម​អ្នក​តវ៉ា​អំពី​បញ្ហា​បូរណភាព​ទឹក​ដី​និយាយ​ថា ផែនការ​របស់​វៀតណាម​ក្នុង​ការ​លេប​ត្របាក់​ទឹក​ដី​កម្ពុជា នៅ​តែ​បន្ត​ឥត​ឈប់​ឈរ​តាម​គ្រប់​រូប​ភាព។ នៅ​រយៈ​ពេល​ចុង​ក្រោយ មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​អំពី​ពល​រដ្ឋ​ខ្មែរ​ដែល​តែង​តែ​ត្អូញត្អែរ និង​បារម្ភ​អំពី​ការ​បាត់​បង់​ដីធ្លី ស្រែ​ចម្ការ​របស់​ខ្លួន ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​វៀតណាម៕

Wednesday, January 5, 2011

ក្រុមហ៊ុន​វៀតណាម​ហ៊ុមព័ទ្ធ​យក​ដី​ជន​ជាតិ​ភាគ​តិច​នៅ​រតនគិរី

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម​មួយ​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​អ្នក​ភូមិ​ជន​ជាតិ​ដើម​នៅ​ខេត្ត​រតនគិរី ថា​បាន​រំលោភ​ចូល​ទៅ​វាស់​វែង បាញ់​ថ្នាំ​ហ៊ុមព័ទ្ធ​យក​ដីធ្លី​តំបន់​ធ្វើ​ស្រែ​ចម្ការ​អ្នក​ភូមិ ហើយ​ធ្វើ​ការ​គំរាម​កំហែង​មិន​ឲ្យ​អ្នក​ភូមិ​តវ៉ា​អ្វី​ឡើយ ដោយ​សំអាង​ថា​ដី​នេះ​គឺ​ជា​របស់​ក្រុមហ៊ុន​វិនិយោគ។
តំណាង​អ្នក​ភូមិ​យ៉ាសោម ឃុំ​ស៊ឺង លោក ពួយ គឿន មាន​ប្រសាសន៍​ថា បុគ្គលិក​ក្រុមហ៊ុន​បាន​ចូល​មក​ក្នុង​ភូមិ​យ៉ាង​តិច​ប្រាំ​លើក​នៅ​ក្នុង​សប្ដាហ៍​កន្លង​ទៅ​នេះ ហើយ​ដើរ​បោះ​បង្គោល​ព្រំ​ដី បាញ់​ថ្នាំ​ពណ៌​ហ៊ុមព័ទ្ធ​តំបន់​ដីធ្លី​ស្រែ​ចម្ការ​អ្នក​ភូមិ ដោយ​មិន​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ណា​ទទួល​ស្គាល់ និង​ផ្សព្វ​ផ្សាយ​ឲ្យ​អ្នក​ភូមិ​ដឹង​ពី​គម្រោង​នោះ​ធ្វើ​ដើម្បី​អ្វី​ទេ។ លោក​បន្ត​ថា អ្នក​ភូមិ​មិន​បាន​ដឹង​ថា​ក្រុមហ៊ុន​នោះ​ឈ្មោះ​អ្វី​ទេ ក៏​ប៉ុន្តែ​មាន​បុគ្គលិក​ជន​ជាតិ​វៀតណាម រួម​នឹង​ខ្មែរ បាន​ធ្វើ​សកម្មភាព​នេះ ធ្វើ​ឲ្យ​អ្នក​ភូមិ​ភ័យ​ជ្រួលច្របល់ ៖ "ឃើញ​តែ​យួន​ទៅ​បាញ់​ថ្នាំ​ក្នុង​ចន្ទី ចង់​យក​ទាំង​ចម្ការ​ទាំង​អី​ហ្នឹង​ណា! ភូមិ​យើង​តវ៉ា​អត់​ឲ្យ​ទេ គេ​ថា បើ​ថា​គេ​យក​ហ្នឹង​សុខ​ចិត្ត​ឲ្យ​ស្លាប់​អស់​ទៅ។ វា​អស់​ម៉ា​ភូមិ​ហ្មង គេ​ចង់​យក​អស់​ម៉ា​ភូមិ​ហ្មង​ដី​ហ្នឹង"។
ប្រធាន​ភូមិ​យ៉ាសោម លោក រចំ វិន មាន​ប្រសាសន៍​ដែរ​ថា ក្រុមហ៊ុន​នេះ​ចូល​មក​ក្នុង​ភូមិ​ដោយ​មិន​បាន​ផ្ដល់​ព័ត៌មាន ឬ​មាន​លិខិត​ស្នាម​ណា​មួយ​ទាក់​ទិន​ការ​ធ្វើ​សកម្មភាព​ក្នុង​ភូមិ​នោះ​ទេ។ លោក​បន្ត​ថា បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍​ជូន​អាជ្ញាធរ​ឃុំ​ស្រុក​ហើយ តែ​មិន​មាន​ដំណោះ​ស្រាយ​បញ្ឈប់​សកម្មភាព​នេះ​បាន ៖"មាន​អ្នក​ស្រុក​អ្នក​ភូមិ​ទៅ​ឃាត់ គេ​ថា​បើ​ហែង​ហ៊ាន​ឃាត់​មើល​ហែង​អា​យ៉ះ​ក្បាល​អា​ឡូវ​ហើយ។ យួន​ចូល​មក​ប្រាំ​សា​ហើយ​ខ្ទេច​ខ្ទី​ក្នុង​ភូមិ​ហ្នឹង​ណា ដី​ហ្នឹង​គេ​ថា​ត្រូវ​ដី​គេ​ទាំង​អស់ ហី​ទុក​ប្រជា​ពល​រដ្ឋ​នៅ​ណា"។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ស្វែង​រក​អត្តសញ្ញាណ​ក្រុមហ៊ុន​រង​ការ​ចោទ​ប្រកាន់​ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​មករា ឆ្នាំ​២០១១។ ក៏​ប៉ុន្តែ​អភិបាល​រង​ស្រុក​បរកែវ លោក សុក ពៅ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​បាន​បណ្ដេញ​បុគ្គលិក​ក្រុមហ៊ុន​មិន​ឲ្យ​ធ្វើ​សកម្មភាព​នៅ​តំបន់​អ្នក​ភូមិ​នោះ​ទៀត​ទេ ដោយ​សារ​ក្រុមហ៊ុន​នេះ​មិន​មាន​ឯកសារ​ទាក់​ទិន​ដី​សម្បទាន​នៅ​តំបន់​នោះ ៖ "ស្រុក​ដេញ​ឲ្យ​ទៅ​ជួប​ជា​មួយ​ខេត្ត​និយាយ​ឡើង​វិញ។ ឯកសារ​ធ្វើ​ពី​ថ្នាក់​ជាតិ​មក​ហ្នឹង​សុំ​ដី​លំផាត់ ដល់​មក​វាស់ៗ ចូល​ដី​បរកែវ ខ្ញុំ​អត់​ព្រម"។
ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា មាន​ប្រសាសន៍​ដែរ​ថា ក្រុមហ៊ុន​ដែល​កំពុង​មាន​បញ្ហា​ជា​មួយ​អ្នក​ភូមិ គឺ​ជា​ក្រុមហ៊ុន​វៀតណាម ឈ្មោះ អេ លែវ យ៉ញ ស្តុក (ឯកសារ​មិន​មាន​សរសេរ​ជា​អក្សរ ឡាតាំង​ទេ) ដែល​ទទួល​បាន​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ផ្នែក​កសិកម្ម នៅ​ស្រុក​លំផាត់ ប្រមាណ ៨០០០​ហិកតារ ក៏​ប៉ុន្តែ​ឋិត​ក្នុង​ការ​សិក្សា​ពី​ផល​ប៉ះពាល់​នៅ​ឡើយ។
របាយ​ការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា គិត​ត្រឹម​ចុង​ឆ្នាំ​២០១០ រាជ​រដ្ឋាភិបាល​បាន​ចេញ​គោលការណ៍​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ផ្នែក​កសិកម្ម​នៅ​ខេត្ត​នេះ​ឲ្យ​ក្រុមហ៊ុន​ក្នុង និង​ក្រៅ​ប្រទេស​ចំនួន ៩​ក្រុមហ៊ុន ហើយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន​ប្រាំ​កំពុង​ដំណើរ​ការ។
អ្នក​សម្របសម្រួល​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៏ មាន​ប្រសាសន៍​ថា បុគ្គលិក​សមាគម​កំពុង​អង្កេត​សេចក្ដី​រាយ​ការណ៍​នេះ​ហើយ ដើម្បី​ធ្វើ​កិច្ច​អន្តរាគមន៍​ជួយ​ដល់​អ្នក​ភូមិ។
យ៉ាង​នេះ​ក្តី អ្នក​ភូមិ​ឲ្យ​ដឹង​ថា សហគមន៍​ភូមិ​យ៉ាសោម​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ពី​ក្រសួង​មហា​ផ្ទៃ​រួច​ហើយ ស្ដីពី​ការ​បង្កើត​សហគមន៍​ជន​ជាតិ​ដើម​នៅ​ខេត្ត​រតនគិរី។ ហេតុ​នេះ​ហើយ​អ្នក​ភូមិ​គ្រោង​នឹង​ធ្វើ​ញត្តិ​ស្ដីពី​ករណី​គំរាម​កំហែង​នេះ​ជូន​អាជ្ញាធរ​ខេត្ត និង​ថ្នាក់​រាជ​រដ្ឋាភិបាល ដើម្បី​ជួយ​ទប់​ស្កាត់​ករណី​ហ៊ុមព័ទ្ធ​យក​ដី​របស់​អ្នក​ភូមិ ដែល​គ្រោង​ធ្វើ​ការ​ចុះ​បញ្ជី​ដីធ្លី​សមូហភាព​សហគមន៍ នៅ​ពេល​ខាង​មុខ​នេះ៕

Friday, December 31, 2010

បាតុករ​អាវ​លឿង​ថៃ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ខ្មែរ​នៅ​បាងកក

ដោយ មុំ សុផុន
2010-12-31

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១០​ថា ក្រុម​ជ្រុល​និយម​អាវ​លឿង​ប្រមាណ ៤០​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​បាងកក ដើម្បី​ទាមទារ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​ជនជាតិ​ថៃ ៧​នាក់ ដែល​អាជ្ញាធរ​កម្ពុជា បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ កន្លង​មក​នេះ ពី​បទ​ចូល​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​នោះ។

លោក កុយ គួង អនុ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី ​ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​នោះ គឺ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានទូត ឬ​មន្ត្រី​ស្ថានទូត​ខ្មែរ នៅ​ឯ​ទីក្រុង​បាងកក នោះ​ទេ។

លោក កុយ គួង មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ក្រុម​នេះ​ជា​ក្រុម​គេ​ហៅ​ថា ក្រុម​ពួក​អាវ​លឿង ជា​ក្រុម​ជ្រុល​និយម គេ​បាន​មក​ប្រមូល​ផ្ដុំ​នៅ​មុខ​ស្ថានទូត​តាំង​ពី​ម៉ោង ១០​កន្លះ (ព្រឹក) រហូត​ដល់​ម៉ោង ១១ និង ១៥​នាទី គេ​បាន​ចាក​ចេញ​ទៅ​វិញ​ទៅ។ គេ​សម្ដែង​ឆន្ទៈ​របស់​គេ។ ធម្មតា​គេ​ប្រមូល​ផ្ដុំ​ជា​របៀប​បាតុកម្ម​ហើយ គេ​សម្ដែង​ឆន្ទៈ​របស់​គេ គេ​ទាមទារ​ឲ្យ​យើង​ដោះលែង​អ្នក​ទាំង ៧​នាក់​ដែល​យើង​បាន​ឃាត់​ខ្លួន​ហ្នឹង»។

ជនជាតិ​ថៃ ៧​នាក់ ដែល​ក្នុង​នោះ​មាន​អ្នក​តំណាងរាស្ត្រ​ថៃ​ម្នាក់​ដែរ​នោះ ត្រូវ​បាន​​អាជ្ញាធរ​ខ្មែរ​​ចាប់​ខ្លួន ហើយ​​បាន​បញ្ជូន​​ទៅ​​តុលាការ​​ក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ពី​បទ​ចូល​មក​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា​២៩ ច្បាប់​អន្តោប្រវេសន៍​កម្ពុជា និង​ចោទ​ប្រកាន់​មួយ​ចំណុច​ទៀត​ពី​បទ​ចូល​ដោយ​ទុច្ចរិត ក្នុង​ទីលាន​យោធា តាម​មាត្រា​៤៧៣ នៃ​ក្រមព្រហ្មទណ្ឌ។

ភ្លាម​នោះ​ដែរ លោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ បាន​​មក​ជួប​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ជា​បន្ទាន់​មួយ នៅ​​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ដើម្បី​អន្តរាគមន៍​​លើ​ករណី​ជនជាតិ​ថៃ ទាំង ៧​នាក់​នោះ។ ប៉ុន្តែ​លោក ហោ ណាំហុង បាន​បដិសេធ ដោយ​លើក​ឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ហួស​សមត្ថភាព​ក្នុង​ការ​ដោះលែង​ហើយ គឺ​ទុក​ឲ្យ​តុលាការ​ខ្មែរ​សម្រេច​ទៅ​តាម​នីតិវិធី​របស់​តុលាការ​នៅ​ក្នុង​រឿង​នេះ។

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បាន​ថ្លែង​ថា ជនជាតិ​ថៃ​ទាំង ៧​រូប បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ដី​ខ្មែរ​កាល​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​ធ្នូ កន្លង​ទៅ​នេះ នៅ​ចំណុច​ភូមិ​ជោគជ័យ ក្នុង​ស្រុក​អូជ្រៅ។

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា ជនជាតិ​ថៃ​ទាំង​នោះ​បាន​ដើរ​តាម​បង្គោល​ព្រំដែន​លេខ​១៤៦ ដែល​គិត​ជា​ចម្ងាយ​មាន​ប្រមាណ ១.២០០​ម៉ែត្រ មក​ក្នុង​ដី​ខ្មែរ ហើយ​ការ​ចូល​មក​ដី​ខ្មែរ​នេះ មិន​មែន​វង្វេង​ផ្លូវ​ទេ គឺ​មាន​ចេតនា៕

Monday, December 27, 2010

សិស្ស​ខ្មែរ​សុរិន្ទ​បោះ​ជំរំ​រៀន​ភាសា​ខ្មែរ

ដោយ ឡេង ម៉ាលី
2010-12-27

ស្ដាប់ ៖


អក្សរ និង​ភាសា​ខ្មែរ ជា​វិញ្ញាសា​សិក្សា​មួយ ដែល​មាន​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ខេត្ត​បី ដូច​ជា​ខេត្ត​សុរិន្ទ បុរីរ៉័ម និង​ស៊ី​សា​កេត។ ក្រៅ​ពី​ការ​អប់រំ​ក្នុង​សាលា ក៏​មាន​ការ​បង្រៀន​តាម​បែប​ថ្នាក់​អក្ខរកម្ម​នៅ​ក្រៅ​សាលា​ផង​ដែរ។

ចាងហ្វាង​សាលា​រៀន​ឈ្មោះ ប្រាសាទ​វិទ្យ៉ា​ខាន ក្នុង​ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត ថ្លែង​ឱ្យ​ដឹង​ថា មាន​គ្រូ​បង្រៀន និង​សិស្ស​ថៃ​កម្រិត​មធ្យម​សិក្សា​ចំនួន ៤០០​នាក់ បាន​នាំ​គ្នា​បោះ​ជំរំ​សិក្សា​ភាសា​ខ្មែរ​មួយ នៅ​ព្រៃ​ភ្នំ​សាលា​ជួរ​ភ្នំ​ដងរែក ក្បែរ​ព្រំដែន​កម្ពុជា-ថៃ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ។

លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត មាន​ប្រសាសន៍​ថា ការ​បោះ​ជំរំ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១០ គឺ​ក្នុង​គោល​បំណង​ជំរុញ​ការ​អប់រំ​អំពី​ភាសា និង​អារ្យធម៌​ខ្មែរ ដល់​សិស្ស​សាលា ដើម្បី​ភាព​សុខ​សាន្ត​រវាង​ប្រជា​ជាតិ​ជិត​ខាង​ទាំង​ពីរ ៖ "យើង ​បាន​នាំ​សិស្ស​យើង​មក​រៀន​អារ្យធម៌​ខ្មែរ អក្សរ​ខ្មែរ បាន​យើង​ធ្វើ​ការ​រក​ស៊ី​ខាង​ខ្មែរ និង​ថៃ ទាក់​ទង​គ្នា​ឱ្យ​ល្អ​ជុំ​គ្នា។ រួម​ទាំង​អស់ ៤០០​ជាង។ កូន​សិស្ស ៣៥០​នាក់ គ្រូ ៦០​នាក់។ មក​ពី ២៤​សាលា និង ៣​ខេត្ត គឺ​ខេត្ត​ស៊ី​សា​កេត សុរិន្ទ និង​ប៊ុរីរ៉័ម ខេត្ត​ដែល​ជាប់​នឹង​បង​ប្អូន​យើង​ខាង​ណេះ។ ព្រំដែន​ជាប់​គ្នា"។

ប្រធាន​មជ្ឈ​មណ្ឌល​ភាសា និង​វប្បធម៌​ខ្មែរ លោក ប្រៈ​ដែង ប៊ុន​រឿង គុជៈ​ម៉ា បញ្ជាក់​ថា ការ​បោះ​ជំរំ​សិក្សា​នេះ គេ​ឱ្យ​ឈ្មោះ​ថា "ជំរំ​អារ្យធម៌​ខ្មែរ"។ លោក ប៊ុន​រឿង ថ្លែង​បន្ត​ថា "ជំរំ​អារ្យធម៌​ខ្មែរ" នោះ គេ​បែង​ចែក​ចំនួន ១៥​ជំរំ​តូច​ៗ ដើម្បី​បង្រៀន​ភាសា​ខ្មែរ​ទៅ​តាម​ប្រធាន​បទ​ផ្សេងៗ គ្នា ៖ "ការ​រៀន​ សូត្រ​ដែល​យើង​រៀបចំ​នោះ គឺ​មាន ១៥​កន្លែង ហើយ​ទាក់​ទង​រឿង​ភាសា​ខ្មែរ​ទាំង​អស់ ដូច​ជា​ថា ជំរំ​ទី​មួយ ទាក់​ទង​រាង​កាយ ដូច​ជា​ថា​ក្នុង​រាង​កាយ​មាន​អី​ខ្លះ? មាន​ដៃ ជើង មាន​អី​ទាំង​អស់​នោះ​ឱ្យ​សិស្ស​បាន​ដឹង"។

លោក ប៊ុន​រឿង គុ​ជៈ​ម៉ា មាន​ប្រសាសន៍​ទៀត​ថា នៅ​ក្នុង​ការ​បង្រៀន​ភាសា​ខ្មែរ​នេះ គឺ​បាន​ចាប់​ផ្តើម​បង្រៀន​ពី​ពាក្យ​សំខាន់ៗ ដែល​ត្រូវ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ទាំង​នៅ​ក្នុង​រង្វង់​គ្រួសារ និង​សហគមន៍ ជា​ពិសេស​ពាក្យ​សំគាល់​សមាជិក​គ្រួសារ។ លោក ប៊ុន​រឿន លើក​ពន្យល់​បន្ថែម ៖ "ទី ​២ ទាក់​ទង​នឹង​គ្រួសារ ម៉ែ​ឪ មីង​មា បង​ប្អូន ចាស់ទុំ ដូន​តា​ជា​ដើម។ កូន​ក្មួយ ម៉ែ​ក្មេក ឪ​ក្មេក ជា​ដើម ហើយ​យើង​មាន​ការ​អធិប្បាយ​ពាក្យ​និមួយៗ ឱ្យ​ជ្រះ​ស្រឡះ ឱ្យ​សិស្ស​បាន​ដឹង​ផង។ ឯកសារ​នោះ​យើង​សរសេរ​ទាំង​ភាសា​ថៃ ទាំង​ភាសា​ខ្មែរ ហើយ​វិធី​អាន​ជា​ភាសា​ថៃ​ផង"។

សិស្ស​សាលា​ថ្នាក់​ទី​១០ មួយ​រូប មក​ពី​សាលា​រៀន​គោក​ខ័ណ្ឌ ខេត្ត​ស៊ី​សា​កេត ឈ្មោះ ភូណៃ វីឡា បញ្ចេញ​មតិ​របស់​ខ្លួន​ថា ការ​រៀន​អក្សរ​ខ្មែរ​នេះ ប្អូន​បាន​ចេះ​ដឹង​អំពី​ភាសា អក្សរ និង​អារ្យធម៌​ខ្មែរ ព្រម​ទាំង​សិល្បៈ ដូច​មាន​នៅ​ប្រាសាទ​តា​មាន់​ជា​ដើម ៖ "ក្នុង​អប់រំ​អារ្យធម៌ ភាសា​ខ្មែរ ខ្ញុំ​ចេះ​សរសេរ​អក្សរ​ខ្មែរ​បាន​ដូច​ជា ភ្នែក មាត់ សក់ ហើយ​ភាសា ដូច​ជា ម៉ែ ម្ដាយ ឪពុក បង​ប្រុស បង​ស្រី ប្តី ប្រពន្ធ។ មិន​សូវ​យ៉ាប់​ទេ​បាទ"។

លោក ប៊ុន​រឿង គុជ​ម៉ា ថ្លែង​ថា ការ​បង្រៀន​អក្ខរកម្ម​នៅ​ក្នុង​ការ​បោះ​ជំរំ​ឈ្មោះ "អារ្យធម៌​ខ្មែរ" នេះ មាន​ទាំង​គ្រូ​ទៅ​ពី​ស្រុក​ខ្មែរ​ផង និង​គ្រូ​នៅ​ក្នុង​ខេត្ត​សុរិន្ទ​ផង។

នាយក​រង​សាលា​គរុកោសល្យ និង​វិក្រិតការ​ខេត្ត​សៀមរាប​មួយ​រូប ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ទៅ​ចូល​រួម​បង្រៀន​អក្សរ​ខ្មែរ នៅ​ក្នុង​ការ​បោះ​ជំរំ​សិក្សា​នោះ​ដែរ លោក អន ឈុត បាន​លើក​ឡើង​ថា ទាំង​គ្រូ និង​សិស្ស​មាន​ឆន្ទៈ​ចង់​ចេះ​អក្សរ​ខ្មែរ ៖ "ទាំង​គ្រូ និង​សិស្ស ដែល​គាត់​អញ្ជើញ​មក​ចូល​រួម​ហ្នឹង គឺ​មាន​ការ​ឆាប់​ទទួល​បាន​នូវ​ចំណេះ​ដឹង ដែល​យើង​ផ្ដល់​ទៅ​ឱ្យ​គាត់ ទាំង​ការ​និយាយ ទាំង​ការ​សរសេរ។ ក៏​ប៉ុន្តែ ការ​សរសេរ​នៅ​មិន​ទាន់​បាន​ស៊ី​ជម្រៅ​ប៉ុន្មាន​ទេ"។

យុវ​សិស្ស​មក​ពី​ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ ឈ្មោះ ចន ម៉ៃ​សំ​រ៉ាន ថ្លែង​អំពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា ការ​បោះ​ជំរំ​អប់រំ​ភាសា​ខ្មែរ ធ្វើ​ឱ្យ​ប្អូន​បាន​ចេះ​សរសេរ​ពាក្យ​ពេចន៍​មួយ​ចំនួន ដូច​ជា​គ្រឿង​ប្រើ​ប្រាស់​ផ្ទះ​បាយ បន្លែ និង​ផ្លែ​ឈើ ៖ "គ្រឿងគ្រៅ​ដូច ​ជា​មាន​ឆ្នាំង វែក​ឆា ជ្រុញ ស្លាប​ព្រា។ ខាង​ផ្លែ​ឈើ​មាន​ចេក ដូង ស្វាយ។ ខាង​អន្លក់ គឺ​មាន​ត្រសក់ ត្រប់ ប៉េង​ប៉ោះ ជា​ដើម"។

យុវ​សិស្ស​ម្នាក់​ទៀត​មក​ពី​ខេត្ត​ប៊ុរីរ៉័ម ឈ្មោះ វីឡៃផន រៀប​រ៉យ រៀប​រាប់​អំពី​ឈ្មោះ​រាង​កាយ​ថា ៖ "ដៃ ជើង ច្រមុះ ភ្នែក មាត់"។

ចាងហ្វាង​សាលា​រៀន​ប្រាសាទ​វិទ្យ៉ា​ខាន ខេត្ត​សុរិន្ទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត ថ្លែង​ឱ្យ​ដឹង​ថា ខាង​មជ្ឈ​មណ្ឌល​ធ្លាប់​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ជា​មួយ​សាលា​រៀន​ សម្ដេច​ឪ នៅ​ខេត្ត​សៀមរាប ទាក់​ទង​នឹង​ការ​សិក្សា​ភាសា​ខ្មែរ​នេះ។ លោក​បន្ត​ថា នៅ​ពេល​អនាគត លោក​មាន​គម្រោង​ផ្លាស់​ប្ដូរ​គ្រូ និង​សិស្ស​រវាង​ប្រទេស​ទាំង​ពីរ ៖ "បើ​ថា​ស្រុក​ស្រែ​យើង​ស្រួល​បួល ទាក់​ទង​គ្នា​បាន យើង​ចង់​ឱ្យ​គ្រូ​ខាង​ខ្មែរ​មក​បង្រៀន​ខាង​ថៃ គ្រូ​ខាង​ថៃ​ចុះ​ទៅ​បង្រៀន​ភាសា​ថៃ​នៅ​ខាង​ខ្មែរ។ តទៅ​មុខ​យើង​ចង់​ប្ដូរ​យ៉ាង​អ៊ី​ចេះ ព្រោះ​អី​យើង​ចង់​ឱ្យ​កើត​ជា​បង​ប្អូន​គ្នា ស្គាល់​គ្នា​ឱ្យ​បាន​ជួប​គ្នា បាន​សួរ បាន​និយាយ​គ្នា​ឱ្យ​ឃើញ​អារ្យធម៌​ពី​ដើម​ជុំ​គ្នា"៕

Wednesday, December 22, 2010

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​មុន​នឹង​បិទ​ជំរំ​ជន​ភៀស​ខ្លួន

2010-12-23
ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បិទ​ការិយាល័យ​ជន​ភៀស​ខ្លួន កាន់​តែ​បង្កើន​ការ​ភ័យ​ខ្លាច​ថែម​ទៀត​ដល់​ក្រុម​អ្នក​ស្វែង​រក​ទី​ជម្រក​សុខសាន្ត ដើម្បី​គេច​ផុត​ពី​ការ​តាម​យាយី ឬ​រួច​ផុត​ពី​ការ​កាប់​សម្លាប់។
ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​សម្ដែង​ក្ដី​បារម្ភ​ថា ការ​ដែល​រដ្ឋាភិបាល​ខ្មែរ​ប្រកាស​បិទ​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ ជា​សញ្ញា​មួយ​បង្ហាញ​ថា កម្ពុជា​កំពុង​ក្រសោប​យក​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដូច​ជា​ចិន និង​វៀតណាម ជា​ជាង​ការ​ពិចារណា​លើ​ការ​គោរព​សិទ្ធិ​មនុស្ស ឬ​ជ្រើស​រើស​យក​ការ​ផ្ដល់​តម្លៃ​មនុស្ស​ធម៌​ជា​ធំ។ 
ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​រដ្ឋ​ញូវជេស៊ី (New Jersey) សហរដ្ឋ​អាមេរិក លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា ក្នុង​នាម​ក្រុម​របស់​លោក​ជា​សមាជិក​របស់​អង្គការ​មិន​មាន​អ្នក​តំណាង​ក្នុង​អង្គការ​សហប្រជាជាតិ UNPO បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក្នុង​ការ​បិទ​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​ថា អាច​ធ្វើ​ឲ្យ​ជោគវាសនា​របស់​អ្នក​ទាំង​នោះ​មាន​ភាព​ប្រថុយប្រថាន និង​កាន់​តែ​ធ្វើ​ឲ្យ​មុខ​មាត់​របស់​កម្ពុជា អាប់ឱន​ក្នុង​ឆាក​អន្តរជាតិ។ 
កាល​ពី​ចុង​ឆ្នាំ​២០០៩ កម្ពុជា​បាន​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ (Uighur) ចំនួន ២០​នាក់​ទៅ​ប្រទេស​ចិន​វិញ បន្ទាប់​ពី​អ្នក​ទាំង​នោះ​បាន​មក​ដល់​កម្ពុជា ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន និង​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ទី​បី បន្ទាប់​ពី​បាន​រត់​គេច​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ចិន។
ក្រុម​អ្នក​តាម​ឃ្លាំមើល​ស្ថានការណ៍​ជន​ភៀស​ខ្លួន​នេះ បាន​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​មួយ​ចំនួន​ក្នុង​ចំណោម ២០​នាក់ ដែល​កម្ពុជា​ចាប់​បញ្ជូន​ទៅ​វិញ​នោះ ត្រូវ​បាន​គេ​សង្ស័យ​ថា អាជ្ញាធរ​ចិន បាន​ប្រហារ​ជីវិត និង​មួយ​ចំនួន​ទៀត​កំពុង​រង​ទារុណកម្ម។ 
ទាក់ទង​នឹង​ផែនការ​បិទ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​បិទ​នោះ​គឺ​ជា​បំណង​ល្អ​របស់​កម្ពុជា ក្នុង​ការ​ព្យាយាម​បញ្ចប់​រាល់​ទម្រង់​ទាំង​ឡាយ​ណា​ក្នុង​ពិភពលោក ដែល​បង្ក​ឲ្យ​មាន​ជន​ភៀស​ខ្លួន។
ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ដែល​កាន់​សាសនា​គ្រិស្ត​បាន​ភៀស​ខ្លួន​ជា​បន្ត​បន្ទាប់​ចូល​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០១ ដើម្បី​រត់​គេច​ពី​ការ​តាម​យាយី ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​សាសនា និង​ការ​បង្ក្រាប​លើ​សិទ្ធិ​ដីធ្លី​ដោយ​អាជ្ញាធរ​វៀតណាម។ 
កាល​ពី​ឆ្នាំ​២០០៥ រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​បង្កើត​មណ្ឌល​ទទួល​ជន​ភៀស​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ ជា​បណ្ដោះ​អាសន្ន មុន​ពេល​បញ្ជូន​ទៅ​ប្រទេស​ទី​បី ឬ​ស្ម័គ្រចិត្ត​ត្រលប់​ទៅ​ប្រទេស​កំណើត​ដោយ​ខ្លួន​ឯង។ 
មន្ត្រី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ក្នុង​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​គោរព​បទដ្ឋាន​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ភៀស​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទេ នោះ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នឹង​កាត់​តែ​មើល​ងាយ ហើយ​មិន​ទុក​ចិត្ត​ដល់​ប្រជាជាតិ​កម្ពុជា។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ពិចារណា​បញ្ហា​នេះ​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​សម្រេច​ចិត្ត​បិទ​ការិយាល័យ​ជន​ភៀស​ខ្លួន។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ពេល​ណា​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​បិទ​ទ្វារ​នោះ អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​ក៏​នឹង​បញ្ចប់​ផង​ដែរ។ 
ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ចំនួន ៦២​នាក់ ក្នុង​ចំណោម ៧៦​នាក់ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ទី​បី ហើយ ១៤​នាក់​ផ្សេង​ទៀត អាច​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​ក្រុម​មន្ត្រី​របស់​អង្គការ​សហប្រជាជាតិ​មាន​យន្តការ​បែប​ណា​ក្នុង​ការ​ការពារ​មនុស្ស​ទាំង ១៤​នាក់​នោះ ដែល​អាច​មាន​ភាព​ប្រថុយប្រថាន​ដល់​អាយុ​ជីវិត ប្រសិន​បើ​ពួកគេ​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​នោះ៕

Tuesday, December 21, 2010

អង្គការ​សិទ្ធិ​មនុស្ស៖ កម្ពុជា​ជា​ប្រទេស​គ្មាន​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន

2010-12-21
មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ចាត់​ទុក​កម្ពុជា ជា​ប្រទេស​គ្មាន​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន ដែល​បាន​ភៀស​ខ្លួន​មក​ពី​ប្រទេស​មាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយ​ប្រទេស​កម្ពុជា។

Sent by a witness
៥-កក្កដា-០៩: ទិដ្ឋភាព​ក្រុម​បាតុករ​អ៊ុយហ្គរ៍ នៅ​អ៊ុយរ៉ាំហ្គី (ទី​ប្រជុំ​ជន​មួយ​នៅ​ក្នុង​ខេត្ត​ស៊ិនជាំង ប្រទេស​ចិន)
បទ​វិភាគ​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ប្រទេស​កម្ពុជា បាន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ (Uighur) ចំនួន ២០​នាក់​ទៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ និង​ការ​គំរាម​បិទ​ជំរំ​ជន​ភៀស​ខ្លួន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​រួច​មក ប្រទេស​កម្ពុជា​លែង​ជា​ប្រទេស​ដែល​អាច​ផ្ដល់​កិច្ច​ការពារ​ជន​ភៀស​ខ្លួន​ទៀត​ហើយ។ 
មន្ត្រី​ស្រាវជ្រាវ​ជាន់​ខ្ពស់​របស់ Human Rights Watch លោកស្រី សារ៉ា ខម (Sara Colm) បាន​សរសេរ​បទ​វិភាគ​ប្រវត្តិ​នៃ​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ចំនួន ២០​នាក់​ទៅ​ប្រទេស​ចិន ឲ្យ​ប្រឈម​នឹង​ការ​កាត់​ទោស និង​ការ​ធ្វើ​ទារុណកម្ម សម្រាប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​នេះ បាន​ឲ្យ​ដឹង​ថា កម្ពុជា​មិន​បាន​គោរព​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៥១ និង​ពិធីសារ​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩៦៧។ សន្ធិសញ្ញា​នេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មិន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​ប្រទេស​ដែល​ជន​ភៀស​ខ្លួន​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នោះ​ទេ។
លោកស្រី សារ៉ា ខម បាន​ឲ្យ​ដឹង​ថា ការ​ចាប់​បញ្ជូន​ជន​ជាតិ​អ៊ុយហ្គរ៍ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៩ បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​អនុញ្ញាត​ឲ្យ​ក្រសួង​មហាផ្ទៃ អាច​បដិសេធ ឬ​ក៏​បញ្ចប់​ឋានៈ​ជន​ភៀស​ខ្លួន​ដែល​ផ្ដល់​ដោយ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR)។ មួយ​ថ្ងៃ​បន្ទាប់​មក ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ចំនួន ២០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ដាក់​យន្តហោះ​ពិសេស​ចិន​មួយ​ទៅ​ប្រទេស​ចិន​វិញ។
លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ស្ថានភាព​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​ធ្នូ បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​កម្ពុជា មិន​បាន​គោរព​ការ​សន្យា​របស់​ខ្លួន ដើម្បី​ការពារ​ជន​ភៀស​ខ្លួន។ លោក​បន្ត​ទៀត​ថា អ្នក​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន កំពុង​គិត​​ពី​ប្រយោជន៍ និង​អំណាច​ផ្ទាល់​ខ្លួន ដោយ​មិន​បាន​គិតគូរ​ពី​អំពើ​មនុស្ស​ធម៌​នោះ​ទេ។
លោក ឡៅ ម៉ុងហៃ កម្ពុជា​មិន​គួរ​ភ្លេច​ខ្លួន​នោះ​ទេ ដែល​កាល​ពី​ប្រមាណ ៣០​ឆ្នាំ​មុន ប្រជាជន​នៃ​ប្រទេស​នេះ ធ្លាប់​បាន​រត់​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក។ 
អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ខែ​មករា ឆ្នាំ​២០១០ មាន​ព័ត៌មាន​មិន​ផ្លូវការ​មួយ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ ២០​នាក់​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ចេញ​ពី​កម្ពុជា ទៅ​ប្រទេស​ចិន​នោះ មាន ៤​នាក់​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត និង​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ពី ៥​ឆ្នាំ​ទៅ​មួយ​ជីវិត។
កម្ពុជា​ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត កាល​ពី​សប្ដាហ៍​មុន​នៅ​ពេល​ដែល​រដ្ឋាភិបាល​នេះ​បាន​កំណត់​ឱសានវាទ​ឲ្យ UNHCR បិទ​ជំរំ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ ខាង​មុខ​នេះ។ 
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​កន្លង​មក​ទាក់ទង​នឹង​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ទៅ​ប្រទេស​ចិន ដើម្បី​ជា​ថ្នូរ​នឹង​ជំនួយ​របស់​ចិន។ រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​បញ្ជូន​នេះ គឺ​អាជ្ញាធរ​កម្ពុជា អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា ហើយ​ចំពោះ​ការ​បិទ​ជំរំ​ម៉ុងតាញ៉ា គឺ​ដោយសារ​ប្រទេស​វៀតណាម គ្មាន​សង្គ្រាម​ស៊ីវិល ដូច្នោះ​ជន​ភៀស​ខ្លួន​មិន​គួរ​មាន​នៅ​កម្ពុជា​នោះ​ទេ។
ប៉ុន្តែ​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ដែល​ជា​ជន​ជាតិ​ភាគ​តិច​របស់​វៀតណាម បាន​រត់​មក​សុំ​ជ្រកកោន​នៅ​កម្ពុជា ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣​នោះ មិន​បាន​រត់​គេច​ពី​សង្គ្រាម​ទេ ប៉ុន្តែ​ពួកគេ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ការ​គាប​សង្កត់ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​ជំនឿ​សាសនា និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​រឿង​ទំនាស់​ដីធ្លី​ពី​សំណាក់​អាជ្ញាធរ​វៀតណាម៕

Monday, December 20, 2010

វៀតណាម​ពិន័យ​ខ្មែរ​ក្រោម​អំពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់

2010-12-20
ពល​រដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម​ត្អូញត្អែរ​ថា ពួក​គាត់​មួយ​ចំនួន​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ធ្វើ​ទុក្ខបុកម្នេញ​ពី​​អាជ្ញាធរ​វៀតណាម។
Photo courtesy of http://preynokornews.blogspot.com
ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧
ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​មួយ​រួប ឈ្មោះ នាង ធួន បាន​អះអាង​ថា ខ្លួន​គាត់​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ចូវ​ឡាំង ស្រុក​ស្វាយ​ទង ខែត្រ​អាង​យាង ប្រទេស​វៀតណាម កោះ​ហៅ​ទៅ​សាក​សួរ​នៅ​ថ្ងៃ​ទី​២០ ធ្នូ ដោយ​ចោទ​ប្រកាន់​ពី​បទ​ចាក​ចេញ​ពី​ប្រទេស​វៀតណាម​ខុស​ច្បាប់ កាល​ពី​ឆ្នាំ​២០០៨។
ការ​កោះ​ហៅ​ស្ត្រី​រួប​នេះ​សាក​សួរ នៅ​បន្ទាប់​ពី​ស្វាមី​របស់​គាត់​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្វាយ​ទង ប្រទេស​វៀតណាម​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ កន្លង​ទៅ។
អ្នក​ស្រី នាង ធួន បាន​រៀប​រាប់​ថា មន្ត្រី​នគរបាល​វៀតណាម​បាន​កោះ​ហៅ​ទៅ​សាក​សួរ​ប្រមាណ ៤​ម៉ោង ហើយ​ចោទ​ប្រកាន់​អ្នក​ស្រី​ថា បាន​ចេញ​ពី​ប្រទេស​វៀតណាម ទៅ​កាន់​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ដោយ​ពិន័យ​អ្នក​ស្រី​ចំនួន ២​លាន ៥​សែន​ដុង ស្មើ​និង​ប្រមាណ ៥០​ម៉ឺន​រៀល ទៅ​៥​លាន​ដុង ស្មើ​និង​ប្រមាណ​១​លាន​រៀល។ អ្នក​ស្រី នាង ធួន បាន​អះអាង​ថា បន្ទាប់​ពី​គេ​សាក​សួរ​អ្នក​ស្រី​ចប់ គេ​បង្ខំ​ឲ្យ​អ្នក​ស្រី​ផ្ដិត​មេ​ដៃ​លើ​ឯកសារ​កំណត់​ហេតុ​ចំនួន ៣​ទំព័រ សរសេរ​ជា​អក្សរ​វៀតណាម ដោយ​អ្នក​ស្រី​មិន​ចេះ​អាន​អក្សរ​វៀតណាម​នោះ​ទេ។ ប្រភព​ដដែល​បាន​លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ អាជ្ញាធរ​វៀតណាម​ទៅ​ចាប់​ខ្លួន​ស្វាមី​អ្នក​ស្រី ឈ្មោះ ចៅ ហេន ដល់​ផ្ទះ នៅ​បន្ទាប់​ពី​អ្នក​ស្រី និង​ប្ដី​បាន​ត្រលប់​ពី​ប្រទេស​ថៃ​ប្រមាណ ១​ម៉ោង ដោយ​មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ចាប់​ខ្លួន​ច្បាស់​លាស់​នោះ​ទេ។ អ្នក​ស្រី នាង ធួន បាន​សួរ​ទៅ​នគរបាល​វៀតណាម តើ​ពេល​ណា​ដោះ​លែង​ប្ដី​អ្នក​ស្រី​វិញ ប៉ុន្តែ​គេ​មិន​ប្រាប់​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ថា​លុះ​ត្រា​អ្នក​ឯង​ឆ្លើយ​នូវ​អ្វី​ដែល​គេ​ចង់​បាន ទើប​គេ​ដោះ​លែង​ស្វាមី​អ្នក​ស្រី​វិញ។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អាជ្ញាធរ​វៀតណាម និង​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បានទេ​នៅ​ថ្ងៃ​ច័ន្ទ ទី​២០ ធ្នូ នេះ។
ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក លោក តាំង សារៈ បាន​មាន​ប្រសាសន៍​ថា វា​ជា​ទម្លាប់​ទៅ​ហើយ ដែល​អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​បាប និង​ចាប់​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ដែល​ពួក​គេ​គ្មាន​ទោស​កំហុស​អ្វី​ទាល់​តែ​សោះ គ្រាន់​តែ​ពួក​គេ​ទាម​ទារ​ដី​ស្រែ​ចម្ការ ដែល​អាជ្ញាធរ​រឹបអូស និង​ករណី​ទាម​ទារ​សិទ្ធិ​សេរីភាព ដែល​អាជ្ញាធរ​វៀតណាម​គាប​សង្កត់​ជា​ដើម។
កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៨ លោក ចៅ ហេន ធ្លាប់​បាន​ដឹក​នាំ​ប្រជា​ពល​រដ្ឋ​​​ខ្មែរ​ក្រោម​ជាង​៦​រយ​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ដី​ស្រែ​ចម្ការ ដែល​អាជ្ញាធរ​វៀតណាម​រឹបអូស​ក្នុង​អំឡុង​ពេល​ឆ្នាំ​១៩៨០។ បន្ទាប់​ពី​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម នៅ​យប់​ថ្ងៃ​ដដែល វេលា​ម៉ោង ៣​ជិត​ភ្លឺ លំនៅឋាន​របស់​គាត់​ត្រូវ​បាន​គេ​គប់​គ្រាប់​បែក​​ចូល​ក្នុង​ផ្ទះ ទើប​គ្រួសារ​អ្នក​ស្រី​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​អង្គការ UNHCR នៅ​ប្រទេស​​ថៃ ឲ្យ​ជួយ​អន្តរាគមន៍ ក្នុង​នាម​ជា​ជន​​ភៀស​ខ្លួន តែ​ត្រូវ​អង្គការ​នេះ​មិន​ទទួល​ស្គាល់ ហើយ​បាន​ណែនាំ​ពួក​គេ​ឲ្យ​វិល​មក​ផ្ទះ​នៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​វិញ ដោយ​អះអាង​ថា មិន​មាន​ការ​ចាប់​ខ្លួន​នោះ​ទេ។
លោក តាំង សារៈ មិន​អាច​បញ្ជាក់​អំពី​ចំនួន​ខ្មែរ​កម្ពុជា​ថា​មាន​ប៉ុន្មាន​នាក់​នោះ​ទេ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​នោះ ប៉ុន្តែ​លោក​បញ្ជាក់​ពី​មូល​ហេតុ​ដែល​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ថា ដោយ​សារ​តែ​បញ្ហា​ទាមទារ​ដី​ស្រែ​ចម្ការ បញ្ហា​ចេញ​មក​ប្រទេស​កម្ពុជា ហើយ​មាន​ទំនាក់​ទំនង​ជា​មួយ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នានា​នៅ​កម្ពុជា​ដើម៕