Friday, December 31, 2010

បាតុករ​អាវ​លឿង​ថៃ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ខ្មែរ​នៅ​បាងកក

ដោយ មុំ សុផុន
2010-12-31

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១០​ថា ក្រុម​ជ្រុល​និយម​អាវ​លឿង​ប្រមាណ ៤០​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​បាងកក ដើម្បី​ទាមទារ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​ជនជាតិ​ថៃ ៧​នាក់ ដែល​អាជ្ញាធរ​កម្ពុជា បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ កន្លង​មក​នេះ ពី​បទ​ចូល​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​នោះ។

លោក កុយ គួង អនុ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី ​ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​នោះ គឺ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានទូត ឬ​មន្ត្រី​ស្ថានទូត​ខ្មែរ នៅ​ឯ​ទីក្រុង​បាងកក នោះ​ទេ។

លោក កុយ គួង មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ក្រុម​នេះ​ជា​ក្រុម​គេ​ហៅ​ថា ក្រុម​ពួក​អាវ​លឿង ជា​ក្រុម​ជ្រុល​និយម គេ​បាន​មក​ប្រមូល​ផ្ដុំ​នៅ​មុខ​ស្ថានទូត​តាំង​ពី​ម៉ោង ១០​កន្លះ (ព្រឹក) រហូត​ដល់​ម៉ោង ១១ និង ១៥​នាទី គេ​បាន​ចាក​ចេញ​ទៅ​វិញ​ទៅ។ គេ​សម្ដែង​ឆន្ទៈ​របស់​គេ។ ធម្មតា​គេ​ប្រមូល​ផ្ដុំ​ជា​របៀប​បាតុកម្ម​ហើយ គេ​សម្ដែង​ឆន្ទៈ​របស់​គេ គេ​ទាមទារ​ឲ្យ​យើង​ដោះលែង​អ្នក​ទាំង ៧​នាក់​ដែល​យើង​បាន​ឃាត់​ខ្លួន​ហ្នឹង»។

ជនជាតិ​ថៃ ៧​នាក់ ដែល​ក្នុង​នោះ​មាន​អ្នក​តំណាងរាស្ត្រ​ថៃ​ម្នាក់​ដែរ​នោះ ត្រូវ​បាន​​អាជ្ញាធរ​ខ្មែរ​​ចាប់​ខ្លួន ហើយ​​បាន​បញ្ជូន​​ទៅ​​តុលាការ​​ក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ពី​បទ​ចូល​មក​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា​២៩ ច្បាប់​អន្តោប្រវេសន៍​កម្ពុជា និង​ចោទ​ប្រកាន់​មួយ​ចំណុច​ទៀត​ពី​បទ​ចូល​ដោយ​ទុច្ចរិត ក្នុង​ទីលាន​យោធា តាម​មាត្រា​៤៧៣ នៃ​ក្រមព្រហ្មទណ្ឌ។

ភ្លាម​នោះ​ដែរ លោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ បាន​​មក​ជួប​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ជា​បន្ទាន់​មួយ នៅ​​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ដើម្បី​អន្តរាគមន៍​​លើ​ករណី​ជនជាតិ​ថៃ ទាំង ៧​នាក់​នោះ។ ប៉ុន្តែ​លោក ហោ ណាំហុង បាន​បដិសេធ ដោយ​លើក​ឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ហួស​សមត្ថភាព​ក្នុង​ការ​ដោះលែង​ហើយ គឺ​ទុក​ឲ្យ​តុលាការ​ខ្មែរ​សម្រេច​ទៅ​តាម​នីតិវិធី​របស់​តុលាការ​នៅ​ក្នុង​រឿង​នេះ។

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បាន​ថ្លែង​ថា ជនជាតិ​ថៃ​ទាំង ៧​រូប បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ដី​ខ្មែរ​កាល​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​ធ្នូ កន្លង​ទៅ​នេះ នៅ​ចំណុច​ភូមិ​ជោគជ័យ ក្នុង​ស្រុក​អូជ្រៅ។

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា ជនជាតិ​ថៃ​ទាំង​នោះ​បាន​ដើរ​តាម​បង្គោល​ព្រំដែន​លេខ​១៤៦ ដែល​គិត​ជា​ចម្ងាយ​មាន​ប្រមាណ ១.២០០​ម៉ែត្រ មក​ក្នុង​ដី​ខ្មែរ ហើយ​ការ​ចូល​មក​ដី​ខ្មែរ​នេះ មិន​មែន​វង្វេង​ផ្លូវ​ទេ គឺ​មាន​ចេតនា៕

Monday, December 27, 2010

សិស្ស​ខ្មែរ​សុរិន្ទ​បោះ​ជំរំ​រៀន​ភាសា​ខ្មែរ

ដោយ ឡេង ម៉ាលី
2010-12-27

ស្ដាប់ ៖


អក្សរ និង​ភាសា​ខ្មែរ ជា​វិញ្ញាសា​សិក្សា​មួយ ដែល​មាន​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ខេត្ត​បី ដូច​ជា​ខេត្ត​សុរិន្ទ បុរីរ៉័ម និង​ស៊ី​សា​កេត។ ក្រៅ​ពី​ការ​អប់រំ​ក្នុង​សាលា ក៏​មាន​ការ​បង្រៀន​តាម​បែប​ថ្នាក់​អក្ខរកម្ម​នៅ​ក្រៅ​សាលា​ផង​ដែរ។

ចាងហ្វាង​សាលា​រៀន​ឈ្មោះ ប្រាសាទ​វិទ្យ៉ា​ខាន ក្នុង​ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត ថ្លែង​ឱ្យ​ដឹង​ថា មាន​គ្រូ​បង្រៀន និង​សិស្ស​ថៃ​កម្រិត​មធ្យម​សិក្សា​ចំនួន ៤០០​នាក់ បាន​នាំ​គ្នា​បោះ​ជំរំ​សិក្សា​ភាសា​ខ្មែរ​មួយ នៅ​ព្រៃ​ភ្នំ​សាលា​ជួរ​ភ្នំ​ដងរែក ក្បែរ​ព្រំដែន​កម្ពុជា-ថៃ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ។

លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត មាន​ប្រសាសន៍​ថា ការ​បោះ​ជំរំ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១០ គឺ​ក្នុង​គោល​បំណង​ជំរុញ​ការ​អប់រំ​អំពី​ភាសា និង​អារ្យធម៌​ខ្មែរ ដល់​សិស្ស​សាលា ដើម្បី​ភាព​សុខ​សាន្ត​រវាង​ប្រជា​ជាតិ​ជិត​ខាង​ទាំង​ពីរ ៖ "យើង ​បាន​នាំ​សិស្ស​យើង​មក​រៀន​អារ្យធម៌​ខ្មែរ អក្សរ​ខ្មែរ បាន​យើង​ធ្វើ​ការ​រក​ស៊ី​ខាង​ខ្មែរ និង​ថៃ ទាក់​ទង​គ្នា​ឱ្យ​ល្អ​ជុំ​គ្នា។ រួម​ទាំង​អស់ ៤០០​ជាង។ កូន​សិស្ស ៣៥០​នាក់ គ្រូ ៦០​នាក់។ មក​ពី ២៤​សាលា និង ៣​ខេត្ត គឺ​ខេត្ត​ស៊ី​សា​កេត សុរិន្ទ និង​ប៊ុរីរ៉័ម ខេត្ត​ដែល​ជាប់​នឹង​បង​ប្អូន​យើង​ខាង​ណេះ។ ព្រំដែន​ជាប់​គ្នា"

ប្រធាន​មជ្ឈ​មណ្ឌល​ភាសា និង​វប្បធម៌​ខ្មែរ លោក ប្រៈ​ដែង ប៊ុន​រឿង គុជៈ​ម៉ា បញ្ជាក់​ថា ការ​បោះ​ជំរំ​សិក្សា​នេះ គេ​ឱ្យ​ឈ្មោះ​ថា "ជំរំ​អារ្យធម៌​ខ្មែរ"។ លោក ប៊ុន​រឿង ថ្លែង​បន្ត​ថា "ជំរំ​អារ្យធម៌​ខ្មែរ" នោះ គេ​បែង​ចែក​ចំនួន ១៥​ជំរំ​តូច​ៗ ដើម្បី​បង្រៀន​ភាសា​ខ្មែរ​ទៅ​តាម​ប្រធាន​បទ​ផ្សេងៗ គ្នា ៖ "ការ​រៀន​ សូត្រ​ដែល​យើង​រៀបចំ​នោះ គឺ​មាន ១៥​កន្លែង ហើយ​ទាក់​ទង​រឿង​ភាសា​ខ្មែរ​ទាំង​អស់ ដូច​ជា​ថា ជំរំ​ទី​មួយ ទាក់​ទង​រាង​កាយ ដូច​ជា​ថា​ក្នុង​រាង​កាយ​មាន​អី​ខ្លះ? មាន​ដៃ ជើង មាន​អី​ទាំង​អស់​នោះ​ឱ្យ​សិស្ស​បាន​ដឹង"

លោក ប៊ុន​រឿង គុ​ជៈ​ម៉ា មាន​ប្រសាសន៍​ទៀត​ថា នៅ​ក្នុង​ការ​បង្រៀន​ភាសា​ខ្មែរ​នេះ គឺ​បាន​ចាប់​ផ្តើម​បង្រៀន​ពី​ពាក្យ​សំខាន់ៗ ដែល​ត្រូវ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ទាំង​នៅ​ក្នុង​រង្វង់​គ្រួសារ និង​សហគមន៍ ជា​ពិសេស​ពាក្យ​សំគាល់​សមាជិក​គ្រួសារ។ លោក ប៊ុន​រឿន លើក​ពន្យល់​បន្ថែម ៖ "ទី ​២ ទាក់​ទង​នឹង​គ្រួសារ ម៉ែ​ឪ មីង​មា បង​ប្អូន ចាស់ទុំ ដូន​តា​ជា​ដើម។ កូន​ក្មួយ ម៉ែ​ក្មេក ឪ​ក្មេក ជា​ដើម ហើយ​យើង​មាន​ការ​អធិប្បាយ​ពាក្យ​និមួយៗ ឱ្យ​ជ្រះ​ស្រឡះ ឱ្យ​សិស្ស​បាន​ដឹង​ផង។ ឯកសារ​នោះ​យើង​សរសេរ​ទាំង​ភាសា​ថៃ ទាំង​ភាសា​ខ្មែរ ហើយ​វិធី​អាន​ជា​ភាសា​ថៃ​ផង"

សិស្ស​សាលា​ថ្នាក់​ទី​១០ មួយ​រូប មក​ពី​សាលា​រៀន​គោក​ខ័ណ្ឌ ខេត្ត​ស៊ី​សា​កេត ឈ្មោះ ភូណៃ វីឡា បញ្ចេញ​មតិ​របស់​ខ្លួន​ថា ការ​រៀន​អក្សរ​ខ្មែរ​នេះ ប្អូន​បាន​ចេះ​ដឹង​អំពី​ភាសា អក្សរ និង​អារ្យធម៌​ខ្មែរ ព្រម​ទាំង​សិល្បៈ ដូច​មាន​នៅ​ប្រាសាទ​តា​មាន់​ជា​ដើម ៖ "ក្នុង​អប់រំ​អារ្យធម៌ ភាសា​ខ្មែរ ខ្ញុំ​ចេះ​សរសេរ​អក្សរ​ខ្មែរ​បាន​ដូច​ជា ភ្នែក មាត់ សក់ ហើយ​ភាសា ដូច​ជា ម៉ែ ម្ដាយ ឪពុក បង​ប្រុស បង​ស្រី ប្តី ប្រពន្ធ។ មិន​សូវ​យ៉ាប់​ទេ​បាទ"

លោក ប៊ុន​រឿង គុជ​ម៉ា ថ្លែង​ថា ការ​បង្រៀន​អក្ខរកម្ម​នៅ​ក្នុង​ការ​បោះ​ជំរំ​ឈ្មោះ "អារ្យធម៌​ខ្មែរ" នេះ មាន​ទាំង​គ្រូ​ទៅ​ពី​ស្រុក​ខ្មែរ​ផង និង​គ្រូ​នៅ​ក្នុង​ខេត្ត​សុរិន្ទ​ផង។

នាយក​រង​សាលា​គរុកោសល្យ និង​វិក្រិតការ​ខេត្ត​សៀមរាប​មួយ​រូប ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ទៅ​ចូល​រួម​បង្រៀន​អក្សរ​ខ្មែរ នៅ​ក្នុង​ការ​បោះ​ជំរំ​សិក្សា​នោះ​ដែរ លោក អន ឈុត បាន​លើក​ឡើង​ថា ទាំង​គ្រូ និង​សិស្ស​មាន​ឆន្ទៈ​ចង់​ចេះ​អក្សរ​ខ្មែរ ៖ "ទាំង​គ្រូ និង​សិស្ស ដែល​គាត់​អញ្ជើញ​មក​ចូល​រួម​ហ្នឹង គឺ​មាន​ការ​ឆាប់​ទទួល​បាន​នូវ​ចំណេះ​ដឹង ដែល​យើង​ផ្ដល់​ទៅ​ឱ្យ​គាត់ ទាំង​ការ​និយាយ ទាំង​ការ​សរសេរ។ ក៏​ប៉ុន្តែ ការ​សរសេរ​នៅ​មិន​ទាន់​បាន​ស៊ី​ជម្រៅ​ប៉ុន្មាន​ទេ"

យុវ​សិស្ស​មក​ពី​ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ ឈ្មោះ ចន ម៉ៃ​សំ​រ៉ាន ថ្លែង​អំពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា ការ​បោះ​ជំរំ​អប់រំ​ភាសា​ខ្មែរ ធ្វើ​ឱ្យ​ប្អូន​បាន​ចេះ​សរសេរ​ពាក្យ​ពេចន៍​មួយ​ចំនួន ដូច​ជា​គ្រឿង​ប្រើ​ប្រាស់​ផ្ទះ​បាយ បន្លែ និង​ផ្លែ​ឈើ ៖ "គ្រឿងគ្រៅ​ដូច ​ជា​មាន​ឆ្នាំង វែក​ឆា ជ្រុញ ស្លាប​ព្រា។ ខាង​ផ្លែ​ឈើ​មាន​ចេក ដូង ស្វាយ។ ខាង​អន្លក់ គឺ​មាន​ត្រសក់ ត្រប់ ប៉េង​ប៉ោះ ជា​ដើម"

យុវ​សិស្ស​ម្នាក់​ទៀត​មក​ពី​ខេត្ត​ប៊ុរីរ៉័ម ឈ្មោះ វីឡៃផន រៀប​រ៉យ រៀប​រាប់​អំពី​ឈ្មោះ​រាង​កាយ​ថា ៖ "ដៃ ជើង ច្រមុះ ភ្នែក មាត់"

ចាងហ្វាង​សាលា​រៀន​ប្រាសាទ​វិទ្យ៉ា​ខាន ខេត្ត​សុរិន្ទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត ថ្លែង​ឱ្យ​ដឹង​ថា ខាង​មជ្ឈ​មណ្ឌល​ធ្លាប់​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ជា​មួយ​សាលា​រៀន​ សម្ដេច​ឪ នៅ​ខេត្ត​សៀមរាប ទាក់​ទង​នឹង​ការ​សិក្សា​ភាសា​ខ្មែរ​នេះ។ លោក​បន្ត​ថា នៅ​ពេល​អនាគត លោក​មាន​គម្រោង​ផ្លាស់​ប្ដូរ​គ្រូ និង​សិស្ស​រវាង​ប្រទេស​ទាំង​ពីរ ៖ "បើ​ថា​ស្រុក​ស្រែ​យើង​ស្រួល​បួល ទាក់​ទង​គ្នា​បាន យើង​ចង់​ឱ្យ​គ្រូ​ខាង​ខ្មែរ​មក​បង្រៀន​ខាង​ថៃ គ្រូ​ខាង​ថៃ​ចុះ​ទៅ​បង្រៀន​ភាសា​ថៃ​នៅ​ខាង​ខ្មែរ។ តទៅ​មុខ​យើង​ចង់​ប្ដូរ​យ៉ាង​អ៊ី​ចេះ ព្រោះ​អី​យើង​ចង់​ឱ្យ​កើត​ជា​បង​ប្អូន​គ្នា ស្គាល់​គ្នា​ឱ្យ​បាន​ជួប​គ្នា បាន​សួរ បាន​និយាយ​គ្នា​ឱ្យ​ឃើញ​អារ្យធម៌​ពី​ដើម​ជុំ​គ្នា"

Wednesday, December 22, 2010

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​មុន​នឹង​បិទ​ជំរំ​ជន​ភៀស​ខ្លួន

2010-12-23
ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បិទ​ការិយាល័យ​ជន​ភៀស​ខ្លួន កាន់​តែ​បង្កើន​ការ​ភ័យ​ខ្លាច​ថែម​ទៀត​ដល់​ក្រុម​អ្នក​ស្វែង​រក​ទី​ជម្រក​សុខសាន្ត ដើម្បី​គេច​ផុត​ពី​ការ​តាម​យាយី ឬ​រួច​ផុត​ពី​ការ​កាប់​សម្លាប់។
ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​សម្ដែង​ក្ដី​បារម្ភ​ថា ការ​ដែល​រដ្ឋាភិបាល​ខ្មែរ​ប្រកាស​បិទ​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ ជា​សញ្ញា​មួយ​បង្ហាញ​ថា កម្ពុជា​កំពុង​ក្រសោប​យក​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដូច​ជា​ចិន និង​វៀតណាម ជា​ជាង​ការ​ពិចារណា​លើ​ការ​គោរព​សិទ្ធិ​មនុស្ស ឬ​ជ្រើស​រើស​យក​ការ​ផ្ដល់​តម្លៃ​មនុស្ស​ធម៌​ជា​ធំ។ 
ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​រដ្ឋ​ញូវជេស៊ី (New Jersey) សហរដ្ឋ​អាមេរិក លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា ក្នុង​នាម​ក្រុម​របស់​លោក​ជា​សមាជិក​របស់​អង្គការ​មិន​មាន​អ្នក​តំណាង​ក្នុង​អង្គការ​សហប្រជាជាតិ UNPO បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក្នុង​ការ​បិទ​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​ថា អាច​ធ្វើ​ឲ្យ​ជោគវាសនា​របស់​អ្នក​ទាំង​នោះ​មាន​ភាព​ប្រថុយប្រថាន និង​កាន់​តែ​ធ្វើ​ឲ្យ​មុខ​មាត់​របស់​កម្ពុជា អាប់ឱន​ក្នុង​ឆាក​អន្តរជាតិ។ 
កាល​ពី​ចុង​ឆ្នាំ​២០០៩ កម្ពុជា​បាន​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ (Uighur) ចំនួន ២០​នាក់​ទៅ​ប្រទេស​ចិន​វិញ បន្ទាប់​ពី​អ្នក​ទាំង​នោះ​បាន​មក​ដល់​កម្ពុជា ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន និង​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ទី​បី បន្ទាប់​ពី​បាន​រត់​គេច​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ចិន។
ក្រុម​អ្នក​តាម​ឃ្លាំមើល​ស្ថានការណ៍​ជន​ភៀស​ខ្លួន​នេះ បាន​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​មួយ​ចំនួន​ក្នុង​ចំណោម ២០​នាក់ ដែល​កម្ពុជា​ចាប់​បញ្ជូន​ទៅ​វិញ​នោះ ត្រូវ​បាន​គេ​សង្ស័យ​ថា អាជ្ញាធរ​ចិន បាន​ប្រហារ​ជីវិត និង​មួយ​ចំនួន​ទៀត​កំពុង​រង​ទារុណកម្ម។ 
ទាក់ទង​នឹង​ផែនការ​បិទ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​បិទ​នោះ​គឺ​ជា​បំណង​ល្អ​របស់​កម្ពុជា ក្នុង​ការ​ព្យាយាម​បញ្ចប់​រាល់​ទម្រង់​ទាំង​ឡាយ​ណា​ក្នុង​ពិភពលោក ដែល​បង្ក​ឲ្យ​មាន​ជន​ភៀស​ខ្លួន។
ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ដែល​កាន់​សាសនា​គ្រិស្ត​បាន​ភៀស​ខ្លួន​ជា​បន្ត​បន្ទាប់​ចូល​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០១ ដើម្បី​រត់​គេច​ពី​ការ​តាម​យាយី ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​សាសនា និង​ការ​បង្ក្រាប​លើ​សិទ្ធិ​ដីធ្លី​ដោយ​អាជ្ញាធរ​វៀតណាម។ 
កាល​ពី​ឆ្នាំ​២០០៥ រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​បង្កើត​មណ្ឌល​ទទួល​ជន​ភៀស​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ ជា​បណ្ដោះ​អាសន្ន មុន​ពេល​បញ្ជូន​ទៅ​ប្រទេស​ទី​បី ឬ​ស្ម័គ្រចិត្ត​ត្រលប់​ទៅ​ប្រទេស​កំណើត​ដោយ​ខ្លួន​ឯង។ 
មន្ត្រី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ក្នុង​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​គោរព​បទដ្ឋាន​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ភៀស​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទេ នោះ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នឹង​កាត់​តែ​មើល​ងាយ ហើយ​មិន​ទុក​ចិត្ត​ដល់​ប្រជាជាតិ​កម្ពុជា។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ពិចារណា​បញ្ហា​នេះ​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​សម្រេច​ចិត្ត​បិទ​ការិយាល័យ​ជន​ភៀស​ខ្លួន។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ពេល​ណា​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​បិទ​ទ្វារ​នោះ អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​ក៏​នឹង​បញ្ចប់​ផង​ដែរ។ 
ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ចំនួន ៦២​នាក់ ក្នុង​ចំណោម ៧៦​នាក់ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ទី​បី ហើយ ១៤​នាក់​ផ្សេង​ទៀត អាច​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​ក្រុម​មន្ត្រី​របស់​អង្គការ​សហប្រជាជាតិ​មាន​យន្តការ​បែប​ណា​ក្នុង​ការ​ការពារ​មនុស្ស​ទាំង ១៤​នាក់​នោះ ដែល​អាច​មាន​ភាព​ប្រថុយប្រថាន​ដល់​អាយុ​ជីវិត ប្រសិន​បើ​ពួកគេ​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​នោះ៕

Tuesday, December 21, 2010

អង្គការ​សិទ្ធិ​មនុស្ស៖ កម្ពុជា​ជា​ប្រទេស​គ្មាន​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន

2010-12-21
មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ចាត់​ទុក​កម្ពុជា ជា​ប្រទេស​គ្មាន​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន ដែល​បាន​ភៀស​ខ្លួន​មក​ពី​ប្រទេស​មាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយ​ប្រទេស​កម្ពុជា។

Sent by a witness
៥-កក្កដា-០៩: ទិដ្ឋភាព​ក្រុម​បាតុករ​អ៊ុយហ្គរ៍ នៅ​អ៊ុយរ៉ាំហ្គី (ទី​ប្រជុំ​ជន​មួយ​នៅ​ក្នុង​ខេត្ត​ស៊ិនជាំង ប្រទេស​ចិន)
បទ​វិភាគ​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ប្រទេស​កម្ពុជា បាន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ (Uighur) ចំនួន ២០​នាក់​ទៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ និង​ការ​គំរាម​បិទ​ជំរំ​ជន​ភៀស​ខ្លួន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​រួច​មក ប្រទេស​កម្ពុជា​លែង​ជា​ប្រទេស​ដែល​អាច​ផ្ដល់​កិច្ច​ការពារ​ជន​ភៀស​ខ្លួន​ទៀត​ហើយ។ 
មន្ត្រី​ស្រាវជ្រាវ​ជាន់​ខ្ពស់​របស់ Human Rights Watch លោកស្រី សារ៉ា ខម (Sara Colm) បាន​សរសេរ​បទ​វិភាគ​ប្រវត្តិ​នៃ​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ចំនួន ២០​នាក់​ទៅ​ប្រទេស​ចិន ឲ្យ​ប្រឈម​នឹង​ការ​កាត់​ទោស និង​ការ​ធ្វើ​ទារុណកម្ម សម្រាប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​នេះ បាន​ឲ្យ​ដឹង​ថា កម្ពុជា​មិន​បាន​គោរព​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៥១ និង​ពិធីសារ​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩៦៧។ សន្ធិសញ្ញា​នេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មិន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​ប្រទេស​ដែល​ជន​ភៀស​ខ្លួន​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នោះ​ទេ។
លោកស្រី សារ៉ា ខម បាន​ឲ្យ​ដឹង​ថា ការ​ចាប់​បញ្ជូន​ជន​ជាតិ​អ៊ុយហ្គរ៍ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៩ បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​អនុញ្ញាត​ឲ្យ​ក្រសួង​មហាផ្ទៃ អាច​បដិសេធ ឬ​ក៏​បញ្ចប់​ឋានៈ​ជន​ភៀស​ខ្លួន​ដែល​ផ្ដល់​ដោយ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR)។ មួយ​ថ្ងៃ​បន្ទាប់​មក ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ចំនួន ២០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ដាក់​យន្តហោះ​ពិសេស​ចិន​មួយ​ទៅ​ប្រទេស​ចិន​វិញ។
លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ស្ថានភាព​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​ធ្នូ បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​កម្ពុជា មិន​បាន​គោរព​ការ​សន្យា​របស់​ខ្លួន ដើម្បី​ការពារ​ជន​ភៀស​ខ្លួន។ លោក​បន្ត​ទៀត​ថា អ្នក​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន កំពុង​គិត​​ពី​ប្រយោជន៍ និង​អំណាច​ផ្ទាល់​ខ្លួន ដោយ​មិន​បាន​គិតគូរ​ពី​អំពើ​មនុស្ស​ធម៌​នោះ​ទេ។
លោក ឡៅ ម៉ុងហៃ កម្ពុជា​មិន​គួរ​ភ្លេច​ខ្លួន​នោះ​ទេ ដែល​កាល​ពី​ប្រមាណ ៣០​ឆ្នាំ​មុន ប្រជាជន​នៃ​ប្រទេស​នេះ ធ្លាប់​បាន​រត់​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក។ 
អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ខែ​មករា ឆ្នាំ​២០១០ មាន​ព័ត៌មាន​មិន​ផ្លូវការ​មួយ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ ២០​នាក់​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ចេញ​ពី​កម្ពុជា ទៅ​ប្រទេស​ចិន​នោះ មាន ៤​នាក់​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត និង​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ពី ៥​ឆ្នាំ​ទៅ​មួយ​ជីវិត។
កម្ពុជា​ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត កាល​ពី​សប្ដាហ៍​មុន​នៅ​ពេល​ដែល​រដ្ឋាភិបាល​នេះ​បាន​កំណត់​ឱសានវាទ​ឲ្យ UNHCR បិទ​ជំរំ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ ខាង​មុខ​នេះ។ 
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​កន្លង​មក​ទាក់ទង​នឹង​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ទៅ​ប្រទេស​ចិន ដើម្បី​ជា​ថ្នូរ​នឹង​ជំនួយ​របស់​ចិន។ រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​បញ្ជូន​នេះ គឺ​អាជ្ញាធរ​កម្ពុជា អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា ហើយ​ចំពោះ​ការ​បិទ​ជំរំ​ម៉ុងតាញ៉ា គឺ​ដោយសារ​ប្រទេស​វៀតណាម គ្មាន​សង្គ្រាម​ស៊ីវិល ដូច្នោះ​ជន​ភៀស​ខ្លួន​មិន​គួរ​មាន​នៅ​កម្ពុជា​នោះ​ទេ។
ប៉ុន្តែ​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ដែល​ជា​ជន​ជាតិ​ភាគ​តិច​របស់​វៀតណាម បាន​រត់​មក​សុំ​ជ្រកកោន​នៅ​កម្ពុជា ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣​នោះ មិន​បាន​រត់​គេច​ពី​សង្គ្រាម​ទេ ប៉ុន្តែ​ពួកគេ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ការ​គាប​សង្កត់ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​ជំនឿ​សាសនា និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​រឿង​ទំនាស់​ដីធ្លី​ពី​សំណាក់​អាជ្ញាធរ​វៀតណាម៕

Monday, December 20, 2010

វៀតណាម​ពិន័យ​ខ្មែរ​ក្រោម​អំពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់

2010-12-20
ពល​រដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម​ត្អូញត្អែរ​ថា ពួក​គាត់​មួយ​ចំនួន​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ធ្វើ​ទុក្ខបុកម្នេញ​ពី​​អាជ្ញាធរ​វៀតណាម។
Photo courtesy of http://preynokornews.blogspot.com
ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧
ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​មួយ​រួប ឈ្មោះ នាង ធួន បាន​អះអាង​ថា ខ្លួន​គាត់​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ចូវ​ឡាំង ស្រុក​ស្វាយ​ទង ខែត្រ​អាង​យាង ប្រទេស​វៀតណាម កោះ​ហៅ​ទៅ​សាក​សួរ​នៅ​ថ្ងៃ​ទី​២០ ធ្នូ ដោយ​ចោទ​ប្រកាន់​ពី​បទ​ចាក​ចេញ​ពី​ប្រទេស​វៀតណាម​ខុស​ច្បាប់ កាល​ពី​ឆ្នាំ​២០០៨។
ការ​កោះ​ហៅ​ស្ត្រី​រួប​នេះ​សាក​សួរ នៅ​បន្ទាប់​ពី​ស្វាមី​របស់​គាត់​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្វាយ​ទង ប្រទេស​វៀតណាម​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ កន្លង​ទៅ។
អ្នក​ស្រី នាង ធួន បាន​រៀប​រាប់​ថា មន្ត្រី​នគរបាល​វៀតណាម​បាន​កោះ​ហៅ​ទៅ​សាក​សួរ​ប្រមាណ ៤​ម៉ោង ហើយ​ចោទ​ប្រកាន់​អ្នក​ស្រី​ថា បាន​ចេញ​ពី​ប្រទេស​វៀតណាម ទៅ​កាន់​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ដោយ​ពិន័យ​អ្នក​ស្រី​ចំនួន ២​លាន ៥​សែន​ដុង ស្មើ​និង​ប្រមាណ ៥០​ម៉ឺន​រៀល ទៅ​៥​លាន​ដុង ស្មើ​និង​ប្រមាណ​១​លាន​រៀល។ អ្នក​ស្រី នាង ធួន បាន​អះអាង​ថា បន្ទាប់​ពី​គេ​សាក​សួរ​អ្នក​ស្រី​ចប់ គេ​បង្ខំ​ឲ្យ​អ្នក​ស្រី​ផ្ដិត​មេ​ដៃ​លើ​ឯកសារ​កំណត់​ហេតុ​ចំនួន ៣​ទំព័រ សរសេរ​ជា​អក្សរ​វៀតណាម ដោយ​អ្នក​ស្រី​មិន​ចេះ​អាន​អក្សរ​វៀតណាម​នោះ​ទេ។ ប្រភព​ដដែល​បាន​លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ អាជ្ញាធរ​វៀតណាម​ទៅ​ចាប់​ខ្លួន​ស្វាមី​អ្នក​ស្រី ឈ្មោះ ចៅ ហេន ដល់​ផ្ទះ នៅ​បន្ទាប់​ពី​អ្នក​ស្រី និង​ប្ដី​បាន​ត្រលប់​ពី​ប្រទេស​ថៃ​ប្រមាណ ១​ម៉ោង ដោយ​មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ចាប់​ខ្លួន​ច្បាស់​លាស់​នោះ​ទេ។ អ្នក​ស្រី នាង ធួន បាន​សួរ​ទៅ​នគរបាល​វៀតណាម តើ​ពេល​ណា​ដោះ​លែង​ប្ដី​អ្នក​ស្រី​វិញ ប៉ុន្តែ​គេ​មិន​ប្រាប់​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ថា​លុះ​ត្រា​អ្នក​ឯង​ឆ្លើយ​នូវ​អ្វី​ដែល​គេ​ចង់​បាន ទើប​គេ​ដោះ​លែង​ស្វាមី​អ្នក​ស្រី​វិញ។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អាជ្ញាធរ​វៀតណាម និង​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បានទេ​នៅ​ថ្ងៃ​ច័ន្ទ ទី​២០ ធ្នូ នេះ។
ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក លោក តាំង សារៈ បាន​មាន​ប្រសាសន៍​ថា វា​ជា​ទម្លាប់​ទៅ​ហើយ ដែល​អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​បាប និង​ចាប់​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ដែល​ពួក​គេ​គ្មាន​ទោស​កំហុស​អ្វី​ទាល់​តែ​សោះ គ្រាន់​តែ​ពួក​គេ​ទាម​ទារ​ដី​ស្រែ​ចម្ការ ដែល​អាជ្ញាធរ​រឹបអូស និង​ករណី​ទាម​ទារ​សិទ្ធិ​សេរីភាព ដែល​អាជ្ញាធរ​វៀតណាម​គាប​សង្កត់​ជា​ដើម។
កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៨ លោក ចៅ ហេន ធ្លាប់​បាន​ដឹក​នាំ​ប្រជា​ពល​រដ្ឋ​​​ខ្មែរ​ក្រោម​ជាង​៦​រយ​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ដី​ស្រែ​ចម្ការ ដែល​អាជ្ញាធរ​វៀតណាម​រឹបអូស​ក្នុង​អំឡុង​ពេល​ឆ្នាំ​១៩៨០។ បន្ទាប់​ពី​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម នៅ​យប់​ថ្ងៃ​ដដែល វេលា​ម៉ោង ៣​ជិត​ភ្លឺ លំនៅឋាន​របស់​គាត់​ត្រូវ​បាន​គេ​គប់​គ្រាប់​បែក​​ចូល​ក្នុង​ផ្ទះ ទើប​គ្រួសារ​អ្នក​ស្រី​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​អង្គការ UNHCR នៅ​ប្រទេស​​ថៃ ឲ្យ​ជួយ​អន្តរាគមន៍ ក្នុង​នាម​ជា​ជន​​ភៀស​ខ្លួន តែ​ត្រូវ​អង្គការ​នេះ​មិន​ទទួល​ស្គាល់ ហើយ​បាន​ណែនាំ​ពួក​គេ​ឲ្យ​វិល​មក​ផ្ទះ​នៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​វិញ ដោយ​អះអាង​ថា មិន​មាន​ការ​ចាប់​ខ្លួន​នោះ​ទេ។
លោក តាំង សារៈ មិន​អាច​បញ្ជាក់​អំពី​ចំនួន​ខ្មែរ​កម្ពុជា​ថា​មាន​ប៉ុន្មាន​នាក់​នោះ​ទេ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​នោះ ប៉ុន្តែ​លោក​បញ្ជាក់​ពី​មូល​ហេតុ​ដែល​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ថា ដោយ​សារ​តែ​បញ្ហា​ទាមទារ​ដី​ស្រែ​ចម្ការ បញ្ហា​ចេញ​មក​ប្រទេស​កម្ពុជា ហើយ​មាន​ទំនាក់​ទំនង​ជា​មួយ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នានា​នៅ​កម្ពុជា​ដើម៕

Sunday, December 19, 2010

ប្រវត្តិ​ភ្លេង​កន្ទ្រឹម

ភ្លេង​កន្រ្ទឹម ជា​ឈ្មោះ​ភ្លេង​ប្រពៃណី​បុរាណ​មួយ​របស់​បង​ប្អូន​ខ្មែរ​មួយ​ក្រុម ដែល​រស់​នៅ​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន ជា​ពិសេស បង​ប្អូន​ខ្មែរ​រស់​ខេត្ត​សុរិន្ទ។

សព្វ​ថ្ងៃ​បទ​ភ្លេង​កន្រ្ទឹម យើង​ឃើញ​មាន​ការ​ពេញ​និយម​ខ្លាំង​គ្រាន់​បើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តើ​បទ​ភ្លេង​កន្រ្ទឹម​នេះ មាន​ប្រវត្តិ​យ៉ាង​ណា ហើយ​គេ​ប្រគំ​សម្រាប់​ពិធី​អ្វីខ្លះ?

លោក ឡេង ម៉ាលី មាន​សេចក្ដី​រាយការណ៍​ជូន​ដូច​តទៅ៖

អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៅ​ឃុំ​ខ្លួន

2010-12-19
ប្រភព​ពី​ប្រជា​ពល​រដ្ឋ​រស់​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​អះអាង​ថា អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ឈ្មោះ ចៅ ហេន ទៅ​ឃុំ​ខ្លួន។

Photo courtesy of http://preynokornews.blogspot.com
លោក ចៅ ហេន ត្រូវ​បាន​វៀតណាម​ចោទ​ថា​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើបាតុកម្ម​ទាមទារ​រំដោះ​ទឹក​ដី​កម្ពុជា​ក្រោម កាល​ពី​ឆ្នាំ​២០០៨

ភរិយា​បុរស​ឈ្មោះ ចៅ ហេន គឺ​អ្នក​ស្រី នាង ធួន បាន​មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ថា គ្រួសារ​គាត់ បន្ទាប់​ពី​បាន​គេច​ខ្លួន​កាល​ពី​ឆ្នាំ​២០០៨ ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ការិយាល័យ​អង្គការ UNHCR នៅ​ប្រទេស​ថៃ ត្រូវ​បរាជ័យ។
នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​នេះ នៅ​ពេល​ស្វាមី​វិល​ត្រឡប់​ពី​ការិយាល័យ UNHCR ប្រទេស​ថៃ ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អង្គការ​នេះ ដែល​ថា​មិន​មាន​ទោស​ពៃរ៍ ពេល​មក​ដល់​ផ្ទះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​មក​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​សាលា​ស្រុក​ស្វាយ​ទង រង់ចាំ​​ដោះ​ស្រាយ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ អំពី​មូល​ហេតុ​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ។
អ្នក​ស្រី នាង ធួន មាន​ប្រសាសន៍​បន្ថែម ៖ «យើង​មក​ពី​ប្រទេស​ថៃ មក​ដល់​អង្គុយ​មិន​ទាន់​បាន​១​ម៉ោង​ផង គេ​មក​អញ្ជើញ​ទៅ​សាលា​ឃុំ នៅ​ម៉ោង​៤ ដល់​ម៉ោង ៦​ជាង គេ​អញ្ជើញ​ទៅ​សាលា​ស្រុក ឡាន​គេ​ដឹក​ទៅ​សាលា​ស្រុក ឥឡូវ​គេ​ឃុំ​នៅ​សាលា​ស្រុក។ ឥឡូវ​គេ​យក​ក្រដាស​មក​អញ្ជើញ​ខ្ញុំ ថ្ងៃ​ទី​២០ ឲ្យ​ខ្ញុំ​ទៅ​ទៀត»
ទាក់​ទង​បញ្ហា​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​ក្រោម​នេះ លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ដាក់​ការ​ស្តី​បន្ទោស​ចំពោះ​ចំណាត់​ការ​របស់​អង្គការ UHNCR ដែល​មិន​ទទួល​ស្គាល់​ពល​រដ្ឋ​ខ្មែរ​ក្រោម ដែល​បាន​ទៅ​សុំ​កិច្ច​អន្តរាគមន៍ និង​សុំ​សិទ្ធិ​ជ្រក​កោន​ពី​អង្គការ​មួយ​នេះ។
លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍ ៖ «ខ្ញុំ​គិត​ថា យូ​អិន ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្លាំង​ណាស់ ពី​ព្រោះ​គាត់​មាន​ទុក្ខ​ទោស​ដោយ​ការ​តវ៉ា ហើយ​ខំ​ទៅ​រក​យូ​អិន ជួយ តែ​យូ​អិន បែរ​ជា​អត់​ទទួល​ស្គាល់ ដែល​ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​ក្នុង​ការ​រស់​នៅ ក៏​វិល​ត្រឡប់​ទៅ​វិញ ព្រោះ​យូ​អិន ហាក់​ដូច​ជា​មិន​ជឿ​នូវ​អ្វី​ជា​សកម្មភាព​របស់​គាត់ ដែល​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​យួន។ ឥឡូវ​វា​ជាក់ស្ដែង អ៊ីចឹង​ហើយ គឺ​មាន​តែ​យូ​អិន ទេ ដែល​ទទួល​ភារកិច្ច​ហ្នឹង ហើយ​ធ្វើ​អន្តរាគមន៍​ដើម្បី​ឲ្យ​លោក​មាន​សេរីភាព​ឡើង​វិញ»
អ្នក​ស្រី នាង ធួន បន្ត​ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៨ កន្លង​ទៅ ស្វាមី​គាត់ គឺ​លោក ចៅ ហេន ធ្លាប់​បាន​ដឹក​នាំ​ប្រជា​ពល​រដ្ឋ​​​ខ្មែរ​ក្រោម​ជាង​៦​រយ​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ដី​ស្រែ​ចម្ការ ដែល​អាជ្ញាធរ​វៀតណាម​រឹបអូស​ក្នុង​អំឡុង​ពេល ឆ្នាំ​១៩៨០។ បន្ទាប់​ពី​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៨ វេលា​ម៉ោង ៣​ជិត​ភ្លឺ លំនៅឋាន​របស់​គាត់​ត្រូវ​បាន​គេ​បោក​គ្រាប់​បែក​​ចូល​ក្នុង​ផ្ទះ ទើប​គ្រួសារ​អ្នក​ស្រី​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​អង្គការ UNHCR នៅ​ប្រទេស​ថៃ ឲ្យ​ជួយ​អន្តរាគមន៍ ក្នុង​នាម​ជា​ជន​​ភៀស​ខ្លួន តែ​ត្រូវ​អង្គការ​នេះ​មិន​ទទួល​ស្គាល់ និង​បាន​ណែនាំ​ពួក​គេ​ឲ្យ​វិល​មក​ស្រុក​កំណើត​នៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​វិញ ដោយ​អះអាង​ថា មិន​មាន​ការ​ចាប់​ខ្លួន​នោះ​ទេ។
អ្នក​ស្រី នាង ធួន បាន​ប្រាប់​ពី​មូល​ហេតុ​រត់​គេច​ខ្លួន​ដូច្នេះ ៖«UNHCR ហ្នឹង គេ​បិទ​ឈប់​ឲ្យ​តាំង​ពី​ខែ​សីហា​ឯ​ណោះ គេ​លែង​ឲ្យ។ បាន​ជា​ខ្ញុំ​វិល​ត្រឡប់​មក​ប្រទេស​ជីដូន​ជីតា​យើង​វិញ»
លោក ចៅ ហេង និង​អ្នក​ស្រី នាង ធួន មាន​ស្រុក​កំណើត​នៅ​ឃុំ​ចូវ​ឡាំង ស្រុក​ស្វាយ​ទង ខេត្ត​មាត់​ជ្រូក ដែល​វៀតណាម​ហៅ​អាង​យ៉ាង សព្វ​ថ្ងៃ ធ្លាប់​តាម​រក​ចាប់​ខ្លួន​ម្ដង​ហើយ កាល​ពី​ឆ្នាំ​២០០៨ ដោយ​ចោទ​បុរស​រូប​នេះ បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​ទាមទារ​រំដោះ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថាន​ទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចាប់​ខ្លួន​បុរស​ឈ្មោះ ចៅ ហេន ដែល​អាជ្ញាធរ​វៀតណាម​បាន​នាំ​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​សាលា​ស្រុក​ស្វាយ​ទង ក្នុង​ប្រទេស​វៀតណាម​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០ នេះ៕

Saturday, December 18, 2010

រដ្ឋាភិបាល​ពន្យារ​ពេល​បិទ​ជំរំ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា


2010-12-17
ក្រសួង​ការបរទេស​កម្ពុជា បាន​ពន្យារ​ពេល​ការ​បិទ​ជំរំ​ជន​ភៀស​ខ្លួន​ជន​ជាតិ​ភាគ​តិច​វៀតណាម ឈ្មោះ​ម៉ុងតាញ៉ា (Montagnards) នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១  ខាង​មុខ ក្រោយ​ពី​មាន​សំណើ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) កន្លង​ទៅ​ថ្មីៗ​នេះ។
គម្រោង​ដើម​របស់​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​ការបរទេស​កម្ពុជា គ្រោង​នឹង​បិទ​ជំរំ​នេះ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១១ ដោយសារ​ដល់​ពេល​វេលា​ត្រូវ​បិទ។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថៃ្ង​ទី​១៧ ខែ​ធ្នូ​ថា កម្ពុជា​នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ ចំពោះ​ជន​ណា​ដែល​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ UNHCR។ 
លោក​បន្ត​ថា ៖ «យើង​ក៏​អនុគ្រោះ សម្ដេច​តេជោ​លោក​បាន​សម្រេច​ឲ្យ​ដល់​ពាក់​កណ្ដាល​ខែ​២ ពាក់​កណ្ដាល​ខែ​កុម្ភៈ ដូច្នេះ​ឯកឧត្ដម ទ្បុង វិសាលោ នឹង​ជួប​ជាមួយ​តំណាង UNHCR នៅ​ភ្នំពេញ​នេះ ដើម្បី​ប្រាប់​គេ​ថា  យើង​ឲ្យ​ត្រឹម​តែ​ថ្ងៃ​ទី​១៥ ខែ​២ នឹង​បិទ​ទៀត វា​មិន​ត្រូវ​មាន»។ 
មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​អង្គការ UNHCR ប្រចាំ​នៅ​ក្នុង​តំបន់​អាស៊ី លោកស្រី ឃីតធី ម៉ាកឃីនហ្ស៊ី (Kitty McKinsey) បាន​មាន​ប្រសាសន៍​ថា លោកស្រី​នៅ​មិន​ទាន់​បាន​ព័ត៌មាន​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ អំពី​ការ​ពន្យារ​ពេល​បិទ​ជំរំ​នេះ។ បើ​សិន​ណា​នេះ​ជា​ព័ត៌មាន​ពិត លោកស្រី​យល់​ថា ជា​ដំណឹង​ល្អ ហើយ​លោកស្រី​នឹង​ស្វែង​រក​ការ​បញ្ជាក់​ជា​ផ្លូវការ​លើ​ព័ត៌មាន​នេះ។
លោកស្រី​បាន​បញ្ជាក់​ថា ក្រុម​ជនជាតិ​ភាគ​តិច​វៀតណាម ម៉ុងតាញ៉ា ចំនួន ៦២​នាក់ នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ក្នុង​ចំណោម​ចំនួន​សរុប ៧៥​នាក់ ត្រូវ​បាន​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា បាន​ទទួល​ស្គាល់ ដើម្បី​ទៅ​កាន់​ប្រទេស​ទី​៣ ដែល​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ប្រទេស​ទី​៣​នោះ គឺ​ប្រទេស​កាណាដា។
អ្នក​ទាំង​នេះ​បាន​រត់​គេច​ខ្លួន​មក​សុំ​សិទ្ធិ​ជ្រកកោន​ពី​អង្គការ UNHCR នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​២០០១ កន្លង​មក ដើម្បី​ទៅ​កាន់​ប្រទេស​ទី​បី ដោយ​សំអាង​ថា អាជ្ញាធរ​វៀតណាម ស្វែង​រក​ចាប់​ខ្លួន ក្រោយ​ពី​បាន​ងើប​តវ៉ា​ទាមទារ​ដី​ស្រែ​ចម្ការ និង​តវ៉ា​ទាមទារ​ជំនឿ​សាសនា​គ្រឹះ​នៅ​ក្នុង​ប្រទេស​វៀតណាម៕

Thursday, December 16, 2010

រដ្ឋាភិបាល​នឹង​បិទ​គេហទំព័រ KI នៅ​ចុង​ខែ​ធ្នូ

2010-12-16
រដ្ឋាភិបាល​កម្ពុជា គ្រោង​បិទ​គេហទំព័រ ខេ.អៃ ឬ Website ឈ្មោះ KI (Khmer Intelligence) នៅ​ចុង​ខែ​ធ្នូ​នេះ នៅ​គ្រា​ដែល​គេហទំព័រ​នេះ​បាន​ចេញ​ផ្សាយ​រូបភាព​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ប្រធាន​សភា​ជាតិ លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា និង​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ច​ការងារ​ព្រំដែន​ដោយ​បាន​ចោទ​ថា អ្នក​ទាំង​នេះ​ជា​ជន​ក្បត់​ជាតិ លក់​ទឹក​ដី​ឲ្យ​វៀតណាម។
ប្រធាន​គណៈកម្មការ​កិច្ច​ការងារ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​នេះ​ដោយ​ខ្លី​ថា ៖ «លោក​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បិទ​គេហទំព័រ​នេះ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆាប់ៗ​នេះ» 
លោក​បាន​មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ឆ្លើយ​បញ្ជាក់​បាន​នៅ​ឡើយ​ទេ អំពី​ការ​ប្ដឹង​អ្នក​គ្រប់គ្រង​គេហទំព័រ​នេះ។
គេហទំព័រ​ឈ្មោះ​ខេ.អៃ ឬ​មាន​ឈ្មោះ​ពេញ​ថា ខ្មែរ អិថេលីហ្ជិន (Khmer Intelligence) ដែល​គេ​មិន​ដឹង​ថា មាន​ទីស្នាក់ការ​នៅ​ឯ​ណា​ពិត​ប្រាកដ​នោះ គឺ​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​ចេញ​ផ្សាយ និង​វាយ​ប្រហារ​មក​លើ​លោក ហ៊ុន សែន លោក ហេង សំរិន លោក ជា ស៊ីម និង​លោក វ៉ា គឹមហុង រយៈ​ពេល ២​ថ្ងៃ​ជាប់ៗ​គ្នា តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ និង​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១០​នេះ។
គេហទំព័រ​ខេ.អៃ​នេះ គេ​កត់​សម្គាល់​ឃើញ​ថា តែងតែ​ប្រមូល​ព័ត៌មាន រូបភាព​ត្លុក​កំប្លែង​នានា និង​កំណាព្យ​រិះគន់​រដ្ឋាភិបាល​កម្ពុជា ជា​រៀងរាល់​ថ្ងៃ ដោយ​ក្រុម​មនុស្ស​អនាមិក។
មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ដីទី​របស់​គណបក្ស​ប្រឆាំង សម រង្ស៊ី លោក គីម សួរភិរិទ្ធ និង​ជា​តំណាងរាស្ត្រ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នានា​មាន​សិទ្ធិ​ដឹង​ឮ និង​ទទួល​ព័ត៌មាន ៖ «ខ្ញុំ​គិត​ថា ព័ត៌មាន​គឺ​ត្រូវ​តែ​ផ្សព្វផ្សាយ។ បើ​សិន​ជា​រដ្ឋាភិបាល​យល់​ថា ព័ត៌មាន​នេះ​ប៉ះ​ពាល់​ដល់​កិត្តិយស​ខ្លួន។ ខ្លួន​អាច​ប្រើប្រាស់​ច្បាប់​សារ​ព័ត៌មាន ប្ដឹង​ប្រឆាំង​នឹង​អ្វី​ដែល​យើង​ចាត់​ទុក​ថា ជា​ព័ត៌មាន​មិន​ពិត ទល់​នឹង​សារព័ត៌មាន​ហ្នឹង​ទៅ»
លោក​បាន​ប្រសាសន៍​ថា អ្នក​សារព័ត៌មាន​មាន​សេរីភាព​ក្នុង​ការ​គាំទ្រ​គណបក្ស​ប្រឆាំង នៅ​ពេល​ដែល​វិទ្យុ​អាស៊ី​សេរី បាន​សួរ​ថា តើ​ក្រុម​របស់​ខេ.អៃ​នេះ ជា​របស់​គណបក្ស​ប្រឆាំង ឬ​យ៉ាងណា?
ការ​វាយ​ប្រហារ និង​ចោទ​ប្រកាន់​នេះ គឺ​មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​តំណាងរាស្ត្រ​មួយ​ក្រុម ដឹក​នាំ​ដោយ​លោក សុន ឆ័យ នៃ​គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​១០៩  លេខ​១០៨ និង​លេខ​១០៣ នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ថ្មីៗ​នេះ។
កង​កម្លាំង​នគរបាល​វៀតណាម បាន​រារាំង​មិន​ឲ្យ​ក្រុម​តំណាងរាស្ត្រ​ទាំង​នោះ ចូល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​១០៣ នៅ​ក្នុង​ភូមិ​ដូនរ័ត្ន ឃុំ​រូង ស្រុក​មេមត់ ខេត្ត​កំពង់ចាម។
លោក សុន ឆ័យ បាន​អះអាង​ថា បង្គោល​ព្រំដែន​នោះ​បាន​បោះ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ប៉ុន្តែ​មន្ត្រី​ជំនាញ​កិច្ច​ការងារ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​បញ្ជាក់​ថា ទឹក​ដី​នោះ​គឺ​នៅ​ខាង​ភាគី​វៀតណាម៕

Wednesday, December 15, 2010

ខ្មែរ-ថៃ បើក​ច្រក​ព្រំដែន​ថ្មី​១ នៅ​ដើម​ឆ្នាំ​២០១១

2010-12-15
អាជ្ញាធរ ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ថៃ បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ច្រក​អន្តរ​ជាតិ​ថ្មី​មួយ​ ទៀត នៅ​ដើម​ឆ្នាំ​២០១១។

ដោយ សួន សុផល មុន្នី
ច្រក​ព្រំដែន​កម្ពុជា-ថៃ នៅ​ក្រុង​ប៉ោយប៉ែត
រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បើក​ច្រក​ទ្វារ​អន្តរ​ជាតិ​ថ្មី​មួយ​ទៀត ក្បែរ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ជាប់​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ ដើម្បី​បញ្ចៀស​ការ​ដឹក​ជញ្ជូន​ទំនិញ​ធំៗ ឆ្លង​កាត់ និង​ជួយ​កែ​សម្រួល​សោភណភាព​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ឲ្យ​ល្អ​ ប្រសើរ។
អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុង អឿន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​១៥ ខែ​ធ្នូ​ថា ភាគី​កម្ពុជា និង​ភាគី​ថៃ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី​១៤ ខែ​ធ្នូ បាន​ជួប​គ្នា​នៅ​ស្រុក​អារ៉ាញ់ ខេត្ត​ស្រះ​កែវ ប្រ​ទេស​ថៃ ដើម្បី​ពិភាក្សា​លើ​បញ្ហា​បើក​ច្រក​ទ្វារ​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា ច្រក​ទ្វារ​ស្ទឹង​បទ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ៖ «យើង​ បាន​ប្រជុំ​គ្នា​ជា​មួយ​សមាសភាព​ដែល​ពាក់ព័ន្ធ​ច្រើន​ចូល​រួម ដើម្បី​អនុវត្ត​នូវ​ការ​ព្រមព្រៀង​របស់​នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​ឯក​ឧត្ដម​នាយក​រដ្ឋ​មន្ត្រី​ថៃ ដែល​បាន​ជួប​គ្នា​តាំង​ពី​នៅ​សហ​រដ្ឋ​អាមេរិក ហើយ​ខិតខំ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បើក​ច្រក​ស្ទឹង​បទ»
លោក​អភិបាល​ខេត្ត​បាន​បន្ត​ថា ការ​ជុំ​គ្នា​នេះ រវាង​ភាគី​កម្ពុជា-ថៃ គឺ​បាន​ធ្វើ​ឡើង​ជា​លើក​ទី​៣​ហើយ នៅ​ក្រោយ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០ ភាគី​ទាំង​ពីរ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង ដែល​មាន​គម្រោង​បើក​ច្រក ទាំង​នៅ​ក្នុង​ទឹក​ដី​ថៃ និង​ទឹក​ដី​កម្ពុជា ៖ «ក្រោយ​ពី​បាន​ពិនិត្យ​ មើល យើង​បាន​ឯក​ភាព​គ្នា​ប្រគល់​ការ​ងារ​ហ្នឹង​ឲ្យ​គណៈកម្មការ​ទាំង​សងខាង រវាង​ភាគី​ថៃ-កម្ពុជា លោក ចុះ​ពិនិត្យ​ផ្នែក​បច្ចេកទេស គេ​ចាប់​ផ្តើម​ដំណើរ​ការ​ពី​ពេល​ឥឡូវ​ទៅ សិក្សា​រហូត​ដល់​ខែ​៤ ខែ​៥ ឆ្នាំ​២០១១»
ការ​បើក​ច្រក​ទ្វារ​អន្តរ​ជាតិ​ថ្មី គឺ​ត្រូវ​ធ្វើ​ឡើង​ចំ​ភូមិ​ស្ទឹង​បទ សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ភ្ជាប់​ទៅ​ស្រុក​អារ៉ាញ់ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ប្រយោជន៍​ដើម្បី​បញ្ចៀស​រថយន្ត​ដឹក​ទំនិញ​ធំៗ និង របរ​ស៊ី​ឈ្នួល​អូស​រទេះ​របស់​ពលករ​ខ្មែរ ចេញ​ពី​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ដែល​កំពុង​ដំណើរ​ការ​សព្វ​ថ្ងៃ។
លោក ហេង ចាយ ក្រុមហ៊ុន​នាគ​ក្រហម​ដឹក​ជញ្ជូន​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត បាន​ថ្លែង​ថា​ការ​បើក​ច្រក​ទ្វារ​ស្ទឹង​បទ​ថ្មី សម្រាប់​ដឹក​ទំនិញ​ឆ្លង​កាត់ និង​ការ​រក្សា​ច្រក​ទ្វារ​ទេសចរណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​ជា​រឿង​ល្អ ៖ «ការណ៍ ​ដែល​យើង​ទៅ​ទទួល​ភ្ញៀវ ភ្ញៀវ​ទេសចរណ៍​ចូល​មក មើល​ទៅ​ឃើញ​ស្រឡះ​ល្អ ដ៏​អ៊ីចឹង​មាន​ភាព​រញ៉េរញ៉ៃ​ដូច​មុន ឡាន​ទំនិញ​ទៅ​មួយ​ចំហៀង​ទៅ ភ្ញៀវ​ទេសចរណ៍​ចូល​មួយ​ចំហៀង អ៊ីចឹង​ល្អ​ហ្មង»
ក្រុម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​កត់​សម្គាល់​ថា ស្ថានភាព​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត បច្ចុប្បន្ន​មិន​មាន​សោភណភាព​ល្អ​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ទេ ដោយ​សារ​មាន​រថយន្ត​ធំៗ​ដឹក​ទំនិញ​ឆ្លង​កាត់។
លោក ដួង វិបុល មន្ត្រី​ព័ត៌មាន​ទេសចរណ៍​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ព្រមព្រៀង​គ្នា​បើក​ច្រក​ទ្វារ​អន្តរ​ជាតិ​ថ្មី​នេះ គឺ​អាច​ជួយ​លើក​មុខ​មាត់​ប្រទេស​ទាំង​ពីរ​ថែម​ទៀត ៖ «អ៊ីចឹង​វា​បង្ក​ ភាព​ងាយស្រួល​ណាស់​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ចេញ​ចូល ដោយ​អត់​មាន​ភាព​កក​ស្ទះ ឥឡូវ​នេះ​ឃើញ​មាន​ឡាន​កុងតឺន័រ​ធំៗ ស៊ីម៉ង់​ក៏​ដោយ ទំនិញ​អី​ផ្សេងៗ ក៏​ដោយ​រត់​អូស​អីវ៉ាន់​អី​តូច​តាច​ក៏​ដោយ ច្រក​ហ្នឹង​វា​តូច​អញ្ចឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​សោភណភាព​ទេសចរណ៍»
តំណាង​ក្រុមហ៊ុន​ឯក​ជន​មួយ ដែល​មាន​រថយន្ត​ដឹក​ទំនិញ​ឆ្លង​កាត់​ឆ្លង​កាត់​អន្តរ​ជាតិ​ប៉ោយប៉ែត ជា​រៀង​រាល់​ថ្ងៃ ពី​ទឹក​ដី​ថៃ​មក​កម្ពុជា និង​ដឹក​ទំនិញ​ពី​កម្ពុជា ឆ្លង​ចូល​ថៃ​បាន​ថ្លែង​ថា ផែនការ​បើក​ច្រក​ទ្វារ​ស្ទឹង​បទ​ថ្មី ជិត​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត​នេះ អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ផ្សេងៗ របស់​រថយន្ត​ក្រុមហ៊ុន​ថែម​ទៀត ៖ «ទៅ​ខាង​ណា​ក៏​បាន​ដែរ ឆ្លង​កាត់​ដូច​តែ​គ្នា អត់​មាន​បញ្ហា​អី​ផង ទៅ​ផ្លូវ​ខាង​ហ្នឹង​វា​ជិត​ដូច​តែ​គ្នា»
លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គម្រោង​ការ​បើក​ច្រក​ទ្វារ​អន្តរ​ជាតិ​ស្ទឹង​បទ​ថ្មី​នេះ ក្រុម​ការ​ងារ​បច្ចេកទេស​របស់​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ បាន​ចាប់​ផ្ដើម​ធ្វើ​ការ​សិក្សា ហើយ​និង​ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​ជា​ផ្លូវ​ការ​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១១ ខាង​មុខ​នេះ៕

Tuesday, December 14, 2010

រាជបណ្ឌិត​សភា​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ​សុរិន្ទ

វប្បធម៌​ខ្មែរ​សុរិន្ទ ដែល​មាន​នៅ​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវ​ការ​លើក​ដំបូង នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា នា​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១០។

ការ​បង្ហាញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមាគម​ភាសា និង​វប្បធម៌​ខ្មែរ​សុរិន្ទ តាម​ការ​អញ្ជើញ​របស់​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​អាស៊ី នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា នៅ​ក្នុង​សិក្ខា​សាលា​មួយ ក្រោម​ប្រធាន​បទ "វប្បធម៌​ខ្មែរ​សុរិន្ទ" ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ​កូរ៉េ​សម្រាប់​ការ​សិក្សា​ជាន់​ខ្ពស់។

ក្នុង​សិក្ខា​សាលា​ស្ដីពី "វប្បធម៌​ខ្មែរ​សុរិន្ទ" ប្រធាន​សមាគម​ភាសា និង​វប្បធម៌​ខ្មែរ​សុរិន្ទ គឺ​លោក ជ័យ មង្គល ដែល​ជា​អ្នក​ដឹក​នាំ​ប្រតិភូ​ខ្មែរ​សុរិន្ទ​មក​ចូល​រួម បាន​បង្ហាញ​អំពី​ការ​ងារ​ខិតខំ​របស់​លោក ក្នុង​ការ​ថែ​រក្សា​វប្បធម៌​ខ្មែរ​សុរិន្ទ ដែល​មាន​ដូច​ជា សិល្បៈ និង​ទំនៀម​ទម្លាប់​ខ្មែរ​បុរាណ​មួយ​ចំនួន ដែល​មាន​នៅ​ក្នុង​ខេត្ត​សុរិន្ទ ដោយ​ការ​ស្រាវជ្រាវ​សាស្ត្រា​ស្លឹករឹត និង​ការ​បង្រៀន​អក្សរ​ខ្មែរ ៖ "ឆ្នាំ ​ហ្នឹង​ខ្ញុំ​បាន​ចាប់​ផ្ដើម​បង្ហាត់​អក្សរ​ខ្មែរ​ឱ្យ​កូន​ក្មេង ប្រជា​ជន​នៅ​ក្នុង​ខេត្ត​សុរិន្ទ ព្រោះ​ខ្ញុំ​ឃើញ​ថា ពី​មុន​យើង​មាន​ភាសា ដោយ​សារ​យើង​អត់​មាន​ការ​បង្ហាត់​បង្រៀន​នៅ​ក្នុង​សាលា​រៀន ចាប់​ពី​ថ្នាក់​កុមារដ្ឋាន ដូច​ថា​បឋម​សិក្សា ដូច្នេះ​យូរ​ៗ​ទៅ​វា​បាត់"

ប្រធាន​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​អាស៊ី និង​ជា​អគ្គ​លេខាធិការ​របស់​រាជ​បណ្ឌិត​សភា​កម្ពុជា លោក ស៊ុំ ឈុំ​ប៊ុន មាន​ប្រសាសន៍​ថា សិក្ខា​សាលា​នេះ គឺ​ជា​ការ​សម្រេច​បំណង​មួយ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​វប្បធម៌​ខ្មែរ​ សុរិន្ទ ៖ "យើង​សុំ​សរសើរ​បង​ប្អូន​ខ្មែរ​សុរិន្ទ​យើង ដែល​រាប់​រយ​រាប់​ពាន់​ឆ្នាំ​ហើយៗ រហូត​មក​ដល់​ពេល​នេះ នៅ​តែ​ខិត​ខំ​រក្សា​មត៌ក លើក​ស្ទួយ​មត៌ក​វប្បធម៌​ទាំង​ខាង​ភាសា ទាំង​ខាង​ប្រពៃណី​ទំនៀម​ទម្លាប់ និង​សិល្បៈ​ជា​ដើម ឱ្យ​បាន​នៅ​គងវង់។ ការណ៍​នេះ​បំណង​របស់​យើង គឺ​យើង​ខិតខំ​ធ្វើ​ការ​ស្រាវ​ជ្រាវ​នូវ​អ្វី​ដែល​ជា​មត៌ក​នេះ យក​មក​កត់​ចម្លង ចង​ក្រង​ជា​ក្បួន ជា​ឯកសារ​តម្កល់​ទុក ដើម្បី​ឱ្យ​មាន​អត្ថិភាព​ឋិតថេរ​គងវង់​ត​ទៅ"

ក្រៅ​ពី​ការ​បង្ហាញ​អំពី​ការ​ខិតខំ​នៅ​ក្នុង​ការ​ងារ​អភិរក្ស​ភាសា វប្បធម៌ និង​ការ​ស្រាវ​ជ្រាវ​សស្ត្រា​ស្លឹករឹត លោក ជ័យ មង្គល ក៏​បាន​ដឹក​នាំ​ក្រុម​សិល្បករ​តន្ត្រី​កន្រ្ទឹម​ខ្មែរ​សុរិន្ទ មក​ប្រគំ​បង្ហាញ​នៅ​ក្នុង​សិក្ខា​សាលា​ផង​ដែរ ដោយ​លោក​មាន​ប្រសាសន៍​ថា វប្បធម៌​គឺ​ចង​ភ្ជាប់​ជា​មួយ​សិល្បៈ។

លោក ជ័យ មង្គល ថ្លែង​បញ្ជាក់​ថា ខេត្ត​សុរិន្ទ គឺ​ជា​តំបន់​ចុង​ក្រោយ​សម្រាប់​អភិរក្ស​វប្បធម៌ និង​អារ្យ​ខ្មែរ​សុរិន្ទ ហើយ​ការ​ដែល​លោក​អញ្ជើញ​មក​បង្ហាញ​អំពី​វប្បធម៌​ខ្មែរ​សុរិន្ទ​នេះ ក្រៅ​ពី​បំណង​ឱ្យ​រាជ​បណ្ឌិត​សភា​ចង​ក្រង​រក្សា​ទុក លោក​ក៏​មាន​បំណង​ចង់​ឱ្យ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ជួយ​ក្នុង​ការ​អភិរក្ស​វប្បធម៌​ខ្មែរ​សុរិន្ទ៕

Sunday, December 12, 2010

យុវជន​ថៃ៖ កសាង​សន្តិភាព​ដោយ​ពុំ​ចាំបាច់​ឆ្លង​កាត់​សង្គ្រាម

2010-12-12

សន្តិភាព​ត្រូវ​បាន​បញ្ញវន្ត​ខ្លះ​និយាយ​ថា ជា​ផ្លូវ​វែង​ឆ្ងាយ​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា។ ការ​កសាង​ឱ្យ​មាន​សន្តិភាព គឺ​ជា​ការ​លំបាក​មួយ​ទៀត ហើយ​មាន​ឧបសគ្គ​ច្រើន ព្រោះ​តែ​កត្តា​នយោបាយ វប្បធម៌ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និង​សង្គម។

ក្នុង​រយៈ​ពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១០ ដល់​១១ ខែ​ធ្នូ មាន​បញ្ញវន្ត យុវជន និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​យុវជន​ចំនួន​ជាង ៤០​នាក់​មក​ពី​វៀតណាម ថៃ និង​កម្ពុជា បាន​ជួប​គ្នា​នៅ​រាជធានី​ភ្នំពេញ ពិភាក្សា​គ្នា​រក​វិធី​រៀន​សូត្រ​មួយ ដើម្បី​ឱ្យ​យុវជន​បាន​យល់​ដឹង​អំពី​ដំណើរ​ការ​កសាង​សន្តិភាព។

នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អភិវឌ្ឍ​ធន​ធាន​យុវជន (YRDP) លោក ជាង សុខា ថ្លែង​ថា ការ​ជួប​ជុំ​គ្នា​នេះ បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ការ​ងារ​កម្ពុជា ដើម្បី​សន្តិភាព​មួយ ដែល​មាន​ចម្រុះ​អង្គការ​សមាគម​ក្នុង​សង្គម​ស៊ីវិល និង​បុគ្គល​ឯក​ជន​និយម​សន្តិភាព។ លោក ជាង សុខា មាន​ប្រសាសន៍​ថា ការ​ជួប​ជុំ​គ្នា​នេះ គឺ​ជា​ការ​ជួប​ពិភាក្សា​គ្នា និង​រៀន​សូត្រ​ពី​ទស្សនៈ​យុទ្ធ​សាស្ត្រ​របស់​បញ្ញវន្ត​ខ្មែរ-ថៃ និង​វៀតណាម ចំនួន​១៤​រូប អំពី​ដំណើរ​ការ​កសាង​សន្តិភាព​នៅ​ក្នុង​តំបន់​តាម​ទន្លេ​មេគង្គ ដោយ​ផ្អែក​លើ​វិស័យ​ចំនួន​ប្រាំ ៖ "ប្រធាន​បទ​ដែល​យើង​ជជែក​សំខាន់​នោះ ទាក់​ទង​អំពី​វិស័យ​សេដ្ឋកិច្ច នយោបាយ ប្រវត្តិសាស្ត្រ វប្បធម៌ សង្គម ហើយ​និង​សិទ្ធិ​មនុស្ស ថា​តើ​វិស័យ​ទាំង​៥ នេះ វា​មាន​ឥទ្ធិពល​ជា​វិជ្ជមាន អវិជ្ជមាន​យ៉ាង​ដូច​ម្ដេច ទៅ​លើ​ការ​ខិតខំ និង​ប្រឹង​ប្រែង ដើម្បី​ឱ្យ​មាន​សន្តិភាព​នៅ​ក្នុង​តំបន់ ហើយ​ជា​ពិសេស​ថា​តើ​វិស័យ​ទាំង​៥ ហ្នឹង វា​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ម៉េច បើ​សិន​ជា​តួ​អង្គ​យុវជន​ដើរ​តួ​នៅ​ក្នុង​ដំណើរ​ការ​កសាង​សន្តិភាព"

ក្នុង​ចំណោម​បញ្ញវន្ត ១៤​រូប គឺ​មាន​ខ្មែរ​ចំនួន ៥​រូប ថៃ ៥​រូប និង​វៀតណាម​ចំនួន​៤ បាន​មើល​ឃើញ​ថា យុវជន​ជា​តួ​អង្គ​ប្រសើរ​បំផុត ក្នុង​ការ​បណ្ដុះ​បណ្ដាល​អំពី​ការ​កសាង​សន្តិភាព​នៅ​ក្នុង​តំបន់។

ទាក់​ទង​នឹង​ដំណើរ​ការ​កសាង​សន្តិភាព​ក្នុង​វិស័យ​ប្រវត្តិសាស្ត្រ ដែល​មាន​ភាព​ខុស​ប្លែក​គ្នា​រវាង​ប្រទេស​មួយ ទៅ​ប្រទេស​មួយ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​កម្ពុជា​មួយ​រូប គឺ​លោក​ស្រី ជា វណ្ណាត មាន​ទស្សនៈ​ថា ចំណុច​ទី​មួយ គឺ​អ្នក​កសាង​សន្តិភាព ត្រូវ​តែ​ហ៊ាន​និយាយ​ការ​ពិត បើ​ទោះ​ជា​ប្រវត្តិសាស្ត្រ​មាន​លក្ខណៈ​យ៉ាង​ណា​ក៏​ដោយ។ ចំពោះ​ប្រវត្តិសាស្ត្រ​កន្លង​មក ក្រុម​បញ្ញវន្ត​របស់​លោក​ស្រី​យល់​ឃើញ​ថា មាន​និយាយ​តែ​ពី​រឿង​សង្គ្រាម​ចាញ់​ឈ្នះ ដណ្ដើម​ទឹក​ដី​គ្នា គឺ​មិន​សូវ​បាន​និយាយ​ពី​ទំនាក់​ទំនង​សហការ​គ្នា​ល្អ​រវាង​ពល​រដ្ឋ​ពី​ ប្រទេស​មួយ ទៅ​ប្រទេស​មួយ​ទៀត​ទេ។ ព្រោះ​តែ​ហេតុ​នេះ​ហើយ ទើប​នៅ​ក្នុង​ការ​រៀបចំ​ការ​អប់រំ​បណ្ដុះ​បណ្ដាល​យុវជន​អំពី​សន្តិភាព​នឹង​ និយាយ​អំពី​ការ​ទំនាក់​ទំនង​ល្អ រវាង​ពល​រដ្ឋ​ពី​ប្រទេស​មួយ ទៅ​ប្រទេស​មួយ​ទៀត ដោយ​ការ​ប្រកាន់​ខ្ជាប់​សច្ចធម៌ គឺ​មិន​កាឡៃ​ការ​ពិត​ទេ ៖ "យុវវ័យ​ហ្នឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ស្មារតី​ធំ​ទូលំ​ទូលាយ ចេះ​យល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទទួល​យក​អ្វី​ដែល​ជា​ការ​ពិត​ហ្នឹង ដោយ​ការ​យោគ​យល់​គ្នា។ ប្រវត្តិសាស្ត្រ​កើត​ឡើង​នៅ​ក្នុង​សម័យ​ណា​ក៏​ដោយ វា​មាន​មូលហេតុ​ផ្សេងៗ ដែល​ធ្វើ​ឱ្យ​ហេតុ​ការ​ហ្នឹង​កើត​ឡើង​អ៊ីចឹង។ ធ្វើ​យ៉ាង​ណា​ឱ្យ​អ្នក​ជំនាន់​ក្រោយ​ហ្នឹង ខិតខំ​ថែ​រក្សា​មិត្តភាព​ហ្នឹង​ឱ្យ​មាន​អាយុ​យូរ​លង់ ហើយ​បើ​មាន​ទំនាស់​អី​សុំ​ចៀស​វៀង​កុំ​ប្រើ​កម្លាំង​បាយ កុំ​ប្រើ​កំហឹង កុំ​ប្រើ​កម្លាំង​ទ័ព"

បញ្ញវន្ត​កម្ពុជា​មួយ​រូប​ទៀត គឺ​លោក ឱក សិរីសុភ័ក្រ ដែល​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ មាន​ប្រសាសន៍​អំពី​ការ​កសាង​សន្តិភាព និង​ប្រវត្តិសាស្ត្រ​ថា យើង​មិន​អាច​ផ្លាស់​ប្ដូរ​ប្រវត្តិសាស្ត្រ​បាន​ទេ ហើយ​យើង​ត្រូវ​រស់​នៅ​ជា​មួយ​ប្រវត្តិសាស្ត្រ​ទាំង​វិជ្ជមាន និង​អវិជ្ជមាន។ ក៏​ប៉ុន្តែ​លោក​គិត​ថា យើង​អាច​រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ ដើម្បី​រស់​នៅ​ក្នុង​សន្តិភាព​ឱ្យ​បាន​ច្រើន​បំផុត ដើម្បី​កសាង​អនាគត​ល្អ​ប្រសើរ ៖ "តើ​នរណា​អាច​ធ្វើ​កិច្ច​ការ​នេះ​បាន​ប្រសើរ​ជាង​យុវជន? ខ្ញុំ​គិត​ថា មនុស្ស​ជំនាន់​ចាស់​ត្រូវ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ពី​អតីត​កាល​ដោយ​ សុទ្ធ​ចិត្ត ហើយ​គាំទ្រ​យុវជន​ជំនាន់​ក្រោយ ឱ្យ​ធ្វើ​ការ​រួម​គ្នា ឆ្លង​ព្រំដែន​នៅ​ក្នុង​តំបន់ ដើម្បី​កសាង​សន្តិភាព។ ខ្ញុំ​គិត​ថា នៅ​ក្នុង​សម័យ​សកល​ភាវូបនីយកម្ម ខ្ញុំ​គិត​ថា​មិន​ត្រូវ​មាន​ព្រំដែន​លើ​រាង​កាយ​ទេ។ យើង​រស់​នៅ​ក្នុង​ភាព​ប្រឈម​នឹង​វប្បធម៌​ចម្រុះ ដូច្នេះ​ហើយ យុវជន​ត្រូវ​សម្លឹង​ទៅ​អនាគត មិន​មែន​​សម្លឹង​ទៅ​ប្រវត្តិសាស្ត្រ​ខាង​ក្រោយ​ទេ។ ខ្ញុំ​ជឿ​ជាក់​ថា មនុស្ស​យើង​មាន​ភាព​វៃ​ឆ្លាត​គ្រប់​គ្រាន់ ដើម្បី​សម្រប​ខ្លួន​រស់​នៅ​ជា​មួយ​គ្នា​បាន ទៅ​តាម​ការ​លូត​លាស់​សេដ្ឋកិច្ច តាម​ការ​អភិរក្ស​បរិស្ថាន ក៏​ប៉ុន្តែ​ក្នុង​ផ្លូវ​សន្តិភាព។

នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​វិញ ប្រទេស​កម្ពុជា​កំពុង​ទទួល​ការ​វិនិយោគ​ទុន​ជា​ច្រើន​មុខ​ពី​ក្រុមហ៊ុន​ បរទេស។ ការ​វិនិយោគ​របស់​វៀតណាម​ខ្លះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ជីវភាព​ពល​រដ្ឋ​កម្ពុជា​មួយ​ចំនួន និង​នាំ​ឱ្យ​គ្មាន​សន្តិ​ភាព​ក្នុង​ចិត្ត។ ទាក់ទង​នឹង​បញ្ហា​នេះ បញ្ញវន្ត​មក​ពី​វៀតណាម លោក​ស្រី តូ ធី​បៃ (To Thi Bay) ថ្លែង​ថា នេះ​ជា​បញ្ហា​សកលភាវូបនីយកម្ម។ វា​មិន​មែន​មាន​តែ​នៅ​កម្ពុជា​ទេ វៀតណាម​ក៏​មាន​បញ្ហា​ជា​មួយ​ក្រុមហ៊ុន​បរទេស​ដែរ លោក​ស្រី តូ ធី​បៃ ថ្លែង​បញ្ជាក់​ដូច្នេះ ៖ "តាម​កម្រិត​យល់​ដឹង​របស់​ខ្ញុំ សកលភាវូបនីយកម្ម បញ្ហា​ពាណិជ្ជកម្ម​មិន​មែន​រវាង​វិស័យ​រដ្ឋ និង​រដ្ឋ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ទាក់​ទង​នឹង​វិស័យ​ឯកជន​ដែរ។ តើ​នរណា​អាច​គ្រប់គ្រង​រឿង​នេះ​បាន? យើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ យើង​អ្នក​នៅ​ថ្នាក់​ក្រោម អ្វី​ដែល​យើង​អាច​ធ្វើ​បាន គឺ​យើង​គ្រាន់​តែ​អាច​រៀន​សូត្រ​ឱ្យ​បាន​យល់​ដឹង ក៏​ប៉ុន្តែ​ការ​សម្រេច​ចិត្ត​មិន​មែន​នៅ​ក្នុង​ដៃ​របស់​យើង​ទេ។ យើង​អាច​មើល​ឃើញ​ថា ការ​វិនិយោគ គឺ​មាន​ទាំង​ល្អ និង​អាក្រក់។ ដូច្នេះ យើង​ត្រូវ​រៀន​សូត្រ​ពី​ចំណុច​ល្អ និង​អាក្រក់​នោះ ហើយ​រក​ដំណោះ​ស្រាយ​កាត់​បន្ថយ​ផល​អាក្រក់​នោះ"

ចំពោះ​បញ្ហា​នយោបាយ និង​វប្បធម៌​រវាង​កម្ពុជា និង​ថៃ​វិញ ដែល​មាន​ជម្លោះ​នឹង​គ្នា​អំពី​រឿង​ព្រំដែន ត្រូវ​បាន​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​ទី​ក្រុង​បាងកក លោក ឆានវីត កា​ស៊ើត​ស៊ីរិ (Charnvit Kasertsiri) មាន​ប្រសាសន៍​ថា ដំណើរ​ការ​កសាង​សន្តិភាព គឺ​ការ​យល់​គ្នា។ ជា​រៀង​រាល់​ឆ្នាំ លោក​តែង​នាំ​សិស្ស​របស់​លោក​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​បី គឺ​ទី​១ ប្រាសាទ​ភ្នំ​រូង ក្នុង​ប្រទេស​ថៃ, ប្រាសាទ​ព្រះវិហារ​នៅ​កម្ពុជា និង​វត្ត​ភូ ប្រទេស​ឡាវ ព្រោះ​ប្រាសាទ​ទាំង​បី​នេះ​ទាក់​ទង​គ្នា។ លោក​ថ្លែង​ថា ការ​បង្ហាញ​ពី​តំបន់​ទាំង​នេះ សិស្ស​របស់​លោក​អាច​យល់​បាន​ច្រើន​ពី​​ប្រវត្តិសាស្ត្រ​លាវ និង​កម្ពុជា ៖ "ដូច្នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៃ​ប្រទេស​ទាំង​ពីរ យើង​ត្រូវ​ការ​ចេតនា​ល្អ​ពី​ប្រទេស​ទាំង​ពីរ។ ជា​ធម្មតា បញ្ហា​បែប​នេះ មិន​មែន​ចាប់​ផ្ដើម​ឡើង​ដោយ​ពល​រដ្ឋ​ធម្មតា​នៅ​ខេត្ត​ស៊ី​សា​កេត ឬ​ខេត្ត​ព្រះវិហារ​ទេ គឺ​វា​ចាប់​ផ្ដើម​ឡើង​នៅ​ទី​ក្រុង អាច​នៅ​បាងកក ឬ​ភ្នំពេញ។ ដូច្នេះ អ្វី​ដែល​យើង​ត្រូវ​ការ គឺ​ការ​អប់រំ​អ្នក​ដឹក​នាំ​យើង​ឱ្យ​មាន​ការ​គិត​គូរ​ជា​វិជ្ជមាន ហើយ​រស់​នៅ​ក្នុង​សន្តិភាព​ទាំង​អស់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មក​ជួប​ជុំ​គ្នា​នៅ​ភ្នំពេញ ហើយ​ពិភាក្សា​គ្នា​ក្នុង​ចំណោម​មិត្ត​បញ្ញវន្ត ធ្វើ​ម៉េច​ឱ្យ​មាន​កម្មវិធី​ល្អ​សម្រាប់​ការ​អប់រំ​អំពី​ដំណើរ​ការ​រៀន​ សូត្រ​សម្រាប់​យុវជន"

នាយក​ប្រតិបត្តិ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា ថ្លែង​ឱ្យ​ដឹង​ថា ក្រោយ​ជំនួប​បញ្ញវន្ត​នេះ សេចក្ដី​ព្រាង​កម្មវិធី​បណ្ដុះ​បណ្ដាល​យុវជន​អំពី​ដំណើរ​ការ​រៀន​សូត្រ​មួយ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ប្រើ​ប្រាស់​រួម​គ្នា​ក្នុង​ចំណោម​យុវជន​កម្ពុជា ថៃ និង​វៀតណាម ដើម្បី​កសាង​សន្តិភាព​នៅ​ក្នុង​ប្រទេស​ទាំង​បី​នេះ៕

៨៤%​ពលរដ្ឋ​ខ្មែរ​សូក​ប៉ាន់​ដល់​មន្ត្រី

2010-12-11
អង្គការ​តម្លា​ភាព​អន្តរ​ជាតិ Transparency International ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ពេល​ថ្មីៗ បាន​បញ្ចេញ​របាយ​ការណ៍​របស់​ខ្លួន ដែល​មាន​ចំណង​ជើង​ថា ការ​ស្ទង់​អំពើ​ពុក​រលួយ​ពិភព​លោក ឆ្នាំ​២០១០ រក​ឃើញ​ថា ពល​រដ្ឋ​កម្ពុជា ៨៤% បាន​ចំណាយ​ញឹក​ញាប់​បំផុត​ដល់​ការ​សូក​ប៉ាន់​ផ្សេងៗ ទៅ​បុគ្គលិក​របស់​រដ្ឋ។
អំពើ​នេះ​គេ​សង្កេត​ឃើញ​កើត​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ ពី​ក្រុម​មន្ត្រី​ថ្នាក់​ខ្ពស់ រហូត​ដល់​ក្រុម​មន្ត្រី​ថ្នាក់​ទាប។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​លោក ឱម យិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ កាល​ពី​ថ្ងៃ​សៅរ៍។
ប៉ុន្តែ​កាសែត​ក្នុង​ស្រុក The Phnom Penh Post បាន​ដក​ស្រង់​សំដី​របស់​លោក ឱម យិន​ទៀង ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា កម្ពុជា​កំពុង​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​បំបាត់​អំពើ​ពុក​រលួយ​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក ឱម យិន​ទៀង ថ្លែង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក ចាប់​ផ្តើម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ពី​ថ្នាក់​ទាប​បំផុត ទៅ​ថ្នាក់​ខ្ពស់​បំផុត និង​ពី​ក្រុម​តូច ទៅ​ក្រុម​ធំ។
ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា រដ្ឋាភិបាល​នឹង​មិន​មាន​ជោគ​ជ័យ​ទេ ប្រសិន​បើ​ធ្វើ​ការ​បោស​សំអាត​អំពើ​ពុក​រលួយ​ពី​ថ្នាក់​ក្រោម​ជា​មុន​នោះ។
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ជាង​១​សែន​នាក់ ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​មករា​ខាង​មុខ​នេះ។ ក្រុម​អ្នក​វិភាគ​និយាយ​ថា ដំណើរ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា អាច​គ្មាន​ប្រសិទ្ធភាព ដោយ​សារ​ក្រុម​មន្ត្រី​នៃ​ស្ថាប័ន​នេះ ជា​មនុស្ស​របស់​រដ្ឋាភិបាល។
មន្ត្រី​ផ្នែក​កិច្ច​ការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​ពិភព​លោក Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស លោក George Boden មាន​ប្រសាសន៍​ថា អំពើ​ពុក​រលួយ​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់ ក្នុង​ទ្រង់ទ្រាយ​ធំ ដូច​ជា​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ធនធាន​រ៉ែ និង​សម្បទាន​ដី​សេដ្ឋកិច្ច​ជា​ដើម ៖ «យើង​នៅ​មិន​ជឿ​អំពី​ការ​ខិត​ខំ​របស់​រដ្ឋាភិបាល ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឡើយ​ទេ ល្គឹកណា​យើង​នៅ​មិន​ទាន់​ឃើញ​មាន​តម្លាភាព​ជា​មូលដ្ឋាន​នូវ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ អំពី​ការ​ផ្ដល់​សម្បទាន​រ៉ែ និង​ដី ហើយ​ថា​តើ​នរណា ឬ​ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ គេ​ផ្ដល់​សម្បទាន​ទៅ​ឲ្យ? តើ​លុយ​ពី​ធ្វើ​សម្បទាន​នោះ​ចូល​ទៅ​ក្នុង​ស្ថាប័ន​ណា ហើយ​នរណា​ជា​អ្នក​ទទួល​លុយ​នោះ? ដូច្នេះ​ទាល់​តែ​យើង​ដឹង​អំពី​បញ្ហា​តម្លាភាព​ទាំង​អស់​នេះ​សិន ទើប​យើង​អាច​ជឿ​ថា រដ្ឋាភិបាល​បាន​បំបាត់​អំពើ​ពុក​រលួយ​ដល់​កម្រិត​ណា​នោះ ហើយ​ពល​រដ្ឋ​ខ្មែរ​ទូទៅ​ក៏​អាច​ដឹង​ផង​ដែរ​ថា​តើ​លុយ​បាន​ពី​ការ​ធ្វើ​សម្បទាន​ចូល​គណនេយ្យ​ណា​មួយ បើ​មិន​ដូច្នោះ​ទេ​អំពើ​ពុក​រលួយ​វា​នៅ​តែ​មាន​ដដែល។»
លោក​បន្ត​ថា អំពើ​ពុក​រលួយ​គឺ​ជា​ការ​ជះ​ឥទ្ធិពល​ដល់​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា និង​បំផ្លាញ​ដល់​ភាព​រីក​លូត​លាស់​របស់​ប្រទេស ប្រសិន​បើ​កម្ពុជា​មិន​បំបាត់​អំពើ​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព។ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បាន​ចោទ​ប្រកាន់​ដល់​ការ​រិះគន់​របស់​អន្តរ​ជាតិ​ថា គ្រាន់​ជា​ការ​វាយ​ប្រហារ​ប៉ុណ្ណោះ៕

Saturday, December 11, 2010

អ្នក​ឃ្លាំមើល​អន្តរជាតិ​រិះគន់​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា


2010-12-11
ក្នុង​ឱកាស​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ក្រុម​សង្គម​ស៊ីវិល​នៅ​ឯ​នាយ​សមុទ្រ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា កំពុង​ដើរ​ថយ​ក្រោយ​ក្នុង​រយៈ​ពេល ១៧​ឆ្នាំ​មក​នេះ។ ក្រុម​នេះ​និយាយ​ថា ដោយសារ​កម្ពុជា កំពុង​កែ​ប្រែ​រូបភាព​ពី​ការ​បំភិតបំភ័យ​ដល់​អាយុ​ជីវិត​នៃ​សកម្មជន​សិទ្ធិ​មនុស្ស ឬ​សកម្មជន​គណបក្ស​នយោបាយ ទៅ​ជា​ការ​ប្រើ​យន្តការ​តុលាការ ដាក់​ទោស​ពី​បទ​បរិហារ​កេរ្តិ៍ ឬ​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។
នាយក​ផ្នែក​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch លោក ប្រែដ អាដាម (Brad Adam) បាន​ថ្លែង​ថា រយៈ​ពេល​ជិត ២០​ឆ្នាំ​ហើយ​ដែល​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ទទួល​យក​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​ការ​បោះ​ឆ្នោត​ជាតិ​ក្រោម​ការ​រៀបចំ​របស់​អង្គការ​សហប្រជាជាតិ តែ​ផ្ទុយ​ទៅ​វិញ ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តែ​កើត​មាន​ស្ទើរ​គ្រប់​រូបភាព។
លោក ប្រែដ អាដាម មាន​ប្រសាសន៍​បន្ថែម ៖ "រដ្ឋាភិបាល​កំពុង​ធ្វើ​ឲ្យ​កម្ពុជា ជា​រដ្ឋ​ដែល​មាន​ការ​ដឹក​នាំ​ដោយ​គណបក្ស​តែមួយ ហើយ​ការ​គំរាមកំហែង ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​អ្នក​រិះគន់ ការ​កាត់​ទោស​មេដឹកនាំ​គណបក្ស​ប្រឆាំង ឬ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល ឲ្យ​ជាប់​ពន្ធនាគារ​នៅ​តែ​បន្ត រួម​នឹង​ការ​អនុម័ត​ច្បាប់​ព្រហ្មទណ្ឌ​ដែល​ធ្វើ​ឲ្យ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទៅ​ជា​ទោស​ឧក្រិដ្ឋ​ជាដើម។ បញ្ហា​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​ការ​អាក់អន់ចិត្ត​យ៉ាង​ខ្លាំង"
ប៉ុន្តែ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​មោទនភាព​ថា កម្ពុជា​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ហើយ​ជា​ពិសេស​ទៅ​ទៀត កម្ពុជា​បាន​អនុម័ត​ច្បាប់​ជា​ច្រើន ដូចជា​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ជាដើម។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​រិះគន់​របស់​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​នោះ គឺ​ជា​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត​ដល់​ពលរដ្ឋ​កម្ពុជា។ លោក​បន្ត​ថា កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​អំពើ​ពុករលួយ ខណៈ​កម្ពុជា បាន​ចាត់​វិធានការ​លើ​ព្រះរាជ​អាជ្ញា​ខេត្ត​ពោធិ៍សាត់ ពី​បទ​ពុករលួយ​ជាដើម។
លោក ផៃ ស៊ីផាន បន្ត​ថា ទស្សនវិស័យ​របស់​កម្ពុជា ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស គឺ​ធ្វើ​យ៉ាង​ណា​ពង្រឹង​ស្ថាប័ន​យុត្តិធម៌ និង​ពង្រឹង​វិស័យ​សិទ្ធិ​មនុស្ស តាម​រយៈ​ការ​ចូល​រួម ដែល​មិន​មែន​ជា​ការ​ទាមទារ ឬ​ការ​រិះគន់​ដល់​រដ្ឋាភិបាល​នោះ​ឡើយ។
នាយក​ផ្នែក​គោលនយោបាយ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អាស៊ី ប្រចាំ​ក្នុង​ទីក្រុង​ហុងកុង លោក បាស៊ីល ហ្វឺណានដូ (Basil Fernando) មាន​ប្រសាសន៍​ថា ពាក្យ​ថា ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​ជា​ការ​បញ្ចេញ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​មនុស្ស។ ដូច្នេះ​សិទ្ធិ​ក្នុង​ការ​ទាមទារ​ជា​និយមន័យ​នៃ​ការ​ចូលរួម។
លោក បាស៊ីល ហ្វឺណាន់ដូ មាន​ប្រសាសន៍​បន្ថែម ៖ "ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ ទាល់តែ​ប្រជាពលរដ្ឋ​អាច​ទាមទារ ឬ​អាច​រិះគន់​សម្រាប់​ការ​ស្ថាបនា​ផ្សេងៗ។ ឧទាហរណ៍​ពួកគេ​អាច​រិះគន់​ថា ផ្លូវ​ថ្នល់ មន្ទីរពេទ្យ ចៅក្រម ឬ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ គួរ​ធ្វើ​ឲ្យ​ប្រសើរ​តាម​របៀប​នេះ ឬ​របៀប​នោះ ហើយ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​និយាយ​ដល់​បញ្ហា​ទាំង​អស់​នេះ​បាន ពួកគេ​មិន​អាច​ចូលរួម​បាន​ទេ មាន​ន័យ​ថា ពួកគេ​ដូច​ជា​ទាសករ​អ៊ីចឹង។ ទាសករ​ក៏​ជា​មនុស្ស​ដែល​ចូល​រួម​ធ្វើ​កិច្ចការ​លំបាក​ទាំង​អស់​នោះ​ដែរ ប៉ុន្តែ​មិន​មែន​ជា​អ្វី​សង្គម​សេរី ឬ​ពលរដ្ឋ​ទូទៅ​ចង់​បាន​នោះ​ឡើយ"
ក្រុម​អ្នក​ឃ្លាំមើល​នយោបាយ​របស់​ប្រទេស​កម្ពុជា ថ្លែង​ថា ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ កើត​មាន​តាម​រយៈ​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុម​មន្ត្រី​មាន​អំណាច និង​ពី​គោលនយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច ឬ​សម្បទាន​រ៉ែ ការ​ឃុំ​ខ្លួន​បុគ្គលិក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ការ​ផ្ដន្ទាទោស​អ្នក​សារ​ព័ត៌មាន មេដឹកនាំ​គណបក្ស​ជំទាស់ ឬ​ការ​គំរាម​ដល់​សិទ្ធិ​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ជាដើម។ 
នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សកលវិទ្យាល័យ​បាត់ដំបង ក្នុង​ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា លោក​នឹង​ទូល​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ ដើម្បី​ស្នើ​សុំ​បញ្ចប់​តំណែង​ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រសិន​បើ​សម្ដេច​ក្រុមព្រះ​យាង​ព្រះ​កាយ​​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ។
នាយក​ផ្នែក​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch លោក ប្រែដ អាដាម បាន​ថ្លែង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការងារ​អត្តនោម័តិ ៖ "តាម​ពិត​ទៅ​លោក ហ៊ុន សែន ប្រហែល​ជា​គាត់​គិត​ថា គាត់​ម្ចាស់​របស់​ប្រទេស​កម្ពុជា នេះ​ហើយ​ដែល​វា​ជា​បញ្ហា។ គាត់​គិត​ថា គាត់​ម្ចាស់​របស់​កម្ពុជា ដែល​អាច​ធ្វើ​អ្វី ឬ​សម្រេច​អ្វីៗ តាម​តែ​ចិត្ត​របស់​គាត់ ហើយ​នេះ​មិន​មែន​ជា​ឆន្ទៈ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស ឬ​ការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នោះ​ឡើយ"
ជុំវិញ​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ដែល​ត្រូវ​បាន​ប្រកាស​ជា​សកល​ដោយ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​១៩៤៨ គឺ​តម្រូវ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ទាំង​ឡាយ​មាន​កាតព្វកិច្ច​គោរព និង​អនុវត្ត​សិទ្ធិ​សេរីភាព​ទាំង​ឡាយ ដូចជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ សិទ្ធិ​ក្នុង​ការ​ចូល​រួម​ឆាក​នយោបាយ សិទ្ធិ​ទទួល​បាន​លំនៅឋាន​សមរម្យ សិទ្ធិ​សង្គមកិច្ច និង​សេដ្ឋកិច្ច រួម​នឹង​សិទ្ធិ​សំខាន់ៗ​ជា​ច្រើន​ទៀត។
ចំណែក​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​ឃ្លាំ​មើល​ដំណើរការ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ថ្លែង​តាម​ទូរស័ព្ទ​ពី​ប្រទេស​អង់គ្លេស​មក​ថា ការ​គោរព​សិទ្ធិ​មនុស្ស​ធ្វើ​ទៅ​កើត​ទេ ប្រសិន​បើ​គ្មាន​នីតិរដ្ឋ​ពិត​បា្រដក។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​តុលាការ​កម្ពុជា ឯករាជ្យ ចាំបាច់​ត្រូវ​បង្កើត​ឲ្យ​មាន​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​ចែង​ពី​លក្ខណៈ​សម្បត្តិ ឬ​ឯករាជភាព​នៃ​តួនាទី​របស់​ចៅក្រម រួម​នឹង​ការ​ធានា​ថា ព្រះរាជអាជ្ញា និង​ចៅក្រម​ទាំង​នោះ មិន​មែន​ជា​សមាជិក​របស់​គណបក្ស​កាន់​អំណាច​នោះ។ 
ចំណែក​លោក ចច បូឌិន (George Borden) មន្ត្រី​ផ្នែក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​ពិភពលោក Global Witness ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស មាន​ប្រសាសន៍​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា រហូត​មក​ទល់​បច្ចុប្បន្ន​នេះ គឺ​ពាក់ព័ន្ធ​ច្រើន​នឹង​អំពើ​ពុករលួយ។ 
លោក​បន្ត​ថា អង្គការ Global Witness បាន​រក​ឃើញ​ថា កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិ​ខ្លាំង​ទាក់ទិន​នឹង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​យ៉ាង​បង្ខំ ដោយសារ​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច និង​សម្បទាន​រ៉ែ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន៕

Thursday, December 9, 2010

យុវជន​ខ្មែរ​រៀន​ជំនាញ​បច្ចេកទេស​នៅ​មាន​កម្រិត​ទាប

2010-12-09
នៅ​ប្រទេស​កម្ពុជា គេ​មិន​សូវ​ឃើញ​មាន​យុវជន​ខ្មែរ​ចូល​ចិត្ត​រៀន​មុខ​ជំនាញ​បច្ចេកទេស​នោះ​ទេ។ របាយការណ៍​របស់​ក្រសួង​ផែនការ​នៅ​ឆ្នាំ​២០១០ បាន​បង្ហាញ​ថា អ្នក​រៀន​ជំនាញ​បច្ចេកទេស​ថ្នាក់​ខ្ពស់​ជាង​កម្រិត​បរិញ្ញា​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​អ្នក​រៀន​ជំនាញ​បច្ចេកទេស​នៅ​កម្ពុជា មាន​ការ​កើន​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ កន្លង​មក។
RFA/Mom Sophon
យុវជន​កំពុង​រៀន​ជួស​ជុល​ម៉ូតូ​នៅ​វិទ្យាស្ថាន​បង្រៀន​ជួស​ជុល​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៤ ខែ​សីហា ២០០៩។
អ្នក​ជំនាញ​ផ្នែក​វិស័យ​អប់រំ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា នឹង​ជួប​បញ្ហា​នៅ​ពេល​ខាង​មុខ បើ​សិន​ជា​មិន​មាន​ការ​កែ​ទម្រង់​ទៅ​លើ​វិស័យ​អប់រំ ក្រោយ​ពី​ការ​ក្រឡេក​ឃើញ​ថា យុវជន​ខ្មែរ​នៅ​តែ​មាន​ចំនួន​តិចតួច​នៅ​ឡើយ ដែល​បាន​រៀន​សូត្រ​នូវ​មុខ​ជំនាញ​បច្ចេកទេស។ 
សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​ខេមរៈ លោក​បណ្ឌិត សុខ ទូច សម្ដែង​ការ​បារម្ភ​អំពី​ការ​ខ្វះខាត​នៃ​អ្នក​រៀន​មុខ​ជំនាញ​បច្ចេកទេស​ទៅ​ថ្ងៃ​មុខ​ដូច្នេះ ៖ «ដូច្នេះ ២០១៥ និង ២០២០ រយៈពេល​ដ៏​វែង​ទៅ​មុខ​ទៀត បើ​យើង​ហ្នឹង​មិន​ត្រៀម​ខ្លួន​ជា​មុន​នោះ​ទេ... យើង​ដឹង​ហើយ​ថា យើង​សមាហរណកម្ម​ចូល​ទៅ​តំបន់​អាស៊ាន ហើយ​យើង​ដឹង​ហើយ​ថា វិស័យ​អប់រំ​យើង​នៅ​កម្រិត​ណា? យើង​ត្រូវ​ធ្វើ​ទាំង​អស់​គ្នា ហើយ​យុវជន​យើង​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច បើ​សិន​ជា​យើង​មិន​ត្រៀម​ខ្លួន​ទេ យើង​នឹង​ជួប​បញ្ហា»
របាយការណ៍​របស់​ក្រសួង​ផែនការ ស្ដី​អំពី​និន្នាការ​ពលកម្ម និង​សង្គម​កម្ពុជា នៅ​ឆ្នាំ​២០១០ បាន​បង្ហាញ​ថា អ្នក​រៀន​ជំនាញ​បច្ចេកទេស​នៅ​កម្ពុជា សរុប​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ ដែល​មាន​ចំនួន​ជិត ៩​ម៉ឺន​នាក់ មាន​ការ​កើន​ឡើង​មក​ដល់ ១១​ម៉ឺន​នាក់ នៅ​ក្នុង​ឆ្នាំ​២០០៨ កន្លង​ទៅ។ ក្នុង​នោះ​ជាង​ពាក់​កណ្ដាល​បាន​រៀន​សូត្រ​ជំនាញ​បច្ចេកទេស​វគ្គ​បឋម​រយៈពេល​ខ្លី គឺ​ចំនួន​ជាង ៥៩,១% នៅ​តាម​វិទ្យាស្ថាន​សាធារណៈ និង ៣៥,៣% ទៀត ដែល​បាន​រៀន​ជំនាញ​បច្ចេកទេស​បឋម​នៅ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​នានា។ 
ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ទៀត​ថា អ្នក​រៀន​ជំនាញ​ផ្នែក​បច្ចេកទេស​ចាប់​ពី​កម្រិត​មធ្យម​រហូត​ដល់​កម្រិត​ថ្នាក់​បណ្ឌិត​មាន​ចំនួន​កាន់តែ​តិច​ទៅៗ គឺ​អ្នក​ដែល​បញ្ចប់​ការ​សិក្សា​ដែល​ទទួល​សញ្ញាបត្រ​ផ្នែក​បច្ចេកទេស​មាន​ត្រឹមតែ ២,៨% ប៉ុណ្ណោះ ហើយ​អ្នក​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ផ្នែក​បច្ចេកទេស​លើស​កម្រិត​បរិញ្ញា​មាន​ត្រឹមតែ ១,២% ប៉ុណ្ណោះ នៃ​ចំនួន​អ្នក​រៀន​ផ្នែក​បច្ចេកទេស​ជាង ១១​ម៉ឺន​នាក់។
យុវជន លី ពិជ័យ ប្រធាន​ក្រុម​ការងារ​នៃ​យុវជន​ឈាន​មុខ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ក្រុម​យុវជន​ជា​ច្រើន​នាក់​កំពុង​ពេញ​និយម​លើ​ការ​សិក្សា​សេដ្ឋកិច្ច ទីផ្សារ គ្រប់គ្រង គណនេយ្យ ព័ត៌មាន​វិទ្យា ធនាគារ ហិរញ្ញវត្ថុ ច្បាប់ និង​ផ្នែក​ភាសា​អង់គ្លេស។ យុវជន​ភាគ​តិច​បំផុត​ដែល​បាន​ចូល​រៀន​ផ្នែក​កសិកម្ម វិស្វកម្ម ផ្នែក​វិទ្យាសាស្ត្រ ផ្នែក​រ៉ែ និង​ផ្នែក​ដទៃ​ទៀត។ 
ពិជ័យ បាន​បញ្ជាក់​ថា ការ​រៀន​សូត្រ​នូវ​មុខ​ជំនាញ​មួយ​ចំនួន ដូចជា​គណនេយ្យ​ជាដើម​នោះ ដោយសារ​តែ​ការ​រំពឹង​ទុក​ក្នុង​ការ​រក​ការងារ​ធ្វើ​នៅ​ពេល​ដែល​គេ​បញ្ចប់​ពី​ការ​សិក្សា ៖ «ពីព្រោះ​គេ​គិត​ថា ទីផ្សារ​ការងារ​វា​ធំ វា​អាច​ស្រួល​រក​ការងារ​នៅ​ពេល​គេ​ចប់​ទៅ ប៉ុន្តែ​នៅ​ពេល​ដែល​រៀន​ចប់​បាន​ដឹង​ថា ទីផ្សារ​ចង្អៀត ហើយ​គេ​ក៏​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការងារ​ខុស​ជំនាញ​ក៏​មាន​ដែរ» 
លោក សុខ និមល ដែល​ធ្លាប់​រៀន​នូវ​មុខ​ជំនាញ​ផ្នែក​គីមីវិទ្យា ប៉ុន្តែ​នៅ​ពេល​ដែល​ចេញ​ធ្វើ​ការងារ លោក​បាន​ធ្វើ​ការងារ​ផ្នែក​អប់រំ​នៃ​អង្គការ​យូណេស្កូ។ លោក​បាន​ពិពណ៌នា​ថា យុវសិស្ស​មិន​សូវ​បាន​ទទួល​ព័ត៌មាន​អំពី​ទីផ្សារ​ការងារ និង​អំពី​ការ​សិក្សា​ប៉ុន្មាន​ទេ។
លោក សុខ និមល បន្ត​ថា ៖ «សម្រាប់​ប្រទេស​កម្ពុជា មាន​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះ មាន​ច្រើន ហើយ​សម្រាប់​ខាង​វិស័យ​សង្គម​មាន​អ្នក​ចូល​រួម​រៀន​ច្រើន ប៉ុន្តែ​ខាង​វិទ្យាសាស្ត្រ ដូចជា​ខាង​គីមី ខាង​ពេទ្យ​ខាង​អី​ហ្នឹង យើង​ត្រូវ​ការ​ច្រើន ប៉ុន្តែ​អត់​សូវ​មាន​អ្នក​ចូល​រៀន។ អា​ហ្នឹង​យើង​មិន​ត្រូវ​បន្ទោស​ខាង​ណា​ទេ សំខាន់​បំផុត​កូន​សិស្ស​ត្រូវ​ឲ្យ​គេ​ទទួល​បាន​ព័ត៌មាន​ច្រើន​អំពី​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចូល​រៀន​វិជ្ជា​នីមួយៗ» 
នៅ​គ្រា​ដែល​មាន​និស្សិត​តិចតួច​បំផុត ដែល​បាន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ផ្នែក​ជំនាញ​បច្ចេកទេស លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​បង្ហើប​ថា ក្រុម​អ្នក​វិនិយោគ​ជា​ច្រើន​ដែល​ចង់​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា ត្រូវ​ជួប​ប្រទះ​នូវ​បញ្ហា​ខ្វះ​កម្មករ​ជំនាញ។ 
លោក​បន្ទោស​ថា មិន​មែន​និស្សិត​មិន​ចង់​រៀន​ផ្នែក​ជំនាញ​បច្ចេកទេស​នោះ​ទេ ប៉ុន្តែ​ក្រុម​និស្សិត​ជា​ច្រើន​បាន​រៀន​ហើយ​មិន​មាន​ការងារ​ធ្វើ​ឡើយ​កាល​ពី​ពេល​កន្លង​មក នៅ​ពេល​ដែល​គេ​បញ្ចប់​ការ​សិក្សា ដែល​ជា​ហេតុ​នាំ​ឲ្យ​និស្សិត​ផ្ដោត​ការ​រៀន​សូត្រ​នូវ​មុខ​ជំនាញ​ដែល​គេ​គិត​ថា នឹង​អាច​រក​ការងារ​បាន​ធ្វើ​ប៉ុណ្ណោះ។
លោក​បណ្ឌិត សុខ ទូច សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ រិះគន់​ថា ការ​ខ្វះខាត​នូវ​ការ​រៀបចំ​ផែនការ​តម្រង់​ទិស​សម្រាប់​និស្សិត និង​ការ​ធានា​នូវ​សុវត្ថិភាព​ការងារ​ដល់​និស្សិត ដែល​ជា​ហេតុ​នាំ​ឲ្យ​កម្ពុជា ខ្វះ​អ្នក​រៀន​ផ្នែក​បច្ចេកទេស។
លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​បន្ត ៖ «អា​ហ្នឹង​ក្រសួង​ផែនការ​ជា​អ្នក​រៀបចំ ថា​តើ​មួយ​ឆ្នាំៗ​យើង​ត្រូវ​ការ​ខាង​អី ហើយ​ដឹង​ថា ផ្នែក​កសិកម្ម​យើង​ត្រូវការ​ប៉ុណ្ណេះ ខាង​ទេសចរណ៍​ត្រូវ​ការ​ប៉ុណ្ណេះ ខាង​គ្រូ​បង្រៀន​ត្រូវការ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​សិស្ស​ហ្នឹង​យល់​ថា ពេល​ដែល​គេ​ចប់​ទៅ គេ​ត្រូវ​ធ្វើ​អី» 
ស្ថិតិ​របស់​ក្រសួង​អប់រំ​ដដែល​បាន​និយាយ​ថា វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​ពេល​បច្ចុប្បន្ន​មាន​ចំនួន ៣៩​គ្រឹះស្ថាន ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​ក្រសួង​ការងារ ក្នុង​នោះ ១១​គ្រឹះស្ថាន​បាន​បណ្ដុះបណ្ដាល​កម្រិត​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​បច្ចេកទេស។ 
នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ កម្ពុជា​គ្រោង​ថា នឹង​ចូល​ខ្លួន​ទៅ​ក្នុង​សមាហរណកម្ម​អាស៊ាន​ហើយ។ ភាព​ទូលំទូលាយ ទាំង​ផ្នែក​ធនធាន​មនុស្ស និង​ការងារ នឹង​ត្រូវ​ជួប​នូវ​ការ​ប្រកួតប្រជែង​ខ្លាំង​មួយ​កម្រិត​ទៀត​ហើយ។
អ្នក​ជំនាញ​ផ្នែក​អប់រំ​ដដែល បាន​សម្ដែង​ការ​បារម្ភ​ថា យុវជន​កម្ពុជា នឹង​ជួប​នូវ​វិបត្តិ​អត់​ការងារ​កាន់​តែ​ច្រើន​នៅ​ពេល​នោះ បើ​សិន​ជា​គ្មាន​ការ​រៀបចំ​គិត​ទុក​ជា​មុន​ទេ ដោយសារ​តែ​ធនធាន​មនុស្ស​នៃ​បណ្ដា​ប្រទេស​ជិត​ខាង​នៅ​តំបន់​អាស៊ាន ខ្ពស់​ជាង​កម្ពុជា​ស្រាប់ នឹង​វាយ​សម្រុក​ចូល​មក​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​នេះ៕

Wednesday, December 8, 2010

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ព្យួរ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​កំពង់ចាម

2010-12-08
បញ្ហា​បោះ​បង្គោល​ព្រំដែន​ខ្មែរ-វៀតណាម នៅ​តែ​មាន​បញ្ហា​ចោទ ដែល​ខាង​ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​ថា ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ គឺ​បាន​ប៉ះ​ពាល់​លើ​ដី​ស្រែ​របស់​ពួក​គាត់។
រូបថត​ផ្ដល់​ដោយ​ក្រុម​អ្នក​បច្ចេកទេស​ខណ្ឌ​សីមា​បង្គោល​ព្រំដែន​គោក​កម្ពុជា​ទី​៤
បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។
តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា គេ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជួន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៨ ធ្នូ ដើម្បី​សុំ​ឲ្យ​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន​ឡើង​វិញ និង​ព្យួរ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-វៀតណាម នៅ​ស្រុក​មេមត់ ខែត្រ​កំពង់ចាម។
លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​លើក​ហេតុ​ផល​ថា ការ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជា​បណ្ដោះ​អាសន្ន​នេះ ដោយ​សារ​តែ​បង្គោល​លេខ​១០៩ ដែល​ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​កណ្ដាល ឃុំ​ដា ស្រុក​មេមត់​នោះ បាន​ប៉ះ​ពាល់​លើ​ដី​ចម្ការ​របស់​ប្រជា​ពល​រដ្ឋ ៖ "ប្រសិន​ជា​រដ្ឋាភិបាល​គាត់​មិន​ទទួល​យក​សំណើ​នូវ​អ្វី​ដែល​យើង​បាន​លើក​ទៅ គាត់​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ហើយ​យើង​នឹង​បន្ត​ធ្វើ​ការ​ងារ​ទាក់​ទិន​នឹង​បញ្ហា​ព្រំដែន​បន្ត​ទៀត ហើយ​បើ​រក​ឃើញ​ចំណុច​ផ្សេងៗ យើង​នឹង​លើក​ដាក់​ទៅ​រដ្ឋាភិបាល​បន្ថែម​ទៀត"
លិខិត​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ផ្ញើ​ជួន​រដ្ឋាភិបាល​នោះ បាន​សរសេរ​ថា កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ ប្រតិភូ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ទៅ​ពិនិត្យ​មើល​ដល់​ភូមិសាស្ត្រ​ខាង​លើ ដែល​ជា​ទីតាំង​បង្គោល​លេខ​១០៩ គឺ​ស្ថិត​នៅ​ក្នុង​ចម្ការ​ចន្ទី​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​ទី​នោះ។ រី​ឯ​បង្គោល​ព្រំដែន​លេខ​១០៨ អាជ្ញាធរ​ខ្មែរ​អះអាង​ថា បាន​បោះ​ចូល​ក្នុង​ចម្ការ​អំពៅ​វៀតណាម ក្នុង​លិខិត​ដដែល​បាន​បញ្ជាក់​ថា ចំណុច​បង្គោល​លេខ​១០៨ ដែល​បច្ចុប្បន្ន​ជា​ចម្ការ​អំពៅ​វៀតណាម ដី​នេះ​ក៏​ជា​ដី​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឈ្មោះ តា យ៉ែម ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ វៀតណាម​បាន​រំលោភ​យក​ដី​នោះ។
ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹម​ហុង បាន​មាន​ប្រតិកម្ម​ថា ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​មិន​មាន​សិទ្ធិ​សុំ​ឲ្យ​រដ្ឋាភិបាល​ពន្យារ​ពេល​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នេះ​ទេ។ លោក​បញ្ជាក់​ថា គណៈកម្មាធិការ​ព្រំដែន​មាន​តែ​ពន្លឿន​នៅ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​បន្ថែម​នេះ​ទៀត ៖ "អា​ហ្នឹង​វា​ទ្វេ​ភាគី គេ​ទទួល​យក​ឯកភាព​គ្នា គេ​ឲ្យ​បញ្ជី​ឈ្មោះ​ទៅ​វិញ​ទៅ​មក គេ​ធ្វើ​ជា​មួយ​គ្នា​ស្មើភាព​គ្នា យើង​មាន​ឯកសារ​អី​មក​វិនិច្ឆ័យ​លើ​កិច្ច​ការ​របស់​រដ្ឋាភិបាល"
ការ​បោះ​បង្គោល​ព្រំដែន​ខ្មែរ-វៀតណាម បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​២០០៦ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១២ ខាង​មុខ ដែល​បច្ចុប្បន្ន​នេះ គេ​បោះ​បាន​ចំនួន ២​ភាគ​៣​ហើយ គឺ​២០៩​បង្គោល នៃ​បង្គោល​សរុប​ចំនួន​៣៧៥។
លិខិត​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​សរសេរ​ទៀត​ថា ដើម្បី​ចៀស​វាង​ការ​បាត់​បង់​ទឹក​ដី ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា សូម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ នូវ​ការ​បោះ​បង្គោល​នេះ និង​ព្យួរ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-វៀតណាម​ជា​អន្លើ​សិន រង់ចាំ​ការ​ពិនិត្យ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តម្លាភាព​ទាំង​សង​ខាង ហើយ​ការ​បោះ​បង្គោល​បន្ត​សុំ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អន្តរ​ជាតិ។
ព្រំដែន​ខ្មែរ-វៀតណាម មាន​ប្រវែង​ចំនួន ១.២៧០​គ.ម. ដោយ​ជាប់​ជា​មួយ​ខេត្ត​កំពត តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម រតនគិរី មណ្ឌលគីរី ក្រចេះ និង​ស្ទឹង​ត្រែង។ ប្រធាន​គណៈកម្មការ​ព្រំដែន​ខ្មែរ នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េង​សែ បាន​ឲ្យ​ដឹង​ថា ផែនទី​កំណត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ និង​ប្រទេស​វៀតណាម បាន​ធ្វើ​ឡើង​នៅ​អំឡុង​ឆ្នាំ​១៩៥៣ នៅ​លើ​ខ្នាត ១​ភាគ ១០០​ពាន់ ដោយ​ប្រទេស​បារាំង មាន​ន័យ​ថា ១​ស.ម. នៅ​លើ​ក្រដាស​ផែនទី ស្មើ​នឹង ១​គ.ម. នៅ​លើ​ដី​គោក៕

Monday, December 6, 2010

ជំងឺ​ផ្លូវ​ដង្ហើម​កំពុង​រាតត្បាត​កុមារ​ខ្មែរ

2010-12-06
ក្រុម​គ្រូពេទ្យ​ផ្នែក​ព្យាបាល​ជំងឺ​កុមារ​របស់​អង្គការ​គ្រូពេទ្យ​មិត្ត​ គ្មាន​ព្រំដែន បាន​អំពាវនាវ​ដល់​ឪពុក​ម្ដាយ​របស់​កុមារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ឲ្យ​ឧស្សាហ៍​សំអាត​អនាម័យ​ដល់​កូន​ៗ និង​ផ្ដល់​អាហារ​មាន​ជីវជាតិ​សម្រាប់​សុខភាព​ជា​ប្រចាំ​ថ្ងៃ។
Photo courtesy of angkor-guides.com
មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧ នៅ​សៀមរាប
អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​រដ្ឋបាល​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ចំនួន​កុមារ​ខ្មែរ ដែល​មក​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​ជុំវិញ​ខេត្ត​សៀម​រាប ដែល​គេ​បាន​ទទួល​ព្យាបាល​ក្នុង​ឆ្នាំ​នេះ មាន​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ដោយ​តួ​លេខ​ខ្ពស់​ជាង​ជំងឺ​ដទៃ​ទៀត ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។
លោក កែ សុគន្ធា នាយក​រដ្ឋបាល​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ មិត្ត​គ្មាន​ព្រំដែន​នៅ​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​កាល​ពី​ពេល​ថ្មីៗ​ថា ក្នុង​១​ថ្ងៃ​ៗ មន្ទីរ​ពេទ្យ​បាន​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ​កុមារ ប្រមាណ​ពី ៤០០​ទៅ​៥០០​នាក់​នោះ គេ​បាន​រក​ឃើញ​ចំនួន​កុមារ​ដែល​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​មាន​ចំនួន​នាំ​មុខ​គេ ច្រើន​ជាង​ជំងឺ​ផ្សេងៗ​ទៀត ៖ "ជា​ទូទៅ​គឺ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម បើ​គិត​ទៅ​ចង់​ជាង ៥០-៦០%​ហើយ ក្នុង​ប្រភេទ​ជំងឺ​ដែល​ទៅ​ហ្នឹង។ បើ​តាម​ខ្ញុំ​ដឹង​ប្រហែល​ជា​មក​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ផង ជួន​កាល​តាម​ស្រុក​ឆ្ងាយ​ៗ​ដាច់​គាត់​មិន​សូវ​មាន​អនាម័យ​ផង​ទៅ។ ភាគ​ច្រើន​នៅ​ស្រុក​ខ្មែរ​យើង​ធូលី​វា​ហុយ វា​អី​អ៊ីចឹង​ណ៎ា ដល់​ពេល​អ៊ីចឹង​ទៅ​ក្មេង​វា​មាន​ជាតិ​ការ​ពារ​ហ្នឹង​វា​ខ្សោយ វា​ឆាប់​ទទួល​រង​គ្រោះ"
គ្រូ​ពេទ្យ​ផ្នែក​ព្យាបាល​ជំងឺ​កុមារ​នៃ​មន្ទីរ​ពេទ្យ​នេះ ក៏​បាន​ទទួល​ស្គាល់​ថា ចំនួន​កុមារ​ដែល​គំរាម​កំហែង ដោយ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម គឺ​ពិត​ជា​កំពុង​មាន​តួ​លេខ​ខ្ពស់។
លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភត្រ្តា ប្រធាន​គ្រូ​ពេទ្យ​ផ្នែក​ជំងឺ​កុមារ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ មិត្ត​គ្មាន​ព្រំដែន បាន​មាន​ប្រសាសន៍​ថា ជំងឺ​រលាក​ផ្លូវ​ដង្ហើម​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​កុមារ​បាន​ប្រសិន​បើ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ៖ "ជំងឺ​រលាក​ផ្លូវ​ដង្ហើម​អាច​មាន​ផល​លំបាក​ខ្លះ​ដែរ ខ្លះ​វិវត្តន៍​ទៅ​រលាក​សួត​ធ្ងន់ធ្ងរ វា​អាច​ធ្វើ​ឲ្យ​ក្មេង​ស្លាប់​ដោយ​សារ​ខ្ទេច​សួត ខូច​សួត​អស់ បើ​យើង​ព្យាបាល​អត់​ទាន់​ពេល​វេលា ផល​វិបាក​ទៀត​ហ្នឹង​វា​អាច​ខ្លះ​អាហារូបត្ថម្ភ​វា​អាច​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត។ កាល​ណា​វា​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ធ្វើ​ឲ្យ​មាន​បញ្ហា​ចុះ​ខ្សោយ ដូច្នេះ​វា​ងាយ​ស្រួល​ឆ្លង​ជំងឺ​ផ្សេងៗ ជា​ពិសេស​ជំងឺ​ផ្ដាសាយ​បក្សី"
លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភត្រ្តា បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ៗ មាន​កុមារ​ប្រហែល ១០០​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ជំងឺ​ផ្សេងៗ ដែល​ដើម​ហេតុ​ដំបូង​បណ្ដាល​មក​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ធ្វើ​ឲ្យ​រាង​កាយ​កុមារ​ទន់​ខ្សោយ នាំ​ឲ្យ​កើត​មាន​ជំងឺ​ដទៃ​ៗ​ទៀត។
គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​ព្យាបាល​កុមារ បាន​ផ្ដល់​ដំបូន្មាន​ថា ដើម្បី​ការពារ​ឲ្យ​កុមារ​ជៀស​ផុត​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​គឺ​ឪពុក​ម្ដាយ​ក្មេង ត្រូវ​សំអាត​អនាម័យ​នៅ​កន្លែង​រស់​នៅ និង​ខ្លួន​ប្រាណ​របស់​កុមារ​ឲ្យ​បាន​ស្អាត ត្រូវ​ផ្ដល់​អាហារ​ដែល​មាន​ជីវជាតិ​ទ្រង់​រាង​កាយ​រឹង​មាំ​ឲ្យ​កុមារ និង​កុំ​ឲ្យ​សូវ​នាំ​កុមារ​ចូល​ទៅ​ក្នុង​ចំណោម​មនុស្ស​អ៊ូអរ ដែល​ក្នុង​ចំណោម​នោះ អាច​មនុស្ស​ខ្លះ​ខ្វះ​អនាម័យ និង​មាន​ជំងឺ​ផ្ដាសាយ​ដែរ៕

Sunday, December 5, 2010

បង្រៀន​ខ្មែរ​នៅ​ខេត្ត​សុរិន្ទ

ខ្មែរ​ក្រោម​សុំ​សេរីភាព​ពី​វៀតណាម

2010-11-14
ខណៈ​ដែល​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​គ្រោង​នឹង​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ ​មួយ​នៅ​ថ្ងៃ​ទី​១៦-១៧ វិច្ឆិកា នៅ​រាជ​ធានី​ភ្នំពេញ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន គ្រោង​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បើក​សិទ្ធិ​សេរីភាព​ជួន​ពល​រដ្ឋ​ខ្មែរ​​កម្ពុជា​ក្រោម។
Photo courtesy of preynokornews.blogspot.com
ប៉ូលិស​ខ្មែរ​វាយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី១៧ ធ្នូ ២០០៧
តំណាង​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​៩ គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ នៅ​ថ្ងៃ​ច័ន្ទ​ទី​១៥ វិច្ឆិកា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ផ្ដល់​សិទ្ធិ​សេរីភាព​ជួន​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​អតីត​កម្ពុជា​ក្រោម ដូច​ប្រជា​ពល​រដ្ឋ​វៀតណាម​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ដែរ។
ការ​គ្រោង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នេះ នៅ​ខណៈ​ដែល​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​លោក ង្វៀន តិន​យុង នឹង​មក​ប្រជុំ​លើក​ទី​៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម នៅ​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ វិច្ឆិកា។
ប្រធាន​មជ្ឈ​មណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម​លោក យន្ត ថារូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា​ថា ប្រជា​ពល​រដ្ឋ​វៀតណាម​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ រដ្ឋាភិបាល​ខ្មែរ​បាន​ផ្ដល់​សិទ្ធិ​ពេញ​លេញ​ជួន​ពួក​គេ ផ្ទុយ​ទៅ​វិញ ពល​រដ្ឋ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​អតីត​កម្ពុជា​ក្រោម ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​យួន​នោះ ត្រូវ​បាន​គេ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព និង​ធ្វើ​បាប​ទៅ​វិញ។
ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា លោក តាំង សារៈ បាន​លើក​ឡើង​ថា លោក​មិន​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ឬ​ធ្វើ​ញត្តិ​ដាក់​ជួន​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ទេ ដោយ​លោក​ចាត់​ទុក​លោក ង្វៀន តិន​យុង ជា​មនុស្ស​គរ ព្រោះ​ថា​កន្លង​មក លោក​ធ្លាប់​បាន​ដាក់​លិខិត​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​សុំ​បញ្ឈប់​ការ​គាប​សង្កត់ និង​រំលោភ​បំពាន​មក​លើ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​គេ​មិន​ដោះ​ស្រាយ​ជួន​នោះ​ទេ។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ស្ថាន​ទួត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ករណី​ខាង​លើ​នេះ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​១៤ វិច្ឆិកា​នេះ។
កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា គណ​បក្ស​សម​រង្ស៊ី​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ចំហ​មួយ​ផង​ដែរ ដោយ​ខ្លឹម​សារ​ក្នុង​លិខិត​នោះ បាន​សុំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​វៀតណាម ប្រើ​ប្រាស់​កិច្ច​ប្រជុំ​កម្ពុជា វៀតណាម ឡាវ និង​មីយ៉ាន់ម៉ា​នេះ ធ្វើ​យ៉ាង​ណា​បង្ហាញ​ពី​ជំហរ​របស់​ប្រទេស​វៀតណាម ក្នុង​ការ​គោរព​បូរណភាព​ទឹក​ដី អធិបតេយ្យភាព និង​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា ឲ្យ​ស្រប​ទៅ​តាម​គោល​ការណ៍ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។
មន្ត្រី​នាំ​ពាក្យ​ស្ដីទី​នៃ​គណ​បក្ស​សម​រង្ស៊ី លោក គីម សួភីរិទ្ធ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា ពិនិត្យ​ឡើង​វិញ​នូវ​ការ​បោះ​តម្រុយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ថា​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កន្លង​មក បាន​បាត់​ដី​ស្រែ​ប្រជា​ពល​រដ្ឋ ដូច​ជា​ព្រំដែន​វៀតណាម-កម្ពុជា នៅ​ខែត្រ​កំពង់ចាម ខែត្រ​តាកែវ និង​ខែត្រ​ស្វាយ​រៀង​ជា​ដើម។
ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹម​ហុង បាន​បដិសេធ​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា​ថា ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម ពុំ​បាន​បាត់​ដី​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទេ។ លោក វ៉ា គឹម​ហុង បាន​បញ្ជាក់​ថា លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​រាល់​សកម្មភាព​ណា​មួយ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ពន្លឿន​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​នេះ។
ទោះ​ជា​យ៉ាង​ណា​លោក គីម សួភីរិទ្ធ បាន​លើក​ឡើង​ថា គណ​បក្ស​ប្រឆាំង​មិន​ទុក​ចិត្ត​ទៅ​លើ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ទេ ព្រោះ​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​នេះ ហាក់​បី​ដូច​ជា​មាន​រឿង​អាថ៌​កំបាំង​អ្វី​មួយ ដោយ​លោក​បញ្ជាក់​ថា បើ​សិន​គណៈ​គណៈកម្មាធិការ​នេះ​មាន​តម្លាភាព គេ​គួរ​តែ​បើក​ឲ្យ​សង្គម​ស៊ីវិល និង​តំណាង​រាស្ត្រ​ចូល​រួម​ត្រួត​ពិនិត្យ​ក្នុង​ការ​បោះ​តម្រុយ​ព្រំដែន​នោះ ព្រោះ​ថា​ជា​ទឹក​ដី​ខ្មែរ​ទាំ​អស់​គ្នា៕