អគ្គនាយកទូរទស្សន៍នៃមូលនិធិធំៗចំនួនពីរនៅកម្ពុជា ដែលបានទទួលថវិកាឧបត្ថម្ភពីសប្បុរសជននានា បានប្រកាសឲ្យដឹងថា គេនឹងយកថវិកា ឬបច្ច័យដែលទទួលបានពីសប្បុរសជននោះ ទៅជួយឲ្យដល់ដៃក្រុមគ្រួសារជនរងគ្រោះដោយផ្ទាល់នៅក្នុងឧបទ្ទវហេតុកោះពេជ្រ នៅពេលខាងមុខនេះ។
ការប្រកាសឲ្យដឹងដូច្នេះ នៅស្របពេលដែលរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា បានធ្វើពិធីកាន់ទុក្ខ និងគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៅក្នុងឧបទ្ទវហេតុកោះពេជ្រ ក្រោយពេលកើតហេតុ ៣ថ្ងៃ គឺកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ដែលជាយប់ចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក។
អគ្គនាយករងនៃទូរទស្សន៍ CTN លោក ប៉ុល វិបូរ បានឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកាថា គណៈកម្មការ CTN នឹងយកថវិកាដែលទទួលបានពីការឧបត្ថម្ភរបស់សប្បុរសជនទៅចែកជូនដល់ដៃជនរងគ្រោះដោយផ្ទាល់ ប៉ុន្តែលោកមិនអាចបញ្ជាក់ពិស្ដារបានទេថា តើថវិកាទាំងនោះនឹងចែកជូនយ៉ាងដូចម្តេច ព្រោះថា គណៈកម្មការនឹងប្រជុំពិភាក្សាគ្នានៅក្រោយពេលបូកសរុបថវិការួច។
លោក ប៉ុល វិបូរ បានពន្យល់ថា រហូតមកទល់ពេលនេះ គេមិនទាន់បានបូកសរុបថវិកានៅឡើយទេ ព្រោះការទទួលថវិកា គឺសប្បុរសជនយកថវិកាទៅឲ្យដោយផ្ទាល់នៅស្ថានីយទូរទស្សន៍ CTN តាមរយៈធនាគារ ANZ Royal និងតាមរយៈប្រព័ន្ធទូរស័ព្ទ Mobitel ដូច្នេះបានជាមិនអាចបូកលទ្ធផលថវិកាបានភ្លាមៗ។
លោក ប៉ុល វិបូរ បានបញ្ជាក់ថា ថវិកាដែលទទួលបានប្រហែលជានឹងត្រូវចែកឲ្យជនរងគ្រោះស្មើៗគ្នា ចំពោះអ្នកដែលស្លាប់នោះ រីឯអ្នករបួស លោកមិនទាន់ប្រាកដនៅឡើយទេថា តើគេនឹងយកថវិកាទាំងនោះផ្ដល់ជូនពួកគេ ឬក៏អត់នោះ?
លោក ទិត ថាវរិទ្ធិ អគ្គនាយករងទូរទស្សន៍បាយ័ន បានឲ្យដឹងដែរថា គិតត្រឹមល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា មូលនិធិទូរទស្សន៍បាយ័ន បានទទួលប្រាក់ឧបត្ថម្ភពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុកមានចំនួន ១ពាន់លានរៀល និងលុយដុល្លារប្រមាណ ៦៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោក ទិត ថាវរិទ្ធិ បានប្រកាសថា ថវិកាដែលទូរទស្សន៍បាយ័ន ទទួលបានពីសប្បុរសជនទាំងអស់ នឹងយកទៅចែកជូនដល់ក្រុមគ្រួសារអ្នកស្លាប់នៅក្នុងឧបទ្ទវហេតុកោះពេជ្រស្មើៗគ្នា គិតតាមតួលេខពីក្រសួងសង្គមកិច្ច។ ប៉ុន្តែចំពោះអ្នករបួសវិញ លោក ទិត ថាវរិទ្ធ បានបញ្ជាក់ថា គេនឹងមិនផ្ដល់ជូនទេ។
សេចក្ដីជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអនុគណៈកម្មការដោះស្រាយការងារបន្ទាន់លើករណីឧបទ្ទវហេតុលើស្ពានកោះពេជ្រ បានឲ្យដឹងថា លទ្ធផលនៃចំនួនមនុស្សស្លាប់ជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា មានចំនួន ៣៤៧នាក់ និងរបួស ៣៩៥នាក់។ សេចក្ដីជូនដំណឹងនេះ ក៏បានកែតម្រូវសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ដែលថា មានមនុស្សស្លាប់រហូតដល់ ៤៥៦នាក់នោះ។
ក្រោយពេលឧបទ្ទវហេតុកើតមាននៅលើស្ពានកោះពេជ្រ ដែលធ្វើឲ្យមានមនុស្សស្លាប់រាប់រយនាក់ ដែលមិនធ្លាប់មាននៅកម្ពុជាបែបនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន និងអង្គទូតនានា បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខ ព្រមទាំងពួកគេមួយចំនួនក៏បានចូលរួមឧបត្ថម្ភថវិកាជូនដល់ជនរងគ្រោះផងដែរ។
ធនាគារ ANZ បានជួយប្រហែលជាង ១ម៉ឺន៤ពាន់ដុល្លារសហរដ្ឋអាមេរិក អគ្គនាយកក្រុមហ៊ុន Oversea Cambodian Investment Cooperation ឬហៅកាត់ថា (OCIC) ដែលជាម្ចាស់វិនិយោគមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ជួយដល់សាកសពម្នាក់ ១ពាន់ដុល្លារ និងអ្នករបួស ២០០ដុល្លារក្នុងម្នាក់។
រដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូន ៥លានរៀលចំពោះសពម្នាក់ ព្រះមហាក្សត្រខ្មែរ ព្រះបាទបរមនាថ នរោត្តម សហមុនី បានប្រទានដល់គ្រួសារសពម្នាក់ ២០០ដុល្លារ និងអ្នករបួសចំនួន ១០០ដុល្លារ ហើយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ក៏បានជួយដល់សាកសពម្នាក់ ២០០ដុល្លារ និងអ្នករបួសចំនួន ១០០ដុល្លារដែរក្នុងម្នាក់ និងស្ថាប័នផ្សេងៗមួយចំនួនទៀត។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការចាត់តាំងសាងសង់ស្តង់រំឭកវិញ្ញាណក្ខន្ធប្រជាជនដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុស្ពានកោះពេជ្រ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដើម្បីរឭក និងចងចាំជានិច្ចនូវសោកនាដកម្មយ៉ាងធ្ងន់ធ្ងរចំពោះជាតិ និងប្រជាពលរដ្ឋកម្ពុជា ដោយចំណាយថវិការបស់មូលនិធិទូរទស្សន៍បាយ័ន និង CTN ក្នុងការសាងសង់ស្តូបនេះ។
ទាក់ទងនឹងគម្រោងប្រើមូលនិធិទូរទស្សន៍ទាំងពីរខាងលើក្នុងការសង់ស្តូបនៅកន្លែងកើតហេតុក្បែរស្ពានកោះពេជ្រ មានប្រជាពលរដ្ឋមួយចំនួនដែលជាសប្បុរសជនដែលបានជួយឧបត្ថម្ភថវិកាដល់ជនរងគ្រោះតាមរយៈទូរទស្សន៍បាយ័ន និង CTN បានសម្ដែងការមិនពេញចិត្តចំពោះបញ្ហានេះ។
លោក ប៊ូ សារឿន ជាបុគ្គលិកអង្គការអន្តរជាតិមួយនៅកម្ពុជា បានមានប្រសាសន៍ថា លោក និងអ្នករួមការងារជាមួយ បានរៃលុយគ្នាបានជាង ១.៤០០ដុល្លារ ដើម្បីយកទៅជួយអ្នករងគ្រោះលើស្ពានកោះពេជ្រ តាមរយៈទូរទស្សន៍ CTN ប៉ុន្តែបើសិនអ្នកគ្រប់គ្រងមូលនិធិនេះយកថវិកាទៅសាងសង់ស្តូប លោកមិនឯកភាពនោះទេ។
យុវសិស្សនៃសាលាអន្តរជាតិ Western ឈ្មោះ ខាន់ ណា ដែលនាងបានរៃលុយមិត្តរួមថ្នាក់របស់នាងជួយអ្នករងគ្រោះតាមរយៈទូរទស្សន៍បាយ័នដែរនោះ បានលើកឡើងថា ការសាងសង់ស្តូបគឺជាបន្ទុករបស់រដ្ឋាភិបាល មិនគួរយកថវិកាសប្បុរសជនទៅសាងសង់នោះទេ។
ទាក់ទងទៅនឹងការលើកឡើងនេះ លោក ទិត ថាវរិទ្ធិ បានពន្យល់ថា លោកមិនយកថវិកាដែលសប្បុរសជនបានផ្ដល់ជូននេះទៅសង់ស្តូបនោះទេ គឺគេគ្រោងនឹងយកថវិកានៃមូលនិធិបាយ័នចាស់ ដែលសល់មួយចំនួន និងថវិកាផ្ទាល់របស់អគ្គនាយិកាទូរទស្សន៍បាយ័ន គឺលោកស្រី ហ៊ុន ម៉ាណា ទេ ដើម្បីធ្វើស្តូបដែលដឹកនាំដោយសាលារាជធានីភ្នំពេញ។
ចំពោះអគ្គនាយករងទូរទស្សន៍ CTN វិញ លោក ប៉ុល វិបូរ បានឲ្យដឹងថា លោកមិនប្រាកដថា តើគេយកថវិកាពីមូលនិធិនេះទៅសាងសង់ស្តូប ឬយ៉ាងណាទេ ប៉ុន្តែគេនឹងព្យាយាមរកថវិកាណាមួយផ្សេងក្នុងការសង់ស្តូបនេះ។
ទាំងទូរទស្សន៍ CTN និងទូរទស្សន៍បាយ័ន គេមិនទាន់ដឹងទេថា តើគេនឹងឈប់ទទួលយកថវិកាពីសប្បុរសជនដែលគេបានផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃ ដើម្បីទទួលថវិកាពីសប្បុរសជននៅពេលណានៅឡើយទេ។
មកទល់ថ្ងៃទី២៥ ខែវិច្ឆិកា គេសង្កេតឃើញមានមូលនិធិមួយចំនួនផ្សេងទៀត បានប្រកាសទទួលប្រាក់ពីសប្បុរសជន ដើម្បីយកថវិកាទាំងនោះទៅជួយដល់ក្រុមគ្រួសារជនរងគ្រោះ ប៉ុន្តែបញ្ហានេះ ត្រូវបានក្រុមមេដឹកនាំសហជីពមួយចំនួនបានអំពាវនាវដល់ម្ចាស់មូលនិធិទាំងនោះ ធ្វើយ៉ាងណាយកថវិកាទៅចែកជូនដល់ក្រុមគ្រួសារជនរងគ្រោះឲ្យមានតម្លាភាព និងមិនប្រព្រឹត្តអំពើពុករលួយ។
កម្មការិនីមួយរួបដែលរួចផុតពីសេចក្ដីស្លាប់នៅក្នុងឧបទ្ទវហេតុកោះពេជ្រ ក៏បានអំពាវនាវដល់សប្បុរសជននានា ធ្វើយ៉ាងណាជួយឧបត្ថម្ភដល់អ្នករងគ្រោះនៅកោះពេជ្រឲ្យបានគ្រប់គ្នាផង មិនថា គ្រួសារអ្នកស្លាប់ ឬអ្នករបួសនោះឡើយ៕